(អត្ថបទដោយលោក ម៉ែន ណាត នៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា /១៤ មេសា ២០២០)

ជនជាតិវៀតណាម មកតាំងលំនៅ​ក្នុងប្រទេស​កម្ពុជា នៅ​តែ​ជា​ប្រធានបទ​ក្តៅ និង​​បន្ត​មាន​ការខ្វែង​គំនិត​គ្នា រវាង​រដ្ឋាភិបាល លោក ហ៊ុន សែន និង ក្រុម​បញ្ញវន្ត ជាពិសេស​ក្រុម​អ្នក​ធ្វើកិច្ចការ​ព្រំដែន ព្រម​ទាំង​ពលរដ្ឋ​ខ្មែរ។

ភាគី​បក្ស​កាន់អំណាច រួមទាំង​​ព្រះមហាក្សត្រ​បច្ចុប្បន្ន​ផង ត្រូវ​បាន​មជ្ឈដ្ឋាន​​ទូទៅ មើល​ឃើញ​​ថា មាន​ភាព​ទន់ភ្លន់​ជ្រុល​ពេក ជាមួយ​រដ្ឋាភិបាល​វៀតណាម ជុំវិញ​ការផ្តល់​ឯកសារ​ស្រប​ច្បាប់ ដល់​ជន​ជាតិ​វៀតណាម​ខុស​ច្បាប់ (ឬ យួន​ខុស​ច្បាប់) នៅ​កម្ពុជា និង​​ជួយ​​សម្រួល​​ការ​រស់នៅ​របស់​ពួក​គេ។

ក្រុមអ្នកស្រាវជ្រាវ​កិច្ចការ​ព្រំដែន ដែល​មាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា នៅ​​ប្រទេស​​បារាំង និង ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ព្រម​ទាំង សមាគម​និស្សិតបញ្ញវន្ត​ បាន​យល់ឃើញ​ស្របគ្នា​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​បាន​គោរព​កិច្ចព្រម​ព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ ១៩៩១ និង រដ្ឋធម្មនុញ្ញ ១៩៩៣ របស់កម្ពុជា​ឲ្យ​ត្រឹម​ត្រូវ​ទេ​។ កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស តម្រូវ​ឲ្យ​រដ្ឋាភិបាល ត្រូវ​លុប​ចោល​រាល់​សន្ធិសញ្ញា និង កិច្ចព្រម​ព្រៀង​ទាំង​ឡាយណា ធ្វើ​ឡើង​នៅ​មុន​ទសវត្សរ៍ ១៩៩០។ ហើយ​រដ្ឋធម្មនុញ្ញ មាត្រា ៥៥ ក៏បាន​បញ្ជាក់​ឡើង​វិញ​យ៉ាង​ដូច្នោះ​ដែរ។

ករណីជន​អន្តោប្រវេសន៍​យួន នៅ​កម្ពុជា គឺចូល​មក​រស់នៅ​តាំង​ពីឆ្នាំ ១៩៧៩ និង​​ឆ្នាំ​បន្ត​បន្ទាប់​​​​​រហូត​សព្វថ្ងៃ។ តាម​ប្រវត្តិសាស្ត្រ គ្មានជន​ជាតិ​វៀតណាម​ រស់​នៅ​បាន​ទេ ក្នុង​​សម័យ លន់ នល់ និង​របបខ្មែរ​ក្រហម ពីព្រោះ​របប​ទាំង ២ នេះ បាន​បោស​សម្អាត​រួច​ហើយ។

