ថ្លែងក្នុងសន្និសីទកាសែត នៅការិយាល័យសមាគមគ្រូបង្រៀន ភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ​២០១៩ នេះ លោក រ៉ុង ឈុន ទីប្រឹក្សាសមាគមគ្រូបង្រៀន និងជា​ប្រធាន​សហភាព​​សហជីព​​កម្ពុជា បានបញ្ជាក់ថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅតែរក្សាជំហរ​​ជួបជុំ​​សម្តែងមតិ នៅខាងមុខ​តុលាការក្រុងភ្នំពេញ ក្នុងគោលបំណងទាមទារ​​ឲ្យ​រដ្ឋាភិបាល ដោះលែងមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា និង​អ្នកទោស​មនសិការ​​ឯទៀត បើទោះជាអាជ្ញាធរក្រុង ហាមប្រាម បំបិទសិទ្ធិក្រុមគ្រូបង្រៀន និងកម្មករ ដែលបាន​ស្នើសុំ​កាលពី​សប្តាហ៍មុន។ លោក រ៉ុង ឈុន បន្តថា ការជួបប្រជុំសម្លែងមតិនេះ ត្រូវលើក​ពេល​រហូតដល់មានការ​ជូនដំណឹងជាថ្មី ដោយសាថ្នាក់ដឹកនាំ មាន​បេសសកម្ម។

ក្នុងសន្និសីទកាសែតនេះ មានការចែកចាយសេចក្តីថ្លែងការណ៍របស់សមាគមគ្រូបង្រៀន ទៅ​ក្រុមអ្នកកសែត ដោយសំដែងក្តីព្រួយបារម្ភអំពីការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ របស់​អឺរ៉ុប និង របស់អាមេរិក ខណៈពេលរដ្ឋាភិបាល លោក ហ៊ុន សែន មិនទាន់បន្ទាន់​ឥរិយាបថ ស្តារស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបេត្យឡើងវិញ។

ខ្លឹមសារទាំងស្រុងនៃសេចក្តីថ្លែងការណ៍៖

សេចក្តីថ្លែងការណ៍

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មានការសោកស្តាយ និងខកចិត្តជាខ្លាំង ចំពោះសាលា​រាជធានីភ្នំពេញ ដែលបដិសេធសំណើរបស់សមាគម ដោយមិនអនុញ្ញាតឲ្យធ្វើការ​ជួប​ជុំ​សម្តែងមតិ​របស់កម្មករ ក្រុមគ្រូបង្រៀន នៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បី​សុំឲ្យមាន​ការដោះលែង លោក កឹម សុខា និងលើកលែងការចោទប្រកាន់ លោក សម រង្ស៊ី ដែល​ជាកត្តា​ជួយលើកទឹកចិត្តរដ្ឋាភិបាល រក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប និង GSP របស់សហរដ្ឋអាមេរិក។

ទង្វើរបស់សាលារាជធានីភ្នំពេញ ដែលហាមប្រាមមិនឲ្យមានការជួបជុំសម្តែងមតិនេះ គឺជា​ការបិទសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ដែលមានចែងរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូល​របស់កម្ពុជា និងប្រាស់ចាកពីកត្តិកាសញ្ញាស្តីពីសិទ្ធិមនុស្សសកល។

​សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មានការព្រួយបារម្ភ ចំពោះរដ្ឋាភិបាល នៅបន្តរឹត​ត្បិត​​សិទ្ធិសេរីភាពពលរដ្ឋ ការឃុំឃាំងមេដឹកនាំបក្សប្រឆាំង និងបញ្ហាគួបផ្សំជាច្រើនទៀត ដែលធ្វើឲ្យកម្ពុជា ប្រឈមកាន់តែខ្លាំងទៅនឹងការកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប និង GSP របស់សហរដ្ឋអាមេរិក។ ហើយធ្វើឲ្យកម្មកររាប់សែននាក់ ទទួល​ផល​វិបាក​សង្គម រងគ្រោះដោយផ្ទាល់ បាត់បង់ការងារ និងបាត់អត្ថប្រយោជន៍នានា។ ពលរដ្ឋ​រាប់លាននាក់ទៀត ក៏ក្លាយជាជនរងគ្រោះដោយប្រយោល ពីផលវិបាកសង្គមមួយនេះ ក្នុងនោះរួមមានក្រុមគ្រួសារមន្រ្តីរាជការ កងម្លាំង និងអ្នកលក់ដូរផងដែរ។ ពេលនោះ​កម្ពុជា ប្រឈមការបាត់បង់ចំណូលជាតិមួយចំណែកធំ ហើយបញ្ហាសង្គម ក៏កាន់តែមាន​វិបត្តិធ្ងន់ធ្ងរ។

ដោយហេតុនេះ សមាគមគ្រូបង្រៀនឯករាជ្យ នៅតែរក្សជំហរក្នុងការជួបជុំសម្តែងមតិ ប៉ុន្តែ​ការប្រមូលផ្តុំសម្តែងមតិ នៅថ្ងៃទី១៥ ខែសីហានេះ ត្រូវបានលើកពេល ដោយសារថ្នាក់ដឹកនាំ​មានបេសសកម្ម និងសូមអំពាវនាវយ៉ាងទទូចដល់រដ្ឋាភិបាល មេត្តាបើកលំហសិទ្ធិសេរីភាព​ពលរដ្ឋ សិទ្ធិជួបជុំសំដែងមតិ និងស្តារស្ថានភាពសិទ្ធិមនុស្សឡើងវិញ តាមស្មារតី​រដ្ឋធម្មនុញ្ញ ព្រមទាំងដោះលែងមេដឹកនាំបក្សប្រឆាំង និងអ្នកទោសមនសិការទាំងអស់ ដើម្បី​ថែរក្សាផលប្រយោជន៍ពលរដ្ឋ និងតម្លៃជាតិជាធំ។

រាជនីភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩
អគ្គលេខាធិការដ្ឋាន (មានត្រា)

ពីឆ្វេង៖ លោក ឡុង រឹម និងលោក រ៉ុង ឈុន ក្នុងសន្និសីទកាសែត ថ្ងៃទី០៨ សីហា ២០១៩
Advertisements