សេចក្តីថ្លែងការណ៍ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា៖ របបដឹកនាំរបស់លោក ហ៊ុន សែន ត្រូវដោះលែងលោក កឹម សុខា ដោយគ្មានលក្ខខណ្ឌ ជាប់ឃុំឃាំងគម្រប់ ២ ឆ្នាំយ៉ាងអយុត្តិធម៌

គិតមកដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ លោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ ត្រូវបានរបបដឹកនាំរបស់លោក ហ៊ុន សែន ចាប់ឃុំខ្លួន ២ ឆ្នាំគត់យ៉ាងអយុត្តិធម៌ (០៣ កញ្ញា ២០១៧ – ០៣ កញ្ញា ២០១៩)។ គណបក្សនេះ ជាគណបក្សប្រឆាំងតែមួយគត់ ដែលមានអាសនៈនៅរដ្ឋសភា ៥៥ និង មានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាង ៥០០០ នាក់ នៅទូទាំងប្រទេស ឬជាង ៤៦% បើធៀបទៅនឹងអ្នកគាំទ្រ គណបក្សគ្រប់គ្រងអំណាចរបស់លោក ហ៊ុន សែន ដែលនោះហើយជាមូលហេតុធ្វើរបបលោក ហ៊ុន សែន ប្រើប្រាស់ប្រព័ន្ធតុលាការ រំលាយចោលរចនាសម្ព័ន្ធគណបក្សប្រឆាំង នៅចុងឆ្នាំ២០១៧។

តាំងពីពេលនោះមក ស្ថានភាពនយោបាយកម្ពុជា ធ្លាក់ចុះអាប់អួរ និងមានវិបត្តិធ្ងន់ធ្ងរ ដែលធ្វើឲ្យសហគមន៍ជាតិ និងអន្តរជាតិ ថ្កោលទោសជាបន្តបន្ទាប់។ ហើយជាមួយគ្នានោះ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដាក់ការគាបសង្កត់នានា លើសេដ្ឋកិច្ចកម្ពុជា ជាការជំរុញដាស់តឿនឲ្យកម្ពុជា វិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ស្របតាមរដ្ឋធម្មនុញ្ញខ្មែរ និង កិច្ចព្រមព្រៀងទីក្រុងប៉ារីស។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមអំពាវរដល់របបដឹកនាំរបស់លោក ហ៊ុន សែន ត្រូវដោះលែងលោក កឹម សុខា ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ជាការផ្តល់យុត្តិធម៌ឲ្យសាម៉ីខ្លួន និងក្រុមគ្រួសារ ហើយនិងត្រូវផ្តល់សុពលភាពគណបក្សប្រឆាំងដូចដើម ដើម្បីស្តារស្ថានភាពលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញ។ អ្នកនយោបាយ គប្បីវិលទៅរកតុចរចា ដោះស្រាយបញ្ហាជាតិរួមគ្នា។ នៅពេលកម្ពុជា វិលមករកប្រក្រតីភាពកម្ពុជាវិញហើយនោះ នោះកម្ពុជានឹងអាចរក្សាបាននូវប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប និង GSP របស់សហរដ្ឋអាមេរិកដដែល។

ចូរទម្លាក់ចោលជាបន្ទាន់ នូវបទចោទប្រកាន់នានាទៅលើលោក កឹម សុខា លោក សម រង្ស៊ី និងដោះលែងអ្នកទោសមនសិការជាច្រើនរូបទៀត ដែលកំពុងជាប់ឃុំឃាំងយ៉ាងអយុត្តិធម៌ ព្រមទាំងលើកស្ទួយសេរីភាពបញ្ចេញមតិពេញលេញ និងបើកចំហសេរីភាពសារព័ត៌មានឯករាជ្យឡើងវិញ។

ក្រុងគ្រីស្ទានសាន់ (ប្រទេសន័រវេស៍) ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩

ម៉ែន ណាត (ហត្ថលេខា និងត្រា)
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា

.