មានឯកសារ​បញ្ជាក់​ច្បាស់លាស់​ថា រឿង​ជន​ជាតិ​វៀតណាម មក​តាំង​លំនៅ ក្នុង​​ប្រទេស​​កម្ពុជា​នេះ ដោយសារ​​ពួក​គេ សំអាង​លើ សន្ធិសញ្ញា មិត្តភាព និង​សហប្រតិ​បត្តិការ រវាង​កម្ពុជា និង​​វៀតណាម ថ្ងៃទី ១៨ កុម្ភៈ ១៩៧៩ (សូម​ទាញ​យក Download) ដែល​ចុះហត្ថ​លេខា​ដោយ លោក ហេង សំរិន និង លោក ផាម វ៉ាន់ដុង នាយក​រដ្ឋមន្រ្តី វៀតណាម។ សន្ធិសញ្ញានេះ ជាការបើក​ផ្លូវ​ឲ្យ​ជន​ជាតិ​វៀតណាម ហូរ​ចូល​មក​រស់នៅ​កម្ពុជា​យ៉ាង​គំហុក ព្រមទាំង​បើក​ផ្លូវ ឲ្យមាន​ការជួយ​អន្តរាគមន៍​ផែន​កងកម្លាំង​ប្រដាប់​អាវុធ {ដោយ​​«ចំហ» នៅ​មុន​​ឆ្នាំ​ ១៩៩០ និង​ដោយ «សម្ងាត់» ក្រោយ​ឆ្នាំ​ ១៩៩០} បើ​សិន​ភាគី​រដ្ឋាភិបាល លោក ហ៊ុន សែន ត្រូវ​ការ​ជំនួយ​ជា​ចាំបាច់។ ឧទារហរណ៍​ជាក់ស្តែង​ដូចជា​ ​វៀតណាម ជួយ​អន្តរាគមន៍​​លោក ហ៊ុន សែន ក្នុង​ព្រឹត្តិការណ៍​រដ្ឋប្រហារ សម្តេច​ក្រុមព្រះ នរោត្តម រណប្ញទ្ធិ ពី​នាយក​រដ្ឋមន្រ្តីទី១ កាល​ពីថ្ងៃទី ០៥-០៦ កក្កដា ១៩៩៧។

ក្រោយមកទៀត វៀតណាម នៅឆ្នាំ​ ១៩៨៦ តម្រូវ​ឲ្យ​របប​​លោក ហ៊ុន សែន បន្ត​​លើក​​ទឹក​ចិត្ត​​​ជន​ជតិ​​វៀតណាម នៅ​កម្ពុជា ឲ្យ​កាន់​តែ​ក្តៅ​ជាង​មុន​នោះ គឺថាលោក ហ៊ុន សែន ត្រូវ​ចេញ​ សារាចរ​ណែនាំ​ ស្តីពី​ការអនុវត្ត​គោល​នយោបាយ ចំពោះ​អណិកជន​វៀតណាម​​នៅ​កម្ពុជា​ (សូម​ទាញ​យក Download) ដោយ​ចុះហត្ថ​លេខា​នៅ​ថ្ងៃ ២៦ កុម្ភៈ ​១៩៨៦។ ឯកសារ​​​នេះ គឺជា​ផ្នែក​មួយ​ទៀត ដែល​ធ្វើឲ្យ​ជនជាតិ​វៀតណាម (យួន) រស់នៅ​កម្ពុជា ដោយ​គ្មាន​ចាំបាច់​មាន​ឯកសារ​ស្រប​ច្បាប់​ត្រឹម​ត្រូវ​ទេ។ សារាចរនេះ ជួយ​ការពារ​ជនជាតិ​​វៀតណាម រួមមាន ការផ្តល់​ដីធ្លី ទីជម្រក ឧបត្ថម្ភ ផ្តល់​អត្តសញ្ញាណ​ប័ណ្ណ ថែរក្សា និង​ផ្គត់ផ្គង់។ រហូត​មក​ទល់សព្វថ្ងៃ រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​តែ​ជួយ​សម្រួល​ភាព​ស្របច្បាប់ ដល់​ជន​អន្តោប្រវេសន៍​​វៀតណាម​ខុសច្បាប់​​ទាំង​នោះ ដោយ​មាន​ការ​រំលឹក​ជា​ញឹក​ញាប់ និង​ជារៀង​រាល់​ឆ្នាំ ពីសំណាក់​រដ្ឋាភិបាល​​វៀតណាម ក្នុង​រឿង​ហ្នឹង។ ជាក់ស្តែង​ដូចជា ករណី​រដ្ឋាភិបាល លោក ហ៊ុន សែន សម្រេច​​​ផ្តល់​ដីធ្លី ៤០ ហិកតា ឲ្យ​ជនជាតិ​វៀតណាម ជាង ៤០០០ គ្រួសារ ឲ្យធ្វើ​​បម្លាស់​ទី​​ពីផ្ទះ​ទឹក លើ​​បឹង​ទន្លេសាប ទៅ​រស់នៅ​លើគោក នៅ​ខេត្ត​​កំពង់ឆ្នាំង កាល​​ពី​ខែ វិច្ឆិកា ២០១៩ កន្លង​ទៅ។ នេះ​មិនទាន់​រាប់បញ្ចូល​អំពី ការធ្វើ​សន្ធិសញ្ញា​ព្រំដែន​ថ្មីៗ ជាមួយ​​វៀតណាម ដែល​ធ្វើឲ្យ កម្ពុជា រងការខាត​បង់​បូរណភាទឹកដី ទៅ​ខាង​វៀតណាម​ផង​។

