(CWCI Cambodia /អត្ថបទដោយ នគរ /០៤ វិច្ឆិកា ២០១៩)
ប្រធានរដ្ឋសភាជាតិ លោក ហេង សំរិន បានដឹកនាំកិច្ចប្រជុំពេញអង្គ នៅ​ថ្ងៃទី ០៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ បាន​អនុម័ត​​យល់ព្រម តាម​សម្លេង ១១០ លើ ១១០ ទៅ​លើ​សេ​ចក្តី​ព្រាងច្បាប់​ស្តីពី «ទី១. សន្ធិសញ្ញា​​បំពេញ​​​បន្ថែម​​​លើ​សន្ធិសញ្ញា​កំណត់​​ព្រំដែន​​រដ្ឋ ឆ្នាំ​​១៩៨៥ និង ទី២. សន្ធិសញ្ញា​​បំពេញ​​បន្ថែម ឆ្នាំ​២០០៥ រវាង​កម្ពុជា និង​​វៀតណាម»។ សន្ធិសញ្ញា​ថ្មី​នេះ ត្រូវបាន​ដាក់​ឈ្មោះ​ថ្មី​ថា «សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម ២០១៩» ដែល​កើត​ឡើងបន្ទាប់​​ពី​មេដឹកនាំ​ខ្មែរ លោក ហ៊ុន សែន ចុះហត្ថលេខា​ទទួល​ស្គាល់​លទ្ធផល​បង្គោល​ព្រំដែន ៨៤% ជាមួយ​មេដឹកនាំ​វៀតណាម លោក ង្វៀន ស៊ុនហ្វ៊ុក កាល​ពី​ថ្ងៃទី ០៥ តុលា ២០១៩។

របាយការណ៍​របស់​របប​លោក ហ៊ុន សែន បាន​បញ្ជាក់ថា បង្គោលព្រំដែនធំៗ រវាង​​កម្ពុជា និង​​វៀតណាម បានបោះ​រួច​ហើយ​ចំនួន ៣១៥ បង្គោល ឬស្មើនឹង ៨៤% នៃបង្គោលព្រំដែន​​សរុប ដែល​គ្រោង​បោះ​ចំនួន ៣៧៥ បង្គោល តាម​ខ្សែ​បណ្តាយ​ព្រំដែន ១២៧០ គីឡូ​ម៉ែត្រ។ បង្គោល​ខណ្ឌសីមា​ព្រំដែន ១៥១១ ឬស្មើ​នឹង ៩៩,៩% ក្នុង​ចំណោម ១៥១២ នៃផែនការ ក្នុង​នោះ​​កម្ពុជា បោះលេខ​​សេស​​ចំនួន ៧៩១ ហើយ​វៀតណាម បោះ​លេខគូ ចំនួន ៧២១ បង្គោល។ បង្គោល​​តម្រុយ​​ព្រំដែន​ ចំនួន ២២១ ឬស្មើនឹង ១០០% នៃ​ផែនការ ក្នុងនោះ​​កម្ពុជា បោះ​​លេខ​​សេស ចំនួន ១២៦ បង្គាល ហើយ​វៀតណាម បោះលេខ ចំនួន ៩៥ បង្គោល។

លោក ទៀ បាញ់ រដ្ឋមន្រ្តី​ការពារជាតិ បាន​​ថ្លែង​ក្នុង​អង្គប្រជុំ​រដ្ឋសភា ថា​​​សន្ធិសញ្ញា​​​បំពេញបន្ថែម​​​ថ្មីនេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​​រក្សា​ការគ្រប់​គ្រង​​ដីធ្លី ស្រែ​ចម្ការ របស់​​ពលរដ្ឋប្រទេស​​ទាំងពីរ ដោយ​កែប្រែ​​តំបន់​​ព្រំដែន ឲ្យ​​ទៅ​ជាតំបន់​​ព្រំដែន​​សន្តិភាព ​មិត្តភាព និង​សហប្រតិបត្តិការ។

