(CWCI Cambodia /អត្ថបទដោយលោក ម៉ែន ណាត /០៨ កក្កដា ២០១៩)
ពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស នាំគ្នារំលឹកខួប ៣ ឆ្នាំនៃឃាតកម្មលើរូបបណ្ឌិត កែម ឡី នៅតាមទីវត្តអារាម និងប្រព្រឹត្តទៅនៅថ្ងៃខុសៗគ្នា ដើម្បីរំលឹកវីរភាពរបស់លោក ក្នុការតស៊ូមតិ នៅក្នុងសង្គមដ៏អយុត្តិ។ ក្រុមអ្នករៀបចំបុណ្យខួប នៅតែបន្តថ្លោលទោស​របប ហ៊ុន សែន ថាគ្មានការទទួលខុសត្រូវ និង មិនស្វែងរកយុត្តិធម៌ជូនក្រុមគ្រួសារ​ជន​រង​គ្រោះ។ ក្រុមអ្នករៀបចំពិធី អំពាវនាវជំរុញអាជ្ញាធររបប ហ៊ុន សែន ត្រូវតែស្វែងរកយុត្តិធម៌ ជូនក្រុមគ្រួសារបណ្ឌិត កែម ឡី មានរំពឹងតិចតួចក្តី។

បណ្ឌិត កែម ឡី ជាអ្នកវិភាគសង្គម និងនយោបាយខ្មែរល្បីល្បាញ (មានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ) ក្នុងកាលៈទេសៈដែលពលរដ្ឋខ្មែរ ទាមទារសេរីភាព យុត្តិធម៌សង្គម និងលទ្ធិប្រជាធិបតេយ្យពេញលេញ ក្នុងខណៈពេលរបបដឹកនាំរបស់លោក ហ៊ុន សែន ជាអតីតកម្មាភិបាលខ្មែរក្រហម កំពុងក្តោបក្តាប់អំណាចយ៉ាងពេញណែនក្នុងដៃ និងជាពេលដែលលោក ហ៊ុន សែន កំពុងរៀបចំផ្ទេរអំណាចឲ្យកូនៗរបស់លោក ត្រៀមដឹកនាំស្នងតំណែងផង។ ហើយពេលនោះដែរ គណបក្សប្រឆាំងរបស់លោក សម រង្ស៊ី និងលោក កឹម សុខា ដែលមានអាសនៈជិតពាក់កណ្តាល (៥៥ ក្នុងចំណោម ១២៣ អាសនៈ) ក្នុងរដ្ឋសភា ត្រូវបានតាមយាយីធ្ងន់ធ្ងរ ពីសំណាក់អាជ្ញាធររដ្ឋាភិបាល ហ៊ុន សែន និងពីលោក ហ៊ុន សែន ផ្ទាល់។

បណ្ឌិត កែម ឡី ត្រូវបានគេធ្វើឃាត មុនថ្ងៃត្រង់ នៅហាងកាហ្វេ ស្ថានីយ៍ប្រេង​ឥន្ធនៈ កាលតិច (Caltex) ស្តុបបូកគោ ក្រុងភ្នំពេញ ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ​២០១៦ ក្រោយឃាតកម្មភ្លាមៗ មានវីដេអូរបស់អាជ្ញាធរ បានបែកធ្លាយអំពី សកម្មភាពជនសង្ស័យ ជាឃាតក បានរត់គេចខ្លួន ដោយមានឡានតូច និងម៉ូតូប៉ូលីស បើកប្រទ្រុយតាមក្រោយជនសង្ស័យផង រួចហើយ ជនសង្ស័យ ក៏រត់ឡើងជិះម៉ូតូរបស់ប៉ូលីស។ បើកទៅមុខបានបន្តិច ក៏មានក្រុមប៉ូលីសស្លៀកពាក់ស៊ីវិល ស្ទាក់ចាប់ជនសង្ស័យ ចេញពីម៉តូ រួចវាយតប់មួយប្រាវ ហើយបន្តិចក្រោយមក ក្រុមអាជ្ញាធរក្រុងភ្នំពេញ ប្រកាសចាប់ជនសង្ស័យបានតែម្តង។

ការបាញ់សម្លាប់បណ្ឌិត កែម ឡី កើតឡើង ២ ថ្ងៃក្រោយលោកបណ្ឌិត​​ បានធ្វើបទវិភាគ​លើ​របាយការណ៍អង្គការ Global Witness ជាមួយវិទ្យុ និងសារព័ត៌មាននានា ស្តីអំពីក្រកូល ហ៊ុន (ហ៊ុន សែន) គ្រប់គ្រង «អាណាចក្រ​សាជីវកម្ម​ នៃ​គ្រួសារ​អ្នក​កាន់​អំណាច​ នៅ​កម្ពុជា»។

