Update: ករណីក្រុមហ៊ុនធីង៉ាអភិវឌ្ឍ បំផ្លាញព្រៃឈើនៅខេត្តព្រះវិហារ ត្រូវ​បាន​​សារព័ត៌​មាន​ជាតិ​-​អន្តរជាតិ ចុះផ្សាយ​​ជាញឹក​ញាប់ ភ្ជាប់​សេចក្តីព្រួយបារម្ភ​របស់​​ប្រជាសហគមន៍ និង ក្រុមសកម្មជន​​បរិស្ថាន អំពីវិនាស​កម្មព្រៃឈើខ្មែរ រួចហើយអំពាវនាវយ៉ាង​ទទូច ឲ្យរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ពិនិត្យឡើងវិញ នូវកិច្ចសន្យា​ផ្តល់ដីសម្បទាន​សេដ្ឋកិច្ច និង​ពិនិត្យមើលភាព​ជាក់ស្តែង ដែលក្រុមហ៊ុននេះ បាន​រំលោភកិច្ចសន្យា ដើម្បី​ចាត់ការ​តាម​ច្បាប់ ប៉ុន្តែគ្មានមន្រ្តីរដ្ឋាភិបាលណាម្នាក់ យកចិត្តទុកដាក់ចាត់ការនៅឡើយទេ មកទល់ខែ មីនា ២០២០ នេះ។

យោងតាមឯកសារជាភាសាអង់គ្លេសរបស់ ក្រុមហ៊ុនធីង៉ាអភិវឌ្ឍ ជា​ក្រុមហ៊ុន​​វៀតណាម បាន​​ទទួល​​ការអនុញ្ញាត​​ពីក្រសួងកសិកម្ម អភិវឌ្ឍដីសម្បទានសេដ្ឋកិច្ចរយៈពេល ៧០ ឆ្នាំ មានទំហំដី ៦០៦០ ហិកតា នៅស្រុកវាលវែង ខេត្តព្រះវិហារ។ ឈ្មោះ ឡេង រិទ្ធី (Leng Rithy) ជាជនជាតិវៀតណាម បានចុះឈ្មោះ​ក្រុមហ៊ុននេះ នៅក្រសួងកសិកម្ម តាំង​ពីថ្ងៃទី ២៥ កញ្ញា ២០០៩។ ក្រុមហ៊ុននេះ មានឈ្មោះអាក្រក់ ក្នុងរកស៊ី​ការកាប់បំផ្លាញព្រៃឈើខ្មែរ រួចនាំយកទៅលក់នៅប្រទេសវៀតណាម ដូចក្រុមហ៊ុនរកស៊ីឈើ នៅកម្ពុជាដទៃទៀតដែរ។

ជាថ្មីម្តងទៀត របបដឹកនាំរបស់លោក ហ៊ុន សែន គប្បីសើរើកុងត្រា និងត្រួតពិនិត្យឡើងវិញ នូវ​សកម្មភាព​ធ្វើអាជីវកម្ម​របស់​ក្រុមហ៊ុន ធីង៉ាអភិវឌ្ឍ ភ្ជាប់ជាមួយ​រឿងមិន​ប្រក្រតី​នានា ដែល​ពលរដ្ឋខ្មែរ នៅ​ខេត្តព្រះវិហារ ធ្វើការ​ចោទប្រកាន់ក្រុមហ៊ុននេះ ថាមានពាក់ព័ន្ធការបំផ្លាញព្រៃឈើនោះ។ ( Update:អត្ថបទបន្ថែមដោយ នគរ / ១៥ មីនា ២០២០)


សហគមន៍​ព្រៃ​ឡង់ ​ខេត្ត​ព្រះវិហារ និង​សកម្មជន​បរិស្ថាន ស្នើ​ឱ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​អាជីវកម្ម​ឈើ​ខ្នាត​ធំ របស់​ក្រុមហ៊ុន ធីង៉ា អភិវឌ្ឍន៍

(វិទ្យុអាស៊ីសេរី RFA /ដោយអ្នកស្រី សុ ជីវី /០២ កុម្ភៈ ២០២០)
សហគមន៍​ព្រៃ​ឡង់ ខេត្ត​ព្រះវិហារ និង​សកម្មជន​បរិស្ថាន ស្នើ​ឱ្យ​គណៈកម្មការ​ជាតិ​​ទប់​ស្កាត់ និង​បង្ក្រាប​​បទ​ល្មើស​​ព្រៃ​ឈើ ពិនិត្យ​ពី​ភាព​មិន​ប្រក្រតី នៃ​អាជីវកម្ម​​ឈើ​ខ្នាត​ធំ របស់​​ក្រុមហ៊ុន ធី ង៉ា អភិវឌ្ឍន៍ និង​វិនិយោគ (THY NGA CO., LTD. DEVELOPMENT AND INVESTMENT) ដែល​កំពុង​​ធ្វើ​សកម្មភាព​​ដឹក​ឈើ និង​កាប់​ឈើ​​យ៉ាង​គគ្រឹក​​គគ្រេង ជាប់​តំបន់​​ព្រៃ​ឡង់​ ខេត្ត​ព្រះវិហារ។ សហគមន៍​ថា ក្រុមហ៊ុន​នេះ មាន​ម៉ាស៊ីន​អារ​ច្រៀក​ឈើ​ខ្នាត​ធំ​ ក្នុង​ដី​​សម្បទាន​សេដ្ឋកិច្ច និង​មាន​​រថយន្ត​ប៉ាកុង​​ដឹក​ឈើ ៧ គ្រឿង។

