(RFA Khmer អតបទដោយ មួង ណារ៉េត ​/០៥ តុលា ២០១៩ /អត្ថបទបន្ថែមដោយ នគរ)
…………..
គណបក្សសង្គ្រោះជាតិ ប្រកាសមិន​ទទួល​ស្គាល់ការ​បោះ​បង្គោលព្រំដែន ប្រទេស​កម្ពុជា-វៀតណាម ដោយ​ប្តេជ្ញាថា «នឹង​សើរើឡើងវិញ នូវ​សន្ធិសញ្ញាព្រំដែន ដែលគណបក្សនេះ​អះអាង​ថា​ខុសច្បាប់»។ ប៉ុន្តែលោក ហ៊ុន សែន ថា​ «ការ​ឯកភាពលើ​ការ​បោះបង្គោលព្រំដែននេះ គឺរឹតចំណង​ទំនាក់ទំនង​ល្អរ​វាង​ប្រទេស​ទាំងពីរ»

គណបក្សសង្គ្រោះជាតិ ដែលតំណាង​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរកន្លះប្រទេស ចាត់ទុកការ​ចុះកិច្ចព្រមព្រៀងគ្នា រឿងបោះបង្គោលព្រំដែន រវាងកម្ពុជា និងវៀតណាម ដែលបាន​បោះរួច​ចំនួន ៨៤% នោះថា «ជាការ​ចុះហត្ថលេខា ​កាត់ទឹកដីខ្មែរ​ឲ្យ​វៀតណាម ដោយ​ស្របច្បាប់»

នៅក្នុង​សេចក្តី​ថ្លែងការណ៍ កាលពីថ្ងៃទី ០៥ ខែ តុលា ២០១៩ ចេញភ្លាមៗ ក្រោយ​លោក ហ៊ុន សែន និង នាយករដ្ឋ​មន្រ្តីវៀតណាម ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) មូលមាត់​គ្នា​រឿងព្រំដែននេះ គណបក្សសង្គ្រោះជាតិ​ ប្រកាស​ជាឱឡារិក មិន​ទទួល​ស្គាល់ និង មិន​អាចទទួលយកបានជាដាច់ខាត នូវការព្រមព្រៀងគ្នា​ លើបញ្ហាបោះបង្គោលព្រំដែន ដែលធ្វើតាម​សន្ធិសញ្ញាព្រំដែន ឆ្នាំ១៩៨៥ ដែលគណបក្សនេះ ចាត់ទុកថា ជាសន្ធិសញ្ញា​ខុសច្បាប់នោះ។

ការណ៍ដែលគណបក្សសង្គ្រោះជាតិ ប្រឆាំង​ដាច់ខាត ទៅនឹង​ការ​ព្រមព្រៀងគ្នា​ រឿង​បោះ​បង្គោល​ព្រំដែន ដែលយក​សន្ធិសញ្ញា មានបញ្ហា មកធ្វើជាគោលនោះ គឺដោយសារ​សន្ធិសញ្ញា​ ឆ្នាំ១៩៨៥ នោះ​ ត្រូវបាន​ធ្វើ​មោឃភាព (ឬ ប្រកាសលុបចោល) ដោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស ឆ្នាំ ១៩៩១ និង រដ្ឋ​ធម្មនុញ្ញកម្ពុជា ឆ្នាំ ១៩៩៣ ទៅហើយ។

