តំបន់​ត្រីកោណអភិវឌ្ឍ ឬ​ហៅថា (Cambodia, Laos and Vietnam = CLV) បាន​ផ្តួចផ្តើម​ឡើង​ដោយ​វៀតណាម និងនាំឲ្យមានកិច្ចព្រមព្រៀងរួមគ្នា លើកដំបូងនៅ​ឆ្នាំ​១៩៩៩ ហើយ​​រដ្ឋាភិបាល​​កម្ពុជា ឡាវ និង​វៀតណាម ហៅខ្លួនឯងថា ស្ថាបនិករៀងៗខ្លួន។

ក្រុមអ្នកជំនាញកិច្ចការព្រំដែន លោកអតីតរដ្ឋមន្ត្រី ស៊ាន ប៉េងសែ (កាលនៅរស់) និងបណ្ឌិត​ច្បាប់ លោក ឌី ការេត នៃគណៈកម្មាធិការព្រំដែនខ្មែរ នៅប្រទេសបាំង បានរំលឹកជាញឹកញាប់ ដល់អ្នកនយោបាយខ្មែរ តាំងពីមុនពេលមានកិច្ចព្រមព្រៀង CLV មកម្ល៉េះ ដោយ​ស្នើឲ្យ​ប្រើប្រាស់យន្តការរដ្ឋសភា និងរដ្ឋាភិបាលចម្រុះ នរោត្តម រណប្ញទ្ធិ និង ហ៊ុន សែន ដើម្បីឲ្យជួយទប់ស្កាត់មហិច្ឆិតារបស់វៀតណាម ឈ្លានពានកម្ពុជា តាមរបៀប​ថ្មី។ ប៉ុន្តែកាលនោះទាំងរដ្ឋសភា និង​រដ្ឋាភិបាល បានស៊ុំគ្រលំគ្នា ដោយ​ទុកចោលបញ្ហាជាតិ ទឹកដី ដ៏សំខាន់នេះ ឲ្យធ្លាក់ចូលយ៉ាងជ្រៅទៅក្នុងយុទ្ធសាស្ត្រថ្មី និងសេណារីយ៉ូថ្មីរបស់ វៀតណាម តាមរយៈរដ្ឋាភិបាល ហ៊ុន សែន មកទល់សព្វថ្ងៃ។

ទោះបីយ៉ាងណាក្តី ក្រុមអ្នកជំនាញកិច្ចការព្រំដែន ក្រុមសកម្មជនព្រំដែន និងក្រុមអ្នកជាតិនិយម បានយល់ស្របគ្នា ហៅតំបន់ត្រីកោណអភិវឌ្ឍ (CLV) ថា «ជាយុទ្ធសាស្ត្រថ្មី​របស់វៀតណាម ក្នុងការថែរក្សានយោបាយឈ្លានពានរបស់ខ្លួន ពីព្រោះគេមិនចង់ប្រើឈ្មោះ សហព័ន្ធឥណ្ឌូចិន ពីអតីតកាល។ គេប្រើឈ្មោះថ្មីជំនួសវិញគឺ តំបនត្រីកោណអភិវឌ្ឍ ឬតំបន់អភិវឌ្ឍត្រីកោណពិសេសេ»

អត្ថបទខាងក្រោម គឺជាការវិវត្តន៍ថ្មី និងការសិក្សាស្រាវជ្រាវថ្មី អំពីយុទ្ធសាស្ត្រ CLV ដែលត្រូវបានវិទ្យុអាស៊ីសេរី ផ្សព្វផ្សាយពីម្សិលមិញ។ (អត្ថបទបន្ថែមដោយលោក ម៉ែន ណាត នៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា /០៦ កញ្ញា ២០១៩)

………………….
ការវិវត្តិន៍ថ្មីជាលទ្ធផល៖ «កម្ពុជា​បរាជ័យ​លើ​គម្រោង​អភិវឌ្ឍ​រួម​ នៅ​តំបន់​មុំ ​៣ និង​អាច​កាន់​កាប់​ផ្ដាច់​មុខ ​ដោយ​​វៀតណាម»
(RFA Khmer ដោយលោក សេក បណ្ឌិត/ 05 th-9-2019)

ប្រជាពលរដ្ឋ និង​ក្រុម​យុវជន ១០០​រាត្រី ដែល​ដឹកនាំ​គម្រោង​{១០០រាត្រី} នេះ បន្ត​ពី​លោក បណ្ឌិត កែម ឡី រក​ឃើញ​ថា «កម្ពុជា​ បរាជ័យ ​លើ​គម្រោង​អភិវឌ្ឍន៍​រួមគ្នា ​លើ​តំបន់​ត្រីកោណ​ពិសេស (CLV) ឬ​ហៅថា តំបន់​មុំ​ ៣ ដែល​ស្ថិតនៅ​ភាគ​ឦសាន​ នៃ​ប្រទេស​កម្ពុជា ជាប់​ព្រំដែន​ប្រទេស​វៀតណាម និង ឡាវ»

ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល​មួយ​ចំនួន មើល​ឃើញ​ថា «វៀតណាម កំពុង​មាន​ប្រៀប​ក្ដោបក្ដាប់​តំបន់​នោះ ដោយ​ទទួល​បាន​ផលប្រយោជន៍​លើសលប់​ ទាំង​សេដ្ឋកិច្ច និង​នយោបាយ ហើយ​ពួកគាត់​បារម្ភ​ថា វៀតណាម​នឹង​អាច​កាន់កាប់​តំបន់​នេះ ​ផ្ដាច់មុខ នា​ពេល​ខាង​មុខ​នេះ»

មន្ត្រី​រដ្ឋាភិបាល​នៃ​របប​លោក ហ៊ុន សែន ច្រានចោល​ ចំពោះ​ការ​រក​ឃើញ​នេះ និង​អះអាង​ថា ការ​បញ្ចូល​តំបន់​អភិវឌ្ឍ​តាម​ព្រំដែន ការ​ធ្វើ​ពាណិជ្ជកម្ម​រួម​​ជាមួយ​វៀតណាម និង​ ឡាវ​នេះ នឹង​មិន​អាច​ឱ្យ​កម្ពុជា បាត់បង់​អធិបតេយ្យភាព ហើយ​កិច្ចព្រមព្រៀង​នេះ កំពុង​តែ​ពិភាក្សា​លើ​យន្តការ​អនុវត្ត ដែល​ផ្នែក​ខ្លះ ​បាន​ដំណើរការ និង​ទទួល​បាន​លទ្ធផល​ជា​បណ្ដើរៗ​ហើយ។

បើ​ទោះ​បី​ជា​របប​លោក ហ៊ុន សែន អះអាង​ថា មាន​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់​ត្រីកោណ​ពិសេស​នេះ​ក្តី ក៏​ក្រុម​យុវជន ១០០​រាត្រី និង​អ្នកឃ្លាំមើល​បរិស្ថាន ដែល​បាន​ចុះទៅ​សិក្សា​នៅ​តំបន់​នោះ​ផ្ទាល់ បាន​រក​ឃើញ​ថា តំបន់​នេះ​ពុំ​មាន​ឃើញ​មានការ​រីកចម្រើន​អ្វី​ឡើយ​ សម្រាប់​ភាគី​កម្ពុជា និង​ឡាវ តាំងពី​មាន​កិច្ចព្រមព្រៀង​រួម​គ្នា​ជិត ១០ ​ឆ្នាំ​មក​ហើយ​ក្ដី។

ប្រធាន​ក្រុម​ដឹកនាំ​យុវជន​១០០​រាត្រី លោក មួង សូនី ឱ្យ​ដឹង​ថា ការសិក្សា​ស្រាវជ្រាវ​របស់​ក្រុម​លោក គឺ​ពុំ​ឃើញ​ការ​អភិវឌ្ឍ​លើ​ផ្នែក​ណាមួយ ដែល​ថា​ផ្ដល់​ផល​ចំណេញ​ ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​តំបន់​ដាច់ស្រយាល​ តាម​បណ្ដោយ​ព្រំដែន​នោះ​ឡើយ ដូចជា​ផ្លូវថ្នល់ ប្រព័ន្ធ​សុខាភិបាល សាលារៀន កសិកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃ​ទៀត គឺ​មិន​​ទាន់​មាន​ការ​អភិវឌ្ឍ​អ្វី​ទាំងអស់។ {លោក និយាយថា} «ទិដ្ឋភាព​រួម​នៅ​តំបន់​នោះ ប្រជាពលរដ្ឋ​​កម្ពុជា​ នៅ​ជួប​បញ្ហា​លំបាកៗ​ជាច្រើន ដូចជា​បញ្ហា​កសិកម្ម​ធ្វើ​បាន មានតែ​ឈ្មួញ​វៀតណាម​ទេ ​ដែល​ទទួល​ទិញ គ្មាន​ប្រភព​ទឹក បច្ចេកទេស​ដាំ​ដុះ​ក៏​គ្មាន ដើមទុន​ក៏​គ្មាន ជី​កសិកម្ម ​មាន​តែ​ទិញ​ពី​ប្រទេស​វៀតណាម​ ដែល​មាន​តម្លៃ​ថ្លៃ​….»។

តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ពិសេស ឬ​ហៅថា (CLV) បាន​ព្រមព្រៀង​បង្កើត​ឡើង កាល​ពី​ឆ្នាំ​១៩៩៩ ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម ។ តំបន់​អភិវឌ្ឍន៍​ត្រីកោណ​រួមគ្នា​នេះ មាន​ខេត្ត​ចំនួន ​១៣ ជា​ចំណុះ។ ភាគី​កម្ពុជា បាន​ដាក់​បញ្ចូល​ ខេត្ត​ក្រចេះ ស្ទឹងត្រែង រតនគិរី និង​ មណ្ឌលគិរី ជាដើម​ទុន ដែល​មាន​ពលរដ្ឋ​ប្រហែល​ជាង ៥​ សែន​នាក់។ រីឯ​ប្រទេស​ឡាវ ក៏បាន​ដាក់បញ្ចូល​ទឹកដី​របស់​ខ្លួន​ចំនួន ៤​ខេត្ត​ដែរ មាន​ខេត្ត​អាតាពើ (Attapeus) ចំប៉ាសាក់ (Champasak) សាលវ៉ាន់ (Salavan) សេកុង (Sekong) ដែល​មាន​មនុស្ស​ប្រមាណ ៧ ​សែន​នាក់។ ចំណែក​ភាគី​ វៀតណាម បាន​ដាក់​បញ្ចូល​ទឹកដី​របស់​ខ្លួន​ចំនួន ៥ គឺ​ខេត្ត​យ៉ាឡាយ (Gia Lai) កនតុម (Kon Tum) ដាក់ឡាក់ (Dak Lak) ដាណាង (Da Nang) ប៊ិញភឿក (Binh Phuoc) ដែល​ខេត្ត​ទាំងនេះ​មាន​មនុស្ស​ជាង ៧​លាន​នាក់។

