«បើសិនលោក ហ៊ុន សែន មេដឹកនាំ​កម្ពុជា នៅ​តែ​ប្របូក​ច្របល់​ជាមួយ​វៀតណាម គឺ​ថា​​កម្ពុជា​​យើង​​នឹង​រួញ​​ទឹកដី​តូច​បន្ថែម​ទៀត ក្នុង​​ខណៈ​គាត់​នៅ​ដឹកនាំ​ប្រទេស»។ នេះ​​ជា​ការ​លើក​ឡើង​របស់​​លោក ម៉ែន ណាត ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា នៅ​ក្នុង​កិច្ចពិភាក្សា​ពិសេស​ជាមួយ​សារព័ត៌មាន ឌីខេមបូឌា ដេលី (The Cambodia Daily) នាថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២០ ម៉ោង​នៅ​កម្ពុជា។

កិច្ចពិភាក្សា​ពិសេសនេះ កើត​មាន​ឡើង​បន្ទាប់​ពីទាហាន​វៀតណាម ចូល​បោះតង់ ៩ កន្លែង​​ផ្សេង​​គ្នាដោយ​​​រំលោភ​​ឈ្លាន​ពាន​​ទឹកដីខ្មែរ នៅ​តំបន់​មាន​ជម្លោះ​ព្រំដែន «តំបន់ស» ក្នុង​ស្រុក​កោះធំ ខេត្ត​កណ្តាល កាល​ពី​ថ្ងៃទី​ ២៦ មេសា ក្រោម​ហេតុផល​ទប់ស្កាត់​ជំងឺ​កូរ៉ូណា ឬកូវីដ១៩។

ឆ្លើយសំណួរ​របស់លោក តាំង សារ៉ាដា អ្នកសម្រប​សម្រួល​កម្មវិធី​ដែលថា «តើរួញទឹកដី និង​រួញ​អំណាច {លោក ហ៊ុន សែន} យក​មួយ​ណា​ទៅ?»។ លោក ម៉ែន ណាត បាន​ឆ្លើយថា «ក្នុង​ចិត្ត​លោក ហ៊ុន សែន បច្ចុប្បន្ន​នេះ អត់​មាន​ការពិចារណា​អី​ច្រើន​ទេ​ថា ទឹកដីកម្ពុជា ត្រូវ​តែ​ពង្រីក ឬ​រក្សា​ទំហំ​ ១៨១.០៣៥ គីឡូ​ម៉ែត្រ​ក្រឡា​ហ្នឹង​បាន​ទេ។ លោក ហ៊ុន សែន អត់​សូវ​ខ្វល់​​រឿង​ហ្នឹងទេ។ តែ​បើសិន​ជា​គាត់ខ្វល់ គាត់​មិន​មែន​ទៅ​ចុះ​ហត្ថលេខា​ថ្មី {សន្ធិសញ្ញា​ព្រំដែន​​បំពេញ​បន្ថែម ឆ្នាំ​២០១៩ } ជាមួយ​វៀតណាម​ទេ»។ លោក ម៉ែន ណាត បន្តថា «បើ​សិន​​ជា​​លោក ហ៊ុន សែន {ធ្វើ}ដើម្បី​ចង់រក្សា​អំណាច​តកូនចៅ និង​បក្ខពួក នោះ​គាត់ត្រូវ​តែ​ពឹង​ប្រទេស​ចិន ពីព្រោះ​ចិន ផ្តល់​ប្រយោជន៍​ច្រើន​សម្រាប់​គាត់»។ ជាមួយគ្នា​នេះ លោក​បន្ថែម​ថា កម្ពុជា​​ត្រូវ​សម្លឹង​មើល​ឲ្យ​បាន​វែងឆ្ងាយ​ និង​ត្រូវ​តែ​បើក​ចិត្ត​ទូលាយ សហប្រតិបត្តិការជាមួយប្រទេសលោក​សេរី។

លោក ទូច វិបុល ប្រធាន​ក្រុមពលរដ្ឋនិយម បាន​ផ្តល់​យោបល់​ក្នុង​កិច្ចពិភាក្សា​ពិសេស​​នេះ​ដែរ​​ថា កម្ពុជា​គប្បី​​សហប្រតិបត្តិការ​​ជាមួយ​ប្រទេស​លោក​សេរី មាន​អាមេរិក អឺរ៉ុប ដើម្បីស្តារ​សិទ្ធិ​មនុស្ស និង​លិទ្ធិ​ប្រជាធិបតេយ្យ ព្រមទាំង​រក​ចំណុច​ឯកភាព​ជាតិ ក្នុង​ការដោះស្រាយ​បញ្ហាបូរណភាព​ទឹកដី ដែល​មានប្រវត្តិ​មិនល្អ​ជាមួយ​វៀតណាម រួមទាំង​រឿង​ទឹកដី​កម្ពុជា​ក្រោម​ផង។

