ក្រុមវាគ្មិន​ឧត្តមគិតិនិយម និង​វាគ្មិន​ឯករាជ្យ យល់ស្រប​គ្នា​ថា «ការកែ​ប្រែ​រដ្ឋធម្មនុញ្ញ ពី​ប្រព័ន្ធ ឬ រូបមន្ត ២/៣ (ពីរភាគបី) មក ៥០%+១ (៥០​បូក​មួយ ឬ​ភាគច្រើន​ដាច់ខាត) នាំ​ឲ្យ​មាន​ការខុស​ឆ្គង​ធ្ងន់ធ្ងរ នៅ​កម្ពុជា ខណៈ​ដែល​ប្រទេស​នេះ មិន​ទាន់​មាន​លទ្ធិ​ប្រធិបតេយ្យ មិន​ទាន់​ធានា​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌ និង​មិន​ទាន់​ធានា​បាន​នូវ​ការអនុវត្ត​ច្បាប់​ត្រឹមត្រូវ»។ ក្រុម​វាគ្មិន ស្តីបន្ទោសថា «បន្ទាប់​ពី​បាន​កែប្រែ​រដ្ឋធម្មនុញ្ញ មក​ត្រឹម ៥០%+១ (ឬ ៥០បូកមួយ) នេះ​ហើយ ដែល​នាំ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន រំលោភ​អំណាច​តាម​ទំនើង​ចិត្ត ដោយ​រាប់​បញ្ចូល​ទាំង​ការចាប់ខ្លួន​មេដឹកនាំ​បក្សប្រឆាំង លោក កឹម សុខា ដាក់​ពន្ធនាគារ ខែកញ្ញា ២០១៧ និង​រំលោយចោល​ នូវ​គណបក្សសង្គ្រោះជាតិ ខែវិច្ឆិកា ២០១៧»

ការលើកឡើង​ខាងលើនេះ គឺជា​ទស្សនៈ​របស់​វាគ្មិន នៅ​ក្នុង​កម្មវិធី​ពិភាក្សា​ជជែក​ដេញ​ដោល ​«Idea​Talk» នៃ​សារព័ត៌មាន​​ឌី​​ខេមបូឌា ដេលិ (The Cambodia Daily) សឹង​ពេញ​មួយ​សប្តាហ៍ ក្នុង​សប្តាហ៍​នេះ (ថ្ងៃទី ១៨-២១ ឧសភា ២០២០) ដែល​បាន​លើក​ប្រធានបទ​ផ្សេងៗ ជុំវិញ​ការផ្តល់​គំនិត​យោបល់ ដើម្បី​ចូលរួម​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​ នៅ​កម្ពុជា​សព្វថ្ងៃ។ កម្មវិធីនេះ ត្រូវ​បាន​គេដឹង​ថា លោក តាំង សារ៉ាដា និង​លោក ហាស់ សាន ជា​អ្នក​សម្រប​សម្រួល និង​អញ្ជើញ​ក្រុមវាគ្មិន ដែល​មាន​ទស្សនៈ​ឯករាជ្យ និង​អ្នកគាំទ្រ​បក្ស​នយោបាយ ឬ​មន្រ្តីបក្ស​នយោបាយ ឲ្យ​ចូល​មក​បង្ហាញ​ទស្សនៈ​​រៀងៗ​​ខ្លួន។

