CWCI Cambodia / អត្ថបទដោយ នគរ / 10-10-2019)
—————-
លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការព្រំដែន នៃរបប​លោក ហ៊ុន សែន បាន​ថ្លែងក្នុងអង្គប្រជុំជាមួយ ​ក្រុមប្រឹក្សាពិគ្រោះយោបល់ ស្តីអំពីបញ្ហាព្រំដែនកម្ពុជា​​-វៀតណាម នៅថ្ងៃទី១០ ខែតុលា ឆ្នាំ ២០១៩ ដោយ​លើក​ឡើងថា «បើយោងតាមច្បាប់សមុទ្រ យើង​អាច​ប្ដឹងបាន ប្រសិន​ជា​មាន​រដ្ឋាភិបាល​​ក្រោយណាមួយ ដែល​​ចង់​ប្ដឹង តែ​រឿងឈ្នះ ឬចាញ់ ជារឿង​ផ្សេងទៀត»។ នេះបើតាម​​​ការចុះផ្សាយ​របស់កាសែត​ដើមអំពិល (DAP) ដែល​គាំទ្រ​របប​លោក ហ៊ុន សែន នៅថ្ងៃទី ១០ ខែតុលានេះ។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅប្រទេសន័រវស៍ (Norway) ដែលមានលោក ម៉ែន ណាត ជាប្រធាន បានផ្តល់យោបល់ថា «បើលោក វ៉ា គឹមហុង លើកឡើងដូ​ច្នោះមែន បានន័យថា​របប ហ៊ុន សែន គ្មានសុឆន្ទៈដាក់ពាក្យបណ្តឹង ទៅ​តុលាការ​អន្តរជាតិ ប្តឹង​ទាមទារ​យក «កោះត្រល់» មកវិញទេ នៅ​ក្នុង​របប​ដឹកនាំរបស់ខ្លួន»

លោក ម៉ែន ណាត បានលើកឡើងថាកាលពីឆ្នាំ ២០១៣ លោក រ៉ុង ឈុន តំណាង ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ធ្វើសន្និសីទកាសែត បង្ហាញ​សៀវភៅ​ថ្នាក់ទី៧ បោះពុម្ព {២៧ ធ្នូ​} ឆ្នាំ ១៩៨៥ ក្នុងសម័យវៀតណាម ត្រួតត្រាកម្ពុជា មាន​សរសេរឈ្មោះ «កោះត្រល់» និងចង្កោមកោះឯទៀត ជា​កម្មសិទ្ធិ​របស់​ខ្មែរ»។ លោក បន្ថែមថា «ទោះបី​យ៉ាងណាក្តី សន្ធិសញ្ញា​ព្រំដែន​ទឹក​ប្រវត្តិ​សាស្ត្រ ដែល​កាលនោះ​លោក ហ៊ុន សែន ជារដ្ឋមន្រ្តី​ការបរទេស បាន​ចុះហត្ថលេខា​ជាមួយ​វៀតណាម ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ១៩៨២ ដូច​បាន​​យល់ព្រមកាត់ ​«កោះត្រល់​» របស់​ខ្មែរ ទៅឲ្យ​ភាគី​វៀតណាម ដោយ​​មិន​អាច​ប្រកែកបាន»

សូមទាញ​យក​ឯកសារ កិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្រ្ត ១៩៨២ «ដើម» ឬទាញយកឯកសារ កិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្រ្ត ១៩៨២ «ចម្លង»

​កោះត្រល់​ (ភូ​កុក​- Phu Quoc) ជាកោះ​មាន​ទីតាំង​នៅ​ជិតបង្កើយ ជាប់​នឹង​ខេត្ដ​កំពត​ មាន​​ចម្ងាយ ១៥ គីឡូ​ម៉ែត្រ​ ហើយ​មានចម្ងាយ ៤៥ គីឡូ​ម៉ែត្រ ពីព្រំដែន ហាទៀង ប្រទេស​​​វៀតណាម (កម្ពុជាក្រោម)។ កោះនេះ មាន​​ផ្ទៃដី​សរុបចំ​នួន ៥៤០ គីឡូម៉ែត្រក្រឡា។ សព្វថ្ងៃ កោះនេះ​ត្រូវបាន​កាន់កាប់​ដោយ​ វៀតណាម​ និងនៅ​តែជា​​ប្រធានបទ​ក្ដៅ​គគុក ​ក្នុង​​ការ​វែកញែក​​ដ៏​ចម្រូង​ចម្រាស​ ក្នុងចំណោម​មេដឹកនាំ​ខ្មែរ និង​ក្រុមអ្នក​ធ្វើកិច្ចការ​ព្រំដែន​ខ្មែរ​។

