(អត្ថបទដោយ ហេង រស្មី វិទ្យុអាស៊ីសេរី RFA Khmer /15-10-2019)
ពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​ គ្មាន​ជំនឿ​ថា​ គណៈកម្មាធិការ​ព្រំដែន​កម្ពុជា {របស់លោក វ៉ា គឹមហុង}​ មាន​ឆន្ទៈ​ដោះ​ស្រាយ​បញ្ហា​ជូន​ពួកគាត់​នោះ​ទេ​ ទោះបីជា​ពួកគាត់ ​រាយការណ៍​ពី​រឿង​​បាត់​ដី​តាម​ព្រំដែន​ក្តី។ ការ​លើក​ឡើង​នេះ​ បន្ទាប់ពី​ប្រធាន​ គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​ លោក​ វ៉ា​ គឹមហុង​ ថ្លែង​កាលពី​ពេល​ថ្មីៗ នេះ​ថា​ ប្រសិនបើ​រដ្ឋ​ណា​​ម្នាក់ ​បាត់​ដី​ ឬ​រក​ឃើញ​ថា​ មាន​ភាព​មិន​ប្រក្រតី ​តាម​ព្រំដែន​ សូម​រាយការណ៍​ជូន​លោក ​ដើម្បី​ដោះ​ស្រាយ​ជូន​ភ្លាមៗ។

ពលរដ្ឋ​ និង​អ្នកស្រាវជ្រាវ​រឿង​ព្រំដែន​ ចាត់​ទុក​សម្ដី​របស់​មន្ត្រី​ជំនាញ​កិច្ចការ​ព្រំដែន {វ៉ា គឹមហុង} ​របស់​របប​ក្រុង​ភ្នំពេញ​ថា​ និយាយ​ឲ្យ​តែ​រួច​ពី​មាត់​ ពីព្រោះ​កន្លង​មក​ ពួក​គាត់​ធ្លាប់​រាយ​ការណ៍​ពី​រឿង​ ព្រំដែន​ ជា​ហូរហែ​ ប៉ុន្តែ​គ្មាន​ដំណោះ​ស្រាយ​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​មាន​តែ​ការ​គំរាម​កំហែង និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពួក​គាត់ ​ថែម​ទៀត។

ពលរដ្ឋ​ម្នាក់​ រស់នៅ​ក្រុង​បាវិត ​ជិត​ព្រំដែន​​កម្ពុជា-​វៀតណាម​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ព្រោះ​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព​ និយាយ​ថា​ តាំង​ពី​ដើម​មក​ រដ្ឋាភិបាល​កម្ពុជា​ មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ពី​ក្ដី​កង្វល់​របស់​ពលរដ្ឋ​ នៅ​តាម​ព្រំដែន​​​​ទេ។ លោក​ កត់​សម្គាល់​ថា​ ការ​បោះ​បង្គោល​ព្រំដែន​ កម្ពុជា-​វៀតណាម​ ក្នុង​ខេត្ត​ស្វាយរៀង​ មាន​ភាព​មិន​ប្រក្រតី​ជាច្រើន​កើតឡើង​ ដូចជា​ពលរដ្ឋ​ បាត់បង់​ដីស្រែ​កេរ្តិ៍​ដូន​តា​ ជា​ដើម​ ប៉ុន្តែ​សំឡេង​ខ្សឹកខ្សួល​ សុំ​ឲ្យ​រដ្ឋាភិបាល​ ជួយ​ទាំង​នោះ​ មិន​ទទួល​បាន​ការ​ដោះ​ស្រាយ​ឡើយ។ ពលរដ្ឋ​រូប​នេះ ​ថ្លែង​ទៀត​ថា​ លោក​កម្រ​ឃើញ​មន្ត្រី​ជំនាញ​រដ្ឋាភិបាល ​ចុះ​ស្រាវជ្រាវ​ផ្ទាល់​ តាម​ព្រំដែន​ណាស់​ ប៉ុន្តែ​មន្ត្រី​ទាំង​នោះ ​តែង​ស្រែក​ពី​ចម្ងាយ​ថា​ មិន​ជឿ​សម្ដី​ពលរដ្ឋ​ទេ​ ព្រម​ទាំង​បំភិត បំភ័យ​ និង​ចោទ​ប្រកាន់​ពលរដ្ឋ​ថា​ ជា​ក្រុម​អគតិ​ ចង់​បង្ក​ចលាចល​ទៅ​វិញ។ គាត់មានប្រសាសន៍ថា «ខ្ញុំ​អត់​សូវ​មាន​ជំនឿ​ចិត្ត​ទេ​ ការដែល​ថា​ ឲ្យ​រាយ​ការណ៍​អី​នេះ​ ព្រោះ​ថា​ តាំង​ពី​ដើម​មក​ពលរដ្ឋ​បាត់​បង់​ដីធ្លី ហើយ​គាត់​ស្រែក​ទ្រហោ​យំ ​រឿង​ដី​តាម​ព្រំដែន​នេះ​ ដូច​ជា កាល​ពី​អតីត​កាល​ដែល​លោក​ សម​ រង្ស៊ី​ ទៅ​ដល់​បង្គោល​តម្រុយ​ព្រំដែន ​លេខ ១៨៥​ កាល​ពេល​យួន​ បោះ​ចូល​ដី​ខ្មែរ​នោះ​ គឺ​យើង (រដ្ឋាភិបាល) មិន​ជួយ​ខ្មែរ​គ្នា​ឯង​ទេ​ ហើយ​ទាំង​ធ្វើ​ទុក្ខ​បុក​ម្នេញ​ម្ចាស់​ដី​ ជាប់​ព្រំដែន ​ទៀត។ អ៊ីចឹង​ យើង​គ្មាន​ជំនឿ​ចិត្ត​ទេ​ ថារដ្ឋាភិបាល​ នឹង​ដោះ​ស្រាយ​ជូន​ប្រជាពលរដ្ឋ»

