លិខិតចំហ
រំលឹកជូនលោក ហ៊ុន សែន លើគម្រោងចុះហត្ថលេខាទទួល​ស្គាល់​ព្រំដែន ៨៤% ចាញ់ប្រៀបវៀតណាម

គេហទំព័រផ្លូវការ​វៀតណាម (vietnamplus.vn​) ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ចុះផ្សាយ​ថាកម្ពុជា​ និង​វៀតណាម​ គ្រោង​ចុះហត្ថលេខា​ទទួលស្គាល់​ព្រំដែន​គោក ​នៅ​ឆ្នាំនេះ បន្ទាប់​ពី​បាន​បោះ​បង្គោលរួមគ្នា ៨៤% រួចហើយ​។ កាលលើកឡើងនេះ ធ្វើឡើង​នៅក្នុងជំនួប​រវាង​​អនុរដ្ឋ​មន្ត្រី​ការបរទេស​វៀតណាម​ លោក​ ង្វៀន​ គួ​កយុង​ (Nguyen Quoc Dung) និង​រដ្ឋលេខាធិការ​ក្រសួង​​ការបរទេស​ខ្មែរ​ លោកស្រី​ អ៊ា​ត សោភា​ នៅ​ភ្នំពេញថ្មីៗនេះ។​

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមប្រឆាំងជំទាស់ដាច់ខាត ចំពោះគម្រោងការចុះហត្ថលេខារួមគ្នា ទទួលស្គាល់លទ្ធផលបោះបង្គោលព្រំដែនគោក បាន ៨៤% ហើយក្តី និង នៅតែមិនអាចទទួលស្គាល់ «សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥» ដែលជាមូលដ្ឋានគ្រឹះ ធ្វើឲ្យកម្ពុជា បាត់បង់បូរណភាពទឹកដីរបស់ខ្លួន។ ពលរដ្ឋខ្មែរ ជាសាក្សីរស់ ដែលរស់នៅតាមបណ្តោយព្រំដែនខ្មែរ-វៀតណាម បានបាត់បង់ដី​ស្រែ​ចំការរបស់ខ្លួន ជាបន្តបន្ទាប់។

គួររំលឹកថា សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥ បានធ្វើឡើងយ៉ាងចម្រូងចម្រាស់ គ្មានឯកភាពជាតិ ហើយវាផ្ទុយនឹងមាត្រា២ និងមាត្រា៥៥ នៃរដ្ឋធម្មនុញ្ញខ្មែរ ឆ្នាំ១៩៩៣ ព្រមទាំងផ្ទុយនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលតម្រូវឲ្យកម្ពុជាត្រូវ​លុប​ចោល​សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានា ជាមួយវៀតណាម ដែលធ្វើឡើងនៅមុនឆ្នាំ​១៩៩០។​

ភាគីវៀតណាម តម្រូវឲ្យកម្ពុជា ចុះហត្ថលេខាលើលទ្ធផលនៃការបោះបង្គោលព្រំដែន ៨៤% នេះបានន័យថា វៀតណាម ចង់រំលឹកកម្ពុជាថា «ការបោះព្រំដែនគោករួចហើយនោះ គឺគ្មាន​ការកែប្រែទៀតទេ ទាំងពេលបច្ចុប្បន្ន និងទៅអនាគត» ក្រោយពេលវៀតណាម បាន​បង្ខំឲ្យរដ្ឋាភិបាល លោក ហ៊ុន សែន ម្តងហើយម្តងទៀត ត្រូវតែបំភ្លេចចោលនូវ បង្គោល​ព្រំដែនគោក ដែលបន្សល់ទុកពីសម័យបារាំង ១២៤ បង្គោល និង សម័យ​វៀតណាម​ត្រួតត្រាកម្ពុជា ៧២ បង្គោល (១៩៨៦១-៩៨៨) តាមរយៈសន្ធិសញ្ញាខុសច្បាប់នានារួមគ្នា។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមក្រើនរំលឹកជាថ្មីដល់រដ្ឋាភិបាល លោក ហ៊ុន សែន ថា«មិនត្រូវចុះហត្ថលេខាលើឯកសារព្រំដែនណាថ្មី ជាមួយវៀតណាមទៀតទេ ហើយត្រូវតែបញ្ឈប់បោះបង្គោលព្រំដែនផងដែរ» ដោយរង់ចាំកម្ពុជា មានឯកភាពផ្ទៃក្នុងជាតិជាមុនសិន, មានឯកភាពនយោបាយ, មានសង្គមស៊ីវិល និងមានអ្នកជំនាញការព្រំដែនខ្មែរពីគ្រប់ភាគី ចូលរួមប្រឹក្សាយោបល់ និងពិនិត្យឡើងវិញ នូវការបោះបង្គោលព្រំដែនកន្លងទៅ។

យើងខ្ញុំមានសុទិដ្ឋិនិយមថា នៅពេលកម្ពុជាមានឯកភាពជាតិ មានមេដឹកនាំល្អ ដែលស្រឡាញ់ជាតិ ស្រឡាញ់ទឹកដី ពេលនោះកម្ពុជាអាចសើរើ និងប្តឹប្តល់ទឹកដីខ្មែរដែលបាត់​បង់​យកមកវិញ រួមទាំងកោះត្រល់ផង ទៅតាមយន្តការអន្តរជាតិ តាមមានកិច្ចព្រមព្រៀងក្រុងប៉ារីស និង តុលាការយុត្តិធម៌អន្តរជាតិ។

ក្រុងគ្រីស្ទានសាន់ (ប្រទេស​ន័រវេស៍) ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩
(ហត្ថលេខា និងត្រា)
ម៉ែន ណាត ប្រធាន​​ក្រុមប្រឹក្សាឃ្លាំមើលម្ពុជា

Advertisements