របាយការណ៍ក្រុមការងារ១០០រាត្រី៖ ដីខ្មែរ ៥១ គីឡូម៉ែត្រក្រឡា ត្រូវ​វៀតណាម​គ្រប់គ្រង

មាតិកា
I. គោលបំណង
II. វិធីសាស្ត្រនៃការសិក្សាស្រាវជ្រាវ
III. របកគំហើញ
IV. សេចក្តីសន្និដ្ឋាន
V. ដំណោះស្រាយបន្ទាន់

I. គោលបំណង
ការសិក្សាស្រាវជ្រាវរបស់ ក្រុមការងារ១០០រាត្រី ក្នុងរយៈពេល ០១ ឆ្នាំ គឺដើម្បីសិក្សាស្វែងយល់ពីស្ថានភាពផ្សេងៗ ពាក់ព័ន្ធនឹងតំបន់ដាក់ដាំ ដាក់ហ៊ូត ដែលជាព្រំដែន មិនទាន់ឯកភាពគ្នា រវាងកម្ពុជា-វៀតណាម និងបំណងណែនាំបងប្អូនជនរួមជាតិខ្មែរ ឲ្យស្គាល់ តំបន់ដាក់ដាំ ដាក់ហ៊ូត ផងដែរ។

II. វិធីសាស្ដ្រនៃការសិក្សាស្រាវជ្រាវ
ក្រុមការងារ១០០រាត្រី ចុះជួបពលរដ្ឋ អាជ្ញាធរមូលដ្ឋាន នៅស្រុកអូររាំង ឃុំដាក់ដាំ ច្រកព្រំដែន​​ដាក់ដាំ និងស្វែងរកឯកសារពាក់ព័ន្ធ។ ក្រុមការងារ១០០រាត្រី និងចងក្រងរបាយការណ៍នេះ ជាខ្សែវីដេអូ។

III. របកគំហើញ
ក្រុមការងារ១០០រាត្រី សូមណែនាំដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ ឲ្យបានស្គាល់ អូរដាក់ដាង។ អូរនេះស្ថិតនៅក្នុងឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគីរី ជាប់ឃុំក្វាងជិក ស្រុកដាក់រឡឹប ខេត្ដដាក់នង ប្រទេសវៀតណាម ។ អូរដាក់ដាង មានចម្ងាយប្រមាណ ៨០០ ម៉ែត្រ ពីច្រកទ្វារព្រំដែន ដាក់ដាំ និងប្រមាណ ៨០០ ម៉ែត្រដូចគ្នា ពីប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនវៀតណាម ដែលបានសង់ក្នុងតំបន់ មិនទាន់ឯកភាពគ្នា (កម្ពុជា-វៀតណាម)។

ស្ថិតក្នុងជម្រាលភ្នំ រវាងប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនខ្មែរ-វៀតណាម ពេលយើងចុះទៅ យើងនឹងឃើញមានស្ពានមួយ នៅលើអូរដាក់ដាង។ នៅខាងកើតស្ពាន មានដាក់អក្សរវៀតណាម ពណ៌ស លើផ្ទាំងពណ៌ខៀវ ដែលប្រែថា (ស្ពានចម្លងខ្សោយ ទំងន់ក្នុងឡាន បូកជាមួយ
នឹងទំនិញក្រោម ឬស្មើ ៨តោន)។

មានបង្គោលមួយទៀតដូចជា បង្គោលបោះសម្គាល់គីឡូ ដែលបោះដោយវៀតណាម គ្មានការឯកភាពពីកម្ពុជា ដែលមានពណ៌.ស ក្បាលលើពណ៌ក្រហម ដាក់លេខសម្គាល់ ៣៩៤ គីឡូម៉ែត្រ មានលេខពីចំហៀង QL 14c និងមានលេខ 3Km CK BUP RANG ។

សូមជម្រាបបងប្អូនថា តំបន់ដាក់ដាំ ដាក់ហួត នេះមានផ្ទៃដី ៥១ គីឡូម៉ែត្រក្រឡា ដែលកម្ពុជា-វៀតណាម មិនទាន់ឯកភាពគ្នានៅឡើយ។ នៅពីបង្គោលលេខ ៥៥ ក្នុងស្រុកអូរាំង រហូតទល់នឹងបង្គោលលេខ ៦០ មានប្រវែង ២៧ គីឡូម៉ែត្រ។ វៀតណាម ចង់កំណត់ព្រំដែន ត្រឹមអូរដាក់ដាំ ឬដាក់ដាង។ ចំនែកខាងរដ្ឋាភិបាលកម្ពុជា ចង់កំណត់ព្រំដែន យក​ត្រឹម អូរហ៊ុច ដែលវៀតណាម ហៅថា ដាក់ហ៊ូត រហូតដល់ អូរតាំងម៉ែ ដល់ អូរប្លាយ បានធ្លាក់មកដល់ ទន្លេស្រែពក ដែលជាព្រំដែនចាស់ តាំងពីសម័យអនានិគមបារាំង​មក។