កាលពី​ឆ្នាំ ២០០៩​ ប្រធាន​គណបក្ស​ប្រឆាំង​ លោក​ សម​ រង្ស៊ី​ បាន​ចុះ​ទៅ​ដក​បង្គោល​តម្រុយ​​ព្រំដែន​ កម្ពុជា-​វៀតណាម​ លេខ ១៨៥​ ចេញ​ពី​ដីស្ រែ​របស់​ប្រជា​ពលរដ្ឋ​​ខ្មែរ ​នៅ​ក្នុង​ឃុំ​សំរោង​ ស្រុក​ចន្ទ្រា​ ខេត្ត​ស្វាយរៀង។ លោក​ សម​ រង្ស៊ី​ និង​កសិករ​ម្ចាស់ដី ​អះអាង​ថា​ បង្គោល​តម្រុយ​នេះ​ បោះ​ចូល​ដី​ ខ្មែរ​ពី ៣០០ ម៉ែត្រ​ទៅ ៥០០ មែ​ត្រ។ ទោះ​ជា​យ៉ាង​ណា តុលាការ​របប​ក្រុង​ភ្នំពេញ កាលនោះ​បែរជា​ផ្ដន្ទាទោស ​លោក​ សម រង្ស៊ី និង​កសិករ​ម្ចាស់​ដី ២ នាក់​ គឺ​លោក​ ព្រំ​ ជា​ និង​លោកស្រី​ មាស​ ស្រី​ ជាប់​ពន្ធ​នា​គារ ២ ឆ្នាំ ​ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​ និង​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ជាតិ​សាសន៍​ទោ​វិញ។