លោក​ អ៊ុំ​ សំ​អាន អតីត​​តំណាង​រា​ស្រ្ត​​បក្ស​ប្រឆាំង CNRP ​និង​​ជា​​សកម្ម​​ជន​ព្រំដែន​ បានហៅថា «ជា​ការអនុម័ត​យល់ព្រម ទៅ​លើ​សន្ធិសញ្ញាព្រំដែន​ខុសច្បាប់ ឆ្នាំ​១៩៨៥ ក្នុងសម័យ​វៀតណាម ត្រួតត្រា​កម្ពុជា»។ លោក ថ្លែង​ប្រាប់​វិទ្យុ VOD ថា «រដ្ឋសភា​ឯកបក្ស​ហ្នឹង កើតឡើង​ចេញមក​ពីការបោះឆ្នោត​ក្លែងក្លាយ ឆ្នាំ​​២០១៨ ដែល​រំលាយប្រជាធិបតេយ្យ ដែល​​រំលា​យ​គណបក្សប្រឆាំង ដ៏ធំ​នៅ​កម្ពុជា ហើយ​រៀបចំការបោះឆ្នោត​ក្លែងក្លាយ។ ដូច្នេះ ការអនុម័ត​របស់​រដ្ឋសភា នៅ​ថ្ងៃនេះ មិនយក​ជាការទេ»។ 

ថ្លែង​ប្រាប់​វិទ្យុអាស៊ីសេរី RFA ថ្ងៃទី ០៤ វិច្ឆិកា លោក ម៉ែន ណាត ប្រធាន​​​ក្រុម​ប្រឹក្សាឃ្លាំមើលកម្ពុជា នៅ​ប្រទេស​​ន័រវេស៍ បាន​ថ្កោលទោស​រដ្ឋសភា នៃ​របប​ក្រុងភ្នំពេញ​ថា «ការបោះ​បង្គោល​ព្រំដែន ៨៤% នោះ ធ្វើ​ឲ្យ​កម្ពុជា បាត់​បង់​ទឹកដី»។ លោក បានបន្ថែម​ថា «យើង​មិន​​អាច​​ទទួលស្គាល់​បានទេ ចំពោះ​​ការអនុម័ត​​យល់់ព្រម​​ទៅ​លើ សន្ធិសញ្ញា​ព្រំដែន ជាមួយ​​វៀតណាម​​​នេះ វាឈរ​​លើមូលដ្ឋាន​​សន្ធិសញ្ញា​​ខុសច្បាប់ ឆ្នាំ​១៩៨៥ ដែល​ផ្ទុយទាំង​ស្រុង​ពី រដ្ឋធម្មនុញ្ញ​ខ្មែរ និង​កិច្ចព្រមព្រៀង​ទីក្រុងប៉ារីស ១៩៩១»។

លោក ម៉ែន ណាត មានសុទិដ្ឋិនិយម​ថា «សន្ធិសញ្ញា​មិនស្របច្បាប់​រឿងព្រំដែន ជាមួយប្រទេស​វៀតណាម នឹង​ត្រូវលុប​ចោល នៅ​ពេល​កម្ពុជា មាន​រដ្ឋាភិបាល​ស្របច្បាប់​មួយ ដែល​មាន​មេដឹកនាំ ចេះ​គិតគូរ​ផលប្រយោជន៍​ជាតិ​ជាធំ»

ដោយឡែកលោក ឡឹក សុធា អ្នកនាំពាក្យ​​​បក្សប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​ទាមទារ​​ឱ្យរដ្ឋសភា ពន្យាពេល​អ​នុម័ត​លើសេចក្តីព្រាង​ច្បាប់​ព្រំដែន​នេះ បាន​សម្តែងការខកចិត្ត ហើយ​ថា «ការអនុម័ត​សេចក្តីព្រាង​ច្បាប់​នេះ ធ្វើ​ឡើង​ក្នុង​ស្ថានភាព​អ្នកនយោបាយ​ខ្មែរ ​កំពុង​មានការបែកបាក់​គ្នា»