(CWCI Cambodia /អត្ថបទដោយ ម៉ែន ណាត / 09th-7-2019)
អតីតអ្នកទោសមនសិការ លោក គង់ រ៉ៃយ៉ា ត្រូវបានចាប់ខ្លួនជាថ្មី ក្នុងក្រុងភ្នំពេញ នៅថ្ងៃទី ០៩ កក្កដា ២០១៩ ជុំវិញការផ្សព្វផ្សាយលក់អាវយឺតបណ្ឌិត កែម ឡី សម្រាប់ពិធីបុណ្យ​ខួប ៣ ឆ្នាំ នៃអំពើឃាតកម្មយ៉ាងឃោរឃៅ និងអយុត្តិធម៌ ដែលក្រុម កែម ឡី និយម គ្រោង​រៀបចំនៅថ្ងៃទី ១០ កក្កដា ចំថ្ងៃដែលលោកបណ្ឌិត ត្រូវគេលួចធ្វើឃាត នៅហាងស្តារម៉ាត​កាលតិច (Star Mart, Caltex) ស្តុបបូកគោ ក្រុងភ្នំពេញ។

ស្នងការប៉ូលីស​រាជធានីភ្នំពេញ លោក ស ថេត បានប្រាប់កាសែតរស្មីកម្ពុជាថា លោក គង់ រ៉ៃយ៉ា និងមនុស្ស ៣ នាក់ទៀត (ជាសាច់ញាតិ) ត្រូវបានអាជ្ញាធរ ឃាត់ខ្លួន ពីបទញុះញង់បង្កឲ្យមានចលាចលសង្គម។

លោក អំ សំអាត មន្រ្តី​ឃ្លាំមើល​សិទ្ធិមនុស្ស​​អង្គការ​លី​កាដូ​ (LICADHO​) បានប្រាប់វិទ្យុអាស៊ី​​សេរី ចំពោះករណីការចាប់ខ្លួនលោក គង់ រ៉ៃយ៉ា ថា«ជា​ការ​បំបាក់ស្មារតី​ប្រជាពលរដ្ឋ ​មិន​ឱ្យ​ចូល​រួម​ប្រា​រព្វ​ខួប ៣ ឆ្នាំ​នៃ​ការ​បាញ់សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​»។ លោក អំ សំអាត ទាមទារបើ​ក​ការស៊ើបអង្កេត​ឱ្យ​បាន​ត្រឹមត្រូវ ​ទាក់ទិន​នឹង​ការ​ចាប់ខ្លួនលោក ​គង់​ រ៉ៃ​យ៉ា និងសាច់ញាតិរបស់លោក​។ 

វិទ្យុអាស៊ីសេរី បានដកស្រង់អត្ថបទហ្វេសប៊ុករបស់លោក​ គង់​ រ៉ៃ​យ៉ា មុនពេលចាប់ខ្លួន​ ដែលបានអំពាវនាវ​ឱ្យ​ពលរដ្ឋ «​ទិញ​ ឬជាវអាវយឺត​លោក​បណ្ឌិត ​កែម​ ឡី​ មាន​ពណ៌ស​ និង​ ពណ៌ខ្មៅ​ ហើយអាចបញ្ជាទិញ​តាម​បណ្តាញ​សង្គម​ និង​ លេខ​ទូរ​សព្ទ​របស់​លោក​បាន» ​ដែល​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​។

លោក​ គង់​ រ៉ៃ​យ៉ា ជាអតីត​និស្សិត​សាកល​វិទ្យាល័យ​ខេមរៈ​​ និង​ជាអតីតសកម្មជន​បក្ស​​ប្រឆាំង ដែល​ត្រូវបាន​​តុលាការក្រុង​ភ្នំពេញ​ កាត់ទោសដាក់​ពន្ធនាគារ ១៨ ខែ​ កាលពីខែ សីហា ២០១៥ យ៉ាងអយុត្តិធម៌​ ក្រោម​ការចោទប្រកាន់​​ពី​បទ​ញុះញង់​​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ បន្ទាប់ពីលោក រិះគន់របប ហ៊ុ​ន សែន ធ្ងន់ៗក្នុងបណ្តាញសង្គម៕

Advertisements