លោក ទូច វិបុល ប្រធាន​ក្រុមពលរដ្ឋនិយម បាន​និយាយ​ទិតៀន​ចំៗ ទៅ​លើ​លោក សម រង្ស៊ី អតីត​មេដឹកនាំ​បក្ស​សង្គ្រោះជាតិ និង​ក្រុម​អ្នកគាំទ្រ​របស់​លោក ថា​បាន​និង​កំពុង​សាបព្រោះ​នូវ​អំពើ​ជេរ​ប្រមាថ ​លាបពណ៌​គេ​ឯង ដូច​ក្រុម​របស់​លោក ខឹម វាសនា ដែរ ដោយ​គ្រាន់​តែ​ប្រើ​វិធីសាស្ត្រ​រៀងៗ​ខ្លួន។ លោក វិបុល សង្កត់​ធ្ងន់​ថា «នៅ​ក្នុង​ឆាក​នយោបាយ យើង​ឃើញ​មាន​បុគ្គល​ពីរបី​នាក់​ឆ្នើមៗ នៅ​ក្នុង​ការសាបព្រោះ​នូវ​វប្បធម៌​ជេរប្រមាថ​គ្នាគឺ លោក ខឹម វាសនា និង​លោក សម រង្ស៊ី។ អ្នក​នយោបាយ​នេះ ប្រើ​ទ្រឹស្តីមួយ​គឺ «ជេរបុគ្គល​ទាំងឡាយ​ណា​ ដែល​ត្រូវជេរ»។ រីឯខាង​រដ្ឋាភិបាល​កម្ពុជា {លោក ហ៊ុន សែន} គឺ​គាត់ប្រើ​ទ្រឹស្តី​ប្រហាក់​ប្រហែល​គ្នា ត្រង់​ថា «ចាប់បុគ្គល​ទាំងឡាយ​ណា ដែល​ត្រូវចាប់​ដាក់​គុក»»

ការលើកឡើង​របស់លោក ទូច វិបុល បាន​ធ្វើ​ឡើង​ក្នុង​កម្មវិធី​ផ្សាយ​ពិសេស​របស់​សារព័ត៌មាន The Cambodia Daily ស្តីពី​បញ្ហាវិវាទ​ព្រំដែន​កម្ពុជា និង​​វៀត​ណាម មាន​វាគ្មិនពីររូបគឺ លោក ម៉ែន ណាត ប្រធាន​​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​លោក ទូច វិបុល ជា​ប្រធាន​​ក្រុមពលរដ្ឋនិយម ហើយ​កម្មវិធី​នេះ ​សម្រ​ប​​សម្រួល​ដោយ​លោក តាំង សារ៉ាដា នៅ​ល្ងាចថ្ងៃទី ៣០ ខែ​មេសា ឆ្នាំ​២០២០។

លោក ម៉ែន ណាត បានថ្លែង​លំអិត​ទៅលើ​ការងារ​ផ្លូវច្បាប់ ឯកសារ និង​យន្តការ​ដោះស្រាយបញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា ជាមួយ​វៀតណាម ជាពិសេស​ករណី​ទាហាន​វៀតណាម រំលោភ​ឈ្លានពាន​ចូល​ក្នុង​ទឹកដី​ខ្មែរ នៅ​ចំនុច​ព្រំដែន ស្រុក​កោះធំ ខេត្ត​កណ្តាល កាល​ពីថ្ងៃទី ២៦ ខែមសា សប្តាហ៍មុន។ លោក ម៉ែន ណាត ​បញ្ជាក់ថា «ក្រសួង​ការបរទេស លោក ប្រាក់ សុខុន គ្រោង​ធ្វើលិខិត​កំណត់ទូត តវ៉ាទៅ​វៀតណាម គឺជារឿង​ល្អ​ហើយ ប៉ុន្តែ​​នឹង​មិនមាន​ប្រសិទ្ធភាព​ទេ ដូច​ការតវ៉ា​នា​ពេល​កន្លង​មក​ដែរ។ រដ្ឋាភិបាល យកល្អ ត្រូវធ្វើ​បណ្តឹង ប្តឹង​វៀតណាម ទៅកាន់​សហប្រធាន​កិច្ចព្រមព្រៀង​ទីក្រុងប៉ារីស ១៩៩១ និង​តុលាការអន្តរជាតិ ដូចដែល​វៀតណាម ប្តឹង​ប្រទេសចិន ទៅតុលាការ​អន្តរជាតិ អំពីរឿង​ព្រំដែនទឹក នៅ​ឈូងសមុទ្រ​ចិន​ខាងត្បូង»

