(CWCI Cambodia /អត្ថបទដោយ នគរ /០៤ វិច្ឆិកា ២០១៩)
បើតាមសេចក្តីជូនដំណឺងរបស់រដ្ឋសភាឯកបក្ស នៃរបបលោក ហ៊ុន សែន បាន​​ផ្សព្វ​ផ្សាយថ្ងៃទី ៣០ តុលា ២០១៩ ឲ្យដឹងថា រដ្ឋសភារបស់លោក ហេង សំរិន នៅថ្ងៃទី ០៤ វិច្ឆិកា ២០១៩ ត្រូវពិនិត្យ និងពិភាក្សា​អនុម័ត​​លើ​សេចក្តីព្រាងច្បាប់​​មួយចំនួន ក្នុងនោះមានសេចក្តីព្រៀង​ច្បាប់​​ស្តីពី​​ការអនុម័ត​យល់ព្រមលើ «សន្ធិសញ្ញា​បំពេញ​បន្ថែម​លើសន្ធិសញ្ញាកំណត់​ព្រំដែន​រដ្ឋ ឆ្នាំ​១៩៨៥ និង សន្ធិសញ្ញា​បំពេញ​បន្ថែម ឆ្នាំ២០០៥ រវាងកម្ពុជា និង​វៀតណាម» ដែល​ជា​សន្ធិសញ្ញា​​ដ៏​ចម្រូង​ចម្រាស់។ សន្ធិសញ្ញា​ព្រំដែន​​ដែលត្រូវ​យក​ទៅ​អនុម័ត​​​នេះ ធ្វើឡើង បន្ទាប់ពីលោក ហ៊ុន សែន មេដឹកនាំ​របបភ្នំពេញ បាន​ជិះយន្តហោះទៅ​ទីក្រុង​ហាណូយ ដើម្បី​ចុះហត្ថលេខា​ជាមួយ​មេដឹកនាំ​វៀតណាម លោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) ពីថ្ងៃទី ០៥ ខែតុលា កន្លងថ្មីៗនេះ ដោយ​ទទួល​ស្គាល់​លទ្ធផល​ការបោះ​បង្គោល​ព្រំដែន ៨៤% ហើយនោះ។

លោក ម៉ែន ណាត ប្រធាន​​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ប្រទេស​ន័រវេស៍ ប្រតិកម្ម​​ភ្លាមៗ​​ថា «មិន​អាច​ទទួលស្គាល់ ចំពោះ​ការអនុម័ត​យល់់ព្រម​ទៅលើ សន្ធិសញ្ញាព្រំដែន ជាមួយ​វៀតណាម​​ទេ វាឈរ​លើមូលដ្ឋាន​សន្ធិសញ្ញា​ខុសច្បាប់ ឆ្នាំ១៩៨៥ និង​​ឆ្នាំ​​២០០៥»។ លោកបញ្ចាក់ថា «រដ្ឋសភា និងរដ្ឋាភិបាលលោក ហ៊ុន សែន សព្វថ្ងៃ​គឺជារដ្ឋាភិបាល​មិនស្របច្បាប់ ជារដ្ឋាភិបាល​កើតឡើងក្រោយ​ការបោះឆ្នោត​មិនត្រឹមត្រូវ ខែកក្កដា ឆ្នាំ២០១៨។ ដូច្នេះយើង​សូម​ប្រឆាំង​ជាដាច់ខាត ក្នុងរឿង​ការអនុម័ត​យល់ព្រម​លើ សន្ធិសញ្ញាព្រំដែននោះ»

លោក ម៉ែន ណាត ធ្លាប់បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី RFA កាលពីថ្ងៃទី ០៥ តុលា កន្លង​​ទៅ​​ដែរ​ថា លោក​ប្រឆាំង​ជំទាស់​ដាច់​ខាត ចំពោះ​ការ​​​ចុះហត្ថលេខា​​ទទួល​ស្គាល់​​ការបោះ​បង្គោល​ព្រំដែន ដែល​ធ្វើឡើង​​ដោយ​លោក ហ៊ុ​ន សែន ជាមួយ​វៀតណាម ថា ​«ជាការ​​ធ្វើឱ្យ​កម្ពុជា ​ខាត​បង់​ទឹកដី»។ លោក បន្ថែម​ថា «ការ​បោះ​​​បង្គោល​​កន្លង​​មក សភាព​ជាក់ស្តែង​នៅតាម​ព្រំដែន​ខ្មែរ គឺពលរដ្ឋខ្មែរ បាត់បង់ដីស្រែចំការ​​។ ហើយរបប ហ៊ុន សែន ដោះស្រាយបញ្ហា​ព្រំដែន គឺចាញ់​ប្រៀប​ប្រទេស​​វៀតណាម រហូត»

