សម្គាល់៖ ក្រុមអ្នកជំនាញកិច្ចការព្រំដែនខ្មែរ នៅប្រទេសបារាំង និង ក្រុម​សកម្មជនព្រំដែន តែងតែរំលឹករដល់រដ្ឋាភិបាលម្ពុជា តាំងពីឆ្នាំ១៩៩៩ ព្រមទាំងផ្តល់ឯកសារ និងអនុសាសន៍នានា ក្នុងការដោះស្រាយបញ្ហាព្រំដែន ហើយនិងយន្តការអភិវឌ្ឍព្រំដែនផង។ កាលនោះព្រះមហាក្សត្រ នរោត្តម សីហនុ ជាអ្នកសម្របសម្រួល រវាង​ក្រុមចលនានិស្សិត ក្រុមអ្នកជំនាញព្រំដែន ប្រទេសបារាំង និងភាគី​រដ្ឋាភិបាល ក្នុងរឿងដោះស្រាយបញ្ហាព្រំដែន​ជាមួយ​វៀតណាម។ កិច្ចការនេះ បានជំរុញដល់ការបង្កើត ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ទទួលបន្ទុកកិច្ចការព្រំដែន ដែលមានសម្តេចព្រះបាទ នរោត្តម សីហនុ ជាប្រធាន នៅ​២០០៥ ព្រមទាំងបានកោះប្រជុំតែមួយលើក នៅទីក្រុងប៉េកាំង ប្រទេស ចិន ថ្ងៃទី ១១-១២ ឧសភា ២០០៥។ បន្ទាប់​មករដ្ឋាភិបាល ហ៊ុន សែន រកលេសរំលាយឧត្តមក្រុមប្រឹក្សាជាតិព្រំដែននេះចោល​តែ​ម្តង រួចហើយជំរុញដោយបង្ខំឲ្យមាន សន្ធិសញ្ញាព្រំដែន​បំពេញបន្ថែម ខែតុលា ឆ្នាំ​២០០៥ ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋខុសច្បាប់ ឆ្នាំ១៩៨៥ ដែលនាំឲ្យមានចម្រូងចម្រាសបំផុត ស្ទើរតែផ្លាស់ប្តូររបបដឹកនាំ ពីរាជានិយម ទៅជារបបសាធារណរដ្ឋ នេះបើតាមការគំរាមរបស់លោក ហ៊ុន សែន ទៅក្រុមគ្រួសាររាជវង្ស ពេលនោះ។ ទោះបីយ៉ាងណាក្តី ពលរដ្ឋខ្មែរ បន្តដំណើរទៅមុខក្នុងការ​ជំរុញការការពារព្រំដែន និង​ការអភិវឌ្ឍតំបន់ព្រំដែនខ្មែរ ដែលជារបងដ៏រឹងមាំរបស់កម្ពុជា។ (អត្ថបទបន្ថែមដោយ លោក ម៉ែន ណាត)
————————–

RFA: ក្រុម​យុវជន ​ស្នើ​​រដ្ឋាភិបាល ឱ្យ​បង្ហាញ​​ភាព​ច្បាស់លាស់​​រឿង​អភិវឌ្ឍន៍​​តាម​​បណ្តោយ​​ព្រំដែន និង​គ្រប់គ្រង​ព្រំដែន​​ឲ្យ​​រឹងមាំ

(វិទ្យុ RFA Khmer អត្ថបទដោយ សេក បណ្ឌិត / ២៧ តុលា ២០១៩)
ក្រុមយុវជន និងពលរដ្ឋ ស្នើ​ឲ្យ​រដ្ឋាភិបាល​ បង្ហាញ​ពី​គម្រោង​​អភិវឌ្ឍន៍​​តាម​​​បណ្តោយ​ព្រំដែន {កម្ពុជា​-​វៀតណាម} ​ឲ្យ​​ច្បាស់​លាស់ និង​​គ្រប់គ្រង​ដែន​រដ្ឋបាល​ព្រំដែន ​ឱ្យ​ត្រឹមត្រូវ ជា​ពិសេស ត្រូវ​រក​យន្តការ​​បំបាត់​អំពើពុក​រលួយ។ ពួកគេ​អះអាងថា សមត្ថភាព​ការពារ​ព្រំដែន​ របស់​រដ្ឋាភិបាល នៅ​ខ្វះ​ចន្លោះ​ច្រើន​ បើ​ធៀប​ប្រទេស​​ជិត​ខាង​ និង​ គ្មាន​ការ​អភិវឌ្ឍ​​តាម​ព្រំដែន​​ជា​ច្រើន​​ទសវត្សរ៍​​មក​ហើយ។