កិច្ចព្រមព្រៀង​រួមគ្នា​នៃ​ប្រទេស​ទាំង ​៣ ក្នុង​ការ​បង្កើត​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ពិសេស​នេះ គឺ​ឈរ​លើ​គោលដៅ និង​មធ្យោបាយ​សំខាន់ៗ​ជាច្រើន​។ ក្នុង​រួមមាន ការ​ភ្ជាប់​ប្រព័ន្ធ​ផ្លូវថ្នល់ និង​សេវាកម្ម​សុខាភិបាល​ រវាង​ប្រទេស​ទាំង​ ៣ មាន​ន័យថា ពលរដ្ឋ​រវាង​ប្រទេស​ទាំង​បី​នេះ អាច​ទទួល​ការ​ព្យាបាល​ជំងឺ​ ក្នុង​ប្រទេស​នីមួយៗ​បាន​ទៅវិញទៅមក​។ ការ​ចល័ត​ពាណិជ្ជកម្ម បាន​ន័យថា ពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​នៃ​ប្រទេស​ទាំង ៣ ​នេះ អាច​នាំ​យក​ផលិតផល​របស់​ខ្លួន ​ឆ្លង​ចូល​ធ្វើ​ជំនួញ​ទៅវិញទៅមក ដោយ​មិន​ចាំបាច់​មាន​វីសា ឬ​លិខិតឆ្លងដែន​នោះ​ទេ។

ក្នុង​កិច្ចប្រជុំ​លើក​ទី​១១ នៃ​អនុគណៈកម្មការ​សេដ្ឋកិច្ច ស្ដីពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម (CLV DTA) នៅ​ខេត្ត​ក្រចេះ កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០១៩ ​នេះ បាន​​ពិភាក្សា​លើ​ផែនការ​អនុវត្តន៍​សកម្មភាព​ជា​ច្រើន ក្នុង​នោះ​រួមមាន៖

  • ការ​ត​ភ្ជាប់​សេដ្ឋកិច្ច នៃ​ប្រទេស​ទាំងបី រហូតដល់​ឆ្នាំ ​២០៣០ និង​ការរៀបចំ​ផែនការ​សកម្មភាព សម្រាប់​ការអនុវត្ត​កិច្ចព្រមព្រៀង ស្ដីពី​ការ​ជំរុញ និង​សម្របសម្រួល​ពាណិជ្ជកម្ម នៅ​ក្នុង​តំបន់​ត្រី​កោណ​នេះ។
  • ផ្លាស់ប្ដូរ​ទស្សនៈ ​លើ​លទ្ធភាព​បញ្ចប់​របាយការណ៍​សិក្សា ស្ដីពី​ផែនការ​អភិវឌ្ឍ​ឧស្សាហកម្ម​កៅស៊ូ ក្នុង CLV DTA និង​កិច្ចព្រមព្រៀង ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ និង​ព័ត៌មាន តាមរយៈ​មន្ត្រី​បង្គោល​នៃ​ប្រទេស​ទាំង​ ៣។
  • ប្រគល់​ភារកិច្ច​ជូន​វៀតណាម ដឹកនាំ​រក្សាទុក និង​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​នៃ​គេហទំព័រ CLV DTA និង​ឯកភាព​ឱ្យ​ស្ថាប័ន​ទាំ​ងបី សហការ​បង្ហោះ​ព័ត៌មាន ដែល​មាន​ការ​ឯកភាព តម្លាភាព។

កាល​ពី​រៀបចំ​ផែនការ​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​លើកដំបូង ពោល​កាលពី​ជិត ១០ ​ឆ្នាំ​មុន មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​តំណាង​សហគមន៍​ ក្នុង​ខេត្ត​ជាប់​ព្រំដែន​រំពឹង​ថា គម្រោង​នេះ ​នឹង​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​រីកចម្រើន​ជាង​បច្ចុប្បន្ន ជាពិសេស​វិស័យ​ទេសចរណ៍​​ ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ខេត្ត​រតនគិរី និង​ខេត្ត​ស្ទឹងត្រែង។ ក៏ប៉ុន្តែ​ពេល​នេះ ពួកគាត់ ប្រែជា​ខកចិត្ត​ទៅវិញ ពីព្រោះ​ពួកគាត់​មិន​បាន​ទទួល​ផល​ប្រយោជន៍​អ្វី​ឡើយ ពី​ផែនការ​អភិវឌ្ឍ​រួមគ្នា​នេះ។