សហគមន៍​ព្រៃ​ឡង់​ ខេត្ត​ព្រះ​វិហារ និង​សកម្មជន​បរិស្ថាន​ សង្ស័យ​ថា ក្រសួង​កសិកម្ម​ មាន​ចេតនា​​បើក​ដៃ ​ឱ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ធីង៉ា អភិវឌ្ឍន៍ ធ្វើ​អាជីវកម្ម​ឈើ​ខ្នាត​ធំ នៅ​​ជាប់​ព្រៃ​អភិរក្ស។ ពួក​គេ​រក​ឃើញ​ថា ក្រុមហ៊ុន ធីង៉ា អភិវឌ្ឍន៍ កំពុង​ធ្វើ​សកម្មភាព​ដឹក​ឈើ និង​កាប់​ឈើ​យ៉ាង​គគ្រឹកគគ្រេង ផ្អែក​តាម​​លិខិត​អនុញ្ញាត ពី​ក្រសួង​​កសិកម្ម ធ្វើ​ការ​ឈូស​ឆាយ ក្នុង​អនុ​តំបន់ ៤ និង​អនុ​តំបន់ ៥ ទោះ​ជា​លិខិត​នោះ ​មិន​បាន​កំណត់​ទីតាំង​ឈូស​ឆាយ​​ច្បាស់លាស់​​ក៏​ដោយ។

ប្រជា​សហគមន៍​ព្រៃ​ឡង់ ខេត្ត​ព្រះ​វិហារ លោក ស្រី ថី ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី ២ កុម្ភៈ​ ថា ក្រុមហ៊ុន ធីង៉ា អភិវឌ្ឍន៍​ កំពុង​ធ្វើ​សកម្មភាព​កាប់​ឈើ​មូល​ មាន​មុខ​កាត់ ២ តឹកឡើង​ទៅ ប្រវែង ៤ ម៉ែត្រ ឋិត​នៅ​ជាប់​ព្រៃ​ឡង់ ក្នុង​ឃុំ​រៀបរយ ស្រុក​រវៀង ខេត្ត​ព្រះវិហារ។ លើស​ពី​នេះ លោក​ថា ក្រុមហ៊ុន​បាន​ប្រើ​រថយន្ត​កែច្នៃ ៧ គ្រឿង និង​គ្រឿង​ចក្រ​មួយ​ចំនួន​ទៀត ធ្វើ​​​សកម្មភាព​ដឹក​ឈើ និង​កាប់​ឈើ នៅ​ចំណុច​អូរ​ឡង់ រួច​ដឹក​ចូល​ការដ្ឋាន​របស់​ក្រុមហ៊ុន ដើម្បី​អារ​ច្រៀក​ធ្វើ​អាជីវកម្ម។ លោក​ថា ក្រុមហ៊ុន​នេះ បាន​ចាប់​ផ្ដើម​ដំណើរ​ការ​អាជីវកម្ម​ឈើ​ខ្នាត​ធំ ជាង ១ ខែមកហើយ ដែល​ជា​ហេតុ ធ្វើ​ឱ្យ​សហគមន៍​ព្រៃ​ឡង់​ភ័យ​ព្រួយ​ពី​ជោគវាសនា​ព្រៃ​ឡង់​នៅ​ថ្ងៃ​អនាគត៖ «ក្រុមហ៊ុន​ហ្នឹង​គេ ប្រមូល​កាក​សំណល់​ចាស់​ពី​មុន ក៏​ប៉ុន្តែ​មិន​ប្រមូល​កាក​សំណល់​ចាស់​មុន​ទេ កាប់​ឈើ​សា​ថ្មី​ទៀត។ គេ​ដាក់​អា​ថ្មី​កណ្ដាល ដាក់​អា​ចាស់​ខាងៗ គេ​កាប់​ព្រៃ​ដែល​គេ​ស្នើសុំ​ពី​មុន​មក ក៏​ប៉ុន្តែ​ច្បាប់​គេ​មិន​ទាន់​មាន​សុក្រឹតភាព​ទេ ពុំ​ទាន់​មាន​ការ​អនុញ្ញាត​ទេ គ្រាន់​តែ​សុំ​បន្តិច​កាប់​ភ្លាម​តែ​ម្តង អត់​មាន​ពី​ណា​ឱ្យ​ទេ។ គេ​ប្រមូល​ឈើ​ហើយ គេ​ច្រៀក​រ៉ៃ​ហើយ»។