កាសែតក្នុងស្រុកមួយ កាលពីឆ្នាំ ២០១៣ បានដកស្រង់សំដីមេដឹកនាំចិន, លោក ជូ​ អេ​ន​ឡាយ​ អតីត​នាយក​រដ្ឋមន្ដ្រី​ចិន​ និង​លោក ចេ​ន​ យី​ អតីត​សេនាប្រមុខ​ចិន​ ជំនិតរបស់​លោក​​ ម៉ៅ​ សេ​ទុង​ ធ្លាប់​បានទូល​ថ្វាយ ​អង្គ​សម្ដេចព្រះ នរោត្តម សីហនុ​ នា​អំឡុង​ ឆ្នាំ​ ១៩៥៥​ ថា​ «​ច្បាស់​ណាស់​ កោះត្រល់​ ជា​របស់​ខ្មែរ​ ដ្បិត​ជាប់​នឹង​ទឹកដី​ខ្មែរ ​មិន​ជាប់​ជាមួយ ​ទឹកដី​វៀតណាម​ ទេ»

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ធ្លាប់ថ្លែងក្នុងរដ្ឋសភា ថ្ងៃទី០៩ សីហា ឆ្នាំ​ ២០១២ ថា អាណានិគមនិយមបារាំង ប្រគល់ដែនដីកម្ពុជាក្រោម ដែល​​រួម​ទាំង «កោះត្រល់»ផង ទៅ​ឲ្យ​ព្រះចៅ បាវដាយ នៃប្រទេសអណ្ណាម នៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ១៩៤៩។ លោក ហ៊ុន សែន បន្តថា «កោះ​ត្រល់ ​ត្រូវ​បាត់​បង់​ ចាប់​ពី​ ឆ្នាំ ​១៩៣៩ នៅ​គ្រា​លោក ប្រេវីយ៉េ អគ្គ​ទេសាភិបាល​​បារាំង ​ដាក់​កោះ​នេះ ​ឲ្យ​ស្ថិត​​នៅ​ក្រោម​​ការ​គ្រប​គ្រង​ របស់​​វៀតណាម ឬ​​កូសាំងស៊ីន»។ លោក ថ្លែងដូច្នេះ​ថា «កោះត្រល់​ បាន​​បាត់បង់​​ពី​ខ្មែរ​ ក្លាយ​ជា​រ​បស់​​វៀតណាម ​តាំង​ពី​​យូរយា​រ {តាំងពី}ជំនាន់​អ្នកដឹកនាំ​​ប្រទេស​​មុនៗ​ មក​ម្ល៉េះ​»​។​​

ចំណែក​អតីតព្រះមហាក្សត្រ​ នរោត្ដម​ សីហ​នុ​​ ទ្រង់​ធ្លាប់​​បាន​​ចេញ​​រាជ​សារ ​ចុះ​ថ្ងៃ​ទី​ ១៦ ​តុលា ​ឆ្នាំ ​​២០០៥​ ពី​ទីក្រុង​ប៉េ​កាំ​ង ​ប្រទេស​​ចិន​​ថា «​នរោត្ដម​ សីហ​នុ​ មិន​​ដែល​​ទទួលស្គាល់​ថា​ ស្របច្បាប់​ និង​​សម​ហេតុ​សម​​ផល​ អំពី​កម្ពុជា​ក្រោម​​-​កោះត្រល់​ បាន​ទៅ​ បារាំង​-​វៀតណាម ម្តងណា​នោះ​ទេ​ »