ជាង​នេះ​ទៅ​ទៀត ធនធានធម្មជាតិ​ក្នុង​តំបន់ ​ពួកគាត់​រស់នៅ​អាស្រ័យ​ផល​ចិញ្ចឹមជីវិត​នោះ រង​ការ​បំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ ដោយ​ការ​ទាញ​យក​ផល​មិន​សមស្រប ពី​សំណាក់​ក្រុម​ឈ្មួញ​មាន​លុយ មាន​អំណាច ចូល​មក​រកស៊ី​ល្មើស​ច្បាប់។

ក្រុម​យុវជន​១០០​រាត្រី លោក មួង សូនី ស្រាវជ្រាវ​ឃើញ​ថា អ្នក​ដែល​ទទួល​ផល​ចំណេញ​ពី​ផែនការ​អភិវឌ្ឍ​នេះ គឺ​វៀតណាម។ ប្រទេស​នេះ ​មាន​ឥទ្ធិពល​ខ្លាំង ​ក្នុង​ការ​គ្រប់គ្រង​ស្ទើរ​តែ​ទាំងស្រុង​ លើ​តំបន់​ត្រី​កោណ​ពិសេស​នេះ។ លោក​ថា ធនធានធម្មជាតិ ជាពិសេស​ឈើ​ប្រណីត​ ត្រូវ​ឈ្មួញ​កាប់​ដឹក​ចេញ​ទៅ​ខាង​ប្រទេស​វៀតណាម ទោះ​ឈើ​ទាំងនោះ​ ស្ថិត​នៅ​ក្នុង​តំបន់​ព្រៃ​អភិរក្ស ការពារ​ដោយ​ច្បាប់​យ៉ាងណាក៏ដោយ ហើយ​សូម្បីតែ​ដី​ខ្មែរ​នៅ​តាម​ព្រំដែន​នៃ​ខេត្ត ទាំង ​៤ ​របស់​កម្ពុជា​នោះ ក៏​វៀតណាម​គ្រប់គ្រង​ភាគច្រើន​ដែរ តាមរយៈ​ដី​សម្បទាន​សេដ្ឋកិច្ច។ {លោកថា} «​និយាយ​រួម​តំបន់​ត្រីកោណ​អភិវឌ្ឍ​សេដ្ឋកិច្ច​ពិសេស​រួមគ្នា​នេះ គ្មាន​ប្រយោជន៍​អ្វី​ទាល់តែសោះ​ ដែល​រដ្ឋាភិបាល​កម្ពុជា គាត់​សម្រេចចិត្ត​ចូលរួម​អភិវឌ្ឍ​ជាមួយ​វៀតណាម​នោះ​ទេ។ ទី​១.​ កម្ពុជា​ ពុំ​ទាន់​មានលទ្ធភាព​អភិវឌ្ឍ​តំបន់​ព្រំដែន​ លើ​គ្រប់​វិស័យ​ ឱ្យ​ល្អ​ដូច​ប្រទេស​វៀតណាម​ទេ។ ទី​២. ​ចំនួន​ប្រជាជន​ ក៏​អត់​ច្រើន​ដូច​ប្រទេស​វៀតណាម​ដែរ ដែល​អាច​បង្ក​ភាព​ងាយស្រួល​ឱ្យ ​វៀតណាម ​ឈ្លានពាន​យក​តំបន់​ត្រីកោណ​ក្នុង​ខេត្ត​ទាំង ​៤​ របស់​កម្ពុជា»

ក្រុម​អ្នកឃ្លាំមើល​បរិស្ថាន ឱ្យ​ដឹង​ថា តំបន់​ភូមិ​ភាគ​ឦសាន​របស់​កម្ពុជា ជា​តំបន់​មួយ​ដែល​​សំបូរ​ទៅ​ដោយ​សម្បត្តិ​ធម្មជាតិ ​ដែល​មាន​តម្លៃ​ដ៏​មហាសាល ដូចជា​ព្រៃឈើ រ៉ែ​មាស រ៉ែ​បុកស៊ីត សំណ​ដែក ថ្ម​ម៉ាប និង​ជា​ជង្រុក​នៃ​អនុផល​ធម្មជាតិ​ដ៏​ធំ ព្រមទាំង​ជា​តំបន់​យុទ្ធសាស្ត្រ​សង្គ្រាម​ដ៏​សំខាន់បំផុត​ក្នុង​ឥណ្ឌូចិន។

មក​ទល់​ពេល​នេះ មន្ត្រី​រដ្ឋាភិបាល​ខ្មែរ និង​ពលរដ្ឋ​ខ្មែរ បាន​សំដែង​ការ​យល់ឃើញ​ស្របគ្នា​ថា ប្រទេស​វៀតណាម គឺជា​ប្រភព​ចម្បង​នៃ​ វិនាសកម្ម​ព្រៃឈើ​ខ្មែរ

ពលរដ្ឋ​ម្នាក់ រស់នៅ​ខេត្ត​មណ្ឌលគិរី លោក លឹម ព្រំយើយ។ លោក​ជា​សកម្មជន​បរិស្ថាន ដែល​តែងតែ​ឃ្លាំមើល​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ធនធានធម្មជាតិ​ដទៃ​ទៀត នៅ​តំបន់​ភាគ​ឦសាន ជាពិសេស​តំបន់​កន្ទុយ​នាគ ឧទ្យាន​ជាតិ​វីរជ័យ និង​តំបន់​ត្រីកោណ​ពិសេស ឬ​ហៅថា​តំបន់​មុំ​៣(CLV) បាន​ឱ្យ​ដឹង​ថា លោក​បាន​ចុះទៅ​តំបន់​នោះ​ជា​ញឹកញាប់ ជាពិសេស​នៅ​ខែ​ប្រាំង ។​