ទោះជាយ៉ាងណា វៀតណាម បានគ្រប់គ្រង តំបន់ដាក់ ដាំដាក់ហ៊ូត ដែលមិនទាន់ឯកភាព​គ្នា រវាងកម្ពុជា-វៀតណាម នោះបាត់ទៅហើយ។ វៀតណាម បានសាងសង់ ហេរដ្ឋារចនាសម្ព័ន្ធ ផ្សារ និងផ្ទះ ឲ្យប្រជាពលរដ្ឋ {វៀតណាម} លើប៉ុស្តិ៍បូប្រ៊ាង ដែលជាអតីតព្រំដែន​ខ្មែរ កាលពីមុន។ ប្រទេសវៀតណាម បានធ្វើថ្នល់តាម ព្រែកដាក់ដាង និងពីប៉ុស្តិ៍​ប៉ូប្រ៊ាង មកដាក់ដាង ជីកស្រះ និងសង់ប៉ុស្តិ៍យោធា តាមព្រំដែនខ្លះ ដែលធ្វើឲ្យភាគីកម្ពុជា តវ៉ាតាមរយៈកំណត់ការទូតជាដើម កាលពីឆ្នាំ២០១៥ អំពីសកម្មភាព វៀតណាម តាមព្រំដែននោះ។ វៀតណាម បានចេញចូល និងមានសិទ្ធិសម្រេចក្នុង តំបន់ដាក់ដាំ ដាក់ហ៊ូត ដោយសេរី។ ចំណែកឯកម្ពុជា ត្រូវបានវៀតណាម មិនអនុញ្ញាតិ្តឲ្យចេញចូលក្នុងតំបន់នេះទេ។ វៀតណាម មិនត្រឹមតែគ្រប់គ្រងលើ ៦០% នៃតំបន់ដាក់ដាំ ដាក់ហ៊ូត ដូចការស្នើសុំទៅសម្តេច ហ៊ុន សែន កន្លងមកនោះទេ គឺវៀតណាម បានគ្រប់គ្រងទាំងស្រុង។
ដោយឡែក សន្និសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥ បានបញ្ជាក់ក្នុងប្រការ១ ចំនុច២ ថា «កំណាត់ព្រំដែន នៅតំបន់ជាប់នឹងឃុំដាក់ដាំ ស្រុកអូររាំង ខេត្ដមណ្ឌលគិរី កម្ពុជា និង ឃុំក្វាងជិក ស្រុកដាក់រឡឹប ខេត្ដដាក់ឡាក់ (ដាក់នង) វៀតណាម ភាគីគូសន្យាទាំងពីរ បានឯកភាពគ្នាបន្ដការពិភាក្សា»។

យើងសូមនាំបងប្អូនជនរួមជាតិ មកមើលប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបដិសេធសំណើ វៀតណាម ដែលសុំឲ្យចែកដី តំបន់ដាក់ដាំ និង ដាក់ហ៊ូត នោះជាមួយកម្ពុជា គឺ ៦០% ទៅវៀតណាម និង ៤០% មកកម្ពុជា ដែលសម្តេចហ៊ុន សែន បានបញ្ជាក់កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ នៅប្រទេសបារាំង ថាលោក មិនបានយល់ព្រមទេ។ ប្រសាសន៍ឯកឧត្តម វ៉ា គឹមហុង លោកថា (តំបន់នោះត្រូវបន្តជជែកគ្នា ដោយលោកបន្ថែមថា កម្ពុជានៅតែមានជំហរដដែល គឺដូចការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថ្លែងក្នុងពេលលោក បំពេញទស្សនកិច្ចក្នុងប្រទេសបារាំង កាលពីសប្តាហ៍កន្លងទៅ។

អ្វីដែលសម្តេច ហ៊ុន សែន បានបញ្ជាក់គឺសេចក្តីសម្រេចរបស់អគ្គទេសាភិបាលបារាំង នៅក្នុងឆ្នាំ១៩១៤ ហ្នឹងគឺថា នៅដដែល អត់មានអ្វីប្រែប្រួលទេ។ សេចក្តីសម្រេចនោះគឺដាក់ថា «ខ្សែបន្ទាត់ព្រំដែន ដើរតាមព្រែក ដាក់ហ៊ូត»)។