លោក​ ព្រំ​ ជា​ អាយុ​ជិត ៦០ ឆ្នាំ​ ជា​ប្រជាពលរដ្ឋ​រស់នៅ ​ភូមិ​កោះ​ក្បាន​ខាងជើង​ ឃុំ​សំរោង​ ឲ្យ​អាស៊ី​សេរី​ដឹង​ថា​ ក្រោយពី​លោក​ សម​ រង្ស៊ី​ ដក​បង្គោល​តម្រុយ​នោះ​​ចោល​ គឺ​លោក ​និង​ពលរដ្ឋ​ផ្សេងទៀត​ នៅ​អាច​ធ្វើស្រែ​បាន​ គ្រាន់​តែ​អាជ្ញាធរ​វៀតណាម​ ហាមមិនឲ្យ​ប្រើ​ត្រាក់ទ័រ ​ប្រភេទ​ធំៗ ភ្ជួរ​រាស់ស្រែ​នោះ។ លោក​ រៀបរាប់​​ថា​ នៅមុន​ការ​ដក​បង្គោល​តម្រុយ​ព្រំដែន ​នៅ​លើ​ដីស្រែ​របស់​លោក​ ក្នុង​ឆ្នាំ ២០០៩​ នោះ​ លោក ​បាន​ជូនដំណឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ជា​បន្ត​បន្ទាប់​ ប៉ុន្តែ​អាជ្ញាធរ​​មូលដ្ឋាន​ គ្មាន​ដំណោះ​ស្រាយ​នោះ​ទេ​ និង​តែងតែ​អះអាង​ថា រង់ចាំ​ការ​ដោះ​ស្រាយ​ពី​អាជ្ញាធរ​ថ្នាក់​លើ​រហូត។ កសិករ​រូប​នេះ ​​បញ្ជាក់​ថា​ មក​ទល់​ពេល​នេះ​ អាជ្ញាធរ​វៀតណាម​ នៅ​តែ​ចុះ​មើល​ទីតាំង​ដែល ​លោក​ សម​ រង្ស៊ី​ ដក​​បង្គោល​តម្រុយ​នោះ​ដដែល។ ចំណែក​អាជ្ញាធរ​ខ្មែរ​ មិន​ដែល​ចុះ​ពិនិត្យ​មើល​ និង​ពន្យល់​ពលរដ្ឋ​នោះ​ទេ។ លោក​ ព្រំ​ ជា​ បារម្ភ​ថា​ ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា-​វៀតណាម​ សម្រេច​ជាថ្មី​ បោះ​បង្គោល​ លើ​ដីស្រែ​​របស់​លោក​​ដដែល​នោះ​ នឹង​ធ្វើ​ឲ្យ​លោក​បាត់បង់​ដីស្ រែ​ប្រមាណ ៥ ហិកតារ និង​ដី​ស្រែ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ទៀត។ គាត់មានប្រសាសន៍ដូច្នេះថា «រាល់ថ្ងៃ​នេះ​ ឃើញ​តែ​ភាគី​វៀតណាម ​ចូល​មក​មើល​ រហូត​ តែ​ខាង​កម្ពុជា​យើង ​មិន​ដែល​ចូលរួម​ជា​គេ​ទេ​។ ខ្ញុំ​ចង់​និយាយ​ថា​ សម្ល​ក្ដៅ​គេ​យក​ដៃ​ទៅ​កូរ​ហើយ​ សម្ល​ត្រជាក់​គេ​យកដៃ​ទៅកាន់​។ខ្ញុំ​គិត​ថា​ ប្រសិនបើ​មិន​មាន​លោក​ប្រធាន សម​ រង្ស៊ី​ មិន​មក​អន្តរាគមន៍​ដក​បង្គោល​ចេញ​ទេ​ ប្រហែលជា​គេ​ធ្វើជា​បង្គោល​ថ្ម​ធំ​ហើយ​ បាត់​ហើយ​។ លោក​ វ៉ា​ គឹមហុង​ គាត់​និយាយ​ធានា ​គឺ​ខ្ញុំ​មិន​ជំ​ទាស់ទេ​ គឺជា​សិទ្ធិ​របស់​គាត់​ ប៉ុន្តែ​សម្រាប់​ខ្ញុំ​ ជា​ប្រជាពលរដ្ឋ​ គឺ​មានការ​ បារម្ភ​ខ្លាច​មិនបាន​ដូច​គាត់​និយាយ​។ ខ្ញុំ​និយាយ ​ខ្ញុំ​សំអាង​ទៅលើ​ការ​ចុះ​ពិនិត្យ​ទីតាំង​នេះ ​ទៅ​ឃើញ​ តែ​គេ​{យួន}មានប្រៀប​ជាង​យើង​។ គេ​មក​បួនដប់​នាក់​ ហើយ​តែ​ពីរ​នាក់​បី​នាក់​អី​ ហើយ​ពេល​ចប់​ពី​ការងារ​ គឺ​ខាងយើង​ ចូលចិត្ត​ទៅ​ស្រស់ស្រូប​បាយទឹក ​នៅ​ខាងគេ​។ ខ្ញុំ​ខ្លាច​តែ​ការ​ដោះស្រាយ​នេះ ​មាន​មនោសញ្ចេតនា»

ពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​រូប​នេះ ​​ឲ្យដឹង​បន្ត​ថា​ បង្គោល​ព្រំ​ដែន​ចាស់​ មិន​មែន​ស្ថិត​នៅ​លើ​ដីស្រែ​លោក​ នោះ​ទេ​ គឺ​ស្ថិតនៅ​ជ្រៅ​ ក្នុង​ទឹក​ដី​វៀតណាម​ ប៉ុន្តែ​លោក ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ដែល​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា-​វៀតណាម​ បោះ​​បង្គោល​តម្រុយ​ព្រំដែន​ ចំ​កណ្ដាល​វាលស្រែ​របស់​លោក។ លោក​យល់​ថា ជា​រឿង​ល្អ​ប្រសិន​បើ​លោក វ៉ា គឹមហុង គោរព​ពាក្យសន្យា​ និង​​​មាន​ឆន្ទៈ​ពិត​ប្រាកដ​ ក្នុង​ការ​ដោះស្រាយ​ កុំ​ឲ្យ​ពលរដ្ឋ​តាម​ព្រំដែន​បាត់បង់​ទឹកដី​ពិត​មែន​​នោះ៖ «លោក វ៉ា គឹមហុង​ថា​ បើ​មានការ​បាត់បង់​ការសង្ស័យ​ ឲ្យ​ធ្វើពាក្យ​ បណ្ដឹង ​ឬ​ប្រាប់​អាជ្ញាធរ​ តែ​ខ្ញុំ​មិនដឹងជា​ប្រាប់​គាត់​ម៉េច​ បើ​គាត់​ថា​អ៊ីចេះ ថា​អ៊ីចុះ ខ្ញុំ​ពិបាក​ណាស់។ និយាយ​ទៅ​គេ​មិន​យកចិត្ត​ទុកដាក់​យើង​ទេ»