លោក ម៉ែន ណាត ថ្លែងបន្ថែមថា «កម្ពុជា គួរ​រក​យន្តការ​​អន្តរជាតិ ដើម្បី​​ដោះ​ស្រាយ​​បញ្ហា​​ព្រំដែន​​នេះ ជា​ជាង​​​ការ​សម្រេច​​​តែ​លើ​​​ភាគី​វិ​វាទ ដោយ​​គ្មាន​​អាជ្ញាកណ្តាល​ឯករាជ្យ»។ លោក ថ្លែង​បន្ត​​ថា «​គ្មាន​​សង្ឃឹម​​ថា របបសព្វថ្ងៃ​​​ខ្វល់រឿង​នេះ​ឡើយ គឺ​​មាន​​តែ​​​ពលរដ្ឋ​​ខ្មែរ ដែល​​ឈឺ​ឆ្អាល​​រឿង​នេះ បន្ត​​​តស៊ូ​មតិ​​ឲ្យ​​ខ្លាំង​​ក្លា ​ត​ទៅ​​ទៀត​​តែ​​ប៉ុណ្ណោះ។

ជាមួយគ្នានោះលោក អ៊ុំ សំអាន ដែល​​​ជា​តំណាងរាស្រ្ត គណបក្ស​សង្គ្រោះ​ជាតិ​ បាន​​ប្រកាស​កាន់​ទុក្ខ ៧ ថ្ងៃ ពី​ថ្ងៃទី ០៥ ដល់ថ្ងៃទី ១១ ខែ​​តុលា ចំពេល​ដែល​លោក ហ៊ុន សែន ចុះហត្ថលេខា​​ទទួល​ស្គាល់​ការបោះ​បង្គោល​ព្រំដែន ៨៤% ជាមួយ​វៀតណាម។ ​លោក សំអាន ចាត់​​ទុក​​ថា «ការ​ព្រម​ព្រៀង​គ្នា ​រវាង​​លោក ហ៊ុន សែន និង​​មេ​ដឹក​នាំ​​វៀតណាម​ ក្នុងរឿង​ព្រំដែន គឺ​ធ្វើ​ឲ្យ​​ខ្មែរ​បាត់​បង់​ទឹក​ដី​​ជា​រៀង​​រហូត»។ ​លោក ​ប្រដូច​​ការ​បាត់បង់​​នេះ ទៅ​​នឹង​ការ​ស្លាប់​​របស់​​មនុស្ស ដែល​គ្មាន​​ថ្ងៃ​​វិល​ត្រឡប់​វិញ។

លោក អ៊ុំ សំអាន បានថ្កោលទោស និងចោទប្រកាន់​ត្រង់ៗ​ទៅ​របបលោក ហ៊ុន សែន ថា «កាត់​ទឹកដី​ខ្មែរ ទៅឲ្យ​វៀតណាម» ក្នុង​រូបភាពសងគុណ​មិន​ចេះអស់​មិនចេះ​ហើយ ក្នុង​រយៈ​ប្រមាណ​​ជិត ៤០​ឆ្នាំមក​នេះ។

កន្លងមក​ អ្នក​ភូមិ​អន្លង់ជ្រៃ​ និង​ ភូមិ​ថ្លុក​ត្រាច​ ស្ថិត​​ក្នុង​​ខេត្ត​​ត្បូងឃ្មុំ​ ដែល​​​ជា​​​ស្រុក​​កំណើត​​​រ​បស់​​ប្រធាន​​រដ្ឋសភា​ លោក​ ហេង​ សំរិន​ នោះ​ ធ្លាប់​​បាន​​តវ៉ា​​រឿង​​វៀតណាម ​បោះ​បង្គោល​​​ព្រំដែន ​ចូល​​ដីខ្មែរ​​ដែរ​។ ពលរដ្ឋ​​​មាន​​ចម្ងល់​ថា​ លោក​ វ៉ា​ គឹមហុង​ ប្រធាន​​​គណៈ​កម្មាធិការ​​ព្រំដែន​របស់​រដ្ឋាភិបាល ហ៊ុន សែន តែងតែ​​ប្រាប់​អ្នក​សារ​ព័ត៌មាន​​ថា​ នៅ​​ក្នុង​ផែនទី​​របស់​បារាំង ​បាន​​ដាក់​ថា​ «តំបន់​​ភូមិ​អន្លង់ជ្រៃ​​នោះ​ ជា​ដី​​របស់​វៀតណាម​ ក្នុង​ពេល​ដែល​​វៀតណាម ​យល់​ព្រម​​ឲ្យ​ដី​ភូមិ​​អន្លង់​ជ្រៃ​នោះ ​ឲ្យ​កម្ពុជា ប៉ុន្តែ​កម្ពុជា ​ត្រូវ​កាត់​ដី​​កន្លែង​​ផ្សេង ​ឲ្យ​​វៀតណាម​​​​វិញ»។ បើ​ដូច្នោះ​​មែន​ ហេតុ​អ្វី​បាន​​ជា​គណៈកម្មាធិការ​ព្រំដែន ​នៃ​ប្រទេស​​​​ទាំង​ពីរ​ នៅ​តែ​​បោះ​បង្គោល​​ព្រំដែន​ លេខ ១២៧​ នៅ​ចម្ងាយ​​ប្រមាណ ១០០ ម៉ែត្រ​ ពី​ផ្ទះ​​អ្នកភូមិ​​អន្លង់ជ្រៃ?​ ហើយ​​ធ្វើ​ឲ្យ​បាត់​ដី​​ស្រែ​ចម្ការ ​របស់​​ពួក​គាត់​​ទៀត។

