លោក ហ៊ុន សែន និងលោក Nguyen Phu Trong

………………..
(អត្ថបទដោយ នគរ នៃ CWCI Cambodia / 03 rd-10-2019)
………………..
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងទៅទស្សនកិច្ច ២ ថ្ងៃ (ទី០៤ និងទី០៥ តុលា) នៅប្រទេស​វៀតណាម ដើម្បីចុះហត្ថលេខារួមគ្នា ជាមួយមេដឹកនាំវៀតណាម ទៅ​លើ​លទ្ធផលនៃ​​ការបោះបង្គោលព្រំដែន បាន ៨៤% រួចហើយ។ នេះបើតាមលោក បានថ្លែងក្នុងពិធី​ចែក​​សញ្ញា​បត្រ​និស្សិត នៅ​សាកលវិទ្យាល័យមួយ ក្រុងភ្នំពេញ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ​២០១៩។

គេហទំព័រ​វិទ្យុសម្លេងស្រ្តី WMC បានដកស្រង់ទីភ្នាក់ងារសារព័ត៌មានវៀតណាម VNA ចុះផ្សាយ​ថ្ងៃទី ០១ ខែតុលា ​បានឲ្យដឹងថាលោក ហ៊ុន សែន នឹង​ជួប​សំណេះ​សំណាល​ជាមួយ​នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ហើយ​បន្ទាប់​មក​លោក ត្រូវចូលរួម​​នៅក្នុងការចុះហត្ថលេខាលើ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​កិច្ច​សហ​ប្រត្តិបត្តិការមួយចំនួន​ទៀត។ នៅ​រសៀល​ថ្ងៃ​ដដែល ​ប្រមុខរដ្ឋាភិបាល​ទាំង​ពីរ នឹង​ធ្វើសហ​ប្រធាន​សន្និ​សីទ​​​ដោយ​​ជំរុញពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំង២ ។ បន្ទាប់មក លោក ហ៊ុន សែន នឹង​​ចូល​ជួបសម្តែង​ការគួរសម ជាមួយ​អគ្គលេខាធិការ​បក្សកុម្មុយនីស្ត និង​ប្រធានា​ធិ​បតី​ លោក Nguyen Phu Trong ។

នៅថ្ងៃសៅរ៍ ទី០៥ ខែតុលា មេដឹកនាំទាំងពីរ នឹងទៅគោរពសព ហូ ជីមិញ​ ក្នុង​វិមាន​រក្សាអដ្ឋិធាតុរបស់លោក នៅក្នុងទីក្រុងហាណូយ រួចមកលោក ហ៊ុន សែន និង​មេដឹកនាំ​​វៀត​ណាម នឹងដឹកនាំគណៈប្រតិភូ ​ចូលរួមសន្និសីទស្តីពី «បញ្ហា​ព្រំដែន រវាង​ប្រទេស​ទាំង​២ ដែល​បាន​បោះបង្គោលព្រំដែន ៨៤% រួចហើយ»

គួរបញ្ជាក់ថា ការបោះព្រំដែន​​ជាមួយវៀតណាម តាំងពីឆ្នាំ២០០៦ មក បោះ​ស្រប​តាម​សន្ធិសញ្ញា​ព្រំដែនបំពេញបន្ថែម​ថ្មី ឆ្នាំ២០០៥ បានធ្វើឡើងដោយភាពចម្រូងចម្រាស់​បំផុត ដែល​​គ្រានោះ លោក ហ៊ុន សែន បានគំរាមកំហែងដល់ព្រះ​មហាក្សត្រ ការ​ព្រមាន​ប្តូររបបដឹកនាំ និង​​​​ការចាប់ខ្លួន​សកម្ម​ជន​​​ព្រំដែន ដាក់ពន្ធនាគារ។