កាល​ពី​ថ្ងៃ​ទី១០ ខែ​កក្កដា កន្លងទៅ ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង មានប្រសាសន៍ថា ការ​បោះ​បង្គោល​ព្រំដែន​កន្លងមក​ គឺ​កម្ពុជា​ មិនបាន​បាត់​ដី​មួយ​ចំអាម​ឡើយ​​ ហើយក៏​មិនបាន​ធ្វើឲ្យ​ពលរដ្ឋ​ណា​ម្នាក់​ ស្រក់​​ទឹកភ្នែក​ទឹក​សំបោរ​នោះ​ដែរ​ ក្រោយ​រដ្ឋាភិបាល​ ដោះដូរ​ដី​ជាមួយ​វៀតណាម ​ចំនួន​ ៣៤ តំបន់​ តាម​ព្រំដែន​ដោយសន្តិវិធី​។ លោក​ វ៉ា​ គឹមហុង បន្ត​ថា​ ចាប់ពី​ពេល​នេះ ប្រសិនបើ​ប្រជាពលរដ្ឋ​ណា​ មាន​បញ្ហា​បាត់​ដីធ្លី​នៅកន្លែង​ណា​មួយ​ ឬ​រក​ឃើញ​ភាព មិន​ប្រក្រតី​តាម​តំបន់​ព្រំដែន​នោះ​ ពួក​គេ​អាច​រាយការណ៍​ប្រាប់​គណៈកម្មការ​ព្រំដែន​កម្ពុជា​ ដើម្បី​​ដោះ​ស្រាយ​ជូន​ភ្លាមៗ។ លោក វ៉ា គឹមហុង និយាយដូច្នេះថា «ជាទូទៅ​ យើង​មាន​យន្តការ​ដើម្បី​ការពារ​ មិន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ មានទុក្ខ​វេទនា​ ដោយសារ​ការ​បោះ​បង្គោល​ព្រំដែន​ទេ​ ។យើង​មាន​យន្ត​ការ​អនុស្សរណៈ​យោគ​យល់​គ្នា ឆ្នាំ២០១១​ ដើម្បី​ធ្វើការ​ដោះដូរ​រក្សា​ដីស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​នៅ​ដដែល​។ តាម​ការ​ ណែនាំ​របស់​រដ្ឋាភិបាល​សម្តេច​តេជោ​ លោក​ សុខចិត្ត​កែប្រែ​តាម​ខ្សែ​ព្រំដែន​ឲ្យ​ទៅ​ជា​ខ្សែ​ព្រំដែន​ ដែល​មាន​ធ្មេញ​រណា​។ជូន​កាល​ភ្លឺស្រែ​មួយ​ ឬ​ផ្នូរ​ខ្មោច​មួយ ​យើង​សុខ​ចិត្ត​ប្ដូរ ​រក្សា​ទុក​ជូន​គាត់។ ដូច្នេះ ​វា​អត់មាន​បាត់​ បើ​មាន​កន្លែង​ណា​ប្រាប់​យើង​​មក។ អ្នក​និយាយ និយាយ​ឲ្យ​តែ​ឮ ដើម្បី​ថា​ គណៈ​កម្ម​ការ​ព្រំដែន​ និង​ រដ្ឋាភិបាល​យើង​ មិន​យក​ចិត្ត​ទុក​ដាក់​ ដល់​ការ​រស់នៅ និង​ទុក្ខ​វេទនា​ របស់​ប្រជា​ពលរដ្ឋ​​យើង​ប៉ុណ្ណោះ»

ព្រំដែន​ខ្មែរ វៀតណាម មាន​ប្រវែង​ប្រមាណ ១.២៧០​ គីឡូម៉ែត្រ ដោយ​លាត​សន្ធឹង​ពី ​ខេត្ត​កំពត តាកែវ កណ្ដាល ស្វាយរៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ រតនគិរី មណ្ឌលគិរី ក្រចេះ និង​ ស្ទឹងត្រែង។ ការ​បោះ​បង្គោល​ព្រំដែន ​រវាង​ប្រទេស​ទាំង​ពីរ ​បាន​ចាប់​ផ្ដើម​ឡើង​កាល​ពី​ឆ្នាំ ២០០៦ មក​ដល់​ពេល​​បច្ចុប្បន្ន។ កាលពីថ្ងៃទី ៥ ខែតុលា ថ្មីៗនេះ មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន និង​មេ​ដឹក​នាំ​ប្រទេស​វៀតណាម បាន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ការ​បោះ​បង្គោល​ព្រំដែន ​ចំនួន ៣១៥ បង្គោល ដែល​ស្មើ​និង ៨៤%។ គណបក្ស​ប្រឆាំង​ពលរដ្ឋ និង​ក្រុម​យុវជន ប្រតិកម្ម​ថា ការ​ចុះ​ហត្ថលេខា​នេះ ជា​ការ​អនុវត្ត​ផ្ទុយ​ពី ​រដ្ឋធម្មនុញ្ញ និង​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស ព្រោះ​ពួក​​គេ​យល់​ថា របប​ក្រុង​ភ្នំពេញ កាត់​ទឹក​ដី​កម្ពុជា ​ទៅ​ឲ្យ​វៀតណាម ​ដោយ​ខុស​ច្បាប់។