លោក មួង សូនី ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញាវ័ន្ត​ខ្មែរ ថ្លែង​ប្រាប់​វិទ្យុអាស៊ីសេរី RFA ថ្ងៃទី ២៧ តុលា ដោយ​សម្តែង​ការព្រួយ​បារម្ភ​ថា នៅ​​តាម​​បណ្តោយ​​ព្រំដែន​​កម្ពុជា និង​​វៀតណាម​​ ជាង ១​ពាន់​​គីឡូ​ម៉ែត្រ ភាគ​ច្រើន ពុំ​សូវ​​មាន​​ការ​អភិវឌ្ឍ​​នោះ​ទេ ធ្វើ​​ឱ្យ​​ពលរដ្ឋ​​លំបាក​​រស់នៅ ជា​ពិសេស​ងាយ​នឹង​​ធ្វើ​ឲ្យ​​កម្ពុជា របូត​ដី​​​ទៅ​​វៀតណាម​ ​គ្រប់គ្រង

ទោះបីយ៉ាង​ណាក៏ដោយ សេចក្តីព្រាងច្បាប់​អំពី​សន្ធិសញ្ញា​ព្រំដែន ដែល​រដ្ឋសភា​​ឯក​បក្សរបស់​​លោក ហេង សំរិន អនុម័ត​នៅ​ថ្ងទី ០៤ វិច្ឆិកា ឆ្នាំ២០១៩ នេះ ក៏នៅ​តែ​ត្រូវ​បាន​ក្រុមអ្នក​ធ្វើកិច្ចការ​ព្រំដែន​ខ្មែរ ប្រឆាំងជំទាស់ និង​ចាត់​ទុក​ថា​ ជាសន្ទិសញ្ញា​មិនស្រប​ច្បាប់​ដដែល ពីព្រោះ​វាផ្អែក​ទៅលើមូលដ្ឋាន «សន្ធិសញ្ញា​ព្រំដែន​ខុសច្បាប់ ឆ្នាំ១៩៨៥» ដែល​ផ្ទុយពី​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ផ្ទុយ​ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ១៩៩១៕

ឯកសារភ្ជាប់
– សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ ២០០៥ ទៅលើសន្ធិសញ្ញាកំណត់​ព្រំដែន​រដ្ឋ រវាងកម្ពុជា​-វៀតណាម ឆ្នាំ១៩៨៥ (សូមទាញយក Download)
– សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និង​វៀតណាម ឆ្នាំ ១៩៨៥ ភ្ជាប់​ជាមួយ​បញ្ជី​ស្ថិតិ ផែនទី​​ព្រំដែន ១៩៨៥ (ដើម) Download 
– សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាង​កម្ពុជា និង វៀតណាម ឆ្នាំ ១៩៨៥ (សូម​ទាញ​យក Download)
– កំណត់ហេតុ​ប្រជុំ ជាឯកសារ​សម្ងាត់ ឆ្នាំ​២០០៧ ស្តី​ពី​​​ការបោះបង្គោល​​ព្រំដែន​ ​កម្ពុជា​-​វៀតណាម Download
– សារាចរណ៍ណែនាំ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ១៩៨៦ ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន បានផ្តល់​សិទ្ធិ និងជួយ​ការពារពលរដ្ឋ​វៀតណាម​ខុសច្បាប់ នៅ​កម្ពុជា (សូមអានលំអិត សារាចរណ៍​ណែនាំ ហ៊ុន សែន ១៩៨៦)
– សន្ធិសញ្ញាព្រំដែនទឹកប្រវត្តិសាស្រ្ត ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ១៩៨២ ចុះហត្ថេលខា​ដោយលោក ហ៊ុន សែន និង ង្វៀង កូថាច់ ធ្វើឲ្យ​វៀតណាម កាន់កាប់​ប្រជុំ កោះត្រល់ មក​ទល់សព្វថ្ងៃ​។ (សូម​ទាញយក​ឯកសារ កិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្រ្ត ១៩៨២ «ដើម» ឬទាញ​យក​ឯកសារ កិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្រ្ត ១៩៨២ «ចម្លង»)

—————–