ក្រុមអ្នកជំនាញការព្រំដែនខ្មែរ នៅប្រទេសបារាំង និង​​សកម្មជន​ព្រំដែន​​​នៅ​ក្រៅ​ប្រទេស បាន​​ប្រឆាំង​ជំទាស់ដាច់អហង្កាតាំងដើមដំបូង នូវ​សន្ធិសញ្ញាព្រំដែន​ថ្មី ឆ្នាំ២០០៥, ការកំណត់​​​យក​ផែនទី​ព្រំដែន និងឯកសារពាក់ព័ន្ធ ក្នុង​ការបោះ​​បង្គោល​​ព្រំដែន ​ជា​មួយ​​វៀត​ណាម​​នោះ វា​បានផ្ទុយមាត្រា២ និងមាត្រា៥៥ នៃរដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ ព្រម​ទាំង​ផ្ទុយកិច្ចព្រមព្រៀង​ទីក្រុងប៉ារីស ឆ្នាំ១៩៩១ ហើយថា «ចាញ់ប្រៀប​វៀតណាម និង ធ្វើឲ្យបាត់បង់បូរណភាពទឹកដីខ្មែរ»

ជាលទ្ធផល ពលរដ្ឋខ្មែរ រស់នៅតាមបណ្តាយព្រំដែន បានរងការបាត់បង់ដីស្រែចំការរបស់ខ្លួន ទៅខាងវៀតណាម។ ហើយ​ភូមិកំណើតរបស់លោក ហេង សំរិន ប្រធានរដ្ឋសភា នៅភូមិ​ថ្លុកត្រាច និង​​​ភូមិអន្លុងជ្រៃ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (អតីតខេត្តកំពង់ចាម) ត្រូវ​ធ្លាក់ចូលក្នុងទឹកដីវៀតណាម បន្ទាប់ពីការបោះបង្គោលព្រំដែនថ្មី ដែលបានរំកិលចូលក្នុង​ទឹកដីខ្មែរ។ ប៉ុន្តែភូមិ​កំណើត​លោក ហេង ​សំរិន នោះ ត្រូវប្រធានគណៈកម្មាធិការព្រំដែន​​រដ្ឋាភិបាល លោក វ៉ា គឹមហុង បានបញ្ជាក់អះអាងនាឆ្នាំកន្លងទៅថា «បានដោះ​ដូរ​​មក​វិញ»។ ករណីនេះ ត្រូវបានក្រុមសកម្មជនព្រំដែន ហៅ​ការ​ដោះដូរ​នោះ​ថា «យកដីខ្មែរ ទៅដោះដូរជាមួយយួន ដើម្បីយកដីខ្មែរ»

លោក ហ៊ុន សែន ថ្លែងនៅថ្ងៃទី០២ ខែតុលា​ ថាផែនទីព្រំដែន​រវាងកម្ពុជា និង វៀតណាម ត្រូវ​​បាន​​បោះពុម្ព​ជាថ្មី នៅប្រទេសដាណឺម៉ាក (Denmark) {បំឡែងខ្នាត ឬផ្ទេរ​ខ្នាតផែនទី ដើម្បីតម្រូវតាមការចង់បានរបស់​វៀតណាម} ហើយស្នើសុំអ្នកបច្ចេកទេសពីប្រទេស​​​​បារាំង និងឯកសារពាក់ព័ន្ធផង ក្នុងការបោះបង្គោលព្រំដែន​នេះ។ លោក ហ៊ុន សែន បន្ថែមថា រឿងព្រំដែន ជាមួយប្រទេស ឡាវ ក៏ត្រូវបានស្នើទៅប្រធានាធិបតី​បារាំង ដូច​​បាន​ធ្វើជាមួយវៀតណាមដែរ។