ពលរដ្ឋ​លើកឡើង​ថា​ ការដែល​លោក​ វ៉ា​ គឹ​មហុង​ អះអាង​ថា​ ការ​បោះ​បង្គោល​ព្រំដែន​កន្លងមក​ គ្មាន​​ពលរដ្ឋ​ណា​ស្រក់​ទឹក​ភ្នែក​ទឹក​សំបោរ​នេះ​ ប្រហែលជា​លោក​ វ៉ា​ គឹ​មហុង​ ដឹង​តែ​ធ្វើ​មិន​ដឹង​ ឬ​អាច​មិន​ដឹង​តែ​ម្ដង ​ដោយសារ​មន្ត្រី​ជំនាញ​កិច្ចការ​ព្រំដែន​រូប​នេះ​ មិន​សូវ​ចុះ​ជួប​ពលរដ្ឋ​តាម​ព្រំដែន​ផ្ទាល់។

ពលរដ្ឋ​រស់នៅ​ជិត​ព្រំដែន​ កម្ពុជា​-វៀតណាម​ ខេត្ត​មណ្ឌលគិរី​ លោក​ យើយ​ រៀបរាប់​ថា​ ប្រសិន​បើ​រដ្ឋាភិបាល​ មាន​ឆន្ទៈ​ដោះ​ស្រាយ​រឿង​ព្រំដែន​ពិត​ប្រាកដ​មែន​នោះ​ គួរ​តែ​ចុះ​ជួប​ និង​សួរនាំ​ដោយ​ផ្ទាល់ ​ជាមួយ​ប្រជាពលរដ្ឋ​តាម​ព្រំដែន លោក​ថា​ ពលរដ្ឋ​តាម​ព្រំដែន ​តែង​តែ​បង្ហាញ​ពី​ក្តី​កង្វល់ ​ពី​រឿង​បាត់​ដី​ជា​រឿយៗ ប៉ុន្តែ​រដ្ឋាភិបាល​ទៅ​វិញ​ទេ ដែល​មើល​រំលង​ក្ដី​កង្វល់​របស់​ពលរដ្ឋ។ ពលរដ្ឋ​រូប​នេះ​ បារម្ភ​ថា​ វៀតណាម​ អាច​បន្ត​ឈ្លានពាន​ចូល​ដីខ្មែរ​ តាម​បណ្ដោយ​ខ្សែ​បន្ទាត់​ព្រំដែន ​ខេត្ត​មណ្ឌលគិរី​ និង ​ខេត្ត​រតនគិរី​ បន្ត​ទៀត​ ព្រោះ​ភាគ​ច្រើន​តំបន់​ជាប់​ព្រំដែន​ទាំង​នោះ ​សុទ្ធតែ​ជា​តំបន់​ព្រៃ​ជ្រៅ ​ដែល​ពលរដ្ឋ​កម្ពុជា ​មិន​អាច​ចូល​ទៅ​ដល់។ គាត់និយាយដូច្នេះថា «ខ្ញុំ​គិត​ថា​ តំបន់​កន្ទុយ​នាគ​ទៅ ​ថ្ងៃ​អនាគត​វៀតណាម​ ជា​អ្នក​កាន់កាប់​ ព្រោះ​ថា​ តំបន់​នោះ ​ពលរដ្ឋ​ខ្មែរ​មិន​អាច​ចូល​ទៅ​ដល់​ទេ​ ព្រោះ​តំបន់​នោះ ​ជា​តំបន់​វីរៈជ័យ​ ហើយ​កន្ទុយ​នាគ​ ហើយ​វីរៈ​ជ័យ ​គឺ​ជា​តំបន់​សេដ្ឋកិច្ច ​ឈើ​នាំ​ចេញ​ទៅ​វៀតណាម។ ខ្ញុំ​បារម្ភ​ទី១ ព្រៃ​​ឈើ​ ទី២​ ទឹកដី​ និង​ទី៣​ ប្រជាពលរដ្ឋ​អត់​មាន​សិទ្ធិ​ឆ្លង​ចេញ​ចូល​ច្រក​ព្រំដែន​នោះ​បាន ​ដោយសារ​ជា​ ច្រក​រកស៊ី​ឈើ»