គណៈកម្មាធិការ​ព្រំដែន​កម្ពុជា នៅ​ប្រទេស​​បារាំង ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ក្រុម​​បញ្ញវន្ត​និយម​កណ្តាល និង​ថ្នាក់ដឹកនាំ​មួយ​ចំនួន នៃ​គណបក្សប្រឆាំង​ផង បន្ត​ទាមទារ​ឲ្យរដ្ឋាភិបាល​​លោក ហ៊ុន សែន ឲ្យ​គោរព​កិច្ចព្រម​ព្រៀង​ទីក្រុង​ប៉ារីស និង រដ្ឋធម្មនុញ្ញ ឲ្យត្រឹមត្រូវ ហើយ​ត្រូវ​លុបចោល​នូវ សន្ធិសញ្ញា កិច្ចព្រម​ព្រៀង និង​ឯកសារ​មិន​ស្របច្បាប់ ដើម្បី​តម្ក់ល់​ផលប្រយោជន៍​ជាតិ និង​ពលរដ្ឋ​ខ្មែរ​ជាធំ។

បើតាមច្បាប់ «ជនបរទេស​ស្រប​ច្បាប់» មាន​ន័យថា ​ជាជន​​បរទេស​​ដែល​​​​កាន់​​​ឯកសារ​ស្រប​​ច្បាប់ ពីប្រទេស​របស់ខ្លួន ចូល​មក​កម្ពុជា តាម​រយៈ​ការ​​ធ្វើ​ទេសចរណ៍ ការ​ធ្វើ​ពាណិជ្ជកម្ម ឬចូលចូល​ស្នាក់​អាស្រ័យ ក្នុង​រយៈ​ពេល​កំណត់​ណាមួយ ស្រតាម ច្បាប់​អន្តោប្រវេសន៍ ឆ្នាំ​១៩៩៤​ (សូម​ទាញ​យក Download)។ ជន​បរទេស​ទាំង​នោះ អាច​​ចូល​សញ្ជាតិ​កម្ពុជា​បាន ដរាប​ណា​ជនបរទេស​នោះ បាន​បំពេញ​លក្ខខណ្ឌ ស្រប​តាម ច្បាប់​ស្តីពី​សញ្ជាតិ​ខ្មែរ ឆ្នាំ១៩៩៦ (សូម​ទាញ​យក Download) និង​​ត្រូវ​មាន ព្រះរាជ​ក្រឹត្យ ពីព្រះ​មហាក្សត្រ និង​ធ្វើសច្ចា​ប្រណិធាន​ពី តុលាការ​កំពូល ផង។ ករណី​ជន​អន្តោប្រវេសន៍​បរទេស ដែល​កាន់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាត់ិ​ខ្មែរ ដោយ​គ្មាន​ឯកសារ​ព្រះរាជក្រឹត្យ និង​ឯកសារ​ពី​តុលាការ​កំពូល មក​ធ្វើការ​បញ្ជាក់ទេ នោះ​ជន​បរទេស​ទាំង​នោះ គឺថា​នៅ​តែខុស​ច្បាប់ ដោយ​ចាត់ទុក​ថា «ក្លែង​ឯកសារ» 

