លោក តាំង សារ៉ាដា នៃ​សារព័ត៌មាន​ឌីខេបូឌា ដេលី (The Cambodia Daily) និង​​ជា​​អ្នក​​សម្រប​​សម្រួល​​កិច្ច​​ពិភាក្សា Idea Talk តាម​អនឡាញ នៅ​ល្ងាច​ថ្ងៃទី ១៩ ខែ​ឧសភា ឆ្នាំ​ ២០២០ ទៅ​លើ​ប្រធានបទ «រដ្ឋាភិបាល​​ក្រៅប្រទេស ឬរដ្ឋាភិបាលនីរទេស (?)» ដែល​​មាន​លោក ប៉ាង សុខឿន (ពី​ប្រទេស​ស៊ុយអែត) ជាវាគ្មិន និង​លោក គឹម សុខ (ពី​ប្រទេស​ហ្វាំងឡង់) ជា​វាគ្មិន។

លោក គឹម សុខ អ្នកវិភាគ​នយោបាយ និង​សង្គម និយាយ​បណ្តើរ​សើច​បណ្តើរ អំពី​ការ​លើក​ឡើង​នូវ​គំ​និត​ដែល​ចង់​​បង្កើត​រដ្ឋាភិបាល​ក្រៅប្រទេស យ៉ាង​ដូច្នេះ​ថា «ដូច​ជា​​ការ​​លេង​​លើច​ពេក​ហើយ និង​​មិន​​អាច​​ទទួល​​បាន​​ការ​គាំទ្រ ទាំង​​ពី​ខាង​​ពលរដ្ឋ និង​​ពី​​អន្តរជាតិ​ទេ»។ លោក​ ផ្តល់​​ទស្សនៈ​​ថា «គំនិត​​ដែល​​លើក​​ឡើង​នេះ {រដ្ឋាភិបាល​​នីរទេស} គេ​គប្បី​ត្រូវ​ធ្វើ​តាំង​​ពីឆ្នាំ ២០១៣។ ពេលនោះ គណ​បក្ស​សង្គ្រោះជាតិ ទទួលបានការគាំទ្រ​តាម​ផ្លូវ​ច្បាប់ ទាំង​ពីលរដ្ឋ និង​ពី​​អន្តរជាតិ»។ លោក ពន្យល់​​ថា «ប៉ុន្តែ​ពេលនេះ គឺខុស​ទាំង​ពេល​វេលា ខុស​បរិបទ​នយោបាយ និង​គ្មាន​​កត្តា​អំណោយ​ផលខាង​ផ្លូវ​ច្បាប់ ពីព្រោះគណបក្សសង្គ្រោះជាតិ នៅខាងក្រៅរង្វង់នៃអាណត្តិរដ្ឋសភា បើទោះ​ជារដ្ឋាភិបាល នៃបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន កើតចេញពីការបោះឆ្នោត ស្រប ឬ​មិន​ស្រប​ច្បាប់​ក៏ដោយ។ សម្រាប់​អាណត្តិ​​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​របស់​បក្សប្រឆាំង នៅ​​តែ​​ស្ថិត​​ក្នុង​​បច្ចុប្បន្នភាព​​ផ្លូវ​ច្បាប់ ពី​ព្រោះ​​​អាណត្តិ​​ក្រុមប្រឹក្សា​ហ្នឹង មិន​​ទាន់​​ឆ្លង​ផុត​ ទៅ​ការ​បោះ​ឆ្នោត​​អាណត្តិថ្មី​នៅ​ឡើយ​ទេ»

ចំណែក​លោក ប៉ាង សុខឿន អតីត​ប្រធាន​ចលនិស្សិត​​ដើម្បី​​លទ្ធិ​ប្រជាធិបេយ្យ មាន​​ទស្សនៈ​​​​ថា «គណ​បក្ស​ប្រឆាំង {គណ​បក្ស​សង្គ្រោះ​ជាតិ} គួរតែ​បង្កើត​​រដ្ឋាភិបាល​​ក្រៅ​​ប្រទេស ឬ​​រដ្ឋាភិបាល​​នីរទេស ដែល​​ដឹក​នាំ​​ដោយ​លោក សម រង្ស៊ី ដើម្បី​​តស៊ូ​ប្រឆាំង​​ជាមួយ​​របប ហ៊ុន សែន»។ លោក សុខឿន បន្ត​ថា «យកល្អ លោក​ប្រធាន កឹម សុខា អាច​​​ចាក​​ចេញ​​​ពី​​ប្រទេស មក​​ចូលរួម​​ជាមួយ​​លោក​​ប្រធាន សម រង្ស៊ី នៅ​​​ក្រៅ​ប្រទេស»