កន្លងមក​ អ្នក​ភូមិ​អន្លង់ជ្រៃ​ និង ​ភូមិ​ថ្លុក​ត្រាច​ ស្ថិត​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ដែល​ជា​ស្រុក​កំណើត​របស់​ប្រធាន​រដ្ឋសភា​ លោក​ ហេង​ សំរិន​ នោះ​ ក៏​ធ្លាប់​បាន​តវ៉ា ​រឿង​វៀតណាម ​បោះ​បង្គោល​ព្រំដែន ​ចូល​ដីខ្មែរ​ដែរ​។ ពលរដ្ឋ​មាន​ចម្ងល់​ថា​ លោក​ វ៉ា​ គឹ​មហុង​ តែងតែ​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ នៅ​ក្នុង​ផែនទី​របស់ ​បារាំង ​បាន​ដាក់​ថា​ តំបន់​​ភូមិ​អន្លង់ជ្រៃ​នោះ​ ជា​ដី​របស់​វៀតណាម​ ក្នុង​ពេល​ដែល​វៀតណាម​ យល់​ព្រម​ឲ្យ​ដី​ភូមិ​អន្លង់​ជ្រៃ​នោះ ​ឲ្យ​កម្ពុជា ប៉ុន្តែ​កម្ពុជា ​ត្រូវ​កាត់​ដី​កន្លែង​ផ្សេង ​ឲ្យ​វៀតណាម​​​វិញ។ បើ​ដូច្នោះ​មែន​ ហេតុ​អ្វី​បាន​ជា​គណៈ​កម្មា​ធិការ​​ព្រំដែន ​នៃ​ប្រទេស​ទាំង​ពីរ​ នៅ​តែ​បោះ​បង្គោល​ព្រំដែន ​លេខ ១២៧​ នៅ​ចម្ងាយ​ប្រមាណ ១០០ ម៉ែត្រ​ពី​ផ្ទះ​អ្នកភូមិ​អន្លង់ជ្រៃ​ ហើយ​ធ្វើ​ឲ្យ​បាត់​ដី​ស្រែ​ចម្ការ ​របស់​ពួក​គាត់​ទៀត។

នៅ​ពេល​អាស៊ី​សេរី​ សួរនាំ​អំពី​រឿង​ទាំង​នេះ​ ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ លោក​ វ៉ា​ គឹមហុង បាន​តិះដៀល​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ថា ជា​មនុស្ស​ឡប់​សតិ​ និង​បាន​ឆ្លើយ​ពង្វាង​សំណួរ។ មន្ត្រី​ជំនាញ​កិច្ច​ការ​ព្រំដែន​រូប​នេះ​ នៅ​តែ​ធានា​ថា​ ប្រជាពលរដ្ឋ​កម្ពុជា​ មិន​បាត់​ដី​មួយ​ចំអាម​ឡើយ​ បន្ទាប់​ពី​ដោះ​ដូរ​ដី ​ជាមួយ​វៀតណាម​ ចំនួន​ ៣៤ តំបន់​ ទាំង​ដី​ភូមិ​អន្លង់ជ្រៃ​ និង​ដី​នៅ​ចំណុច​ដែល​លោក​ សម​ រង្ស៊ី​ ដក​បង្គោល​តម្រុយ​ព្រំដែន។ លោក​ វ៉ា​ គឹម​ហុង​ ព្រមាន​ឲ្យ​ពលរដ្ឋ​ឈប់​ចោទ​ថា​ វៀតណាម​ យក​ដី​ខ្មែរ​ ទៅ​ដោះ​ដូរ​យក​ដី​ខ្មែរ។ បន្ថែម​ពី​នេះ​ទៀត​ លោក​ វ៉ា​ គឹ​មហុង​ បដិសេធ​មិន​បញ្ជាក់​ពី​តំបន់ ​ដែល​កម្ពុជា ​កាត់​ឆ្វៀល​​ឱ្យ​វៀតណាម​ និង​ចំនួន​ភូមិ​ ដែល​កម្ពុជា ​បាន​ទទួល​ពី​វៀតណាម​ វិញ​នោះ​ឡើយ​ ដោយ​លោក ​គ្រាន់​តែ​បញ្ជាក់​ថា​ នេះ​ជា​ការងារ​របស់​ គណៈកម្មាធិការ​ព្រំ​ដែន​នៃ​ប្រទេស​ទាំង​ពីរ​ ហើយ​ពលរដ្ឋ​ត្រូវ​តែ​ជឿ​ទុក​ចិត្ត​ក្រុម​ការងារ​របស់​លោក។ លោកថ្លែងថា «កន្លែង​នេះ ​ខ្ញុំ​មិន​ចង់និយាយ​ទេ ​គឺថា​អា​កាសែត​​ទាំង​អស់​នេះ​ គឺ​សុទ្ធតែ​មនុស្ស​អត់​មាន​សច្ចធម៌។ គេ​និយាយ​អ៊ីចេះ វា​ថា​អ៊ីចុះ។ យើង​ថា​ ដោះដូរ​ជាមួយ​ភូមិ​ សម្ដេច​ ហេង​ សំ​រិន​ វា​ថា​ដោះ​ដូរ​ដី​ខ្មែរ ​យក​ដី​ខ្មែរ។ តែ​យើង​ថា ដោះ​ដូរ​ដី​ខ្មែរ​ ជាមួយ​ដី​វៀតណាម។ ឥឡូវ​ខ្ញុំ​គ្រាន់​តែ​ប្រាប់​ថា អា​បង្គោល​លេខ ១៨៥ ដែល​ សម រង្ស៊ី ដក​នេះ​គឺ យើង​ត្រូវ​ដាំ​ជិត ១០០ ម៉ែត្រ​ ទៅ​មុខ​ទៀត។ ដូច្នេះ​ដី​ស្រែ​ទាំង​អស់​នេះ​ បាន​មក​ខ្មែរ​ទាំង​អស់​ ថ្ងៃ​ណា​យើង​ដោះ​ដូរ​គ្នា ប៉ុន្តែ​បើ​មិន​ទាន់​ឯកភាព​គ្នា​រឿង​ដោះ​ដូរ។ អ៊ីចឹង​ហើយ​បាន​គេ​ប្រាប់​តាំង​ពី​ដើម​ថា​ កុំ​គ្រាន់​តែ​ឃើញ​គេ​បោះ​អា​តម្រុយ​នេះ​ ព្រោះ​នេះ​គ្រាន់​តែ​គេ​រក​ទេ​ ហើយ​យើង​ទៅ​ចោទ​គេ ​ស្រែក​អាឡេអាឡូ ​ខុស​រឿងរ៉ាវ»

