(CWCI Cambodia /សម្រួលអត្ថបទដោយលោក ម៉ែន ណាត /២៣ តុលា ២០១៩)
គណៈកម្មាធិការព្រំដែនកម្ពុជា ប្រទេសបារាំង សព្វថ្ងៃលោកបណ្ឌិត ឌី ការេត ជាប្រធាន បានផ្សាយ​អត្ថបទ​មួយ ស្តីអំពីខួប ២៨ ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុង​ប៉ារីស (២៣ តុលា ១៩៩១ – ២៣ តុលា ២០១៩) ដោយបង្ហាញពីគុណសម្បត្តិ និងគុណវិបត្តិមួយចំនួន ដែល​របប​ដឹកនាំរបស់លោក ហ៊ុន សែន បាននិងកំពុងអនុវត្ត រហូតមកទល់ពេលបច្ចុប្បន្ននេះ។ ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុង៖

គុណ​ និងទោស​ នៃកិច្ចព្រមព្រៀង​សន្តិ​ភាពទីក្រុង​ប៉ារីស ស្តីពីកម្ពុជា

​​​ថ្ងៃទី​២៣ តុលា ១៩៩១ នៃការចុះហត្ថលេខាអន្តរជាតិ លើកិច្ចព្រមព្រៀង​​សន្តិ​ភាព​ទីក្រុង​ប៉ារីស ឆ្នាំ១៩៩១ ស្តីពីកម្ពុជា​​ ត្រូវចាត់ទុកជាថ្ងៃជីវិតថ្មី នៃប្រទេសកម្ពុជា ដែលចាកផុត អំពីកម្លាំងកាន់កាប់ និង​អាណានិគមនិយម របស់យួន។ កិច្ចព្រមព្រៀង ​គឺជាកិច្ចសន្យា រវាងភាគីហត្ថលេខីទាំងអស់​។ ប៉ុន្តែ​ តាំងពី២៨ឆ្នាំមក លោក​ ហ៊ុន​ សែន តែងតែប្រឹងប្រែង បន្ថោកតម្លៃ និង​បំបាត់អត្ថិភាព នៃកិច្ចព្រម ព្រៀង​ ដើម្បីសន្តិ​ភាពនេះ ​ដែលខ្លួនគាត់​ ក៏បានចុះហត្ថលេខា ទទួលសន្យា ថានឹងគោរពនិងអនុវត្ត ដោយមនសិការខ្ពស់ ជានិច្ចជាកាល។

បទបញ្ញត្តិ ​ដែលជាគុណ ឬបុណ្យ នៃកិច្ចព្រមព្រៀង​ បានកំណត់ គោលការណ៍​ចម្បងៗ ៣ ដើម្បី៖
១​- សន្តិ​ភាពកម្ពុជា​ ដោយសាររៀបចំការផ្សះផ្សាជាតិ និងឯកភាពជាតិ​ខ្មែរ​ជាថ្មី។
២- សន្តិ​ភាពក្នុងភូមិភាគ និង​ក្នុង{ពិភព}លោក ដោយសារកម្ពុជា ប្រកាន់​ខ្ជាប់​ខ្ជួន នូវអព្យាក្រឹតភាព និង​ថែរក្សា និងការពារ​អធិបតេយភាព ឯករាជ្យ បូរណភាពដែនដី នៃប្រទេស។
៣- ហត្ថលេខីអន្តរជាតិ​ ធានាជួយកសាងកម្ពុជាឡើងវិញ ដោយការឧបត្ថម្ភ ហិរញ្ញវត្ថុ​​ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ​ឲ្យកម្ពុជា អាចរស់រាន​ដោយខ្លួនឯងវិញបាន ​ក្នុងចំណោម​ប្រទេស​​នានា​​ឯទៀត។

ក្នុងចំណុចសំខាន់ទី១ គឺកិច្ចព្រមព្រៀង ហាម​មិនឲ្យមាន «ការវិលត្រឡប់​មក​​វិញ នូវ​នយាបាយ (ឬ ទម្រង់នយោបាយ) និង​ការប្រព្រឹត្តិ ក្នុងអតីតកាល» ទេ​ គឺ​របប​ផ្តាច់ការសក្តិភូមិនិយម គ្មានគោលការណ៍​ប្រជាធិបតេយ្យ ​ហើយ​ដែល​បាន​បំបែក​បំបាក់​ជាតិ​ និងប្រទេស​​ខ្មែរ ឥត​ស្រាក​ស្រាន្ត។​​