អតីតសមាជិក​រដ្ឋ​សភា លោក អ៊ុំ សំអាន បានលើកឡើងអំពីរឿងបោះ​បង្គោល​ព្រំដែនកម្ពុជា​-វៀតណាម ប្រាប់វិទ្យុអាមេរិក VOA កាលពីចុងខែសីហា ឆ្នាំ២០១៩ ថា «រឿងព្រំ​ដែន​​​​ខ្មែរ ជាមួយយួន {វៀតណាម} ក៏រដ្ឋាភិបាលកម្ពុជា ប្រើប្រាស់ផែនទី ដែល​តម្កល់នៅ​​ប្រទេសយួន។ ហើយផែនទីទាំងនោះ រៀបចំដោយយួន ភ្ជាប់នឹងសន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ១៩៨៥ សម័យយួនគ្រប់គ្រងកម្ពុជា។ ផែនទីទាំងនោះ មាន​មួយ​ចំនួន មានត្រា​យួន គ្មានត្រាខ្មែរទេ។ ផែនទីទាំងនោះ ត្រូវបានគេចម្លង នៅប្រទេស​វៀតណាម ពី​ផែនទី​បោន (Bonne) ខ្នាត 1/100.000 ទៅ​ផែនទី UTM ខ្នាត 1/50.000 ស្រប​តាម​សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ។ ផែនទីបោន គូសដោយបារាំង កំណត់ព្រំដែនជាមួយយួន មាន​តម្កល់នៅប្រទេសបារាំង និងអង្គការសហប្រជាជាតិ»។

មេដឹកនាំ​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅប្រទេសន័រវេស៍ លោក ម៉ែន ណាត បាន​ប្រាប់​កា​សែត The Cambodia Daily ពីចុងខែកក្កដា ឆ្នាំ២០១៩ ថា «ការបំឡែង ឬ​ផ្ទេរ​​ខ្នាតផែនទី វាផ្ទុយ​រដ្ឋធម្មនុញ្ញ វាខុសច្បាប់ទៅហើយ។ ដូច្នេះការដោះស្រាយ​ជម្លោះ​ព្រំដែន ជា​មួយ​​​ប្រទេស​​​ជិតខាង ជាពិសេសវៀតណាម គឺមានតែ «ធ្វើឲ្យបាត់បង់ទឹកដីខ្មែរ»

គួររំលឹកថាប្រធានគណៈកម្មាធិការព្រំដែនរបស់រដ្ឋាភិបាល លោក វ៉ា គឹមហុង កាល​ពី​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ២០១៥ បានថ្លែងទទួលស្គាល់ថា «ផែនទី​​ព្រំដែន បាន​បោះពុម្ព​នៅប្រទេស​​​​វៀតណាម»។ ហើយលោក គឹមហុង បានថ្លែងសារភាពជាថ្មី​ម្តងទៀត នៅក្រសួងមហា​ផ្ទៃ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ ថា​ «បញ្ហាព្រំដែន នៅ ព្រែកវិញតេ ឬ​ព្រែកក្របៅ {ខែត្តតាកែវ និងកំពត} ភាគីកម្ពុជា ស្នើសុំប្រើផែនទី​បារាំង ដែល​កំណត់​ព្រំដែន នៅ​លើមាត់​ព្រែក ក៏ប៉ុន្តែភាគីវៀតណាម មិនព្រម»។

បើតាមរបាយការណ៍របស់អតីតគ្គមេបញ្ញាការកងទ័ព លោក កែ គឹមយ៉ាន នៅ​ខែ​សីហា ឆ្នាំ​១៩៩៩ បានសរសេរទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ញាក់ថា «វៀតណាម រំលោភ​ចូល​ព្រំដែ​នខ្មែរ ជម្រៅ ១២៧០ ម៉ែត្រ នៅក្បែរចំណុចច្រកទ្វារ ភ្នំដិន ស្រុក​គីរីវង្ស ខេត្តតាកែវ» (សូមអានបន្ថែម៖ កែ គឹមយ៉ាន៖ វៀតណាម រំលោភចូលព្រំដែនខ្មែរ ជម្រៅ ១២៧០ ម៉ែត្រ នៅស្រុកគីរីវង្ស តាកែវ)

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា គណៈកម្មាធិការព្រំដែនម្ពុជា ប្រទេស​បារាំង និង​សកម្មជនព្រំដែន​ខ្មែរ បន្តជំរុញឲ្យ​កម្ពុជា ដោះស្រាយបញ្ហាព្រំដែននេះ តាមយន្តការអន្តរជាតិ ដែលរួម​មាន​ម្ចាស់ហត្ថលេខីនៃ កិច្ចព្រមព្រៀងទីក្រុងប៉ារីស និង តុលាការយុត្តិធម៌អន្តជាតិ៕

.

Advertisements