លិខិត​មួយ​សន្លឹក ដែល​អាស៊ី​សេរី​ទទួល​បាន មាន​ហត្ថលេខា​អ្នក​នាំ​ពាក្យ ​ក្រសួង​កសិកម្ម លោក ស្រី វុឌ្ឍី ចុះ​ថ្ងៃ​ទី ៣ ខែ​មករា ឆ្នាំ ២០២០ ជម្រាប​ទៅ​នាយក​ក្រុមហ៊ុន ធីង៉ា អភិវឌ្ឍន៍ បាន​បង្ហាញ​ពី​កម្មវត្ថុ ​ដែល​ក្រុម​​ហ៊ុន ​សុំ​ការ​អនុញ្ញាត​ឈូស​ឆាយ ​ក្នុង​អនុ​តំបន់ ៤ និង ​អនុ​តំបន់ ៥ ដោយ​យោង​លើ​របាយការណ៍ ​របស់​គណៈកម្មការ​ចរចា លក់​ផល អនុផល​ព្រៃ​ឈើ ដែល​ទទួល​បាន​ពី​ការ​ឈូស​ឆាយ ក្នុង​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច។ លិខិត​នោះ មិន​បាន​កំណត់​ទីតាំង​ ដែល​ត្រូវ​ឈូស​ឆាយ ត្រឹម​ណា​ឱ្យ​ជាក់លាក់​នោះ​ទេ។

អាស៊ី​សេរី​ បាន​ព្យាយាម​ទាក់ទង អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម លោក ស្រី វុឌ្ឍី ដើម្បី​​សុំ​ការ​បំភ្លឺ​​បន្ថែម​​បញ្ហា​នេះ តែ​ទូរស័ព្ទ​របស់​លោក មិន​អាច​ទាក់ទង​បាន​នៅ​ថ្ងៃ​ទី២ កុម្ភៈ។ ចំណែក​ភាគី​ក្រុមហ៊ុន​ ក៏​មិន​ទាន់​អាច​ទាក់ទង​បាន​ដូចគ្នា។

មន្ត្រី​តស៊ូ​មតិ​នៃ ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ឹក សោភ័ណ ថ្លែង​ថា រដ្ឋាភិបាល​ ​បាន​​សម្រេច​បញ្ជា​​ឱ្យ​ក្រសួង​កសិកម្ម បញ្ឈប់​ការ​ចេញ​លិខិត​អនុញ្ញាត​ ឱ្យ​នាំ​ឈើ​ចេញ ឬ​ហៅ​ថា PC  ពី​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំង​អស់ ដូច្នេះ​លោក​ថា ភាព​មិន​ប្រក្រតី​នៃ​អាជីវកម្ម​ឈើ​នេះ អាជ្ញាធរ​​ថ្នាក់​ជាតិ ឬ​គណៈកម្មការ​​ជាតិ​​ គួរ​តែ​ប្រញាប់​​ចុះ​ស៊ើប​អង្កេត​​ជា​បន្ទាន់ ដើម្បី​សង្គ្រោះ​ធនធាន​ធម្មជាតិ​សល់​ចុង​ក្រោយ៖ «វិធានការ​របស់​រដ្ឋាភិបាល​បាន​ដាក់​យ៉ាង​កំហិត​សម្រាប់​ការ​នាំ​ឈើ​ចេញ ឬ​ក៏​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​អ៊ីចឹង ប៉ុន្តែ​ឃើញ​តែ​នៅ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ហ្នឹង ដូច​ជា ក្រុមហ៊ុន ធីង៉ា ជា​ដើម បែរ​ជា​ទទួល​បាន​សិទ្ធិ មិន​ដឹង​ថា ទទួល​បាន​សិទ្ធិ​ពី​អាជ្ញាធរ​កម្រិត​ណា​ទេ ទៅ​ដឹក​ជញ្ជូន​ឈើ ហើយ​កាប់​ឈើ​បន្ថែម។ បែប​ហ្នឹង​ជា​រឿង​មួយ វា​ជា​រឿង​មួយ ផ្ទុយ​ពី​គោល​ការណ៍​ច្បាប់ ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ​មក»។