គោលការណ៍ទី១ ​នៃលទ្ធិប្រជាធិបតេយ្យសេរី​ ​ពហុបក្ស នៅក្នុងកិច្ចព្រមព្រៀង​នោះ គឺ​ការជម្រុញ ឲ្យអ្នកកាន់​អំណាច គ្រប់គ្រងរដ្ឋ​​ដោយ​តម្លាភាព គឺជាបឋម គ្មាន​ការប្រព្រឹត្ត​​អំពើ​ពុករលួយ បក្ខពួកនិយម និង​លួចប្លន់ជាតិ-ប្រជាជន។​ របប​ផ្តាច់ការរបស់ ហ៊ុន សែន ​បាន​​រស់រាន មានកម្លាំងធំ ដោយសារអំពើពុករលួយនេះ។ ហេតុនេះ ហ៊ុន សែន បានប្រឹងប្រែង​​ណាស់ ក្នុងការកំទេចបំបាត់សិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ ដើម្បីកុំឲ្យមានការតវ៉ា ការប្រឆាំង​អំពីពលរដ្ឋ ចំពោះអំពើពុករលួយ ដែលជា​សសរ​ទ្រូងធំ នៃអំណាចរបស់គាត់។

ក្នុងចំណុចទី២ ហ៊ុន សែន មិនបានរក្សា​អព្យាក្រឹតភាពនៃកម្ពុជាទេ ដោយ​គាត់​​មិន​​អាច​រៀបចំកិច្ចការពារ​​​បូរណភាព​​ដែនដី​កម្ពុជា និង​​កិច្ចការពារ​ប្រទេសឡើយ ហើយគាត់នៅ​តែត្រូវការជាចាំបាច់ នូវ «សហ​ប្រតិបត្តិការ» និងកិច្ចការពារនៃកម្លាំង«យួន» ស្របតាមសន្ធិសញ្ញា ឆ្នាំ១៩៧៩ របស់យួន ដែល​គាត់ មិន​ហ៊ាន​​លុប​ចោល តាមបញ្ញត្តិ​ នៃកិច្ចព្រមព្រៀង​​​សន្តិ​ភាព​​ទីក្រុង​ប៉ារីស និង រដ្ឋធម្មនុញ នោះទេ។​

ក្នុងចំណុចទី៣ ​ហត្ថលេខីនៃលោកសេរី (អង្គការសហប្រជាជាតិ «អ.ស.ប.» សហរដ្ឋ​អាមេរិក អឺរ៉ុប ជប៉ុន…) បានជួយ​ឧបត្ថម្ភ​​កម្ពុជាថ្មី (ក្នុងនយោបាយ ហិរញ្ញវត្ថុ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធ៌ម) តាំងពីឆ្នាំ ១៩៩១ ​រហូត​​ដល់​សព្វថ្ងៃ​ តាម​ការ​សន្យារបស់គេ ដើម្បីឲ្យ​ប្រជាជនខ្មែរ ងើបរួចពីភាពទាសករ​ និង​ក្លាយជាម្ចាស់​ស្រុក​ខ្លួន​ឯង​។​​ ហ៊ុន សែន បានចំណេញច្រើនណាស់ ទាំងនយោបាយ ទាំងមធ្យោបាយ ទាំងប្រជាប្រិយភាព…។ ប៉ុន្តែប្រជា​ប្រិយភាព​នេះ ត្រូវអន្តរាយទៅវិញ ដោយសារ​ការមិនការពារបូរណភាពទឹកដី និង មិនបង្រ្កាបអំពើពុករលួយដ៏ខ្លាំងក្លា (នៃរដ្ឋបាល និងក្រុមសម្ព័ន្ធមិត្តរបស់គាត់) និងអយុត្តិធម៌​ ក្នុងគ្រប់វិស័យ​នៃ​របបគាត់។ ប្រជាជន បានថ្កោល​ទោស​​យ៉ាងធ្ងន់ ចំពោះគាត់ (ក្នុង​ការបោះឆ្នោត ឆ្នាំ២០១៣ និង ២០១៧) ហើយគាត់ត្រូវរត់​ទៅរក​ជំនួយ​​ ចិន បន្ថែមទៀត ដើម្បី​ពង្រឹងអំណាចផ្តាច់ការ​របស់គាត់ ដោយធ្វើ «សម្បទាន» ជា​ច្រើន​ (នយោ​បាយ​ សេដ្ឋកិច្ច សង្គមកិច្ច) ឲ្យទៅ​ចិន តាមរបៀបគាត់ ធ្វើឲ្យទៅ ​យួន នោះ។