​លោក​ {លឹម ព្រំយើយ} ថាទីនោះ​ភាគច្រើន​មាន​ពលរដ្ឋ​ជា​ជនជាតិ​ដើម​ភាគតិច ​រស់នៅ ហើយ​ចំណុច​ខ្លះ​ គ្មាន​មនុស្ស​រស់នៅ​ទេ គឺ​មានតែ​អ្នក​ចូល​ទៅ​ស៊ី​ឈ្នួល​កាប់​ឈើ និង​ក្រុម​ប្រដាប់​អាវុធ​ខ្លះ ​ដែល​ចូល​មក​កាង​ការពារ ក្រុម​រកស៊ី​ឈើ​ល្មើសច្បាប់ ​ដឹក​ចេញ​ទៅ​ប្រទេស​វៀតណាម​។ លោក​ថា ក្រោយ​ពី​មាន​កិច្ចព្រមព្រៀង​រួមគ្នា ​ដើម្បី​អភិវឌ្ឍ ពលរដ្ឋ​ជា​ជនជាតិ​ដើម​ភាគតិច មិន​ទទួល​បាន​ផល​ពី​ការ​អភិវឌ្ឍន៍​នេះ​ឡើយ ដោយសារ​គ្មាន​ផ្លូវ គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ​អ្វី​ទាំងអស់​។ ពលរដ្ឋ​ខ្មែរ​ម្ចាស់​ស្រុក ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ អ្នកសារព័ត៌មាន ពុំ​មាន​លទ្ធភាព​ទៅដល់​តំបន់​នោះ​ឡើយ​។ ដូច្នេះ​លោក​ថា មាន​តែ​អាជ្ញាធរ​វៀតណាម និង​ឈ្មួញ​ឈើ​ជា ​ជនជាតិ​វៀតណាម​ទេ ដែល​មាន​លទ្ធភាព​រស់​នៅ​តំបន់​នោះ​បាន​ស្រួល និង​មាន​សិទ្ធិ​អំណាច​ពេញទី​ក្នុង​ការ​គ្រប់គ្រង​កាន់កាប់​តំបន់​ព្រៃឈើ​ប្រណីត​នោះ ពីព្រោះ​ខាង​វៀតណាម ​មាន​ផ្លូវថ្នល់​ល្អ​ស្អាត ​ចូល​មកដល់​មាត់ច្រក​តំបន់​មុំ ៣ ហើយ​មាន​សិទ្ធិ​ចេញ​ចូល​មក​ទឹកដី​ខ្មែរ ​ដោយ​សេរី។ ចំណែក​ពលរដ្ឋ​ខ្មែរ​វិញ គឺ​មិន​អាច​ឆ្លងដែន ​ចូល​ទៅ​ខាង​ទឹកដី​វៀតណាម​នោះ​បាន​ទេ ក្រៅ​តែ​ពី​ជនជាតិ​ដើម​ភាគតិច​ ទើប​អាច​ឆ្លងដែន​ចូល​ខាង​វៀតណាម​បាន​ម្ដងម្កាល​។ លោក​បន្ត​ថា ដោយ​ឈរ​លើ​ទិដ្ឋភាព​ដូច​សព្វថ្ងៃ​នេះ លោក​បារម្ភ​ថា តំបន់​ត្រីកោណ​ពិសេស​នោះ មិន​យូរ​មិន​ឆាប់​ នឹង​ក្លាយទៅជា​របស់​វៀតណាម​ផ្ដាច់មុខ។ លោកបន្តថា «និយាយ​រួម​ទៅ​ សព្វថ្ងៃ​នឹង​វា​ហើយ ស៊ីដាច់​គេ​តែម្ដង​។ សម្រាប់​កម្ពុជា វៀតណាម ឡាវ គឺថា​វៀតណាម ​អំណាច​ហ្មង​នៅ​តំបន់​មុំ​ ៣ ​នោះ ព្រោះ​ពួក​យួន​នេះ ​ជា​ម្ចាស់​ទំនិញ វា​មាន​លុយ​វិនិយោគទុន ព្រៃឈើ​តំបន់​ហ្នឹង សូម្បី ​ឡាវ គៀប​សង្កត់​បាន ខ្មែរ គៀប​សង្កត់​បាន វា​មាន​លុយ​ អាច​បញ្ជា​យើង​បាន​គ្រប់​ទិសទី​ទាំងអស់។ អ៊ីចឹង​ខ្ញុំ​គិត​ថា ​អនាគត​ទៅមុខ​ ដី​តំបន់​នោះ ​ទៅ​ប្រទេស​យួន​ អ្នក​កាន់កាប់»។

