(VOD News /លោក វណ្ណ វិចារ /១៨ កក្កដា ២០១៩)
របាយការណ៍​រដ្ឋាភិបាល បង្ហាញ​ថា ​​ជន​បរទេស​ដល់​ទៅ​ជាង ១៨​ ម៉ឺន​នាក់ ​រស់​នៅដោយ​ខុស​ច្បាប់​ នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ភាគ​ច្រើន​លើស​លុប គឺ​ជា​ជន​អន្តោ​ប្រវេសន៍​​ជន​ជាតិ​វៀតណាម។

​របាយការណ៍​​ដក​ហូត​ឯកសារ​មិន​ប្រក្រតី​ កាន់​កាប់​ដោយ​ជន​បរទេស ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បង្ហាញ​ថា សព្វថ្ងៃនេះ ជនអន្តោ​ប្រវេសន៍​​​ ១១ ​សញ្ជាតិ រស់នៅក្នុងប្រទេសកម្ពុជា រួម​មាន វៀតណាម ថៃ ឡាវ ចិន ភូមា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី នេប៉ាល់ បង់ក្លាដែស តង់ហ្សានី និងអាឡឺម៉ង់។

ផ្អែកតាមរបាយការណ៍នេះ ជន​អន្តោ​ប្រវេសន៍​វៀតណាម ដែល​រស់នៅកម្ពុជា មាន​ចំនួន​ដល់​ទៅ ៩៩ ​ភាគរយ ឬ​ស្មើ​នឹង ១៨ ​ម៉ឺន​នាក់ (១៨២,២៤២​នាក់) ឬ​ក៏​ស្មើ​នឹង​ជិត ៥ ​ម៉ឺន​គ្រួសារ (៤៩,២៦៦​គ្រួសារ)។

ទោះជាយ៉ាងនេះក្ដី រដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង មានប្រសាសន៍ថា ចំនួនជនអន្តោប្រវេសន៍​វៀតណាម នៅកម្ពុជា មាន​ចំនួន​តែ​ជាង ៩ ម៉ឺននាក់ប៉ុណ្ណោះ។

លោក ស ខេង អះអាង​បែប​នេះ ដោយ​សំអាង​ថា នៅពេលធ្វើជំរឿនរាប់រួច គឺមានជនជាតិវៀតណាម ៥ ម៉ឺននាក់ ត្រឡប់ទៅប្រទេសវៀតណាមវិញ ដោយមិនដឹងមូលហេតុ ខណៈ​ខ្លះទៀត​ត្រូវបាន​ស្រង់តួលេខជាន់គ្នា និងសល់មួយចំនួនទៀតជាប់ពន្ធនាគារ និងចំណាកស្រុក ទៅប្រទេសទី៣។ លោកអះអាងថា ចំនួនជនជាតិវៀតណាម ចូលមករស់នៅកម្ពុជាខុសច្បាប់ មកពីកត្តាជាច្រើន រាប់តាំងពីភូមិសាស្ត្រ រហូតដល់ភាពអសកម្មរបស់អាជ្ញាធរខ្លួនឯងតែម្តង។

លោក ស ខេង ថ្លែង​ថា៖ «អ្នកឃោសនាដើម្បីនយោបាយរបស់ គណបក្សនយោបាយនោះ យើងប្រៀបធៀបទៅ វាខុសគ្នាយ៉ាងម៉េច? មួយលានពីរលាននោះ រកវាមិនឃើញ ទៅរកនៅឯណា? នេះយើងរកទៅឃើញតែប៉ុណ្ណឹង នេះមិនដល់ ១០ ម៉ឺនផង។ តាមរយៈការចងក្រងទិន្នន័យបានត្រឹមត្រូវច្បាស់លាស់ជាផ្លូវការ ដែលនេះឧបករណ៍ សម្រាប់ជំនាញ​ប្រើប្រាស់ សម្រាប់គ្រប់គ្រងជនអន្តោប្រវេសន៍ ​ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បើមិនដូច្នេះទេ វាដូចវែកចក»

កន្លងទៅ តួលេខជនអន្តោប្រវេសន៍​នៅកម្ពុជានេះ តែងក្លាយជាប្រធានបទក្ដៅដែលត្រូវបានលើកឡើងដោយអ្នកនយោបាយកម្ពុជា។ លោក សម រង្ស៊ី ធ្លាប់​អះ​អាង​ថា ជនជាតិ​វៀតណាម ប្រមាណជិត ១ លាននាក់ កំពុងរស់នៅកម្ពុជា តែលោក មិនធ្លាប់បង្ហាញពីរបាយការណ៍សិក្សាស្រាវជ្រាវណាមួយជាក់​លាក់​នោះ​ឡើយ។

អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា មហាជនអាចមានមន្ទិលខ្លះៗ លើចំនួនតួលេខ ដែលបង្ហាញស្ថិតិជនអន្តោប្រវេសន៍ ​នៅកម្ពុជា។ លោកថា ដើម្បីឱ្យមហាជនមានជំនឿ លុះត្រាណាតែមានការសិក្សាស្រាវជ្រាវច្បាស់លាស់ ចងក្រងទិន្នន័យផ្អែក​លើភាពពិតជាក់ស្តែង ម្យ៉ាងទៀត អ្នកចងក្រងទិន្នន័យទាំងនោះ ក៏ត្រូវជាក្រុមដែលគួរឱ្យទុកចិត្ត។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា៖ «អាចជួលក្រុមណាមួយឯករាជ្យ ហើយយើងមូលមាត់គ្នា​លើសំណួរអីអ៊ីចឹងទៅ ហើយឱ្យគេធ្វើទៅ។ គេមានបទពិសោធន៍​មានអីអ៊ីចឹងអាចមានបរទេសធ្វើទៅ។ ទិន្នន័យអីៗហ្នឹងណា អាហ្នឹង គឺតំណាងការពិត។ បើមិនឈរលើមូលដ្ឋានការពិតទេ យើងពិបាកធ្វើការសម្រេច។ អ៊ីចឹងបានគេប្រយ័ត្នប្រយែងណាស់ ហើយសីលធម៌មួយ នៃសង្គមជឿនលឿន គឺការពិត»។

របាយការណ៍លទ្ធផលការងារ ដកហូតឯកសារមិនប្រក្រតី ដែលជនបរទេសកាន់កាប់នៅក្នុងប្រទេសកម្ពុជា ឱ្យដឹងថា សមត្ថកិច្ចបានដកហូតឯកសាររដ្ឋបាល ​មិនប្រក្រតី​ពី​ជនបរទេសជាង ៣ ម៉ឺន ៧​ ពាន់ច្បាប់ ដែលរួមមាន សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិត​ឆ្លងដែន សំបុត្រកំណើត សេចក្ដីចម្លងសំបុត្រកំណើត សំបុត្រអាពាហ៍​ពិពាហ៍។ ឯកសារទាំងនោះ កាន់កាប់ដោយជនបរទេស​ ចំនួន ២០,០៩៣ ​គ្រួសារ ឬ​ស្មើ​នឹង​មនុស្ស ៦៩,៨៨៤ នាក់។

អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក គៀត ច័ន្ទថារិទ្ធិ បញ្ជាក់ថា មន្ត្រីដែលឃុប​ឃិត​ផ្ដល់ឯកសារ ឱ្យជនបរទេសទាំងនេះ មិនត្រូវបានផ្តន្ទាទោសព្រហ្មទណ្ឌឡើយ ប៉ុន្តែ ត្រូវបាន​ដាក់​ពិន័យរដ្ឋបាល​រួច​រាល់​ហើយ។ លោកបញ្ជាក់ថា កម្ពុជាបានសម្រេចផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ឱ្យជនបរទេស ៨ ម៉ឺន ៨ ពាន់ ១១២ នាក់ ដែល​ភាគ​ច្រើន​លើស​លប់ ​ផ្ដល់​ទៅ​ឲ្យ​ជន​ជាតិវៀតណាម​ចំនួន ៨៧,៧៩៧ នាក់។

ក្រសួងមហាផ្ទៃ បាន​បញ្ឈប់ការទទួលពាក្យស្នើសុំជាជនបរទេសអន្តោប្រវេសនន៍ និងផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩តទៅ។

មិនតែប៉ុណ្ណោះ ក្រសួងមហាផ្ទៃក៏បានចេញសេចក្ដីណែនាំមួយ ឱ្យអាជ្ញាធរមូលដ្ឋានចេញលិខិតរដ្ឋបាល និងលិខិតអត្រានុកូលដ្ឋានឱ្យជនដែលមានប្ដី ឬប្រពន្ធជាខ្មែរ កូន និង​ជនបរទេសអន្តោប្រវេសនន៍។ សេចក្ដីណែនាំនោះ ធ្វើឡើងដើម្បីបើកផ្លូវឱ្យជនទាំងនោះ មានឯកសាររដ្ឋបាលនានា ដូចប្រជាពលរដ្ឋខ្មែរដែរ គ្រាន់តែខុសគ្នាត្រង់បញ្ជាក់សញ្ជាតិ និងជនជាតិ៕

Advertisements