(អត្ថបទដោយលោក ម៉ែន ណាត នៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា /​ ២០ តុលា ២០១៩)
……………………
អតីតសមាជិកសភា និងជាសកម្មជនព្រំដែនខ្មែរ លោក អ៊ុំ សំអាន ផ្សព្វ​ផ្សាយ​ឯកសារសម្ងាត់ ស្តីអំពីកំណត់ហេតុកិច្ចប្រជុំ ជុំវិញ​ការ​កំណត់​បង្គោលព្រំដែន​ខ្មែរ-យួន រវាង លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការព្រំដែន​ នៃ​របប​លោក ហ៊ុន សែន និង លោក វូ យុង អនុរដ្ឋមន្រ្តីក្រសួង​ការបរទេស​​វៀតណាម ទទួល​បន្ទុក​កិច្ចការ​ព្រំដែន បានចុះហត្ថលេខា​រួមគ្នា កាលពី​​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ២០០៧។

លោក អ៊ុំ សំអាន បានដកស្រង់ខ្លឹមឯកសារសម្ងាត់នោះថា «ភាគី​កម្ពុជា ស្នើ​ឲ្យ​ភាគី​ វៀតណាម ផ្តល់នូវផែនទី យូធីអឹម (UTM) ខ្នាត ១/៥០.០០០» ជាផែនទី ដែលបានគូសដោយកងទ័ពអាមេរិកាំង ក្នុងសម័យសង្គ្រាមវៀតណាម ហើយវាជាផែនទី ដែលផ្ទុយពី​មាត្រា២ នៃ​រដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣។ រដ្ឋធម្មនុញ្ញកម្ពុជា កំណត់យកផែនទីរបស់អាណានិគមបារាំង ជាប្រភេទបោន (Bonne) ខ្នាត ១/១០០.០០០។

ក្នុងកំណត់ហេតុកិច្ចប្រជុំ ដែលចាត់ទុកជាឯកសារសម្ងាត់ ខែមសា ឆ្នាំ​២០០៧ ដដែលនោះ ក៏បានសរសេរថា «ភាគីវៀតណាម ត្រៀមជា​ស្រេចជួយ​បណ្តុះបណ្តាល​អ្នកបច្ចេក​ទេស​​លើ ដីជាក់ស្តែង​របស់កម្ពុជា»

លោក អ៊ុំ សំអាន សរសេរបញ្ជាក់ថា «ប្រទេសទាំងអស់លើពិភពលោក ពេល​ដោះ​ស្រាយបញ្ហាព្រំដែន ជាមួយ​ប្រទេស​ជិតខាង គឺគ្មាន​ប្រទេស​ណាមួយ ល្ងង់ដូច​មេដឹកនាំកម្ពុជា ដែលស្នើសុំផែនទី ពីភាគីទំនាស់» នោះទេ។ លោក បន្តថា «គេអាច​ស្នើសុំ​ផែនទី ពីភាគី ដែលគ្មានទំនាស់ផលប្រយោជន៏រួមគ្នា ដូចជា​ប្រទេស​បារំាង ឬអង្គការ​សហប្រជាជាតិ (អ.ស.ប) ជាដើម»។ លោក សំអាន លើក​ឧទ្ទាហរណ៍ថា «បើយើងមានទំនាស់ដីធ្លី ជាមួយអ្នកជាប់របងជាមួយយើង ក៏យើងមិនល្ងង់ ទៅសុំប្លង់ដី ពីអ្នកជាប់របងជាមួយយើង ដែល​មានទំនាស់ជាមួយយើងនោះដែរ ពីព្រោះគេអាចគូសប្លង់ដី ដើម្បីយកដីយើង ឬក្លែងប្លង់ដីនោះ»

ក្រុមអ្នកជំនាញការព្រំដែន សកម្មជនព្រំដែន នៅក្រៅប្រទេស បាន​យល់​ស្រប​ការ​លើកឡើង​របស់លោក អ៊ុំ សំអាន ដែលថា «យើង​សុំផែនទី​ពី​វៀតណាម វៀតណាម អាចឲ្យផែនទីក្លែងក្លាយ ឬផែនទី ដែលនាំ​ចំណេញ​ដល់វៀតណាម»។ ត្រង់ចំណុចនេះ អតីតព្រះមហាក្សត្រ នរោត្តម សីហនុ ធ្លាប់បានមានព្រះបន្ទូល​រំលឹក​ញឹកញាប់ កាលពីឆ្នាំ២០០០ ឆ្នាំ​២០០៤ និងដើមឆ្នាំ២០០៥ ថាលោក វ៉ា គឹមហុង ប្រធានគណៈគណៈកម្មាធិការព្រំដែនរបស់រដ្ឋាភិបាល បាន «ភូតភរ» ព្រះអង្គ ចំពោះការបង្ហាញផែនទីព្រំដែន។

ថ្មីៗនេះកាលពីថ្ងៃទី០៥ តុលា មេដឹកនាំកម្ពុជា លោក ហ៊ុន សែន បាន​ជិះ​យន្ត​ហោះ​ទៅប្រទេស​វៀតណាម ដើម្បីចុះហត្ថលេខា​ជាមួយ​មេដឹកនាំ​វៀតណាម លោក ង្វៀន ស៊ុនហ្វ៊ុក ទទួលស្គាល់​លទ្ធផល​បង្គោល​ព្រំដែន ដែល​បោះ​រួមគ្នា​បាន ៨៤% ហើយនោះ។ ក្រុមអ្នកធ្វើកិច្ចការព្រំដែនខ្មែរ និងក្រុមអ្នកជំនាញព្រំដែន នៅក្រៅប្រទេស បានទិតៀន និងថ្កោលទោសលោក ហ៊ុន សែន «ទៅចុះហត្ថលេខាជាមួយវៀតណាម ជាការកាត់កងទឹកដីខ្មែរ ជូនវៀតណាម»

Advertisements