គួរបញ្ជាក់ថា ភាពចម្រូងចម្រាស​នយោបាយ ដែល​នាំ​ឲ្យ​ធ្លាក់​ចូល​ក្នុង​វិបត្តិ​ធ្ងន់​ធ្ងរ គឺ​ចាប់​តាំង​​ពី​រដ្ឋាភិបាលលោក ហ៊ុន សែន បាន​បញ្ជា​ចាប់​ឃុំខ្លួន​លោក កឹម សុខា មេដឹកនាំ​បក្សសង្គ្រោះ​ជាតិ ជាបក្ស​ប្រឆាំង​តែ​មួយ​គត់ មានអាសនៈ ៥៥ ក្នុងរដ្ឋសភា (ក្នុង​ចំណោមអាសនៈ​សរុប ១២៣) កាល​ពី​ខែ​កញ្ញា ២០១៧ និង​បាន​ប្រើប្រាស់​តុលាការកំពូល រំលាយគណបក្ស​ប្រឆាំង​នេះ កាលពី​ថ្ងៃទី ១៦ វិច្ចិកា ២០១៧។ រហូត​មកដល់​ពេលនេះ មិន​ទាន់មាន​សញ្ញា​ណា​មួយ​ជាផ្លូវការ ក្នុង​ការដោះស្រាយ​វិបត្តិ​នយោបាយ នៅ​ឡើយ​ទេ។

ឆ្លើតនឹងសំណួររបស់លោក តាំង សារ៉ាដា ដែលថា «បើសិន​ជា​បង្កើត​​រដ្ឋាភិបាល​ក្រៅ​ប្រទេស​​មែន តើ​​ក្រុមមន្ត្រី​​រដ្ឋាភិបាលហ្នឹង អាច​​រស់រាន​​បាន​​រយៈពេល​​ប៉ុន្មាន​ទៅ ខណៈ​​ពលរដ្ឋខ្មែរ​​នៅ​ក្រៅ​​ប្រទេស កំពុង​​ជួប​​ការលំបាក​​​ផ្នែក​​សេដ្ឋកិច្ច​​របស់​គេ​ដែរ ដោយសារ​​ឥទ្ធិពល​​ជំងឺ​កូវីដ១៩?» ភ្លាមនោះលោក ប៉ាង សុខឿន និយាយ​​ទាំង​ស្ទាក់​ស្ទើរ​ថា «ប្រាកដជាបាន! ពីព្រោះ​ពលរដ្ឋខ្មែរ​ដែលធ្លាប់គាំទ្រ​កន្លង​មក នៅតែ​គាំទ្រ​បន្តទៀត»

លោក កឹម សុខ​ ផ្តល់យោបល់​ជុំវិញ​ការលើកឡើង​របស់​លោក ប៉ាង សុខឿន ថា «បើសិន​លោក កឹម សុខា ចាក​ចេញ​ពីកម្ពុជា​មែននោះ នោះ​លោក ហ៊ុន សែន ច្បាស់​ជា​ជិះសេះលែងដៃ​តែម្តង ពីព្រោះ​លោក ហ៊ុន សែន ចង់​បាន​របៀប​ហ្នឹង​យូរ​ហើយ»។ ជាមួយ​ការផ្តល់ទស្សនៈ​ផ្លូវ​ច្បាប់ និង​បរិបទ​នយោបាយ​​រួច​​មក លោក គឹម សុខ បន្ថែម​​ថា «ការតស៊ូ​យ៉ាងស្វិត​ស្វាញ​របស់​លោក កឹម សុខា នៅ​ក្នុង​ប្រទេស {នៅ​លើ​ទីតាំង​​ផ្ទាល់} និង​​ភាព​អត់ធ្មត់របស់​គាត់ បាន​ធ្វើឲ្យគាត់ ទទួល​បានគាំទ្រ​ខ្ពស់បំផុត ខ្ពស់ជាង​នរណា​ទាំងអស់ ក្នុងចំណោម​​អ្នក​​នយោបាយ​​ខ្មែរ និង​​ខ្ពស់ជាង​លោក ហ៊ុន សែន ផង​ដែរ។ លោក កឹម សុខា ត្រូវបាន​​សាទរពីបណ្តា​អ្នក​ការទូត​បរទេស​នានា។ អ្នកការទូត ទៅជួបគាត់ គឺជួបក្នុង​នាមតំណាង​ឲ្យ​ប្រទេស​​របស់​​​គេ​​នីមួយៗ»

លោក ប៉ាង សុខឿន ស្ទាក់ស្ទើរ​ក្នុង​ការសាទរ​ជាមួយ​ លោក គឹម សុខ ដែលថា ការតស៊ូ​នយោបាយ​​របស់​​លោក កឹម សុខា នៅ​ក្នុង​ប្រទេស អាទិភាពចំបង់ ដែលនាំ​ដល់​ការផ្លាស់ប្តូរ​ជាវិជ្ជមាន ដូចជា​ការស៊ូនយោបាយ​របស់​លោកស្រី អ៊ុងសាន ស៊ូជី នៃ​ប្រទេស​ភូមា និង​អ្នកនយោបាយ​ជាច្រើន​ទៀត នៅ​លើ​ពិភពលិក។ ជាមួយគ្នា​នោះ លោក សុខឿន បាន​ហៅការខ្វែង​គំនិត​គ្នា​ ក្នុង​កម្មវិធី​ជជែក​ដេញ​ដោល​នោះ​ថា «ប្រហែលជាលោក គឹម សុខា ចង់បង្កើតក្រុម​អ្វីមួយ ឬធ្វើអ្វីមួយ ទៅតាមគោលបំណងរបស់គាត់(?)»