ក្រុមយុវជន និង​ពលរដ្ឋ​រស់​នៅ​តាម​បណ្តោយ​ព្រំដែន​ មាន​ទស្សនៈ​​ថា ការ​អភិវឌ្ឍ​​តាម​ព្រំដែន និង ការ​គ្រប់​គ្រង​​រដ្ឋបាល​​ឱ្យ​ច្បាស់លាស់ គឺ​ជា​ចំណុច​​សំខាន់ ដែល​​ទាមទារ​​ឲ្យ​រដ្ឋាភិបាល ត្រូវ​គិត​ជា​ចម្បង និង​ត្រូវ​​បង្កើត​​ច្បាប់​បញ្ញត្តិ ឬ​លិខិត​​បទដ្ឋាន​នានា ធ្វើ​យ៉ាង​ណា​គ្រប់គ្រង និង​ការពារ​ព្រំដែន​ឱ្យ​រឹង​មាំ។ ទន្ទឹម​នឹង​នេះ ពួក​គេ​ថា រដ្ឋាភិបាល​ត្រូវ​បង្ហាញ​​ភាព​ច្បាស់លាស់ ក្នុង​ការ​លុប​បំបាត់​​អំពើ​ពុករលួយ ហាម​មិន​ឲ្យ​​មន្ត្រី​ខ្មែរ​​លក់​ខ្លួន ឬ​បម្រើ​​ប្រទេស​ជិត​ខាង​​ ដោយសារ​ប្រយោជន៍​​ផ្ទាល់​ខ្លួន​​ជា​ដើម។

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញាវ័ន្ត​ខ្មែរ និង​​ជា​សមាជិក​ក្រុម​ការងារ ១០០​រាត្រី លោក មួង សូនី ឲ្យ​ដឹងនៅថ្ងៃទី ២៧ តុលា ថាមាន​បញ្ហា​ប្រឈម​ជា​ច្រើន ដែល​​រដ្ឋាភិបាល​ខ្វះ​ចន្លោះ ក្នុង​ការ​អភិវឌ្ឍ​​តាម​ព្រំដែន ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព​​ប្រជាជន​​នៅ​តំបន់​នោះ និង​អធិបតេយ្យ​ជាតិ។ លោក​ ចង់​ឃើញ​រដ្ឋាភិបាល ​បង្ហាញ​ពី​គម្រោង អភិវឌ្ឍន៍​តាម​បណ្តោយ​ព្រំដែន​ឱ្យ​ជាក់លាក់ ដោយ​ត្រូវ​ដាក់​បញ្ចូល​ក្នុង ​​សេចក្តី​ព្រាង​ច្បាប់​គ្រប់គ្រង​ថវិកា​​ជាតិ​ឆ្នាំ២០២០ ជា​អាទិភាព ជា​ពិសេស ត្រូវ​បង្ហាញ​​ពី​ទំហំ​ថវិកា​ជាតិ ដើម្បី​អភិវឌ្ឍន៍​​ផ្លូវ​ថ្នល់ សាលា​រៀន អគ្គិសនី និង​ប្រព័ន្ធ​ធារាសាស្ត្រ​​នៅ​តាម​ព្រំដែន​ឲ្យ​ឆាប់​រហ័ស។ លោកថ្លែងដូច្នេះថា «ចង់​ស្នើ​ទី១ ទៅ​កាន់​រដ្ឋាភិបាល ឱ្យ​ដាក់​គម្រោង​អភិវឌ្ឍន៍​តាម​​ព្រំដែន​​កម្ពុជា​វៀតណាម ដោយ​មាន​​ភាព​ច្បាស់លាស់​​ប្រាកដប្រជា​ ​នូវ​ទំហំ​ទឹក​ប្រាក់ ប្រាកដនិយម ដើម្បី​អភិវឌ្ឍន៍​ឲ្យ​បាន​រហ័ស។ ជួយ​ជំរុញ បង្កើត​ច្បាប់​បទបញ្ញត្តិ​នានា ក្នុង​ការ​គ្រប់គ្រង​រដ្ឋបាល​ឲ្យ​ច្បាស់លាស់ ដើម្បី​កុំ​ឲ្យ​មាន​អំពើ​ពុក​រលួយ»។

