(អត្ថបទដោយលោក ម៉ែន ណាត [ប្រធាន] ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា /៣១ ធ្នូ ២០១៩)

លោក ហូ ជីមិញ មហាបុរសរបស់ប្រទេសវៀតណាមសព្វថ្ងៃ គឺជាមេដឹកនាំ​​បញ្ចប់​​សង្គ្រាម ​រវាង​​​​វៀតណាម​ខាងជើង និង​វៀតណាម​ខាងត្បូង នៅខែ កក្កដា ឆ្នាំ ១៩៧៥ ឲ្យក្លាយជាប្រទេស​វៀតណាមតែមួយ ក្រោយពេល សហរដ្ឋអាមេរិក សម្រេចដកថយ​ពី​​សង្គ្រាម ​នៅឥណ្ឌូចិន។

លោក ហូ ជីមិញ កាលនៅជាមេដឹកនាំចលនាតស៊ូ {រដ្ឋាភិបាល}នៃ សា​ធា​រណរដ្ឋ​​ប្រជា​ធិបតេយ្យ​វៀតណាម (Democratic Republic of Vietnam) ក្នុងឆ្នាំ ១៩៤៥ បានទទួលស្គាល់ថា «ទឹកដីកូសាំងស៊ីន (កម្ពុជាក្រោម) គឺជាកម្មសិទ្ធិរបស់ប្រជាជនខ្មែរ កម្ពុជាក្រោម»។ លោក បញ្ជាក់ថា «ជនជាតិ​វៀតណាម ដែលរស់នៅ នៅលើទឹកដីកម្ពុជាក្រោម គ្រាន់តែជាជនមកតាំងទីលំនៅបណ្តោះអាសន្ន មិនមានសិទ្ទិសំរេចអី្វទាក់ទងទៅនឹង បូរណភាព {ទឹកដី} និង សិទ្ធិជាម្ចាស់ទឹកដីនេះទេ»

ស្របគ្នាក្នុងរឿងនេះដែរ ព្រះរាជសាររបស់សម្តេច នរោត្តម សីហនុ សរសេររំលឹក​អំពីបូរណភាព​ទឹក និង រំលឹកអំពីបង្គោលព្រំដែន ពីម័យអាណានិគមបារាំង ចំនួន ១២៤ បង្គោល រវាងកម្ពុជា និងវៀតណាម ក្នុងបំណងឲ្យ វៀតណាម ត្រូវតែគោរពកិច្ចសន្យា និង​កិច្ចព្រមព្រៀងនានា របស់ប្រទេសទាំងពីរ ដើម្បីរក្សាជាអ្នកជិតខាងល្អនឹងគ្នាទៅវិញទៅមក។ ព្រះរាជសារនេះ ធ្វើនៅទីក្រុងប៉េកាំង ១៩ កក្កដា ១៩៩៣ ក្រោយពេលពេលកម្ពុជា បានផ្សះផ្សាជាតិ និងបានបោះឆ្នោតជាតិជាលើកដំបូង ហើយដែលសម្តេច នរោត្តម សីហនុ អង្គឯង ធ្វើជាអ្នកសម្រុះសម្រួលនយោបាយ ឲ្យមាននាយករដ្ឋមន្រ្តី ២ រូបដ៏ចម្រូងចម្រាស កាលនោះគឺ សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ និងលោក ហ៊ុន សែន។ (ចុចត្រង់នេះ អានខ្លឹមសារព្រះរាជសារទាំងស្រុង)។

រឿងនេះ មាន​ជំពាក់វាក់វិនវែងឆ្ងាយ ក្នុងប្រវត្តិសាស្ត្រ រវាងកម្ពុជា និងវៀតណាម ជា​ពិសេស​​​រឿង​ដែល​រាជរដ្ឋាភិបាល​ សម្តេច នរោត្តម សីហនុ ក្នុងសម័យសង្គមរាស្ត្រនិយម ធ្លាប់​បានផ្តល់ដីព្រំដែនខ្មែរ ឲ្យចលនាតស៊ូវៀតណាម បោះទីតាំងឈរជើង ប្រឆាំងតបនឹងកងទ័ពអាមេរិកាំង ក្នុងសម័យសង្គ្រាមវៀតណាម។