លោក​ លឹម ព្រំយើយ ថា​តំបន់​នោះ នឹង​មិន​អាច​អភិវឌ្ឍ​ឱ្យ​ចំ​គោលដៅ ដើម្បី​ផ្ដល់​ផលប្រយោជន៍​ដល់​ពលរដ្ឋ​ខ្មែរ​ក្រីក្រ​នោះ​ទេ ដ៏​រាប​ណា ​វៀតណាម នៅតែ​មាន​សិទ្ធិ​អំណាច​ខ្លាំង ក្នុង​ការ​គ្រប់គ្រង​តំបន់​នោះ ហើយ​ក្រុម​ឈ្មួញ​កាប់​ឈើ និង​ទាញ​យក​ធនធាន​ធម្មជាតិ​ដទៃ​ទៀត មិន​ទាន់​អស់ទាំង​ស្រុង​ ពី​តំបន់​នោះ។ លោកថា «សេដ្ឋកិច្ច​ពិសេស​តំបន់​នោះ គឺ​ឈើ​…!! បើ​រឿង​ដំណាំ​ដាំ​ដុះ ​មិន​ងាយ​ទេ​បង ព្រោះ​តំបន់​នោះ​គឺ​ភ្នំ សូម្បី​ផ្លូវ​ក្រវាត់​ព្រំដែន​ ក៏​ធ្វើ​ដាច់​ពី​គ្នា​ដែរ គឺ​គេ​ធ្វើ​មក​ដល់​ជិត​តំបន់​ហ្នឹង។ កន្ទុយ​នាគ គឺ​គេ​ផ្អាក ដោយ​គេ​មិន​ចង់​ឱ្យ​មាន​ផ្លូវ​ស្អាត​ងាយ និង​ទទួល​បាន​ព័ត៌មាន​ពី​តំបន់​ព្រៃ​ហ្នឹង​ទេ។ អ៊ីចឹង​គេ​សុខចិត្ត​ទុក​ឱ្យ​តំបន់​ព្រៃ​ហ្នឹង ​មាន​ផ្លូវ​លំបាក ងាយស្រួល​ឱ្យ​គេ​រកស៊ី​រាល់ថ្ងៃ ​ដូចជា​ឈើ»។

ចំណែក​លោក សៅ សុខា ប្រធាន​គណៈកម្មាធិការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ថ្មីៗ​នេះ​សំដែង​ការ​សោកស្តាយ​ថា កម្ពុជា​មិន​ត្រឹមតែ​បាត់បង់​ធនធានធម្មជាតិ​ តម្លៃ​រាប់ពាន់​លាន​ដុល្លារ​របស់​ខ្លួន ​ទៅ​វៀតណាម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​មិន​បាន​ប្រាក់ចំណូល​ ពី​ការបាត់បង់​ទាំងនោះ​ ទៅ​ក្នុង​ឃ្លាំង​ថវិកាជាតិ​ទៀត​ផង។ លោកនិយាយថា «ខ្ញុំ​បាទ​ទួល​បាន​ព័ត៌មាន​ថា ប្រទេសជិតខាង​យើង ​គេ​សល់​ព្រៃ ​៦០%​ នៃ​ផ្ទៃដី។ ផ្ទុយ​ទៅវិញ​ គេ​ទទួល​បាន​ចំណូល​ពី​ការ​នាំ​ឈើ​ចេញ​បាន​រាប់ពាន់​លាន​ដុល្លារ ចំណែក​ប្រទេស​ខ្មែរ​យើង​។ ព្រៃ​បាត់​បង់ លុយ​ចូល​ក្នុង​ខ្ទង់​ថវិកាជាតិ​អត់​មាន នេះ​ជា​ការ​ខ្មាសអៀន​មួយ​ធំ​ណាស់​ ដែល​យើង​ជា​កូន​ខ្មែរ​ទាំងអស់​គ្នា…»។

រីឯ​ប្រធាន​ក្រុម​ស្រាវជ្រាវ​ផែនទី​កម្ពុជា​-​វៀតណាម នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក សុខ ទូច បញ្ជាក់​ថា ការ​បង្កើត​តំបន់​ត្រីកោណ​ពិសេស​នេះ​ឡើង ឈរ​លើ​ទិដ្ឋភាព ៤​ ជា​សំខាន់ គឺ​ការ​កែប្រែ​ព្រំដែន​ឱ្យ​ក្លាយ​ជា​ព្រំដែន​មិត្តភាព​ សហប្រតិបត្តិការ ការ​ផ្តល់​ព័ត៌មាន​ដល់​គ្នា​ទៅវិញទៅមក ការ​ដោះស្រាយ​បញ្ហា​ចរាចរ​គ្រឿងញៀន​ជាដើម​។ ក៏ប៉ុន្តែ​នៅ​ពេល​ដែល​លោក បាន​ទៅ​ដល់​តំបន់​នោះ ​កាល​ពី​ប្រមាណ ​២ ​ឆ្នាំមុន លោក​សង្កេត​ឃើញ​ថា នៅ​ខាង​ភាគី​វៀតណាម មាន​ការ​អភិវឌ្ឍន៍​ជឿនលឿន ជាង​ខាង​កម្ពុជា និង ​ឡាវ ហើយ​តំបន់​ព្រំដែន​ នៃ​ប្រទេស​ទាំងពីរ​នេះ ក្រៅពី​មិន​ទាន់​មាន​ការ​អភិវឌ្ឍ​ ទីនោះ​ក៏​ជា​តំបន់​ប្រឈម​នឹង​គ្រោះថ្នាក់​ផង​ដែរ។ លោកថា «តំបន់​នោះ​ បើ​យើង​បាន​ទៅ ថាជា​តំបន់​មួយ​រសើប​ក៏​ថា​បាន ជា​តំបន់​គ្រោះថ្នាក់​ក៏​ថា​បាន ឬ​ថា​ជា​តំបន់​អភិវឌ្ឍ​ក៏​ថា​បាន ព្រោះ​ជា​តំបន់​ដោះដូរ​គ្រឿងញៀន​ គឺជា​តំបន់​ពិសេស​មែនទែន​ ព្រោះ​ហូរ​ពី​ឡាវ​មក​តំបន់​ហ្នឹង​ ហើយ​ខាង​វៀតណាម​ មាន​ការ​អភិវឌ្ឍ​​ខ្លាំង ចំណែក​ខាង​យើង និង​ ឡាវ​ អត់​មានអី​ទេ ផ្លូវ​ក៏​គ្មាន​ដែរ»។