ប្រតិកម្ម​របស់​គណបក្សប្រឆាំងនេះ ធ្វើឡើង​តប​ទៅនឹង​ចំណុចទី ៣ និង ៤ នៃ​​សេចក្តីថ្លែងការណ៍រួម ដែលមាន​ ២៣ ចំណុច ​រវាងកម្ពុជា និងវៀតណាម ក្នុងឱកាសដំណើរទស្សនកិច្ចរបស់លោក​ ហ៊ុន សែន នៅប្រទេសវៀតណាម កាលពីថ្ងៃទី ០៥ ខែ តុលា។ ក្នុង​ចំណុចទាំងពីរនេះ ខាង​លោក ហ៊ុន សែន និង ភាគីវៀតណាម យល់ព្រម​ចុះហត្ថលេខាលើឯកសារច្បាប់ចំនួន ០២ ទាក់ទងនឹងបញ្ហាព្រំដែន រួមមាន (១)៖ សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញា​កំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ និង សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ រវាងកម្ពុជា និង វៀតណាម និង (២)៖ ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងកម្ពុជា និងវៀតណាម ដែលភាគីទាំងពីរ​ បញ្ជាក់ជាថ្មីនូវ ​ការព្រមព្រៀង​រឿង​ព្រំដែននេះ និងទទួលស្គាល់ពីវឌ្ឍនភាពនៃការខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោក ដែលសម្រេចបានមកដល់បច្ចុប្បន្ន ប្រមាណ ៨៤%។

ការចុះកិច្ចព្រមពៀង​ទទួល​ស្គាល់បញ្ហាព្រំដែន ដែលកំពុង​ចម្រូងចម្រាសនេះ ត្រូវបាន​ប្រធាន ក្រុម​ប្រឹក្សា​ឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ជំទាស់ដែរ ដោយ​លើកឡើងថា ការព្រមព្រៀង​គ្នា​ក្នុង​ស្ថានភាពបែបនេះ គឺជាគ្រោះថ្នាក់បំផុត។ លោក ថាមេដឹកនាំ និង អ្នកដែលចូលរួម​​ចុះកិច្ចព្រមព្រៀង ដែលធ្វើឲ្យបាត់ទឹកដី​របស់ខ្លួន​បែបនេះ គឺចៀសមិនផុតពីរងការ​រិះគន់ថា ​ជាអ្នកមិនស្មោះត្រង់​នឹង​ជាតិ​​ «ជាមេដឹកនាំក្បត់ជាតិ គេថាអ‍៊‍ីចឹងមិន​ខុសទេ ដោយសារ​តែ​គាត់ {ហ៊ុន សែន}​ខំការពារ​វៀតណាម ការពារបរទេសពេក ភ្លេចគិត​អំពីថាតើ​កូន​ចៅគាត់ ​ទៅថ្ងៃក្រោយ​ ប្រជាពលរដ្ឋ​ពលរដ្ឋ​ថ្ងៃក្រោយ​ទៅ ប្រសិនបើ​ក្លាយជាជនជាតិ​ភាគ​តិច ​នៅ​លើ​ទឹកដី​របស់​ខ្លួន​ឯង តើ​មាន​ការ​ឈឺចាប់​ប៉ុនណា?​»

លោក ម៉ែន ណាត ស្នើឲ្យ​ភាគីកម្ពុជា គួរ​រក​យន្តការអន្តរជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែននេះ ជាជាងសម្រេចតែភាគីវិវាទ ដោយ​គ្មាន​អាជ្ញាកណ្តាលឯករាជ្យ។ លោក​ គ្មានសង្ឃឹមថា របបសព្វថ្ងៃ ខ្វល់រឿនេះនោះឡើយ គឺមានតែប្រជាពលរដ្ឋខ្មែរ ដែលឈឺឆ្អាលរឿងនេះ បន្ត​តស៊ូមតិឲ្យ​ខ្លាំងក្លា តទៅទៀតតែប៉ុណ្ណោះ។

{លោក អ៊ុំ សំអាន អតីតសមាជិករដ្ឋសភាពីបក្សសង្គ្រោះជាតិ បានសរសេរ​លើ​បណ្តាញសង្គម​ហ្វេសប៊ុកថា លោកប្រកាសកាន់ទុក្ខ ៧ ថ្ងៃដោយពាក់​បូ​ពណ៌ខ្មៅ ចំពោះការបាត់បង់​ទឹកដីខ្មែរ បន្ទាប់ពីលោក ហ៊ុន សែន ចុះហត្ថលេខាទទួលស្គាល់លទ្ធផលការបោះបង្គោលព្រំដែន ​​បាន ៨៤% ជាមួយសមភាគីវៀតណាម នៅថ្ងៃទី ៥ តុលា}។

អាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺ ជុំវិញរឿងនេះ ពីខាង​មន្រ្តីនាំពាក្យ​របបលោក ហ៊ុន សែន បាន​នៅឡើយទេ។ ប៉ុន្តែ លោក ហ៊ុន សែន សរសេរ​នៅក្នុង​ទំព័រហ្វេសប៊ុករបស់​លោក ក្រោយ​ចុះហត្ថលេខារួច​ ថា​កិច្ចព្រមព្រៀង​ទទួល​ស្គាល់​ការបោះបង្គោលព្រំដែននេះ គឺជាផ្នែកមួយ​នៃការប្រែក្លាយ​ខ្សែព្រំដែននៃប្រទេសទាំងពីរ ឲ្យទៅជាព្រំដែនសន្តិភាព មិត្ត​ភាព សហប្រតិបត្តិការ និងការ​អវិវឌ្ឍ។ ជាងនេះទៅទៀត ភាគីទាំងពីរបានឯកភាពដែរ ថានឹង​បញ្ចប់ការបោះបង្គោលព្រំដែនដែលនៅសេសសល់ជិត ១៦% ទៀតនេះ ឲ្យ​បាន​ចប់​សព្វគ្រប់ នាពេលឆាប់ៗខាង​មុខ។

គណបក្សសង្គ្រោះជាតិ ប្រកាសថា គណបក្សនេះនឹង​សើរើឡើងវិញ នូវ​សន្ធិសញ្ញាព្រំដែន ដែលគណបក្សនេះអះអាងថាខុសច្បាប់​ និង​ ការបោះបង្គោលព្រំដែនកន្លងមកជាមួយ​ប្រទេស​វៀតណាម។

បញ្ហា​ព្រំដែន រវាងកម្ពុជា និង​វៀតណាមនេះ គឺជារឿង​ដ៏រសើប និងចម្រូងចម្រាសមួយ។ របបលោក ហ៊ុន សែន តែងតែ​បង្ក្រាបអ្នកទាំងឡាយណា ដែលហ៊ាន​រិះគន់ ឬ ប្រឆាំង​របបនេះ។ មន្ត្រីអង្គការ​សង្គមស៊ីវិលជាច្រើន​ ដែលឈឺឆ្អាលរឿង​ព្រំដែននេះ ត្រូវជាប់គុក ឬ រងការ​ចោទប្រកាន់តាមផ្លូវតុលាការ ពី​អាជ្ញាធរ​របបលោក ហ៊ុន សែន។

លោក ហ៊ុន សែន ដែលតែងតែ​អួត ​ថាលោកគោរព និងដង្ហែតាម​ព្រះមហាក្សត្រ និង ប្តូរ​ផ្តាច់​​ការពារ​​របបរាជានិយមយ៉ាង​ណាក៏ដោយ លោកថែមទាំង​ហ៊ាន​គម្រាមរម្លាយ​របបរាជានិយម ទៅទៀត បើ​ព្រះមហាក្សត្រខ្មែរ ​មិន​ព្រម​តាម​គាត់។ លោកព្រមានព្រះ​មហា​ក្សត្រ ខែតុលា ឆ្នាំ២០០៥ ដូច្នេះថា «ខ្ញុំ​និយាយ​ជាមួយ​សម្ដេច​ក្រុមព្រះ {នរោត្តម រណប្ញទ្ធិ}ហើយ​ ខ្ញុំ​ថាព្រះអង្គ ​និយាយ​ប្រាប់​ឯកឧត្ដម ស៊ុន ចាន់ថុល, កុល ផេង, អ៊ឹង កន្ថាផាវី, ស៊ីសុវត្ថិ ប៉ាណារ៉ា លើ​យន្តហោះ ហើយ​ខ្ញុំ​ប្រាប់​សម្ដេច​ក្រុមព្រះ ​ពេល​ដែល​ជួប​តាម​ទូរស័ព្ទ ថា​ព្រះអង្គ​​ បើ​លើកនេះវាពិបាកស៊ីញ៉េ ត្រូវ​ពិនិត្យ​ឡើង​វិញ​ យើង​គួរ​ទុករាជានិយម ឬ ធ្វើ​សាធារណៈរដ្ឋ​ ឲ្យ​វាមាន​ប្រធានាធិបតីតែម្តង។  ឬហោចណាស់​ ដាក់បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ នៅ​​​មាត្រាណាមួយ តែកាលណា​ដាក់ទៅ ក្នុង​រង្វង់ប៉ុន្មាន​ថ្ងៃ ត្រូវ​ចុះ​ហត្ថលេខា ឬ ឡាយ​ព្រះហត្ថលេខា ឬ ចុះហត្ថលេខាក្នុង​រង្វង់​ប៉ុន្មាន​ថ្ងៃ។ បើ​មិន​ចុះហត្ថលេខា ឬ ឡាយព្រះហត្ថលេខាទេ គឺនឹង​ចូល​ជាធរមាន»។​

