សិក្សាច្បាប់៖ របៀបបង្កើតរដ្ឋាភិបាលថ្មី តាមរូបមន្ត ២/៣ និង ៥០បូក១

(សូមទាញយក – Download)

១. រូបមន្ត ២ភាគ៣ (២/៣) ត្រូវ​បានកំណត់​ក្នុង​រដ្ឋធម្មនុញ្ញ ពី​ឆ្នាំ​១៩៩៣ ដល់ថ្ងៃទី ១៤ កុម្ភៈ ២០១៦ ជា​​រូបមន្ត​​​ដ៏​​ស្មុគ​​ស្មាញ សម្រាប់​​​គណបក្ស​នយោបាយ ដែល​ឈ្នះការ​បោះឆ្នោត​​ជាតិ ជាប់​លំដាប់ទី១ ពិបាក​​បង្កើត​​រដ្ឋាភិបាល​ម្នាក់​ឯង​​បាន ម្ល៉ោះ​ហើយ​ត្រូវរក​ចាប់​ដៃ​គូចរចា ជាមួយ​គណបក្សជាប់​ឆ្នោត​ផ្សេង​ទៀត ដើម្បី​​បង្គ្រប់​កូរ៉ុម ក្នុង​ការបង្កើត​រដ្ឋាភិបាលថ្មី ដែល​​​ហៅថា «រដ្ឋាភិបាលចម្រុះ» ដែល​អាចធានា​បាន​​​នូវ​គោលការណ៍​​​លទ្ធិប្រជាធិបតេយ្យ រក្សាតុល្យភាព​អំណាច និង​ធ្វើឲ្យ​មាន​ភាពប្រសើរ​ឡើង​នូវ​ការគោរពច្បាប់។

រូបមន្តនេះ គឺគេយកចំនួនសមាជិកសភាសរុប គុននឹង ២ រួចចែកនឹង ៣។ ឧទហរណ៍ នៅអាណត្តិទី៣ (២០០៣-២០០៨)៖ ១២៣ x​ ២ = ២៤៥ ។ រួចយកលទ្ធផល ២៤៦/៣ = ៨២

ដូច្នេះគណបក្សឈ្នះឆ្នោត ទាល់តែរកបានសម្លេង ៨២ យ៉ាងតិច ដើម្បីបង្កើត​រដ្ឋាភិបាល​បាន។ ជាមួយ​គ្នា​​នេះ នៅ​​មាន​​លក្ខខណ្ឌ​​បន្ទាប់​សន្សំមួយ​ចំនួន​ទៀត ដើម្បី​​បង្គ្រប់យន្តការ​ផ្លូវការ ក្នុង​​ការបង្កើត​រដ្ឋាភិបាល​​ថ្មី។

២. រូបមន្ត ៥០បូក១ ឬ ៥០%+១ ត្រូវបានរដ្ឋសភាជាតិ អនុម័តដោយសម្លេងគាំទ្រ ១០១ ក្នុង​​ចំណោម​​សមាជិក​​សភា​​សរុប ១២៣ នៅថ្ងៃទី ១៥ មីនា ២០០៦។ ការឈាន​ទៅ​រកការអនុម័ត​រូបមន្ត​នេះ បាន​កើតឡើង​ដោយ​កិច្ចប្រជុំ​សម្ងាត់ តែ ២ នាក់​ រវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី រយៈ ៣ ម៉ោង ក្នុងរដ្ឋសភា ថ្ងៃទី ១២ កុម្ភៈ ២០០៦។ ការអនុម័ត​កែប្រែ​រដ្ឋធម្មនុញ្ញនោះ មាន​​ការ​ចូលរួម​ពី​បក្សប្រឆាំង (២៤ អាសនៈ) ដឹកនាំ​ដោយ​លោក សម រង្ស៊ី, គណបក្ស​ហ៊្វុនស៊ិនប៉ិច (២៦ អាសនៈ) ដឺកនាំ​ដោយ​សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ និង​​បក្សប្រជាជនកម្ពុជា (៧៣ អាសនៈ) ដឹកនាំ​​ដោយ​​លោក ជា ស៊ីម និង​លោក ហ៊ុន សែន។

រូបមន្ត ៥០%+១ នេះ គឺគេយកចំនួន​អាសនៈ​សរុប​របស់​រដ្ឋសភា ចែក​ជា ២ រួច​បូក ១ បន្ថែម។ ឧទាហរណ៍៖ ១២៣/២ = ៦១,៥ គឺគេកំណត់យក ៦២+១ = ៦៣

ដូច្នេះគណបក្សដែលឈ្នះការបោះឆ្នោត ទទួលបានអាសនៈរដ្ឋសភា ចាប់ពី ៦៣ កៅអីឡើងទៅ អាច​បង្កើត​​រដ្ឋាភិបាល​​ម្នាក់​ឯង​បាន ដោយ​គ្រាន់​តែ​បំពេញលក្ខខណ្ឌមួយចំនួន ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។

អាសនៈរដ្ឋភាជាតិ ត្រូវបានបង្កើនឡើងរហូត ១២៥ តាម​ការអនុម័ត​របស់​រដ្ឋសភា មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​​គណបក្ស​កាន់អំណាច​របស់​លោក ហ៊ុន សែន នៅថ្ងៃទី ២០ មិថុនា ឆ្នាំ ២០១៧។ ការអនុម័នេះ ត្រូវបានអនុវត្តចាប់ពីការបោះឆ្នោតជាតិ ឆ្នាំ ២០១៨ តទៅ។

គួបញ្ជាក់ថា ចាប់​ពីអាណត្តិទី៤ ក្នុង​​ឆ្នាំ​ ២០០៨ រហូត​សព្វថ្ងៃ គឺ​គណបក្សប្រជាជនកម្ពុជា ជា​អ្នក​ដឹកនាំ​​រដ្ឋាភិបាល​ម្នាក់​ឯង ដែល​នាំ​ឲ្យ​មាន «ការរំលោភ​អំណាច និង​រំលោភ​លទ្ធិប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ»

(ដោយលោក ម៉ែន ណាត អតីតមន្រ្តីនាយកដ្ឋាននីតិវិធី នៃរដ្ឋសភា ឆ្នាំ១៩៩៩-២០០៦ និង​សព្វថ្ងៃ​ជាប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា)

អត្ថបទាក់ទង
– ស្វែងយល់៖ ហេតុអ្វីលោក សម រង្ស៊ី ចូល​រួមកែ​ប្រែ​រដ្ឋធម្មនុញ្ញ មក ៥០%+១ ក្លាយ​ជា​កំហុស​​ឆ្គង​​ និង​នាំ​មក​វិបត្តិ​​នយោបាយ​?

Formula-to-create-new-Govt-in-Cambodia-by-Mr-Men-Nath

.

Advertisements