លោក កឹម សុខ បាន​បញ្ជាក់​តប​វិញថា «ខ្ញុំគ្រាន់តែ​ជា​អ្នក​ផ្តល់យោបល់ ចង់​ឃើញ​អ្នកគាំទ្រ​ខាង​លោក សម រង្ស៊ី និង​ខាង​លោក កឹម សុខា ចេះ​ធ្វើការ​ជាមួយ​គ្នា»។ លោកបន្ថែម​ថា «អ្នកគាំទ្រ​លោក សម រង្ស៊ី មាន​មេដឹកនាំ​របស់​ពួកគេ​ខ្លះ ធ្លាប់​បានប្រាប់​ឲ្យខ្ញុំ ទៅ​រិះគន់​ខាង​លោក កឹម សុខា។ ដល់​ខ្ញុំ​មិន​បាន​ធ្វើតាម​គេ​ណែនាំ ពួកគេ​ក៏បាន​នាំគ្នា​ជេរ​ប្រមាថ​ខ្ញុំ។ ខ្ញុំ​គ្មាន​ចង់​បង្កើត​ស្អីទេ គឺគ្រាន់​តែ​ចង់​ផ្តល់​​គំនិត​យោបល់ ឲ្ប​ភាគី​ទាំង​ពីរ ចេះរួមគ្នា ធ្វើការ​ជាមួយគ្នា​ឡើង​វិញ»

ចុងបញ្ចប់នៃកិច្ចពិភាក្សា​​ក្នុងកម្មវិធី «Idea Talk» របស់​សារព័ត៌​មាន​ឌី​ខេមបូឌា ដេលី​នេះ លោក ប៉ាង សុខឿន បាន​បញ្ជាក់​ថា លោក​​ជា​តំណាង​ឲ្យ​គណបក្ស​សង្គ្រោះជាតិ {សេណារីយ៉ូ របស់​លោក សម រង្ស៊ី} នៅអឺរ៉ុប៕

(អត្ថបទដោយនគរ /២០ ឧសភា ២០២០)

អត្ថបទទាក់ទង
– លោក តាំង សារ៉ាដា សួរ​ថា បើ​​សិន​​ផាត់​​ចោល​​ភាគី​​លោក សម រង្ស៊ី តើ​​ដំណោះ​ស្រាយ​​នយោបាយ​​កម្ពុជា​​ អាច​​ទៅ​​រួច​​ដែរ​​ឬ​​ទេ?
អគ្គរដ្ឋទូតអូស្ត្រាលី និង​បារាំង ជួប​​សួរ​សុខ​ទុក្ខ​​លោក កឹម សុខា ជា​ការ​លើក​ទឹកចិត្ត និង​ជា​សញ្ញា​វិជ្ជាមាន
លោក ទូច វិបុល ថា​លោក សម រង្ស៊ី ល្មម​ចូល​និវត្តិន៍ បន្ទាប់​ពី​​បរាជ័យ​​រយៈ​​ពេល ២៥​ឆ្នាំ និងរំលោភ​គោល​ការណ៍​​​ប្រជាធិបតេយ្យ
អតីត​សមាជិក​សភា​អូស្ត្រាលី និង​​សង្គម​ស៊ីវិល លើក​ទឹក​ចិត្ត​លោក ហ៊ុន សែន និង​លោក កឹម សុខា បន្ត​ជួប​គ្នា​ដោះ​ស្រាយ​បញ្ហា​កម្ពុជា
អគ្គរដ្ឋទូតអឺរ៉ុប និង​​អាល្លឺម៉ង់​ ជួប​សួរ​សុខ​ទុក្ខ​លោក កឹម​ សុខា ហើយ​សាទរ​ថា​ជំនួប​លោក កឹម សុខា និង​លោក ហ៊ុន សែន ជា​រឿង​វិជ្ជមាន
ពលរដ្ឋ និង​ក្រុម​អ្នក​ឃ្លាំមើល រំពឹង​ថា​ជំនួប​រវាង​លោក​ កឹម សុខា និង​លោក ហ៊ុន សែន នាំ​មក​ភាព​វិជ្ជមាន​​នយោបាយ​កម្ពុជា
លោក ទូច វិបុល ថាលោក សម រង្សុី ត្រូវ​តែ​លា​ឈប់​ពី​ប្រធាន​ស្តីទី បញ្ចប់​ការ​រំលោភ​​តួនាទី​ និងសេចក្តីទុក​ចិត្ត​របស់​លោក កឹម សុខា លោក ទូច វិបុល​៖ កុំ​មក​ហៅ​ខ្ញុំ​ទៅ​សាមគ្គីភាព​ជាមួយ​​​អ្នក​​នយោបាយ​លេង​ល្បែង [និង] ជាមួយ​លោក សម រង្ស៊ី អ្នក​សាប​​ព្រោះ​​ការ​ប្រមាថ​​លាប​ពណ៌​​

.

Advertisements