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ និង​ជា​សមាជិក​ក្រុម​ការងារ​ ១០០រាត្រី​ លោក​ មួង​ សូនី និយាយ​ថា កន្លង​មក​នៅ​ពេល​លោក​ បង្ហាញ​របាយការណ៍​ស្រាវជ្រាវ ​រឿង​ព្រំ​ដែន​ម្ដងៗ គឺ​មន្ត្រី​រដ្ឋាភិបាល ​តែងតែ​ច្រាន​ចោល​ និង​ចោទ​ប្រកាន់​ក្រុម​យុវជន​ របស់​លោក​ថា​ ជា​ក្រុម​ប្រឆាំង។ ទោះ​យ៉ាង​ណា​ លោក​ប្ដេជ្ញា​ថា​ នឹង​បន្ត​ចុះ​ស្រាវជ្រាវ​រឿង​ព្រំដែន​បន្ត​ទៀត​ ហើយ​នឹង​ដាក់​របាយការណ៍​ ជូន​រដ្ឋាភិបាល​ ដោយ​ផ្ទាល់​ ដើម្បី​ស្នើសុំ​ដំណោះ​ស្រាយ។ លោក​កត់​សម្គាល់​ថា​ រដ្ឋាភិបាល​ និង​ប្រជាពលរដ្ឋ​ តែង​តែ​មាន​គំនិត​ផ្ទុយ​គ្នា ​ពី​រឿង​ព្រំដែន​ ដោយ​រដ្ឋាភិបាល ​ផ្អែក​លើ​បច្ចេកទេស​ថា​ មិន​មាន​បាត់​ដី​ទេ​ ប៉ុន្តែ​ នៅ​ពេល​ក្រុម​យុវជន​ និង​ពលរដ្ឋ​ចុះ​ស្រាវ​ជ្រាវ​ជាក់​ស្ដែង​ រក​ឃើញ​ថា​ កម្ពុជា​​ពិត​ជា​បាត់​ដី​ ទៅ​វៀតណាម។ លោក​សង្ឃឹមថា​ រដ្ឋាភិបាល​នឹង​បើកទូលាយ​ ឲ្យ​ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ពេញលេញ​​ ក្នុង​ការ​ចុះ​ស្រាវ​ជ្រាវ​​រឿង​ព្រំដែន​ ហើយ​រដ្ឋាភិបាល​ គួរ​តែ​ព្យាយាម​ឆ្លើយ​បំភ្លឺ​ ចំពោះ​អ្វី​ដែល​ពលរដ្ឋ​រក​ឃើញ។ លោក សូនី ថា «ខ្ញុំ​គិត​ថា​ គាត់​មិន​យកចិត្ត​ទុកដាក់​ហ្មង​ ពី​សំឡេង​ពលរដ្ឋ​រឿង​ព្រំដែន​នេះ​ គាត់​ទាត់​ចោល​ ហើយ​គំរាម​ទៀត។ ឧទាហរណ៍​រឿង​ថ្ម ៣ ដុំ {ស្រុកបុរីជលសារ ខេត្តតាកែវ}​មិនមែន​ជា​រឿង​លែង​សើច​ទេ​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ មន្ត្រី​រដ្ឋាភិបាល​ សូម្បី​មន្ត្រី​នៅ​ខាង​ខេត្ត​ របស់​រដ្ឋាភិបាល​ កាន់​ខាង​ខេត្ត​តាកែវ​ ក៏​គាត់​ប្រកែក​ថា​ របាយការណ៍​ដែល​យើង​ស្រាវជ្រាវ​ មិន​មែន​ជា​រឿង​ពិត។ ខ្ញុំ​គិត​ថា​ រដ្ឋាភិបាល​ខ្លួន​ឯង​ មាន​នយោបាយ​មួយ​ព្យាយាម​ យក​ត្រូវ​តែ​ខ្លួន​ឯង ហើយ​អត់​ទទួល​យក​មតិ​រិះគន់​ របស់​ប្រជាពលរដ្ឋ»

