#សេចក្តីថ្លែងការណ៍៖ ត្រូវដោះលែងយុវជន គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ ដោយគ្មានលក្ខខណ្ឌ ហើយត្រូវទម្លាក់ចោលការភ្ជាប់សំណុំរឿង​ទៅនឹងគណបក្សប្រឆាំង

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និត្យឃើញថាលោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ គ្មានកំហុស​ដូច​ការចោទប្រកាន់របស់តុលាការភ្នំពេញ និងរដ្ឋាភិបាលលោក ហ៊ុន សែន ទេ។ ការចាប់​ឃុំខ្លួន​អ្នកទាំងពីរ ជាអំពើអយុត្តិធម៌ និងជាការរំលោភរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ។ លោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ មានសិទ្ធិបញ្ចេញមតិពេញលេញក្នុងនាមជាពលរដ្ឋ​​ខ្មែរ ដែលកំណត់ដោយរដ្ឋធម្មនុញ្ញ ដូចមានចែងក្នុងជំពូក ៣ ស្តីអំពីសិទ្ធិ និងករណីយកិច្ច​របស់ប្រជាពលរដ្ឋខ្មែរ នៅមាត្រា៤១ កថាខណ្ឌទី១ បានចែងថា «ប្រជាពលរដ្ឋខ្មែរ មានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាង​​ការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ»

ដូចកថាខណ្ឌខាងលើ ការបញ្ចេញមតិរបស់លោក សួង នាគព័ន្ធ និងផ្សព្វផ្សាយលក់អាវ​យឺតរូ​បលោកបណ្ឌិត កែម ឡី របស់លោក គង់ រ៉ៃយ៉ា ក្នុងពិធីបុណ្យរំលឹកខួបគម្រប់ ៣ ឆ្នាំបណ្ឌិត កែម ឡី គឺគ្មានអ្វីខុសទាស់ទេ។ ទង្វើរបស់អ្នកទាំងពីរ បានប្រព្រឹត្តទៅក្នុងជីវភាពរស់នៅជាធម្មតា ដូចពលរដ្ឋខ្មែរដទៃទៀតដែរ ក្នុងការនិយាយស្តី ការបញ្ចេញមតិ ការជួបប្រជុំ ការចូលរួមក្នុងពិធីបុណ្យខួប និងពិធីប្រពៃណីវប្បធម៌សាសនា (មាត្រា ៤៣ កថាខណ្ឌ​ទី១ «ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិពេញទីខាងជំនឿ»)

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា យល់ឃើញថា រដ្ឋាភិបាលលោក ហ៊ុន សែន ពុំត្រូវភ្ជាប់សំណុំរឿង​ឃុំខ្លួនអ្នកទាំងពីរ ទៅនឹងសកម្មភាពបង្កចលាចល ឬសកម្មភាពឧក្រិដ្ឋណាមួយ ជាមួយ​គណបក្សប្រឆាំង (គណបក្សសង្គ្រោះជាតិ) ដែលតុលាការកំពូល បានរំលាយចោល កាលពីឆ្នាំ២០១៧ យ៉ាងអយុត្តិធម៌ និងទាំងបំពានរដ្ឋធម្មនុញ្ញដែរនោះទេ។ វាជារឿងដោយ​ឡែកពីគ្នា ពោលគឺលោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ សុទ្ធតែជាអ្នកមានភក្តីភាពចំពោះបណ្ឌិត កែម ឡី ក្នុងនាមជាសិស្ស និងគ្រូ ហើយពួកគេ មានបំណងចង់សងគុណ និង រំលឹកគុណគ្រូរបស់ពួកគេតែប៉ុណ្ណោះ ក្នុងពិធីបុណ្យខួបគម្រប់ ៣ ឆ្នាំ ដែលត្រូវបានគេធ្វើឃាតយ៉ាងអយុត្តិធម៌។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមអំពាវនាវដល់រដ្ឋាភិបាល និងតុលាការរបស់លោក ហ៊ុន សែន ត្រូវតែទម្លាក់ចោលសំណុំរឿងចោទប្រកាន់លោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ ព្រមទាំងដោះលែងទាំងពីរដោយគ្មានលក្ខខណ្ឌ ហើយវិលមកស្តារស្ថានភាពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងរក្សាបាននូវប្រព័ន្ធអនុគ្រោះពន្ធនានា របស់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលជាក្តីព្រួយបារម្ភធំបំផុតរបស់ខ្មែរយើងទាំងអស់គ្នា។

ធ្វើនៅ​ក្រុងគ្រីស្ទានសាន់ (ប្រទេស​ន័រវេស៍) ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩
(ហត្ថលេខា)
ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើកម្ពុជា

Advertisements