លោក​ {សុខ ទូច} បន្ត​ថា ខាង​កម្ពុជា និង​ឡាវ មក​ដល់​ពេល​នេះ សូម្បីតែ​ផ្លូវ​ទៅកាន់​តំបន់​មុំ ​៣ ​នោះ ក៏​ពុំ​ទាន់​មាន​នៅ​ឡើយ។ ដូច្នេះ​ការ​ធ្វើ​ដំណើរ​ទៅកាន់​តំបន់​នោះ ​មានការ​លំបាក​មែន​ទែន ជាពិសេស​នៅ​រដូវវស្សា គឺ​មិន​អាច​ធ្វើដំណើរ​បានតែ​ម្ដង ព្រោះ​ត្រូវ​ដើរកាត់​ព្រៃ​យូរ​ថ្ងៃ និង​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ខ្ពស់។ លោកថា «តំបន់​នោះ​ជាទី​ស្ងាត់ ខ្ញុំ​ដើរ​កាល​ពី​ឆ្នាំ​២០១៧ យើង​ពឹង​ពាក់​ផ្លូវ​វៀតណាម​ទេ ឡាវ​ ក៏​អ៊ីចឹង​ដែរ តែ​ដល់​ចំណុច​សូន្យ​ ឡាវ ​ប្រើប្រាស់​ដី​ខ្មែរ​ទេ សម្រាប់​ធ្វើ​ផ្លូវ​ឆ្លងកាត់​»។

លោក​ថា កក្តា​ដែល​គ្មាន​ពលរដ្ឋ​រស់នៅ គ្មាន​ផ្លូវ​គមនាគមន៍ នេះ គឺជា​ឧបសគ្គ​ធំ ក្នុង​ការ​អភិវឌ្ឍ​តំបន់​នោះ ក៏ប៉ុន្តែ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ រដ្ឋាភិបាល​បាន​ធ្វើ​ផ្លូវ​ចេញពី​ទី​រួម​ខេត្ត​ទាំង ៤ របស់​កម្ពុជា ឆ្ពោះ​ទៅ​តំបន់​មុំ​បី​នោះ និង​កំពុង​សិក្សា​រក​លទ្ធភាព​ធ្វើ​បន្ត​ទៀត ដើម្បី​ឱ្យ​ដល់​តំបន់​ត្រីកោណ​ពិសេស​នោះ​តែម្ដង ប៉ុន្តែ​លោក​មិន​ទាន់​អាច​កំណត់​បាន​ថា នៅ​ពេល​ណា​នោះ​ទេ។

ក្រុម​យុវជន ១០០​រាត្រី នឹង​ចេញ​របាយការណ៍ ស្ដីពី​បញ្ហា​លំបាក​របស់​ប្រជាពលរដ្ឋ​ ដែល​មិន​អាច​រស់នៅ​ទីនោះ​បានជាប់លាប់ និង​បញ្ហា​ប្រឈម​នានា ជា​ហានិភ័យ ​ដែល​នាំ​ឱ្យ​តំបន់​ត្រីកោណ​ពិសេស​នោះ​ អាច​នឹង​ក្លាយ​ជា​តំបន់​មួយ ​ដែល​គ្រប់គ្រង​ផ្ដាច់​មុខ​ដោយ​អាជ្ញាធរ​វៀតណាម សម្រាប់​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ពិចារណា​ឡើងវិញ​ ក្នុង​ការ​ដាក់​ខេត្ត​ខ្មែរ​ជាប់​ព្រំដែន​ទៅជា​តំបន់​អភិវឌ្ឍន៍​រួមគ្នា ​ជាមួយ​ប្រទេសជិតខាង ដែល​គេ​កំពុង​មានប្រៀប​ខ្លាំង​ជាង​ខ្លួន​យ៉ាង​ដូច្នេះ។