អ្នក​នាំ​ពាក្យ​គណៈកម្មការ​ជាតិ​ទប់​ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ លោក អេង ហ៊ី មិន​អធិប្បាយ​បញ្ហា​នេះ​ទេ ​ដោយ​លើក​ហេតុផល​ថា ទាក់ទិន​ដី​សម្បទាន​សេដ្ឋកិច្ច​ ជា​សមត្ថកិច្ច​​របស់ ​ក្រសួង​កសិកម្ម។ តែ​យ៉ាង​ណា​លោក​ថា ឱ្យ​តែ​មាន​បទ​ល្មើស​ព្រៃ​ឈើ គណៈកម្មការ​ជាតិ ​នឹង​បង្ក្រាប៖ «ខ្ញុំ​បាន​ជម្រាប​ជូន​ហើយ ឱ្យ​តែ​ល្មើស​ច្បាប់ គឺ​យើង​បង្ក្រាប​ហើយ តែ​ចំពោះ​របស់​គេ គេ​ចេញ​មក​មាន​ច្បាប់​ត្រឹម​ត្រូវ ខ្ញុំ​បង្ក្រាប​របៀប​ម៉េច? សូម​ឱ្យ​សួរ​ទៅ​ក្រសួង​កសិកម្ម ដែល​គាត់​ជា សមត្ថកិច្ច​របស់​គាត់​គ្រប់គ្រង​ខាង​ដី​សម្បទាន​ហ្នឹង»។

សកម្មជន​បរិស្ថាន លោក ហេង ស្រស់  អះអាង​ថា ការ​អនុញ្ញាត​របស់​ក្រសួង​កសិកម្ម​ឱ្យ​ក្រុមហ៊ុន​នេះ ធ្វើ​អាជីវកម្ម​ឈើ​ជាប់​ព្រៃ​ឡង់ គឺ​ជា​ការ​រួម​ចំណែក​បំផ្លាញ​ទំហំ​ព្រៃ​ឈើ​ទ្រង់ទ្រាយ​ធំ​នៅ​កម្ពុជា​ជា​ថ្មី​ទៀត។ លោក​ថា ក្រសួង​កសិកម្ម​នៅ​តែ​ប្រើ​រូបមន្ត​ដដែលៗ ដោយ​ឃុបឃិត​ជា​មួយ​ក្រុមហ៊ុន សម្បទាន​សេដ្ឋកិច្ច ធ្វើ​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ ព្រោះ​ក្រុមហ៊ុន ធីង៉ា អភិវឌ្ឍន៍ មិន​ឃើញ​ដាំ​ដំណាំ​អ្វី​នោះ​ទេ ក្រៅ​តែ​ធ្វើ​សកម្មភាព​កាប់​ឈើ និង​ដឹក​ជញ្ជូន​ឈើ៖ «ក្រសួង​កសិកម្ម​គាត់​ដឹង​ហើយ ឮ​ហើយ​ថា ព្រៃ​ឈើ​ស្រុក​ខ្មែរ​នៅ​សល់​តែ ២០ភាគ​រយ​ទេ ប៉ុន្តែ​ក្រសួង​នៅ​តែ​អនុញ្ញាត​នៅ​តែ​បើក​ដៃ​ឱ្យ​មាន​ដី​សម្បទាន​សេដ្ឋកិច្ច។ នៅ​តែ​បើក​ដៃ​ឱ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ នៅ​ប្រទេស​កម្ពុជា​ដដែល ហើយ​ចំពោះ​សកម្មភាព​ក្រុមហ៊ុន​នេះ​ទៀត​សោត យើង​មើល​ទៅ​មិន​ឃើញ​អភិវឌ្ឍន៍​អ្វី​ទាល់​តែ​សោះ សម្រាប់​ខ្ញុំ ដែល​ខ្ញុំ​ដើរ​សិក្សា​ស្រាវជ្រាវ​ពី​មុន​មក មិន​ដែល​ឃើញ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ទាំង​អស់​ហ្នឹង អភិវឌ្ឍន៍​អ្វី​ជា​ដុំ​កំភួន​សោះ​តែ​ម្តង»

សកម្មជន​បរិស្ថាន ​អះអាង​ថា ក្រុមហ៊ុន ធីង៉ា អភិវឌ្ឍន៍ ទទួល​សិទ្ធិ​វិនិយោគ​បន្ត ពី​ក្រុមហ៊ុន ដួង ស្រូច គ្រុប (DOUNG SROUCH GROUP) ដែល​ធ្លាប់​រង​ការ​ចោទ​ប្រកាន់​ពី​ពលរដ្ឋ​ថា ប្រមូល​ទិញ​ឈើ​ពី​ខាងក្រៅ​ បន្លំ​ចូល​បរិវេណ​ក្រុមហ៊ុន ដើម្បី​បម្លែង​ជា​ឈើ​ស្របច្បាប់៕

.