ចំពោះករណី «គ្មានឯកសារ​ស្របច្បាប់» បាន​ន័យថា ជនជាតិ​វៀតណាម ឬ​ជនជាតិ​ណា​ក៏​ដោយ ដែល​រស់នៅ​កម្ពុជា គឺ​ខុស​ច្បាប់។ ហេតុនេះ​​របប ហ៊ុន សែន មិន​ត្រូវ​ទទួល​យក​លក្ខខណ្ឌ​ណាៗ​ទាំងអស់ ពីរដ្ឋាភិបាល​​វៀតណាម ឬ​រដ្ឋាភិបាល​ណា​ក៏​ដោយ ក្នុង​ការទទួល​ស្គាល់​នូវ​ភាព​ស្រប​ច្បាប់ សម្រាប់​​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ទេ។ បើតាម​ច្បាប់ គឺត្រូវ​តែ​ចាត់​វិធានការ​បញ្ជូន​ជន​បរទេស​ខុស​ច្បាប់ ឲ្យទៅ​ប្រទេស​ដើម​​វិញ៕

ឯកសារសំខាន់ៗ

– សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០១៩ សូមទាញយក Download)
– សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០០៥ លើសន្ធិសញ្ញាកំណត់​ព្រំដែន​រដ្ឋ ឆ្នាំ​១៩៨៥ (សូមទាញយក Download)
– សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និង​វៀតណាម ឆ្នាំ ១៩៨៥ ភ្ជាប់​ជាមួយ​បញ្ជី​ស្ថិតិ ផែន​ទី​​ព្រំដែន ១៩៨៥ (ដើម) Download 
– សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាង​កម្ពុជា និង វៀតណាម ឆ្នាំ ១៩៨៥ (សូម​ទាញ​យក Download)
– កំណត់ហេតុ​ប្រជុំ ជាឯកសារ​សម្ងាត់ ឆ្នាំ​២០០៧ ស្តី​ពី​​​ការបោះបង្គោល​​ព្រំដែន​ ​កម្ពុជា​-​វៀតណាម Download
– កិច្ចព្រមព្រៀង ស្តីពីលក្ខន្តិកៈព្រំដែនគោក ថ្ងៃ ២០ កក្កដា ១៩៨៣ Download
– សារាចរណ៍ណែនាំ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ១៩៨៦ ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន បាន​ផ្តល់​​សិទ្ធិ និង​ជួយ​​ការពារ​ពលរដ្ឋ​​វៀតណាម​​ខុស​ច្បាប់ នៅ​​កម្ពុជា (Download)
– លិខិតលោក ប្រេវីយេ (Brevie) កោះត្រល់ ថ្ងៃ ៣១ មករា ១៩៣៩ (សូម​ទាញ​យក ជាអង់គ្លេស និង ជាបារាំង និងបកប្រែក្រៅផ្លូវការ ភាសាខ្មែរ)
– សន្ធិសញ្ញាតំបន់ទឹកប្រវត្តិសាស្រ្ត ថ្ងៃ ៧ កក្កដា ១៩៨២ រវាងលោក ហ៊ុន សែន និង ង្វៀង កូថាច់ (សូម​ទាញយក​ «ច្បាប់ដើម» Download ឬទាញ​យក​ «ចម្លង» Download)
– សន្ធិសញ្ញា មិត្តភាព និងសហប្រតិបត្តិការ កម្ពុជា-វៀតណាម ១៩៧៩ Download
– កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ Download
– ច្បាប់អន្តោប្រវេសន៍ ឆ្នាំ១៩៩៤ Download
– ច្បាប់ស្តីពីសញ្ជាតិខ្មែរ ឆ្នាំ១៩៩៦ Download

.

Advertisements