ចំពោះលោក ម៉ែន ណាត មាន​សុទិដ្ឋិនិយម​ផ្តល់យោបល់​ថា កម្ពុជា​​គួរ​ត្រូវ​​​ប្រើ​យន្តការអន្តរជាតិ ​ដោះ​ស្រាយ​​​បញ្ហា​​​ព្រំដែន​​​ជាមួយ​​​វៀតណាម​ គឺ​​មាន​​តែ​រដ្ឋាភិបាល​​ខ្លួនឯង ត្រូវ​​មាន​ឯករាជ្យ​ម្ចាស់ការ មានឯកភាព​ជាតិ ហើយ​បង្កើត​ក្រុម​ការងារ​សិក្សា​ច្បាប់ ដើម្បី​ប្តឹង​ទៅ​សហប្រធាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ១៩៩១ និង​ទៅ​តុលាការ​អន្តរជាតិ

លោក តាំង សារ៉ាដា សួរទៀតថា តើលោក ហ៊ុន សែន អាច​ចិត្ត​សឿង​ហ៊ាន​ប្តឹង​ឬ​ទេ? លោក ម៉ែន ណាត ឆ្លើយ​ថា «យើង​អត់​ជឿត​ថា គាត់​ហ៊ាន​​{ប្តឹង}​ទេ។ លោក ផ្តល់​យោបល់​ថា «មុន​នឹ​ង​គាត់​ធ្វើ​កិច្ចការ​ហ្នឹងបាន {ប្តឹង} លុះ​ត្រា​តែ​គាត់ {រដ្ឋាភិបាល} ធ្វើ​មោក្ខភាព {លុបចោល} នូវ​ឯកសារ​ខុសច្បាប់​ចោល​សិន»។

គួរបញ្ជាក់ថា ឯកសារខុសច្បាប់ គឺជា​ប្រភេទ​ឯកសារ​ទាំងឡាយ​ណា ដូចជា​សន្ធិសញ្ញា​ព្រំដែន និង​កិច្ចព្រមព្រៀង​នានា ដែល​កម្ពុជា​បាន​ធ្វើ​ជាមួយ​វៀតណាម នៅ​មុន​ទសវត្សរ័​ទី​៩០ ដែល​ផ្ទុយ​ពី​កិច្ចព្រមព្រៀងទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ និង​ផ្ទុយ​ពីរដ្ឋធម្មនុញ្ញ​កម្ពុជា ឆ្នាំ​១៩៩៣ ត្រង់​​​មាត្រា២ និង​មាត្រា៥៥។ សន្ធិសញ្ញាព្រំដែន​បំពេញ​បន្ថែម ឆ្នាំ​​២០០៥ និង​សន្ធិសញ្ញា​ព្រំដែន​បំពេញបន្ថែម ឆ្នាំ​២០១៩ ដែល​​បាន​អនុលោម​តាម​សន្ធិសញ្ញា​ព្រំដែន​ខុសច្បាប់ ឆ្នាំ​១៩៨៥ ក៏គ្មាន​ភាពស្រប​ច្បាប់​ដែរ ដូចបាន​បញ្ចាក់​ជូន​ខាង​លើ។

លោក ម៉ែន ណាត ក្នុងនាម​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ជំរុញ​ឲ្យ​រដ្ឋាភិបាល​​លោក ហ៊ុន សែន ត្រូវ​​តែ​​លើក​​យក​​បញ្ហា​​ជម្លោះ​ព្រំដែន​​នេះ ដោះ​ស្រាយ​តាម​យន្តការ​អន្តរជាតិ។ លោក ថ្លែង​ថា ដើម្បី​ធ្វើកិច្ចការ​នេះ​បាន ចាំបាច់​ត្រូវ​តែ​មាន​ក្រុមការងារ​ឯករាជ្យ ចូលរួម​ពិភាក្សា ដែល​មាន​ក្រុមអង្គការ​សង្គមស៊ីវិល អ្នកជំនាញព្រំដែន​ឯករាជ្យ និង​អ្នកជំនាញ​ពីប្រទេស​បារាំង នៃ​អតីត​ប្រទេស​អាណានិគម។