លោក ហ៊ុន សែន មិន​ដែលរងការ​ស៊ើបអង្កេត ឬ ចាត់​ការ​ពីសំណាក់អាជ្ញាធរ​ និង តុលាការ​​​នៃ​​របបក្រុងភ្នំពេញ ជុំវិញសារធ្ងន់ៗ​លើ​អង្គព្រះមហាក្សត្រនេះទេ។​ ប៉ុន្តែ អ្នកដទៃដែលហ៊ាននិយាយប៉ះពាល់ដល់អង្គព្រះមហាក្សត្រ កុំថាដល់ព្រមាន​រម្លាយរបបរាជានិយម សូម្បី​តែ​ការ​រិះគន់ព្រះមហាក្សត្រ​បច្ចុប្បន្ន ត្រឹម​ថាព្រះអង្គមិន​សូវមានឥទ្ធិពល ក្នុងការ​ដោះស្រាយ​បញ្ហា​នយោបាយ​ខ្មែរ ដូចព្រះបិតាព្រះអង្គ ដែលសោយទីវង្គត​ទៅហើយ​នោះក្តី ក៏រងការ​ធ្វើទុក្ខបុកម្នេញ ដូចជាចាប់ដាក់ពន្ធនាគារ ឬ ចោទប្រកាន់តាមផ្លូវតុលាការ​ជាច្រើន​ករណី ដោយចោទ​ថា​ប្រមាថ​អង្គព្រះមហាក្សត្រ។

ជុំវិញរឿងព្រំដែននេះដែរ រដ្ឋធម្មនុញ្ញមាត្រា ៨ ចែងអំពីព្រះរាជតួនាទី​ របស់​ព្រះមហាក្សត្រ​ ដែលទ្រង់​ជា​អ្នក​ធានា​​បូរណ​ភាព​ទឹកដី​។ អាស៊ីសេរី មិន​ទាន់អាចសុំការបំភ្លឺ ពីខាង​ព្រះបរម​រាជវាំង ជុំវិញបញ្ហាព្រំដែននេះបាន​នៅឡើយទេ។

ទោះជាយ៉ាងនេះក្តី គណបក្សសង្គ្រោះជាតិ ប្រកាសថា គណបក្សនេះនឹង​សើរើឡើងវិញ នូវ​សន្ធិសញ្ញាព្រំដែន ដែលគណបក្សនេះអះអាងថាខុសច្បាប់​ និង​ ការបោះបង្គោលព្រំដែនកន្លងមកជាមួយ​ប្រទេស​វៀតណាម ដើម្បី​ធានា​ការពារ​បូរណភាពទឹកដីកម្ពុជា ស្រប​តាម​ស្មារតី នៃកិច្ចព្រមព្រៀងសន្តិភាព​ទីក្រុង​ប៉ារីស និង រដ្ឋធម្មនុញ្ញកម្ពុជា៕

Advertisements