លោក មួង សូនី សង្កេត​ឃើញ​ថា នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា និង​​វៀតណាម​​ជាង ១​ពាន់​គីឡូ​ម៉ែត្រ ភាគ​ច្រើន ពុំ​សូវ​មាន​ការ​អភិវឌ្ឍ​នោះ​ទេ ធ្វើ​ឱ្យ​ពលរដ្ឋ​​លំបាក​រស់នៅ ជា​ពិសេស ងាយ​នឹង​ធ្វើ​ឲ្យ​កម្ពុជា របូត​ដី​ទៅ​ទៀតណាម​​គ្រប់គ្រង។ លោក ​ថា បច្ចុប្បន្ន​ពលដ្ឋ​ខ្មែរ​ភាគ​ច្រើន រស់​នៅ​តាម​ព្រំដែន គ្មាន​ទឹក​ស្អាត និង​អគ្គិសនី​ប្រើប្រាស់គ្រប់គ្រាន់ ហើយ​ក៏​មាន​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធំ បាន​ទិញ​អគ្គិសនី​ពី​អាជ្ញាធរ​វៀតណាម៖ «កាល​ណា​យើង​មិន​​អភិវឌ្ឍន៍​​តាម​​ព្រំដែន វា​បន្ថយចំ​នួន​មនុស្ស​​ខ្មែរ​រស់​​នៅ​តាម​ព្រំដែន អត់​មាន​ការ​រីកច​ម្រើន ហើយ​វៀតណាម​ ចេញ​តែ​ចូល​មក វា​ប៉ះ​ពាល់​អធិបតេយ្យ និង​បាត់បង់​ទឹក​ដី។ យើង​​អត់​ធ្វើ​របង​ការពារ​ព្រំ​របង​ការពារ គេ​នឹង​រំកិល។ យើង​មាន​បង្គោល​ព្រំដែន គឺ​គេ​យក​​ពលរដ្ឋ​ទៅ​ធ្វើ​របង គឺ​ពលរដ្ឋ និង​ការ​អភិវឌ្ឍ​ហ្នឹង​ហើយ»។

ឆ្លើយ​តប​រឿង​នេះ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មាន​​ប្រសាសន៍​​ថា រដ្ឋាភិបាល​​ ​បាន​​យក​ចិត្ត​ទុក​ដាក់​ការពារ​​ព្រំដែន​​លើ​គ្រប់​វិស័យ រួម​មាន វិស័យ​ការពារ​ជាតិ សន្តិសុខ និង​ការ​អភិវឌ្ឍ​​តាម​ព្រំដែន ជា​ពិសេស រដ្ឋាភិបាល​បាន​កសាង​លំនៅឋាន ​ជូន​គ្រួសារ​យុទ្ធជន ដែល​កំពុង​​ឈរ​ជើង​​ការពារ​ព្រំដែន។ លោក​ថា រដ្ឋាភិបាល​បាន​​បង្ហាញ​​ខ្ទង់​ចំណាយ​ថវិកា​ជាតិ​​រួចរាល់​ហើយ ក្នុង​ការ​ពង្រឹង​វិស័យ​សន្តិសុខ​ជាតិ និង​សន្តិសុខ​សង្គម​ នៅ​​តាម​ព្រំដែន។ ក្រៅ​ពី​នេះ លោក​ បញ្ជាក់​ថា អាជ្ញាធរ​បាន​​សាង​សង់​ផ្លូវ​​ក្រវ៉ាត់​ព្រំដែន​រួចរាល់​ហើយ​ដែរ និង​បាន​បញ្ជូន​តម្រូត​ការពារ​ព្រំដែន ឱ្យ​ឈរ​ជើង​​ប្រចាំ​ការ​​គ្រប់​តំបន់។ លោក ​ផ្តាំ​ឲ្យ​ក្រុម​និស្សិត គួរ​តែ​ស្រាវជ្រាវ​ឲ្យ​ច្បាស់​ជាង​នេះ ហើយ​បើ​មិន​ទាន់​ច្បាស់លាស់​ទេ លោក​ថា លោក​ នឹង​ជូន​ទៅ​មើល​ការ​អភិវឌ្ឍ​តាម​ព្រំដែន។ លោកថ្លែងដូច្នេះថា «គឺ​វិស័យ​ការពារ​ជាតិ​នៅ​ហ្នឹង ទាហាន និង​តម្រូវ​នៅ​ហ្នឹង។ បញ្ហាទី២ យើង​ធ្វើ​ការ​អភិវឌ្ឍ ដូចជា តំបន់​​​សេដ្ឋកិច្ច​​នៅ​ហ្នឹង យើង​ធ្វើប​ណ្តើៗ។ វិស័យ​គមនាគមន៍​ យើង​ធ្វើ​ខ្សែ​ក្រវ៉ាត់​​តាម​បណ្តោយ​​ព្រំដែន ​យើង​ធ្វើ​រួច​ហើយ យើង​គ្មាន​កៅស៊ូ​ត្រឹមត្រូវ តែ​យើង​មាន​ផ្លូវ​តាម​ព្រំដែន»។