អាស៊ីសេរី​ បាន​ព្យាយាម​សុំ​សេចក្ដី​អត្ថាធិប្បាយ​ពី​ក្រុម​មន្ត្រី​ស្ថានទូត ​វៀតណាម ប្រចាំ​នៅ​កម្ពុជា​ដែរ តាម​គ្រប់​មធ្យោបាយ ទាំង​តាម​ហៅ​តាម​ទូរស័ព្ទ និង​ផ្ញើ​សារ​អេឡិចត្រូនិក​(Email) ជាច្រើន​លើក តែ​មិន​ទទួល​បាន ការ​ឆ្លើយ​តប​ណាមួយ​ឡើយ។

ចំណែក​អ្នកនាំពាក្យ​នៃ ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន លើកឡើង​ថា គេ​មិន​អាច​សន្និដ្ឋាន​ថា ផែនការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​ពិសេស​នេះ បរាជ័យ​នោះ​ឡើយ ពីព្រោះ​គម្រោង​នេះ​ មាន​ច្រើន​ផ្នែក​។ លោក​ទទួល​ស្គាល់​ថា តំបន់​ខ្លះ​មិន​ទាន់​មាន​ការ​អភិវឌ្ឍ​ ពលរដ្ឋ​ មិន​ទាន់​ទទួល​បាន​ផល ​ពី​កិច្ចព្រមព្រៀង​នេះ​ក៏​ពិតមែន ដោយសារ​តំបន់​នោះ​ កំពុង​ស្ថិត​នៅ​ក្នុង​កិច្ច​ពិភាក្សា ​ជាមួយ​ក្រុមការងារ​នៃ​ប្រទេស​ពាក់ព័ន្ធ​ ក្នុង​ការរៀបចំ​បង្គោល​ព្រំដែន។ លោកថា «យើង​កំពុង​ផ្ចង់​អារម្មណ៍​អភិវឌ្ឍ​តំបន់​ ដែល​មាន​មនុស្ស​ច្រើន​ ដែល​ជា​ផល​ប៉ះពាល់​សេដ្ឋកិច្ច ដូច្នេះ​សេដ្ឋកិច្ច​វា​ឈរ​ជាមួយ​នឹង​មនុស្ស ដូច្នេះ​បើ​តំបន់​នោះ​មាន​មនុស្ស​តិច​ពេក ម្ល៉ោះ​ហើយ​យើង​ នឹង​មិន​អភិវឌ្ឍ​ទេ យើង​ទុក​តំបន់​នោះ ​គ្រាន់តែ​ធ្វើ​សកម្មភាព​សម្រាប់​មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធ​ ក្នុង​ការ​ទទួលខុសត្រូវ​រៀបចំ​ការពារ​ព្រំដែន​តែ​ប៉ុណ្ណោះ»។ លោក​អះអាង​ទៀត​ថា ការ​បញ្ចូល​តំបន់​អភិវឌ្ឍ​តាម​ព្រំដែន ការ​ធ្វើ​ពាណិជ្ជកម្ម​រួម​​ជាមួយ​វៀតណាម និង ឡាវ នេះ នឹង​មិន​អាច​ឱ្យ​កម្ពុជា បាត់បង់​អធិបតេយ្យភាព​នោះ​ទេ​។

មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកឃ្លាំមើល​បរិស្ថាន មើល​ឃើញ​ថា កិច្ចប្រជុំ​មន្ត្រី​ជាន់ខ្ពស់​របស់​ប្រទេស​​​ពាក់ព័ន្ធ ​បាន​ប្រព្រឹត្តិ​ទៅ​ជាង ១០ ​លើក​មក​ហើយ ចាប់​តាំង​ពី​មាន​កិច្ចព្រមព្រៀង​ បង្កើត​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ពិសេស​នេះ ក្នុង​រយៈពេល​ជិត​ ១០ ​ឆ្នាំ​មក​នេះ ដើម្បី​កែ​លម្អ​ផែនការ​យុទ្ធសាស្ត្រ ជំរុញ​ដល់​យន្តការ​អនុវត្ត​ជាក់ស្ដែង ប៉ុន្តែ​ស្ថានភាព​ជាក់ស្ដែង​វិញ គេ​ពុំ​ទាន់​ឃើញ​ប្រទេស​ដៃគូ កម្ពុជា និង​ឡាវ ទទួល​បាន​ផល​ដូច​ការ​រំពឹងទុក​ដូច​ក្នុង​ផែនការ​នោះ​ឡើយ ក្រៅពី​ប្រទេស​វៀតណាម។ ដោយ​យោង​លើ​លទ្ធផល​នេះ និង​ហេតុផល​ផ្សេងៗ​ទៀត ជំរុញ​ឱ្យ​មន្ត្រី​សង្គម​ស៊ីវិល សុំ​ឱ្យ​កម្ពុជា​ដក​ខ្លួន ​ចេញពី​គម្រោង​ CLV​នេះ ដើម្បី​អភិវឌ្ឍ​ខ្លួនឯង​ ឱ្យ​រឹងមាំ​ជាមុន​សិន ចាំ​គិត​ពិចារណា​រឿង​ការ​អភិវឌ្ឍ​រួមគ្នា​នេះ​ឡើងវិញ ដើម្បី​បញ្ចៀស​ហានិភ័យ​នានា ឬ​គ្រោះថ្នាក់ ​ធ្វើ​ឱ្យ​បាត់បង់​ព្រំដែន​ទៅ​ថ្ងៃមុខ៕

.