(CWCI Cambodia អត្ថបទដោយ នគរ /05 th-10-2019)
————
កាសែតថ្មីៗ បានដកស្រង់សំដីនាយយករដ្ឋមន្រ្តីឯកបក្ស លោក ហ៊ុន សែន ក្នុង​ពេលធ្វើសន្និ​សីទ​កាសែតរួមគ្នាជាមួយលោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រី្ត​វៀតណាម នៅថ្ងៃទី ៤ ខែតុលា ឆ្នាំ២០១៩ បាន​លើក​ឡើង​ជាថ្មីទៀត អំពីគុណបំណាច់​របស់​​វៀតណាម ចំពោះកម្ពុជា។ លោក ហ៊ុន សែន បានថ្លែងថា «កម្ពុជា មានថ្ងៃនេះ មិន​អាច​កាត់ផ្តាច់​បាន ពីការជួយឧបត្ថម្ភគាំទ្រដ៏ស្មោះស ពីសំណាក់​កងទ័ព និងប្រជាជនវៀតណាម​បានទេ»។ លោក បន្ថែមថា «ដូច្នេះទាំងពេលនេះ និងទៅអនាគ យើង​​ត្រូវបន្តការខិតខំ ដើម្បីកសាងទំនាក់ទំនងនេះ ឲ្យកាន់តែខ្លាំង កាន់តែស៊ីជម្រៅ និង​ពង្រីកទំហំពាណិជ្ជកម្ម សហប្រតិបត្តិការខាងសេដ្ឋកិច្ច វិនិយោគ និង វិស័យដទៃទៀត ឲ្យកាន់តែទូលំទូលាយ»។

លោក ហ៊ុន សែន បានដឹកនាំគណៈប្រតិភូទៅទីក្រុងហាណូយ ប្រទេស​វៀតណាម រយៈ​ពេល ២ថ្ងៃ គឺថ្ងៃទី ៤ និង​ទី ៥ ខែតុលា ដើម្បីចុះហត្ថលេខាទទួលស្គាល់ការបោះបង្គោលព្រំដែន រវាងប្រទេសទាំងពីរ សម្រេចបាន ៨៤%។

ក្រុមសកម្មជនព្រំដែន និងអ្នកឃ្លាំមើលកិច្ចការព្រំដែនខ្មែរ បានរិះគន់​ប្រឆាំង​ជា​ហូរហែរ​ចំពោះមេដឹកនាំរបប ហ៊ុន សែន ថា​បំពេញ​មហិច្ឆតា​ឈ្លាន​ពាន​របស់​វៀតណាម និង​ធ្វើឲ្យភាគី​កម្ពុជា បាត់​បង់​ទឹកដី​ជាបន្តបន្ទាប់ តាម​រយៈ​កិច្ច​សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម​ ឆ្នាំ​​​២០០៥ និង ការផែនទី​ព្រំដែន ដែល​អម​សន្ធិសញ្ញា​ព្រំដែន​ខុសច្បាប់ ឆ្នាំ១៩៨៥។

អតីតសមាជិករដ្ឋសភា លោក អ៊ុំ សំអាន បានបង្ហាញប្រតិកម្មប្រឆាំង​ជំទាស់​លោក ហ៊ុន សែន ថា «ការបោះបង្គោលព្រំដែន បាន ៨៤% កន្លង​មកនេះ គឺបោះតាម​សន្ធិសញ្ញាព្រំដែន​​​ខុសច្បាប់ឆ្នាំ១៩៨៥ សម័យយួន​គ្រប់គ្រង​កម្ពុជា។ ហើយសន្ធិសញ្ញានេះ ត្រូវបានទុកជាមោឃៈភាព​រួចហើយ ដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ត្រង់មាត្រា១ ចំណុច ២.ឃ ដែល​​ទាក់ទង​​នឹង​បូរណភាព​ដែនដី ហើយ​វាផ្ទុយនឹង មាត្រា៥៥ នៃរដ្ឋធម្មនុញ្ញ»

លោក សំអាន បន្ថែមថា «ខ្មោចដែលងាប់រួចទៅហើយ ឲ្យរស់ឡើងវិញ គឺមិន​អាច​ទៅ​រួចនោះទេ មានន័យថា សន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ១៩៨៥ ដែលត្រូវបានស្លាប់រួចទៅហើយ តាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស១៩៩១ និងមាត្រា៥៥ នៃរដ្ឋធម្មនុញ្ញ ត្រូវបានលោក ហ៊ុន សែន ធ្វើឲ្យរស់ឡើងវិញ តាមសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ នោះ គឺមិនអាចទៅរួចនោះទេ។

លោក អ៊ុំ សំអាន បន្ថែមទៀតថា «យើងនឹងសើរើឡើងវិញនូវ សន្ធិសញ្ញា​ព្រំដែន​នេះ និងបោះបង្គោលព្រំដែនជាយួយយួន {វៀតណាម} កន្លងមក រួមទាំងការចុះហត្ថលេខាទទួលស្គាល់ការបោះបង្គោល បាន ៨៤ ភាគរយនេះផង នៅពេលដែលមានរដ្ឋាភិបាល​ស្នេហាជាតិ ដឹកនាំ​ប្រទេស ដែលមិនជំពាក់គុណយួនដូចរដ្ឋាភិបាលសព្វថ្ងៃនេះ»

លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានប្រាប់វិទ្យុសម្លេង​សហរដ្ឋ​អាមេរិក VOA ថា «សមិទ្ធផល​នៃ​ការ​បោះ​បង្គោល​ខណ្ឌសីមា​កម្ពុជា-វៀតណាម​​នេះ ​មាន​ភាព​ចម្រូង​ចម្រាស​​ច្រើន និង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ដែន​អធិបតេយ្យ​ភាព​របស់​កម្ពុជា»។

លោក រ៉ុង ឈុន ថ្លែងថា «ចំពោះ​ខ្ញុំ​ ខ្ញុំ​យល់​ថា ការ​បោះ​បង្គោល​ព្រំដែន​​ ដែល​​បាន​ ៨៤​% ​រវាង​​កម្ពុជា និង​វៀតណាម ​កន្លង​ទៅ​ថ្មីៗ​នេះ យើង​ឃើញ​​មាន​ភាព​​ចម្រូង​ចម្រាស​​​ច្រើន និង​​មានភាព​​មិន​ប្រក្រតី​ច្រើន។ ហើយ​បង្គោល​ភាគ​ច្រើន ​បាន​ចូល​មកក្នុង​អធិបតេយ្យ​ភាព​ របស់​ប្រទេស​​កម្ពុជា​​យើង»។ លោក​ បាន​ស្នើ​ឲ្យ​លោក​ ហ៊ុន សែន ​ពិនិត្យ​​ឡើងវិញ​ ដោយ​សារ​​តែ​បញ្ហា​ព្រំដែន​នេះ ​ជា​បញ្ហា​ស្មុគស្មាញ​ ហើយ​ប្រជាពលរដ្ឋ​ភាគច្រើន ​នៅ​មាន​មន្ទិល​​សង្ស័យ​​នៅឡើយ។

លោក ម៉ែន ណាត មេដឹកនាំក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅប្រទេស​ន័រវេស៍ ត្រូវ​បានកាសែត The Cambodia Daily ដកស្រង់ខ្លឹមសារអត្ថបទផ្សាយថា «ប្រឆាំងទៅនឹងគម្រោង​​​ចុះហត្ថលេខា​ទទួលស្គាល់ ក្នុងការបោះ​បង្គោល​ព្រំដែន​គោក រវាង​​កម្ពុជា-វៀតណាម​​នេះ​ថា បានធ្វើឱ្យកម្ពុជា​ខាតបង់ទឹកដី»។ លោក បន្ថែម​ថា «ការបោះ​បង្គោលកន្លង​មក គឺរដ្ឋាភិបាលក្រុងភ្នំពេញ រងសម្ពាធពីប្រទេស​វៀតណាម ដែល​​ធ្វើ​ឱ្យ​កម្ពុជា ខាត​បង់ដី​រហូតមក»។

ទាំងលោក អ៊ុំ សំអាន លោក រ៉ុង ឈុន និងលោក ម៉ែន ណាត យល់ស្រប​គ្នា​ថា «ចង់​​ឃើញភាគី​កម្ពុជា លើកបញ្ហាព្រំដែន​ដ៏ចម្រូង​ចម្រាស​នេះ ទៅដោះស្រាយ​តាមខ្លឹមសារ​នៃ កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ១៩៩១ និងដោះស្រាយយន្តការ​តុលាការអន្តរជាតិ ដែល​មានទំនុកចិត្ត ដែល​អាចធានាយុត្តិធម៌​ជូនពលរដ្ឋខ្មែរ និង​រក្សាការពារបូរភាព​ទឹកដី​បាន។

ឯកសារភ្ជាប់៖
– សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ ២០០៥ ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា-វៀតណាម ឆ្នាំ១៩៨៥ (សូមទាញយក Download)
– សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និង វៀតណាម ឆ្នាំ ១៩៨៥ (សូមទាញយក Download)
– សារាចរណ៍ណែនាំ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ១៩៨៦ ចុះហត្ថលេខាដោយលោក ហ៊ុន សែន បានផ្តល់សិទ្ធិ និងជួយការពារពលរដ្ឋវៀតណាមខុសច្បាប់ នៅកម្ពុជា (សូមអានលំអិត សារាចរណ៍​ណែនាំ ហ៊ុន សែន ១៩៨៦)
– សន្ធិសញ្ញាព្រំដែនទឹកប្រវត្តិសាស្រ្ត ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ១៩៨២ ដែលចុះហត្ថេលខាដោយលោក ហ៊ុន សែន និង ង្វៀង កូថាច់ ធ្វើឲ្យវៀតណាម កាន់កាប់ប្រជុំ កោះត្រល់ មកទល់សព្វថ្ងៃនេះ។ (សូមទាញយកឯកសារ កិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្រ្ត ១៩៨២ «ដើម» ឬទាញយកឯកសារ កិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្រ្ត ១៩៨២ «ចម្លង»)

—————–

Advertisements