ទោះ​ជា​យ៉ាង​ណា ពលរដ្ឋ​រស់​នៅ​ជិត​ព្រំដែន​កម្ពុជា​វៀតណាម ក្នុង​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ​ថ្លែង​សុំ​លាក់​ឈ្មោះ ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៧ តុលា​ថា ស្ថានភាព​រស់​នៅ​របស់​ប្រជាជន​ខ្មែរ​តាម​ព្រំដែន​នៅ​ខេត្ត​នេះ​ភាគ​ច្រើន គ្មាន​អគ្គិសនី​ប្រើប្រាស់​គ្រាប់​គ្រាន់ និង​ខ្វះ​ទឹក​ស្អាត​ជា​ដើម។ រីឯ​ផ្លូវ​ថ្នល់ ប្រឡាយទឹក និង​ប្រព័ន្ធ​ធារាសាស្ត្រ ក៏​មិន​ឃើញ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ស្ថាបនា ជា​ច្រើន​ឆ្នាំ​មក​ហើយ ធ្វើ​ឲ្យ​ពលរដ្ឋ​លំបាក​ធ្វើ​ស្រែ​ចម្ការ៖ «ការ​អភិវឌ្ឍ​តាម​ព្រំដែន​នៅ​មាន​កម្រិត​នៅ​ឡើយ​ទេ មិន​ទាន់​មាន​ឃើញ​កត់​សម្គាល់​ធំ​ដុំ​ទេ​នៅ។ ភាគ​ច្រើន​ពលរដ្ឋ ធ្វើ​ចំណាក​ស្រុក​ខ្លះ​ទៅ​រោងចក្រ និង​ខ្លះ​ទៅ​ថៃ​ច្រើន។ យើង​ទិញ​របស់​គេ​ហូប ដូច​មិន​ឃើញ​មាន​អី​ទេ»

​របាយការណ៍របស់ក្រុមការងារ ១០០រាត្រី បង្ហាញ​ថា នៅ​ខេត្ត​តាកែវ ក្នុងស្រុក​​ចំនួន ២ គឺ​ស្រុក​បូរី​ជលសារ និង ​ស្រុក​គិរីវង្ស មាន​ច្រក​ព្រំដែន​អន្តរជាតិ ​ភ្នំ​ដិន ច្រក​របៀង​កំណប់ និង​ ច្រក​ថ្ម​បី​ដុំ ឋិត​នៅ​ចន្លោះ​បង្គោល​ព្រំដែន​ លេខ ​២៦៥ ដល់​បង្គោល​លេខ ២៧៥ គឺ​ស្ថានភាព​​ព្រំដែន​នៅ​តំបន់​នោះ គ្មាន​ការ​អភិវឌ្ឍ​នោះ​ទេ។ ប្រជាជន​ខ្មែរ ធ្វើ​ចំណាកស្រុក​ស្ងាត់​ភូមិ ហើយស្រូវ​ស្រែ​ខ្លះ ​គ្មាន​អ្នកធ្វើ និង​ជួល​ឱ្យ​វៀតណាម ដែល​ផ្ទុយគ្នា​ដាច់​ស្រឡះ​​ពី​ប្រទេស​​វៀតណាម មាន​ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រជាជន​​រស់នៅ​ច្រើន​​ស្អេកស្កះ។ លើស​ពី​នេះ នៅ​តាម​បណ្ដោយ​ព្រំដែន​ ខេត្ត​ព្រៃវែង ​ខេត្ត​ស្វាយរៀង និង ​ខេត្ត​ត្បូងឃ្មុំ ក៏​ទិដ្ឋភាព​ព្រំដែន​មាន​លក្ខណៈ​ដូច​គ្នា​នេះ​ដែរ៕

Advertisements