(CWCI Cambodia /អត្ថបទដោយ ម៉ែន ណាត /២២ កក្ដដា ២០១៩)
បណ្តាញសារព័ត៌មានក្នុងស្រុក Fresh News ដែល​គ្រប់គ្រង​ដោយ​ការងារផ្ទាល់​របស់លោក ហ៊ុន សែន បាន​ចុះផ្សាយ​អំពីការប្រតិកម្ម តបទៅ​កាសែត​អាមេរិក The Wall Street Journal នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នេះថា ជាការផ្សាយ​ព័ត៌មាន​មិនពិត ពីកម្ពុជា។

លោក ​ហ៊ុន សែន មេដឹកនាំ​បក្ស​កុ​ម្មុយនីស្ត CPP និង​ជា​មេដឹកនាំ​ផ្តាច់ការ​ផង បានប្រតិកម្ម​​ដូច្នេះ​​ថា «តើកម្ពុជា​ត្រូវការវត្តមាន​យោធាចិន លើទឹកដី​របស់ខ្លួន​ដើម្បីអ្វី? យើង​មិន​​ដែល​​បាន​​ពិភាក្សា​​ណាមួយ​ ជាមួយ​​មេដឹកនាំ​ចិន​នោះ​ឡើយ កុំថា​ឡើយ​ដល់មាន​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀង។ ល្មមឈប់​​ប្រើព័ត៌មាន​​ក្លែងបន្លំ​ អំពី​វត្តមាន​​កង​ទ័ព​ចិន លើ​​ទឹកដី​​កម្ពុជា ដើម្បី​ប្រឆាំង​នឹងយើង​ហើយ»

កាសែត​ The Wall​ Street​ Journal ​ផ្សាយ​ថា ​ប្រទេស​ចិន ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រម​ព្រៀង​ជា​សម្ងាត់ ជា​មួយរដ្ឋាភិបាល លោក ហ៊ុន សែន ​ដើម្បី​អនុញាតឲ្យ​កងទ័ព​របស់​ខ្លួន ​ប្រើប្រាស់​មូលដ្ឋាន​ទ័ព​ជើង​ទឹក​កម្ពុជា ខណៈ​ដែល​រដ្ឋាភិបាលចិន ​កំពុង​បង្កើន​​សមត្ថភាព​​​យោធា​ខ្លួន​ ក្នុងការ​ពិនិត្យ​មើល​ពី​ឥទ្ធិពល​យោធា​ នៅជុំវិញ​ពិភព​លោក។

កាសែត The Wall Street Journal បន្ត​ថា​រដ្ឋាភិបាលកម្ពុជា និង​ ចិន ចុះ​ហត្ថលេខា​​ជា​សម្ងាត់​ជាមួយ​គ្នា ​កាល​ពី​អំឡុង​ត្រីមាស​ទី​២ ​​ឆ្នាំ​២០១៩ ហើយថា «កិច្ចព្រមព្រៀង​នោះ​ កម្ពុជា​ផ្តល់​ឱ្យ​ភាគី​ចិន ​នូវ​សិទ្ធិ​ផ្តាច់​មុខ ធ្វើជា​មូលដ្ឋាន​ទាហាន​ជើងទឹកចិនជាផ្នែកមួយនៅឈូងសមុទ្រខ្មែរ ហើយនៅជិត​ប្រលាន​យន្តហោះ​ធំ​មួយ ដែល​កសាង​ដោយ​ចិន ​និង​អនុញ្ញាត​ឱ្យចិន ប្រើជាមូលដ្ឋានយោធា រយៈពេល ៣០ ឆ្នាំ ដាក់ទ័ព ដាក់គ្រឿងសព្វាវុធ កន្លែងចតនាវា​ ជាដើម»

កាលពីខែវិច្ឆិកា ២០១៨ អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក​ Mike Pence​ បានលើកឡើង «អំពី​ការ​លេចញនូវ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​ចិន ​នៅ​កម្ពុជា»​ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ អាស៊ីប៉ាស៊ីហ្វិក។​ មូលដ្ឋានកងទ័ពជើងទឹកចិន នៅកម្ពុជា ធ្វើឡើងតាមរយៈ ក្រុមហ៊ុន​ចិន Tianjin Union​ ​ដែល​គេ​ស្គាល់​ថា​ ជាក្រុមហ៊ុន UDG​ នៅខេត្តកោះកុង។ ក្រុមហ៊ុននេះ ត្រូវ​បានរដ្ឋាភិបាលកម្ពុជា ​ផ្តល់​សិទ្ធិសម្បទាន​ចំនួន ​៩៩ ​ឆ្នាំ ​លើ​ផ្ទៃដី​ប្រមាណ​២០%​ នៃ​តំបន់​ឆ្នេរ​សមុទ្រ​របស់​កម្ពុជា កាលពីឆ្នាំ២០០៨។

គេហទំព័រ VOD News នៅថ្ងៃទី២២ ខែកក្កដា​នេះ បានដកស្រង់សំដីអ្នកនាំពាក្យ​ក្រសួងការពារ​ជាតិ លោក ឈុំ សុជាតិ ថា «ព័ត៌មាន​ធ្វើ​ឱ្យ​ឈឺ​ក្បាល វា​អត់​មាន​សោះ​ បែរ​ជា​ធ្វើ​ឱ្យ​មាន​បញ្ហា​ច្របូកច្របល់​។ អស់​ពី​មួយ​ ដល់​មួយ ធ្វើ​ឱ្យមាន​ការ​ពិបាក​ ក្នុងការ​សន្និដ្ឋាន​សភាពការ​ណ៍ វា​ធ្វើ​ឱ្យ​មាន​ការ​ភ័ន្ត​ច្រលំ ឬ​ក៏​បង្កាច់បង្ខូច​ អំពី​ជំហរ​របស់​កម្ពុជា ​ដែល​ខំ​រក្សា​ភាព​អព្យា​ក្រឹត​របស់​ខ្លួន»។

​អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក ​ប្រចាំ​កម្ពុជា​ លោក​ស្រី Emily Zeeberg ត្រូវបាន​​ VOD ដកស្រង់ដែរថា «សហរដ្ឋអាមេរិក ​កំពុង​តាមដាន​ពីការ​ពិត ​នៃ​​រឿង​នេះ ដោយ​ជំរុញ​ដល់​រដ្ឋាភិបាលកម្ពុជា ​ឱ្យ​​បង្ហាញ​​តម្លាភាព នៃ​​​ទំនាក់​ទំនង​យោធា​​ រវាង​កម្ពុជា និង​ចិន ដើម្បី​ឱ្យ​ពលរដ្ឋ​កម្ពុជា និង{ក្រុមប្រទេសក្នុង}​តំបន់​ អាច​យល់​ពី​ផល​ប៉ះពាល់​ នៃ​ទំនាក់ទំនង​នេះ»

Advertisements