ដោយឡែកលោក ទូច វិបុល ឆ្លើយតប​ទៅកាន់​សំណួរ​របស់​លោក តាំង សារ៉ាដា និង​ប្រិយមិត្ត​អ្នកស្តាប់ ជុំវិញ​ជំហរ​នយោបាយ​រវាង​លោក សម រង្ស៊ី និង​លោក កឹម សុខា រួមទាំង​ទស្សនៈ​ដែល​ចង់បង្កើត «រណសិរ្សរួមរួម​អ្នក​ប្រឆាំង» យ៉ាង​ដូច្នេះ​ថា «ឥរិយាបថ និង​គោលនយោបាយ​របស់លោក កឹម សុខា និងលោក សម រង្ស៊ី គឺខុសគ្នា។ លោក កឹម សុខា គាត់សាបព្រោះ​នូវធម៌អហិង្សា និង​ក្រមសីលធម៌​សង្គម ដែល​ផ្ទុយទាំង​ស្រុង​ពីលោក សម រង្ស៊ី ដែល​ធ្វើការជេរ​ប្រមាថ​គេឯង​គ្រប់គ្នា។ សូមប្បីលោក កឹម សុខា ក៏ត្រូវ​បានលោក សម រង្ស៊ី ធ្លាប់​ហៅ​ថា​ជាជនក្បត់ជាតិ ជាអាយ៉ង ហ៊ុន សែន ដែរ»

លោក ទូច វិបុល បានហៅអ្នក​ដែល​មានគំនិត​ចង់បង្កើត «រណសិរ្សរួមរួមអ្នកប្រឆាំង» នោះថា «ជាការលើក​ឡើង​គ្មាន​គោលការណ៍»។ លោក​បន្ថែមថា «លោក សម រង្ស៊ី និងក្រុម CNRP-O {បក្ស​សង្គ្រោះជាតិនាយ​សមុទ្រ} បាន​បរាជ័យ​ឡុងចុង តាំង​ពី​ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី។ បើមាន​គំនិត​ធ្វើអ្វី​ទៀត នោះគឺជា​ការភូតភរ​គេ​បន្ថែម​ទៀត​តែ​ប៉ុណ្ណោះ»

ក្នុងចុង​ម៉ោង​នៃកិច្ចពិភាក្សា​នៅថ្ងៃ​ដដែល លោក ទូច វិបុល បាន​ថ្លែង​ថា «កុំ​មក​​ហៅ​ខ្ញុំ​​ទៅ​​សាមគ្គីភាព​​ជាមួយ​​​អ្នក​នយោបាយ​​លេង​​ល្បែង [និង] ជាមួយ​​លោក សម រង្ស៊ី ជាអ្នក​​សាប​​ព្រោះ​​​ការ​ប្រមាថ​​ លាប​ពណ៌» ដែល​លោក វិបុល យល់​ថា​ វាជាប្រភេទ​នៃ​វប្បធម៌​ហិង្សា ដែល​មានទម្រង់​ស្រដៀង​គ្នា ទៅ​នឹង​សារនយោបាយ​របស់​លោក ហ៊ុន សែន ជា​មេដឹកនាំ​ផ្តាច់ការ​សព្វថ្ងៃ​ដែរ។

លោក ទូច វិបុល មិនបញ្ចេញឈ្មោះ​អ្នកនយោបាយ​ណាម្នាក់ ជាស្តេច​ល្បែង​ទេ ប់ុន្តែ​ទំនង​ជា​លោក ចង់សំដៅ​ទៅ​កាន់​លោក អេង ឆៃអ៊ាង ជា​ញឹកញាប់​បាន​បែកធ្លាយ​ព័ត៌មាន​ក្នុង​កាស៊ីណូ ដែល​ជាមនុស្សជំនិត​បំផុត​របស់​លោក សម រង្ស៊ី៕

អត្ថបទដោយ នគរ / ០២ ឧសភា ២០២០

.