ដោយឡែកកាល​ពីថ្ងៃទី២៩ មេសា រដ្ឋមន្រ្តីការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ថ្លែង​ថា​ កម្ពុជា​គ្រោង​ធ្វើ​លិខិត​កំណត់ទូត តវ៉ា​ទៅ​ប្រទេស​វៀតណាម ករណី​ដែល​ទាហាន​វៀតណាម រំលោភ​ចូល​មក​បោះតង់ ក្នុង​តំបន់​មាន​ជម្លោះ «តំបន់ស» នៅ​​ព្រំដែន​ក្នុង​ស្រុក​កោះធំ។

គួររំលឹកថា រដ្ឋមន្រ្តីការបរទេស​កម្ពុជា លោក ហោ ណាំហុង ក្នុង​ឆ្នាំ​​២០១៥ និង​​​ដើម​​ឆ្នាំ ​២០១៦ បាន​​​​​​ធ្វើ​​លិខិត​​​កំណត់​ទូត តវ៉ា​​​ទៅ​​វៀតណាម​​​ជាច្រើន​​​លើក ករណី​​​វៀតណាម ឆ្លង​​ព្រំដែន​​​ចូល​​​​មក​​​ជីកស្រះ ៧ កន្លែង ​នៅ​​ខេត្ត​​រតនគីរី និង សាងសង់​​​ប៉ុស្តិ៍​ព្រំដែន ១ កន្លែង​​ក្នុង​​ទឹកដី​​ខ្មែរ នៅ​​ឃុំ​សំពៅពួន ស្រុក​កោះធំ ខេត្តកណ្តាល។ ប៉ុន្តែ​លិខិត​​កំណត់​ទូត​ តវ៉ា​ទៅ​វៀតណាម​​​ទាំង​នោះ គ្មាន​​បាន​​ទទួល​​លទ្ធផលផ្លែផ្ការទេ៕

(CWCI Cambodia /អត្ងបទដោយ នគរ / ០៣ ឧសភា ២០២០)

អត្ថបទទាក់ទង
ប្រតិកម្ម​ចម្រុះ​ចំពោះ​យោធា​វៀតណាម បោះ​តង់ចូល​ទឹកដី​ខ្មែរ ស្រុក​កោះធំ ជា​ការ​ឈ្លាន​ពាន​ថ្មី​ទៀត​ ខណៈ​ក្រសួង​ការបរទេស​ខ្មែរ គ្រោង​តវ៉ា​ការទូត
– ឯកសារ៖ ក្រុមប្រឹក្សា​ឃ្លាំ​មើល​​កម្ពុជា បង្ហាញ​​​ការ​​​ដោះ​​ស្រាយ​​​​បញ្ហា​​​​បូរណ​ភាព​​​​ទឹក​ដី តាម​​​យន្តការ​​​​​អន្តរជាតិ
ក្រសួងការបរទេសខ្មែរ គ្រោង​ធ្វើ​លិខិត​តវ៉ា​ទៅ​​​​​វៀត​​ណាម ករណី​​បោះ​តង់ រំលោភ​ចូល​​ទឹក​​ដី​​ខ្មែរ ប៉ុន្តែ​ក្រុម​អ្នក​ឃ្លាំមើល ជម្រុញ​ឲ្យ​ដោះ​ស្រាយតាម​យន្តការ​អន្តរជាតិ
លោក ម៉ែន ណាត បញ្ជាក់​មូលហេតុ​​ជុំវិញ​ការ​បោះ​តង់​​នៃ​យោធា​វៀតណាម រំលោភ​ចូល​ទឹកដី​ខ្មែរ
វៀតណាម ​បោះ​តង់​​​នៅ​ស្រុក​កោះធំ ​​​ចូល​​​ទឹក​ដី​ខ្មែរ ជា​​​ការ​​​ឈ្លាន​​ពាន​​​​ទឹក​ដី​​​​ខ្មែរ
អាជ្ញាធរ​ខេត្ត​កណ្តាល ស្នើ​ឲ្យ​ភាគី​វៀតណាម រុះរើ​តង់ ​ចេញ​ពី​តំបន់​ស ខ្សែ​បន្ទាត់​​ព្រំដែន​កម្ពុជា

Men Nath -Hun Sen 2020

Photo 1999 & 2016 - Mr Touch Vibol
Photo 1999 & 2016 – Mr Touch Vibol

Men Nath - Sarada

.