សេចក្តីថ្លែងការណ៍៖ រំលឹកខួប ២៨ ឆ្នាំនៃកិច្ចព្រមព្រៀង​សន្តិភាពទីក្រុង​ប៉ារីស ជំរុញរបប​លោក ហ៊ុន សែន ដោះលែងអ្នកទោស​មនសិការ និង​ស្តារស្ថានភាព​លទ្ធិប្រជាធិបតេយ្យ

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា យល់ឃើញថា ខួបគម្រប់ ២៨ ឆ្នាំនៃកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ – ថ្ងៃទី​២៣ តុលា ឆ្នាំ២០១៩ គឺជាទិវាប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា ដែលបាន​នាំមក​នូវ​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស សន្តិភាព អព្យាក្រឹតភាព អធិបតេយ្យ បូរណភាពដែនដី និងការបង្រួបបង្រួមជាតិ។ ដោយសារ​កិច្ចព្រមព្រៀង​​​សន្តិភាព​នេះ បានទាញកម្ពុជា ចាកផុតពីជម្លោះ​នយោបាយដ៏រ៉ាំរ៉ៃ និងរំដោះខ្លួនចេញពីរបបផ្តាច់ការ ក្រោមការត្រួតត្រា​​របស់​វៀតណាម​​ម្តងរួចមក​ហើយ ព្រមទាំង​បានដាក់​​មោឃភាព នូវ​សន្ធិសញ្ញា កិច្ចព្រមព្រៀង និងឯកសារនានា ដែលធ្វើជាមួយ​​វៀតណាម ​នៅ​មុនទសវត្សទី៩០។

ជាអកុសល ដោយហេតុតែការរស់នៅក្នុងអំណាចយូរពេក និងមានទ្រព្យ​សម្បត្តិ​ពីការ​កេង​ប្រវញ្ច​ជាតិ​មិនស្កប់ស្កល់ ធ្វើឲ្យលោក ហ៊ុន សែន រួមទាំងក្រុមគ្រួសារ និង​របប​ដឹកនាំរបស់​លោក បានបំភ្លេចអស់នូវ​គុណធម៌​ជាមនុស្ស, បានរំលោភបំពានច្បាប់​មនុស្សជាតិ, បាន​​លុបចោល​ទិវា​កិច្ចព្រមព្រៀង​សន្តិភាព​​ទីក្រុង​​ប៉ារីស ពី​«ថ្ងៃឈប់​សម្រាកបុណ្យជាតិ» និង បានរំលោភបំពានម្តងហើយម្តងទៀត ទៅលើកិច្ចព្រមព្រៀងសន្តិភាពនេះ ហើយនិងរដ្ឋធម្មនុញ្ញជាតិផង ដោយ​រុញច្រាន​ប្រទេស​កម្ពុជា ឲ្យធ្លាក់ចូលទៅ​ក្នុង​របប​យោធានិយម ផ្តាច់ការ​ជាថ្មី កំពុង​ប្រឈមរឿង​ទ្វេគ្រោះ​ធ្ងន់ធ្ងរ ចាប់តាំង​ពីរបបនេះ ចាប់ខ្លួន​មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ដាក់ឃុំឃាំង និងប្រើប្រព័ន្ធ​តុលាការ រំលាយចោល​រចនាសម្ព័ន្ធបក្សប្រឆាំង «គណបក្សសង្គ្រោះជាតិ» កាលពីចុងឆ្នាំ​ ២០១៧។

មកទល់ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៩ នេះ របបលោក ហ៊ុន សែន បានបន្តចាប់​ខ្លួនសកម្ម​ជន​បក្ស​ប្រឆាំង ចំនួន ៥៣ នាក់ដាក់ឃុំឃាំង, ១៨៦ នាក់ត្រូវបានកោះហៅទៅបំភ្លឺ និង ១២ នាក់ ត្រូវបានក្រុមជនមិនស្គាល់មុខលបវាយប្រហារបង្ករបួសស្នាម ព្រមទាំងបន្តគគម្រាម​កំហែងតាមរូបភាពផ្សេងៗទៀត។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមអំពាវនាវយ៉ាងទទូចដល់របបលោក ហ៊ុន សែន ត្រូវ​ភ្ញាក់រលឹក ត្រូវប្រញាប់កែប្រែ​ស្ថានការណ៍​នយោបាយ​កម្ពុជា ឲ្យមានប្រក្រតីភាព​ឡើងវិញ ស្របតាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញកម្ពុជា ដើម្បីបញ្ជៀស​ការគាបសង្កត់ និងទណ្ឌកម្មនានា ពីសហគមន៍អន្តរជាតិបន្ថែមទៀត ពោលគឺចាំបាច់ត្រូវស្តារលទ្ធិប្រជាធិបតេយ្យ, ស្តារស្ថានភាពសិទ្ធិមនុស្ស, ទទួលយកលក្ខខណ្ឌមួយចំនួនរបស់ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។

របបលោក ហ៊ុន សែន ត្រូវដោះលែង លោក កឹម សុខា និងដោះលែង​អ្នកទោស​មនសិការទាំងអស់ ជាបន្ទាន់ដោយ​គ្មាន​លក្ខខណ្ឌ ព្រមទាំងត្រូវ​ទម្លាក់ចោល​បទចោទ​ប្រកាន់នានា ទៅ​លើ​អ្នកនយោបាយ​ប្រឆាំង, ទៅលើពលរដ្ឋរងគ្រោះ និង សកម្មជនរបស់អង្គការសង្គមស៊ីវិល។

អ្នកនយោបាយទាំងអស់ គប្បីប្រើយន្តការផ្សះផ្សារជម្លោះនយោបាយជាថ្មី ដោយ​ការ​អង្គុយជជែក​ទល់មុខគ្នា តាមគោលការណ៍​សមធម៌ ស្មោះត្រង់ និងផ្សាយផ្ទាល់​ជូន​ពលរដ្ឋមើល ដែល​ជាការបង្កើតគំរូល្អ​សម្រាប់​ជាតិ និងពលរដ្ឋខ្មែរ​ជំនាន់ក្រោយ។

ទីក្រុងគ្រីស្ទានសាន់ (ប្រទេសន័រវេស៍) ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា (ហត្ថលេខា និងត្រា)
ម៉ែន ណាត ប្រធាន

ឯកសារភ្ជាប់
– ឯកសារ៖ ខ្លឹមសារ​​កិច្ចព្រម​ពៀង​ទី​ក្រុង​ប៉ារីស ជាមួយវិបត្តិនយោបាយ​ខ្មែរ
– ឯកសារទាំងស្រុងនៃ​ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ១៩៩១៖ Download
– លោក ឌី ការេត៖ គុណ​ និង ទោស នៃ​​កិច្ច​ព្រម​​ព្រៀង​​​សន្តិ​ភាព​​​ទីក្រុង​​​ប៉ារីស ស្តីពី​​កម្ពុជា

Advertisements