កាលនៅជាមេដឹកនាំចលនាតស៊ូនោះ លោក ហូ ជីមិញ ធ្លាប់​បានទទួល​ស្គាល់ទឹកដី កម្ពុជាក្រោម ជារបស់ខ្មែរ ហើយថែមទាំង​បានសន្យាថា «ប្រគល់ឲ្យភាគីខ្មែរវិញ នៅពេល​វៀតណាម​​​កុម្មុយនីស្ត ឈ្នះសង្គ្រាម» នៅឆ្នាំ ១៩៧៥។ ប៉ុន្តែកិច្ចសន្យានេះ ត្រូវបានបំភ្លេច​ចោល​ទាំង​ស្រុង ហើយចំអកឲ្យភាគីខ្មែរថា «បើចង់បាន​ទឹកដី​កម្ពុជាក្រោម សូមទៅគាស់​ខ្មោច ហូ ជីមីញ ឲ្យរស់ឡើងវិញទៅ»

ខាងក្រោមនេះ ជាលិខិតសរសេរដោយផ្ទាល់ដៃរបស់ លោក ហូ ជីមីញ។ ប្រែ​សម្រួល​ពីភាសា​វៀតណាម ដោយលោក លន់ ណារ៉ា ដែលត្រូវបានចែកចាយ​​ទូលំទូលាយ លើបណ្តាញ​សង្គម​កន្លងទៅ។

ខ្លឹមសារលិខិត៖ សូមគោរពប្រជាជនខ្មែរក្រោម អរគុណអនេកប្បការ! ខ្ញុំ ហូ ជីមិញ តាំងនាមឲ្យប្រទេស ជាប្រមុខរដ្ឋនៃ សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម សុំប្រកាសជា​ឳឡារឹក​ថា៖

១. ទឹកដីដែលយើងខ្ញុំ តែងតែហៅថា វៀតណាមខាងត្បូង, បារាំង ហៅថា កូសំាងស៊ីន តាម​ពិតគឺជាទឹកដីរបស់ ខ្មែរកម្ពុជាក្រោម។
២. ទឹកដីកម្ពុជាក្រោមនេះ ស្ថិតនៅក្រោមការគ្រប់គ្រង ព្រមទាំងជា​កម្មសិទ្ធិ​របស់ប្រជាជន​ខ្មែរ កម្ពុជាក្រោម។
៣. ជាមួយនឹងការពិតនេះ ជនជាតិវៀតណាមទាំងអស់ ដែលរស់នៅ នៅលើ​​ទឹក​ដី​​កម្ពុជា​ក្រោម គ្រាន់តែជាជនមកតាំងទីលំនៅបណ្តោះអាសន្ន មិនមានសិទ្ទិសំរេចអី្វ ទាក់ទងទៅ​នឹង​ បូរណភាព និង សិទ្ធិជាម្ចាស់ទឹកដី នេះ។

ប្រជាជនវៀតណាមយើងខ្ញុំ ជំពាក់​គុណជានិច្ច ដល់ការជ្រោមជ្រែងការពារយើងខ្ញុំ នៅ​លើ​ទឹក​ដី​នេះ។ យើងខ្ញុំសូមសច្ចាថា នឹងស្មោះត្រង់ ទៅនឹងផលប្រយោជន៍របស់អស់លោក-អ្នក លើ «ទឹកដីជាបូរណភាព» របស់លោក-អ្នក។

ហាណូយ ថ្ងៃទី ៣ ខែ ៥ ឆ្នាំ ១៩៤៥
(ហត្ថលេខា) ហូ ជីមិញ

……………….
វីដេអូឯកសារ៖ សម្តេច នរោត្តម សីហនុ បានរំលឹកលោក ហ៊ុន សែន ថាព្រះអង្គ បាន​ជួយ​យួន ឲ្យបង្រួបបង្រួមវៀតណាមខាងជើង និងខាងត្បូង រហូតអស់​រាជបាល័ង្គ។ ព្រះអង្គមានបន្ទូលថា «យួន​ជាក្រពើ»។

Advertisements