ចំពោះប្រសាសន៍សម្តេច ហ៊ុន សែន ដែលលើកឡើងក្នុងរដ្ឋសភា កាលពីឆ្នាំ ២០០៥ ចំណុចសំខាន់មួយទៀតគឹ «យើងយកផែនទី ដែលយើងមានពីមុន មកសិក្សា។ យើងឃើញមានចំណុច ៧ ដែលលេចចេញពីភាពមិនច្បាស់លាស់ នៃផែនទីខ្នាត ១/១០០.០០០ ព្រោះថាផែនទីទំាងអស់មាន ២៦ ផ្ទាំង ហើយកាលពីឆ្នាំ ១៩៦៤ យើងយកមកបិទតភ្ផាប់គ្នា វាធ្វើឱ្យមានចំណុចមិនច្បាស់លាស់ ៧ ចំណុច។ យើងចរចាសុំពិនិត្យ ៧ ចំណុចឡើងវិញ គេឯកភាព​ពិនិត្យឡើងវិញម្ដង ១ ចំណុច។ ក្រោយមកគេបានឯកភាពនឹងយើង ៦ ចំណុច ហើយនៅសល់តែ ១ ចំណុចទៀត នៅខេត្ដមណ្ឌលគីរី ដែលវាមានទំហំខុសគ្នាធំពេក នៅត្រង់ចំណុច ប៊ូប្រាង វាខុសគ្នាប្រហែល ៥០ គីឡូម៉ែត្រការ៉េ ខុសគ្នាត្រង់ចន្លោះទន្លេ ដាក់ហ៊ូត និង ទន្លេ ដាក់ដាង»។

ក្រុមការងារ១០០រាត្រី សូមបង្ហាញចំណុចខាងក្រោម ដែលជាស្ថានភាពនៃចំណុចខ្សោយរបស់កម្ពុជា ចំពោះមុខវៀតណាម ក្នុងតំបន់ជម្លោះដាក់ដាំ ដាក់ហ៊ូត៖
ទី១- កម្ពុជា ពុំមានវិធានការណាមួយច្បាស់លាស់ ក្នុងការការពារតំបន់ដាក់ដាំ ដាក់ហ៊ូត ពីការឈ្លានពានរបស់វៀតណាម នៅឡើយទេ ដូចជាការប្តឹងទៅតុលាការទីក្រុងឡាអេ ឬអង្គការសហប្រជាជាតិ។
ទី២- ការកំណត់ផែនទី Google ធ្វើឡើងដោយវៀតណាម ហើយបានកំណត់តំបន់នោះជារបស់វៀតណាម ដែលបង្កើតការភ័ន្តច្រឡំ ដល់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
ទី៣– កម្ពុជា មិនមានគោលនយោបាយផែនការ យុទ្ឋសាស្ត្រក្នុងបង្ហាញពីជំហរ និងការការពារតំបន់ដាក់ដាំ ដាក់ហ៊ូត ដែលមិនទាន់ឯកភាព ជាមួយវៀតណាម ក៏ទេដែរ។
ទី៤– ពលរដ្ឋកម្ពុជា ពិបាកទទួលបានព័ត៌មានខ្លាំងណាស់ ពីតំបន់ដាក់ដាំ ដាក់ហ៊ូត ដើម្បីបានជាចំណេះដឹង ក្នុងការការពារទឹកដី។
ទី៥– មន្ត្រីប៉ុស្តិ៍យាមព្រំដែន នៅទីនោះ ហាក់ខ្លាចញញើតវៀតណាម។ មន្ត្រីប៉ូលីល មានចំនួន ១២ នាក់ ចែកជា ២ ក្រុម ដើម្បីយាម និងល្បាត។
ទី៦– វៀតណាម មិនអនុញ្ញាតិឲ្យពលរដ្ឋកម្ពុជា ចេញចូលតាមច្រកនេះទេ លើកលែងតែជនជាតិភាគតិច ឬពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ ហើយច្រកនេះមានការរក្សាការសម្ងាត់ណាស់។
ទី៧– ប៉ុស្តិ៍ព្រំដែនកម្ពុជា ក្នុងច្រកព្រំដែន ដាក់ដាំ គ្មានឧបរណ៍គ្រប់គ្រាន់ ពិបាកល្បាតមើលតាមព្រំដែន ខ្វះខាតមធ្យោបាយការពារព្រំដែន។
ទី៨– ក្នុងប៉ុស្តិ៍យាមព្រំដែនកម្ពុជា គ្មានទឹកស្អាត។ ចំពោះអគ្គីសនី និងសេវាទូរស័ព្ទ គឺប្រើតែរបស់វៀតណាម។
ទី៩– មន្ត្រីយាមព្រំដែនកម្ពុជា ឧស្សាហ៍ទៅវៀតណាម ដើម្បីជុបលៀង និងទៅលេងទីនោះ ហើយនិងចែករំលែកពត៌មានពីបញ្ហាព្រំដែន។