លោក​ មួង​ សូ​នី​ ឲ្យដឹង​ទៀត​ថា​ ទិដ្ឋភាព​តាម​ព្រំដែន​ដែល​លោក​ រក​ឃើញ​កន្លង​មក​មាន​ដូចជា​ ការ​បោះ​បង្គោល​ថ្មីៗ នេះ​ ភាគ​ច្រើន​បោះ​ចូល​ដី​ខ្មែរ​ ខណៈ​បង្គោល​សម័យ​បារាំង ​បោះ​នៅ​ក្នុង​ដី​វៀតណាម​ កំពុង​គ្រប់គ្រង​ពលរដ្ឋ​តាម​ព្រំដែន​ សុទ្ធតែ​អះអាង​ថា​ ទឹក​ដី​ពួក​គាត់​បាត់បង់​ ទៅ​វៀតណាម​ ក្រោយ​ការ​បោះ​បង្គោល​ ហើយ​ការ​ដោះ​ដូរ​ដី​ ឬ​ភូមិ​រវាង​កម្ពុជា-​វៀតណាម​នោះ​ គឺ​រដ្ឋាភិបាល​កម្ពុជា ​មិន​បាន​បង្ហាញ​ថា​ ភូមិ​ណា​ដោះ​ដូរ​ពី​វៀតណាម​​ មក​ខ្មែរ​ ហើយ​ពី​ខ្មែរ​ទៅ​វៀតណាម​នោះ​ទេ។ ម្យ៉ាង​វិញ​ទៀត​ លោក​ថា​ ទោះ​បី​បោះ​បង្គោល​រួច​ក្ដី​ ក៏​វៀតណាម ​នៅ​តែ​ទាមទារ​ទឹក​ដី​ដែល​វៀតណាម​ អះអាង​ថា​ ជា​ទឹកដី​របស់​ខ្លួន​ដែរ​ ដូច​ជា​នៅ​តំបន់​ថ្ម​ ៣ដុំ {ខេត្តតាកែវ}​ នៅ​ប៉ាក់​ណាម {ខេត្តកណ្តាល}​ និង​ក្អម​សំណរ {ខេត្តកណ្តាល} ​ជា​ដើម។ ក្រៅ​ពី​នេះ ​លោក​ថា​ មាន​តំបន់​មួយ​ចំនួន​ គឺ​ពលរដ្ឋ​វៀតណាម​ បាន​ចេញ​ចូល​ទឹក​ដី​ខ្មែរ ​ដោយ​សេរី​ ដែល​ធ្វើ​ឲ្យ​លោក​បារម្ភ​ ពី​ការ​បាត់​បង់​ទឹក​ដី​នៅ​ពេល​អនាគត។ បន្ថែម​ពី​នេះ​ លោក​មើល​ឃើញ​ថា​ មន្ត្រី​កម្ពុជា​នៅ​តាម​ព្រំដែន​មាន​កម្សោយ ​ក្នុង​ការ​ការពារ​ព្រំដែន​ ហើយ​មន្ត្រី​មួយ​ចំនួន ​ជា​មន្ត្រី​ពុក​រលួយ។

បញ្ហា​ព្រំដែន​ គឺជា​បញ្ហា​រសើប​មួយ ​នៅ​កម្ពុជា។ កន្លង​មក​របប​ក្រុង​ភ្នំពេញ​ បាន​ចាប់​តំណាងរាស្ត្រ​ គណបក្ស​សង្គ្រោះ​ជាតិ ២ នាក់ ​ដាក់​ពន្ធនាគារ​ គឺ​លោក​ អ៊ុំ​ សំ​អាន​ និង​លោក​ ហុង​ សុខ​ហួរ ​ដែល​រិះ​គន់​របប​នេះ​ អំពី​ការ​ប្រើ​ប្រាស់​ផែនទី​ និង​ការ​បោះ​បង្គោល​ព្រំដែន។ រី​ឯ​អ្នក​វិភាគ​បញ្ហា​សង្គម ​និង​នយោបាយ​ដ៏​ល្បី គឺ​បណ្ឌិត កែម ឡី ក៏​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​ ក្រោយ​ពេល​លោក​ដឹក​នាំ​យុវជន ​ធ្វើ​យុទ្ធនា​ការ ១០០រាត្រី​ ចុះ​ស្រាវជ្រាវ​រឿង​ព្រំដែន​កម្ពុជា-​វៀតណាម។ ចំណែក​មនុស្ស​ជា​ច្រើន​នាក់​ទៀត​ ត្រូវ​បាន​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​គំរាម​កំហែង និង​បំភិតបំភ័យ​ មិន​ឲ្យ​និយាយ​ពី​បញ្ហា​ព្រំដែន​នោះ​ឡើយ៕

.

Advertisements