លិខិតរបស់លោក ប្រេវីយ៉េ កាលពីថ្ងៃទី ៣១ មករា ឆ្នាំ ១៩៣៩ ផ្ញើ​ទៅ​អគ្គ​ទេសាភិបាល​បារាំង នៅកូសាំងស៊ីន ត្រូវបានដក​ស្រង់​ខ្លឹមសារ​​យ៉ាង​ដូច្នេះ​ថា «ខ្ញុំទើប​តែ​បាន​ពិនិត្យមើល​សាជាថ្មី​ម្តងទៀត នៅលើ​រឿង​ចង្កោម​កោះ ដែល​នៅ​ក្នុង​ឈូង​សមុទ្រ​សៀម ហើយដែល​​មាន​ការទាស់​ទែងគ្នា រវាងប្រទេស​​កម្ពុជា នឺង​ដែនដី​កូសាំងស៊ិន​-​បារាំង។ ស្ថានភាពនៃ​ចង្កោមកោះ ទាំងអស់នេះ ស្ថិត​នៅតាម​បណ្តោយ​ឆ្នេរសមុទ្រខ្មែរ ហើយ​ដែល​មាន​កោះខ្លះ ស្ថិត​នៅ​យ៉ាង​ជិតឆ្នេរសមុទ្រ​រប​ស់ខ្មែរ មាន​ដីល្បាប់ ដែលកំពុងដុះ និង​ចេះតែ​បន្តដុះទៅនេះ នឺងភ្ជាប់​កោះ​ទាំងនេះ ជាមួយ​ឆ្នេរសមុទ្រ​ប្រទេស​កម្ពុជា {កោះត្រល់} នៅរយៈពេល​​ដ៏ខ្លី​ខាងមុខ។ តាម​ហេតុផល និងតាម​លក្ខខណ្ឌ​ភូមិសាស្ត្រ ជាការចាំបាច់​គឺត្រូវ​តែដាក់​កោះ​ទាំងនេះ ឲ្យនៅ​ក្រោម​ការត្រួតត្រានៃ រាជការ​ប្រទេស​កម្ពុជា»

លិខិតរបស់លោក ប្រវីយ៉េ មានលក្ខណៈជាការសម្រេចមិនឆ្លងយោបល់​ភាគី​កម្ពុជា ឬហៅ​ថា​ជា​«ឯកតោភាគី» ក៏ប៉ុន្តែ​បានបញ្ជាក់​ច្បាស់​ថា ប្រជុំ កោះត្រល់ ស្ថិត​​នៅ​ជាប់ជាមួយ​ទឺកដី​​របស់​ខ្មែរ គឺត្រូវដាក់កោះ​ទាំងនេះ ឲ្យនៅក្រោម​ការត្រួតត្រា​របស់​ប្រទេស​​កម្ពុជា។ ​

លោក ស៊ាន ប៉េងសែ​ អ្នកជំនាញផែនទីខ្មែរ និងអតីតប្រធានគណៈ​កម្មាធិការ​ព្រំដែន ប្រទេស​បារាំង បានថ្លែង​ប្រាប់វិទ្យុ​អាស៊ីសេរី RFA កាលពី កញ្ញា ឆ្នាំ ២០១២ ថា «កោះត្រល់ នៅ​​តែ​​ជា​​កោះ​​របស់​​ខ្មែរ ពីព្រោះ​ប្រទេស​​វៀតណាម បាន​​ទន្ទ្រាន​​កាន់​កាប់​​កោះ​​នេះ ​ដោយ​ខុស​​ច្បាប់។ លោក​ថា កម្ពុជា មាន​សិទ្ធិ​​ពេញ​លេញ​ ក្នុង​ការ​ទាមទារ​​កោះត្រល់ មក​​វិញ» លោក ប៉េងសែ បាន​បន្ថែម​ថា ប្រទេស​​សិង្ហបុរី (Singapore) ក៏​មិន​​ទទួល​ស្គាល់​​ការ​កាន់​កាប់​​កោះត្រល់ ដោយ​​ប្រទេស​​វៀតណាម ដែរ។ លោក បន្តថា «កាលពីឆ្នាំ ១៩៨៦ ប្រទេស​សិង្ហបូរី បាន​សរសេរ​សំបុត្រមួយ ទៅ​អង្គការ​សហប្រជាជាតិ (អ.ស.ប) ថាលោក ហ៊ុន សែន ចុះហត្ថលេខា​​ជាមួយ យួន ជាសន្ធិសញ្ញា​ខុសច្បាប់ {សន្ធិសញ្ញា​ព្រំដែនទឹក ឆ្នាំ ១៩៨២} ពី​ព្រោះ​​កម្ពុជា​យើង នៅក្រោម​អំណាច​ត្រួតត្រា​​របស់ យួន»

ឯកសារទាក់ទង៖
– ឯកសារ៖ កោះត្រល់ ជាកម្មសិទ្ធិរបស់ខ្មែរ មានបញ្ជាក់ក្នុងឯកសារ ឆ្នាំ​១៩៥៧ ទសវត្ស​ទី៧០ និង​ឆ្នាំ​១៩៨៥
កោះត្រល់ ពី​មានឈ្មោះ​ក្នុង​សៀវភៅ​​សិក្សា ឆ្នាំ១៩៨៥ ​របស់​ខ្មែរ ​រហូត​​ធ្លាក់​ក្នុង​​ដៃ យួន! តើរដ្ឋាភិបាល ហ៊ុន សែន ធ្វើអ្វីខ្លះ​ក្នុងរឿងនេះ?

Advertisements