IV. សេចក្តីសន្និដ្ឋាន
យើងអាចសន្និដ្ឋានបានថា កម្ពុជាពិតជាចាញ់ប្រៀបវៀតណាម ក្នុងតំបន់ ដែលមិនទាន់ឯកភាពគ្នានេះ។ ដើម្បីធ្វើជាការតស៊ូមតិវែងឆ្ងាយ រដ្ឋាភិបាល គួរសិក្សា និងបង្ហាញព័ត៌មានទាំងនោះ ដល់ពលរដ្ឋកម្ពុជា ឲ្យបានយល់ដឹងច្រើន ដើម្បីនាំពលរដ្ឋកម្ពុជា ឲ្យការពារទឹកដី ពីការឈ្លានពានរបស់វៀតណាម។

V. ដំណោះស្រាយបន្ទាន់
ទី១. រដ្ឋាភិបាល គួរធ្វើកំណត់ទូត ទៅភាគីវៀតណាម ស្នើឲ្យគោរពបានពេញលេញនូវសេចក្តីថ្លែងការណ៍រួមគ្នា ឆ្នាំ១៩៩៥ និងស្មារតីនៃ សន្និសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥ {កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ និង រដ្ឋធម្មនុញ្ញខ្មែរ មាត្រា២ និងមាត្រា៥៥} ព្រមទាំងប្រកាសជាឪឡារឹកថា សកម្មភាពឯកតោភាគីរបស់វៀតណាម នឹងមិនអាចបកស្រាយថា កម្ពុជាបានយល់ព្រមដោយស្ងៀមស្ងាត់ទេ និងមិនអាចប៉ះពាល់សិទ្ឋិស្របច្បាប់របស់កម្ពុជា ក្នុងការងារកំណត់ខណ្ឌសីមា និងបោះបង្គោលព្រំដែន ស្របតាមច្បាប់អន្តរជាតិឡើយ។ ទន្ទឹមនេះ រាជរដ្ឋាភិបាល គួរពន្លឿនពិភាក្សាជាមួយភាគីវៀតណាម ស្នើអ្នកជំនាញរបស់បារាំង ជួយអន្តរាគមន៍បច្ចេកទេស និងច្បាប់ លើចំណុចដែលមិនទាន់ឯកភាពគ្នា។
ទី២. រដ្ឋាភិបាល ត្រូវប្រមូលភស្តុតាំងទាំងឡាយ រួចប្តឹងទៅតុលាការអន្តរជាតិ ទីក្រុងឡាអេជាបន្ទាន់ បើវៀតណាម នៅតែរំលោភបំពាន។
ទី៣. រដ្ឋាភិបាល ត្រូវពង្រឹងសមត្ថភាពលើគ្រប់វិស័យ ដល់កងកម្លាំងការពារព្រំដែនកម្ពុជា ឲ្យបានខ្លាំង និងបន្ថែមកម្លាំងមនុស្ស {សមត្ថកិច្ច} ឲ្យបានច្រើន ដើម្បីការពារកុំឲ្យមានសកម្មភាពណាមួយ ក្នុងតំបន់ដែលមិនទាន់ឯកភាពគ្នា ពីសំណាក់វៀតណាម។
ទី៤. ការអភិវឌ្ឍន៍ព្រំដែន ជាប់ក្នុងឃុំដាក់ដាំ ស្រុកអូររាំង ត្រូវចាត់ទុកជាអាទិភាព គឺដើម្បីជំរុញពលរដ្ឋ ឲ្យទៅរស់ឲ្យបានច្រើន និងលើកទឹកចិត្តពលរដ្ឋ បញ្ញវន្ត ក្នុងការមកសិក្សាពីតំបន់ដាក់ដាំ ដាក់ហ៊ូត នេះ។

ក្រុមការងារ១០០រាត្រី មិនលំអៀងទៅរកក្រុមណា បក្សណាមួយទេ និងសុំទោស ប្រសិនបើមានការខុសឆ្គង និងសូមឲ្យមានការចូលរួមកែតម្រូវ។ (…)។

ភ្នំពេញថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩
ក្រុមការងារ១០០រាត្រី
{អត្ថបទពីទំព័ររបស់លោក មួង សូនី ជាសមាជិកក្រុមការងារ១០០រាត្រី}

Advertisements