(CWCI Cambodia /អត្ថបទដោយ ម៉ែន ណាត /១១ កក្កដា ២០១៩)
លោក សួង នាគព័ន្ធ (អាយុ ២៩ ឆ្នាំ) សកម្មជនសមាគមនិស្សិតបញ្ញវន្តខ្មែរ និង អតីតអ្នកទោសនសិការ លោក គង់ រ៉ៃយ៉ា (អាយុ ២៨ ឆ្នាំ) ត្រូវបានតុលាការក្រុងភ្នំពេញ សាកសួរដោយឡែកពីគ្នា ក្រោមការចោទប្រកាន់ថា «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» នៅថ្ងៃទី ១១ កក្កដា ឆ្នាំ២០១៩។

លោក សួង នាគព័ន្ធ ត្រូវបានអាជ្ញាធរចាប់ខ្លួ​ន នៅព្រឹកថ្ងៃទី ១០ កក្កដា នៅពេលលោក ចែកចាយ​ខិតប័ណ្ណរំលឹកគុណបណ្ឌិត កែម ឡី ក្នុងថ្ងៃរំលឹកខួបលោកបណ្ឌិត គម្រប់ ៣ ឆ្នាំ នៅទីកន្លែង​ដែលឃាតក បានបាញ់សម្លាប់ ក្នុងហាងកាហ្វេស្តាម៉ាត កាលតិច ស្តុបបូកគោ ភ្នំពេញ។

លោក សួង នាគព័ន្ធ និងលោក គង់ រ៉ៃ​យ៉ា ត្រូវ​អយ្យការ​អម​តុលាការ សម្រេច​ចោទប្រកាន់​ជា​ផ្លូវការហើយ ​ពីបទ​ញុះញង់ប្រព្រឹត្តបទឧក្រិដ្ឋ​ជាអាទិ៍ តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៅ​ល្ងាច​ថ្ងៃ​ទី ​១១ កក្កដា​នេះ។ បទ​ចោទ​នេះ អាច​ឲ្យ​អ្នកទាំងពីរ ​ជាប់​ពន្ធនាគារ​ពី ​៦ ​ខែ​ដល់​ ២ ​ឆ្នាំ ​ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា ​មាន​ពិរុទ្ធ​ភាព។

លោក គង់ រ៉ៃយ៉ា ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅគុកព្រៃស វេលាម៉ោង ៥ ល្ងាច ថ្ងៃទី ១១ កក្កដាដដែលនេះ បន្ទាប់ពីចៅក្រមសាកសួរ សម្រេចចោទប្រកាន់ថា បង្កការញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍រួច។ 

អ្នកស្រី សុខ ស្រីនិច ជាភរិយារបស់លោក គង់ រ៉ៃយ៉ា​ បានហៅការចោទប្រកាន់របស់តុលាការថា ជាអំពើអយុត្តិធម៌​អ្នកស្រីបញ្ជាក់ថា ស្វាម៉ីរបស់គាត់ គ្រាន់តែផ្សាយលក់អាវយឺត​បណ្ឌិត កែម ឡី​ ប៉ុណ្ណោះ ក៏ត្រូវបានចាប់ឃុំខ្លួន។

លោក គង់ រ៉ៃយ៉ា បានថ្លែងនៅខាងមុខតុលាការ ទាំងដៃទាំងពីរជាប់ខ្នោះ មុនពេលចូលបំភ្លឺដែរថា «អយុត្តិធម៌ណាស់»លោកត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីថ្ងៃទី ០៩ កក្កដា ឆ្នាំ២០១៩ បន្ទាប់លោក បានអំពាវនាវពលរដ្ឋខ្មែរ ជួយទិញ ឬជាវអាវយឺតរូបបណ្ឌិត កែម ឡី សម្រាប់ពិធីរំលឹកខួប ៣ ឆ្នាំជូនលោកបណ្ឌិត។

អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ បានហៅការចាប់ខ្លួនលោក សួង នាគព័ន្ធ និងលោក គង់ រ៉ៃយ៉ា ជាការរឹតត្បតិសិទ្ធិបញ្ចេញមតិ និងរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ ហើយ​អំពាវនាវដល់​​រដ្ឋាភិបាល ហ៊ុន សែន ឲ្យដោះលែងលោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ ដោយគ្មានលក្ខខណ្ឌ ដើម្បីស្តារមុខមាត់ជាតិ ស្តារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើងវិញ។

លោក គង់ រ៉ៃយ៉ា ធ្លាប់បានជាប់ពន្ធនាគារ ១៨ ខែ កាលពីសីហា ២០១៦​ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ «ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជាអាទិ៍»​ បន្ទាប់​ពី​លោក ​បាន​ប្រកាស​ឲ្យ​សាធារណ​ជន​ចូល​រួម​ធ្វើ​បដិវត្តន៍​ពណ៌​ ប្រឆាំង​នឹង​រដ្ឋាភិបាល​ ហ៊ុន សែន។

គួសបញ្ជាក់ថាបណ្ឌិត កែម ឡី អ្នកវិភាពនយោបាយ និងសង្គដ៏ល្បីល្បាញ ត្រូវបានធ្វើឃាត កាលពីថ្ងៃទី ១០ កក្កដា ឆ្នាំ២០១៦ នៅស្តាម៉ាតកាលតិច (Star Mart, Caltex) ស្តុបបូកគោ ក្រុងភ្នំពេញ។

ភរិយាបណ្ឌិត កែម ឡី គឺអ្នកស្រី ប៊ូ រចនា និងកូនៗ ​បានភៀសខ្លួនទៅក្រៅប្រទេសភ្លាមៗ ក្រោយស្វាម៉ី​របស់ខ្លួន ត្រូវបានគេធ្វើឃាត ហើយអ្នកស្រី និងកូ​នៗ ៥ នាក់ បានទទួលសិទ្ធិជាជនភៀសខ្លួន រស់នៅអូស្ត្រាលី ជាង ១ឆ្នាំមុននេះ ពីព្រោះអ្នកស្រី មានការព្រួយបារម្ភអំពីការគំរាមកំហែង ពីអាជ្ញាធរភ្នំពេញ។

ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ជាឃាតកសិប្បនិម្មិត ដែលគេរៀបចំឲ្យទទួលទោសនោះ ត្រូវបានតុលាការក្រុងភ្នំពេញ កាត់ទោសជាប់គុក ១ ជីវិត កាលពីខែ មីនា ២០១៧ ពីបទធ្វើឃាតបណ្ឌិត កែម ឡី៕

Advertisements