ពេលនោះ ជនសង្ស័យជាឃាតក មានឈ្មោះពិតគឺ អឿត អាង ដែលអាជ្ញាធរប្រកាសថាឈ្មោះ ជួប សម្លាប់ មកពីខេត្តសៀមរាប ដែលព្រមសារភាពថា ជាអ្នកសម្លាប់បណ្ឌិត កែម ឡី។ ប៉ុន្តែបើតាមវីដេអូបែកធ្លាយ រវាងខ្មាន់កាំភ្លើងនៅកន្លែងកើតហេតុ និង សកម្មភាពជនសង្ស័យរត់គេចខ្លួននោះ គឺមានចំណុចមន្ទិលសង្ស័យជាច្រើន ដែលក្រុមបណ្តាញសង្គម​ និងសាធារណជន ធ្វើការវាយតម្លៃស្រដៀងៗគ្នាថា «ជាឃាតកម្មដោយមានការគ្រោងទុកជាមុន» ដែលមានការរៀបចំជាក់លាក់ ​ពីមន្រ្តីកំពូលៗខ្លះ របស់រដ្ឋាភិបាល ហ៊ុន សែន។ ពេលបុណ្យសពរបស់បណ្ឌិត កែម ឡី ក៏ត្រូវបានអាជ្ញាធរ រកលេសមិនចេះចប់ រារាំងផង និងបង្ខំឲ្យគណៈកម្មការបុណ្យ ឆាប់បូជាសពផង។

កាលនោះមានអ្នកចូលរួមដង្ហែសពបណ្ឌិត កែម ឡី ជាង ១ លាននាក់ពីភ្នំពេញ ទៅកាន់ស្រុកកំណើត នៅខេត្តតាកែវ ហើយអ្នកគាំទ្រគាត់ បានឲ្យឈ្មោះគាត់ថា «វីរជន កែម ឡី» នៅក្នុងចំណោមវីរជនពីរូបទៀត ដែលត្រូវគេធ្វើឃាតយ៉ាងអយុត្តិធម៌ ក្នុងរបបដឹកនាំរបស់លោក ហ៊ុន សែន ដែរគឺ វីរជនកម្មករ ជា វិជ្ជា និង វីរជនព្រៃឈើ ឈុត វុទ្ធី

ភរិយាបណ្ឌិត កែម ឡី គឺអ្នកស្រី ប៊ូ រចនា និងកូនប្រុស ៥ នាក់ បានទទួលសិទ្ធិជាជន​ភៀស​​ខ្លួន​នយោបាយ ហើយសព្វថ្ងៃកំពុងរស់នៅប្រទេសអូស្ត្រាលី ក្នុងនាមជាស្ត្រីមេម៉ាយ។

អ្នកស្រី ប៊ូ រចនា ធ្លាប់បណ្តាញសារព័ត៌មាននានាថា អ្នកស្រីធ្លាប់ទទួលរងការគំរាមកំហែង ពីអាជ្ញាធររបបដឹកនាំរបស់លោក ហ៊ុន សែន ផង និងរស់ក្រោមការភ័យខ្លាចផង បន្ទាប់​ពី​ស្វាមីរបស់អ្នកស្រី ត្រូវបានគេធ្វើឃាតភ្លាមៗនោះ។ថ្

ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ គឺជាមនុស្សម្នាក់គត់ ដែលត្រូវបានតុលាការ កាត់ទោស នៅឆ្នាំ ២០១៧ ឲ្យជាប់គុក ១ ជីវិត បើទោះបីជាក្រុមអ្នកច្បាប់ និងក្រុមអ្នកសង្កេតការណ៍លើបណ្តាញសង្គម ហៅជនសង្ស័យរូបនេះថា «អឿត អាង ជាឃាតក សិប្បនិម្មិត» ដែល​មានលក្ខណៈស្រដៀងនឹងសំណុំរឿងក្តីរបស់ លោក ជា វិជ្ជា កាលពីជាង ១០ ឆ្នាំដែរ។

មន្រ្តីនយោបាយ អ្នកវិភាគនយោបាយ និងសកម្មជនជាច្រើននាក់ ត្រូវបានជាប់គុក, រត់ភៀសខ្លួន និង រងការគំរាមកំហែង ទទួលរងទ្វេគ្រោះ ក្នុងសំណុំរឿងឃាតកម្មបណ្ឌិត កែម ឡី ក្នុងនោះមាន៖

  • លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភារបស់បក្សប្រឆាំង បានភៀសខ្លួនទៅរស់​នៅ​ប្រទេសស៊ុយអែត នៅឆ្នាំ២០១៦ បន្ទាប់លោក ហ៊ុន សែន ប្តឹងផ្តល់លោលស្រី និងតាមរកចាប់ខ្លួន ក្រោយពេលលោកស្រី បានរិះគន់ថា រដ្ឋាភិបាលលោក ហ៊ុន សែន នៅពីក្រោយខ្នងនៃការសម្លាប់ បណ្ឌិត កែម ឡី។
  • ភរិយាបណ្ឌិត កែម ឡី ដូចបានបញ្ជាក់ខាងលើ ក៏បានភៀសខ្លួនភ្លាមៗ ទៅប្រទេសថៃ ក្រោមការជួយជ្រោមជ្រែងពីអង្គការ UNHCR ក្រុងបាងកក។
  • ភិក្ខុ ប៊ុត ប៊ុនតិញ ត្រូវបានភៀសព្រះកាយទៅកាន់ សហរដ្ឋអាមេរិក។
  • លោក គឹម សុខ អ្នកភាគសង្គម និងនយោបាយ ត្រូវបានតុលាការរបប ហ៊ុន សែន ចោទប្រកាន់ និងកាត់ទោសឲ្យជាប់គុក ជាង ១ឆ្នាំ រួចចេញពីគុក ក៏បង្ខំចិត្តភៀសខ្លួន ទៅកាន់ប្រទេស ហ្វាំងឡង់ បន្ទាប់មានការគំរាមកំហែងផ្ទួនៗមកទៀត ពីសំណាក់លោក ហ៊ុន សែន ផ្ទាល់។
  • សកម្មជនអតីតបក្សប្រឆាំង នាង ហេង លក្ខិណា ត្រូវបានចាប់ដាក់គុកជាង ១ ឆ្នាំ ក្នុងចំណោមសកម្មជនបក្សប្រឆាំង ជិត ៣០ នាក់ ដែលជាប់ឃុំឃាំងកាលនោះ ឆ្នាំ ២០១៦។
  • និស្សិត ២ រូបជាកូនភ្លោះ ឈ្មោះ ជុំ ហ៊ត និង ជុំ ហួត ត្រូវបានភៀសខ្លួនមួយរយៈ ទៅប្រទេសថៃ រួចក្រោយមកក៏សម្រេចចិត្ត ត្រឡប់មកភ្នំពេញវិញ។

ដោយឡែកប្អូនប្រុសរបស់បណ្ឌិត កែម ឡី គឺឈ្មោះ កែម រិទ្ធីសិត បានយល់ព្រមទទួលជំនួយ ៥ ម៉ឺនដុល្លារ ពីលោក ហ៊ុន សែន តាមរយៈអ្នកកាសែត Fresh News ជាក្រុមការងាររបស់លោក ចូលជាបច្ច័យបុណ្យខួប ១០០ ថ្ងៃរបស់បណ្ឌិត កែម ឡី នៅខេត្តតាកែវ ដែលធ្វើឲ្យមានមតិរិះគន់ជាច្រើនថា «គេសម្លាប់បងប្រុសរបស់ខ្លួនហើយ តែបែរជាលើកទទួលទទួលលុយពីគេ ទៅរួច»។

បន្ទាប់ពីរបប ហ៊ុន សែន រំលាយរចនាសម្ព័ន្ធគណបក្សប្រឆាំង និងចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ដាក់គុក នៅឆ្នាំ២០១៧ ទាំងរំលោភរដ្ឋធម្មនុញ្ញ និងបំពានច្បាប់មក មានគណបក្សថ្មីៗមួយចំនួន បានបង្កើតឡើង ដើម្បីចូលរួមបោះឆ្នោតជាតិ ឆ្នាំ២០១៨។

កែម រិទ្ធិសិត សម្រេចបើគណបក្សនយោបាយឈ្មោះ គណបក្ស កែម ឡី ដើម្បីចូលរួមបោះឆ្នោតជាតិ ខែកក្កដា ឆ្នាំ២០១៨ នឹងគេដែរ។ គណបក្សនេះ គ្មានទទួលបានការគាំទ្រពីម្ចាស់ឆ្នោតទេ ប៉ុន្តែទាំងគណបក្សនេះ និងគណបក្ស ១៨ ផ្សេងទៀត ដែលចូលរួមការបោះឆ្នោត ដើម្បីប្រថាប់ត្រាឲ្យបក្សកាន់អំណាច របស់លោក ហ៊ុន សែន សុទ្ធតែទទួលបានកាតែងតាំង ក្នុងរដ្ឋាភិបាលថ្មីរបស់ ហ៊ុន សែន ដែលដឹកនាំរដ្ឋសភា និងរដ្ឋាភិបាល​តែម្នាក់ឯង ឬ «ឯកបក្ស» ដែលគ្មានការទទួលស្គាល់ពីប្រទេសលោកសេរីទេ។ ចំពោះ កែម រិទ្ធិសិត ប្រធានបក្ស កែម ឡី ទទួលកាតែងតាំង ឋានៈស្មើ «ទេសរដ្ឋមន្រ្តី»។

ក្រុមអ្នកប្រឆាំង រួមមានលោក សម រង្ស៊ី កំពុងភៀសខ្លួននៅប្រទេសបារាំងផង បាន​ចោទ​ប្រកាន់លោក ហ៊ុន សែន ចំៗតែម្តងថា លោក ហ៊ុន សែន ពាក់ព័ន្ធក្នុងសំណុំរឿងឃាតកម្មបណ្ឌិត កែម ឡី កាលពី ៣ ឆ្នាំកន្លងទៅ៕

Advertisements