តាំងពីឆ្នាំ២០១៧ មក អ.ស.ប.ក្តី អាមេរិកក្តី អឺរុបក្តី ជប៉ុនក្តី… បាន​លើក​ពីការ​មិនគោរព​​ដោយ ហ៊ុន សែន ចំពោះកិច្ចព្រមព្រៀង​ទីក្រុងប៉ារីស៍ ដើម្បីបន្ទោស និងគំរាមដាក់ទណ្ឌកម្ម រដ្ឋាភិបាល ហ៊ុន សែន ដោយមានការកាត់បន្ថយជំនួយ​​ជាដើម។ ហ៊ុន​ សែន​ បានបន្លឺការប្រមាថជាខ្លាំង ​ចំពោះការ​គំរាម​​ទាំងនោះ ហើយមានប្រតិកម្មជានិមិត្តរូបមួយ គឺបំបាត់ថ្ងៃខួប នៃកិច្ចព្រមព្រៀង​ទីក្រុងប៉ារីស៍ និង ​ថ្ងៃ​ខួប​នៃសិទ្ធិ​មនុស្ស ពីថ្ងៃ​{ឈប់សម្រាក}បុណ្យជាតិ នៃកម្ពុជា។​ អាមេរិក ក៏បានលើកទៀត​ នូវ​ការរកឃើញថា​ ចិន​​មាន​​​​​គម្រោងសាងសង់​មូលដ្ឋានសឹកសមុទ្រ នៅកម្ពុជា (ឈូងសមុទ្ររាម និង ​កោះកុង) ដែល​​ជា «ការគំរាម​ដល់​សន្តិសុខ ​និងស្ថិរភាព​នៃអាស៊ីអាគ្នេយ៍» ជាថ្មី។ សង្រ្គាម អាចនឹងផ្ទុះឡើង ក្នុងពេល​ខាងមុខនេះ​​។

យើងត្រូវដឹង និងចាំថា តាំងពីសម័យសង្គ្រាមឥណ្ឌូចិន (ទី១, ទី២) ប្រទេសកម្ពុជា ជាចំណុច​កណ្តាល នៃនយោបាយ​ភូមិសាស្ត្រ របស់​អាស៊ីអាគ្នេយ៍។ នៅពេលនេះ ដែលវិវាទរវាងអាមេរីក ចិន និង សម្ព័នមិត្តរៀងខ្លួន​ នៅក្នងសមុទ្រចិនខាងត្បូង បានកើតខ្លាំងឡើងៗ ហើយពួកគេ ក៏បានត្រៀមអាវុធ​ដ៏​ខ្លាំង​ក្លា​ ជាងពេលមុនៗរួចហើយ សម្រាប់ការវាយ​ប្រហារគ្នា។ កម្ពុជា ​ដែលមាន ​ហ៊ុន សែន​ កាន់កាប់​ ប្រាកដជានឹងត្រូវគេវាយដណ្តើមគ្នា​​​មុនគេ ហើយនឹងត្រូវទទួលវិនាសកម្ម{យ៉ាង}ធំធេង​ជាង​មុនទៀត។ ​

​​ទាំងនេះគឺជាទោស ឬបាប នៃការមិនគោរពចំពោះ កិច្ចព្រមព្រៀងសន្តិភាព​ទី​ក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ស្តី​ពីកម្ពុជា ជាអាទិភាពក្នុងបញ្ហាសិទ្ធិមនុស្ស និង អព្យាក្រឹតភាពនៃកម្ពុជា។​ យើងកុំអាលភ្លេចថា នា​ទសវត្សរ៍​១៩៦០ ដែលកម្ពុជានៃសម្តេច នរោត្តម សីហនុ បានបោះបង់ការគោរពបដិបត្តិ កិច្ច​​ព្រមព្រៀង​ទីក្រុង​ហ្សឺណែវ ឆ្នាំ ​១៩៥៤ ជាពិសេស​ក្នុង​ការប្រកាន់​អព្យាក្រឹតភាព​របស់​ខ្លួន នោះ​វា​បាន​​ទោស​ជាបន្ទាប់​មក​​វិញ​យ៉ាងណា​ខ្លះ(?)។ ប្រវត្តិសាស្ត្រ មិនចេះភរយើង​ទេ។

ទីក្រុងប៉ារីស៍​​​ ថ្ងៃទី​២៣ តុលា ២០១៩
គណ:កម្មាធិការ ព្រំដែនកម្ពុជា​ ប្រចាំប្រទេសបារាំង
ឌី ការេត (ប្រធាន)

ឯកសារភ្ជាប់
– ឯកសារ៖ ខ្លឹមសារ​​កិច្ចព្រម​ពៀង​ទី​ក្រុង​ប៉ារីស ជាមួយវិបត្តិនយោបាយ​ខ្មែរ
– ឯកសារទាំងស្រុងនៃ​កិច្ចព្រមព្រៀងទីក្រុងប៉ារីស ១៩៩១៖ Download

Advertisements