លោក ប៉ាង សុខឿន អតីត​ប្រធាន​ចលនានិស្សិត​ដើម្បីលទ្ធិប្រជាធិបតេយ្យ {រស់នៅ​​​ប្រទេស​ ស៊ុយអែត} បាន​និយាយ​​ជំនួស លោក សម រង្ស៊ី កាល​ពីថ្ងៃទី ១៩ ឧសភា អំពី​ដំណោះស្រាយ​នយោបាយ តាម​​រូបមន្ត ​៥០%+១ ថា «រឿងនេះ យើង​ងាយ​យល់​ណាស់ គឺថា​ឲ្យ​យើង​មាន​លទ្ធភាព​ឈ្នះ ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី កុំឲ្យ​រញេរញាយ​ដូច​ឆ្នាំ​ ២០០៣ {ជាប់គាំង​នយោបាយជិត ១ឆ្នាំ ក្រោយ​ការបោះ​ឆ្នោត​ជាតិ} ដែល​នាំ​ឲ្យ​មានរដ្ឋធម្មនុញ្ញ​បន្ថែម និង​ការគំរាម​កំហែង​សព្វ​បែប​យ៉ាង»។ លោក សុខឿន បន្ត​ថា «គោល​ការណ៍ {៥០%+១} នេះ មិន​មាន​អ្វី​ខុស​លទ្ធិប្រជាធិបេយ្យ​ទេ។ លោក គឹម សុខ {រស់នៅ​ហ្វាំងឡង់} ដឹង​រួច​ហើយ​ថា នៅ​សហគមន៍​អឺរ៉ុប ដូចជា​ ហ្វាំងឡង់ ស៊ុយអែត ន័រវេស៍ ដាណឺម៉ាក គេប្រកាន់​យក​គោលការណ៍​នេះ»។ នេះ​បើ​តាម​ការបញ្ជាក់​របស់ បា៉ង សុខឿន។

ឆ្លើយតប​ក្នុង​កិច្ចពិភាក្សានេះ លោក គឹម សុខ អ្នក​វិភាគ​នយោបាយ បាន​និយាយ​ថា «នៅ​អឺរ៉ុប​នេះ គេធ្វើ​បាន ដោយ​សារ​គេ​មាន​ប្រព័ន្ធ​ច្បាប់​រឹងមាំ និង​មាន​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ»។ លោក​សួរថា «តើ​ប្រទេស​កម្ពុជា មាន​លទ្ធិប្រជាធិបតេយ្យ​ហើយ​ឬ​នៅ?»។ លោកបញ្ជាក់ថា «កម្ពុជា គ្មាន​លទ្ធិប្រជាធិបតេយ្យ​ទេ។ ចុះ​រឿងអី​ទៅ​ផ្តល់​អំណាច​ជូន​លោក ហ៊ុន សែន ១០០% តាម​រយៈ​ការកែប្រែ​រដ្ឋធម្មនុញ្ញ ពី ២ភាគ៣ មក ៥ ០%+១ ហ្នឹង?»។ លោក បន្ថែមថា «ក្រោយ​កា​រកែប្រែ​រដ្ឋធម្មនុញ្ញ​រួច​ហើយ​នោះ លោក ហ៊ុន សែន ធ្វើ​អ្វីៗ​ទៅ​តាម​ទំនើងចិត្ត មិន​ញញើត​អ្នកណា​ទាំងអស់។ {ឧទាហរណ៍} យើង​​ឃើញព្រៃ​ឈើ ក៏ត្រូវ​បាន​បំផ្លាញ​ទ្វេដង និង​បើក​ចំហ តាម​រយៈ​ដីសម្បទាន​សេដ្ឋកិច្ច។ ករណី​ទំនាស់​ដីធ្លី បាន​កើន​ឡើងនៅ​ទូទាំង​ប្រទេស។ សិទ្ធិ​ធ្វើបាតុកម្ម​តវ៉ា​ដោយ​សន្តិវិធី​នានា ក៏ធ្វើ​មិន​បាន​​ដូច​ពេល​មុន។ បក្សប្រឆាំង ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំចុង​ក្រោយ បាន​តែ​ក្នុង​ឆ្នាំ​ ២០១៣ ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​មក​ទៀត គឺត្រូវ​បាន​បិទខ្ទប់​ទាំង​ស្រុង។ ហើយ​លោក កឹម សុខា មេដឹកនាំ​បក្សប្រឆាំង ក៏ត្រូវ​បាន​លោក ហ៊ុន សែន បញ្ជា​ឲ្យ​ចាប់ដាក់​ពន្ធនាគារ រួច​រំលោយ​បក្សប្រឆាំង​ចោល​ថែម​ទៀត»

លោក គឹម សុខ ផ្តល់​យោបល់ថា បើ​យើង​​​ចង់​ប្តូររូបមន្ត​ក្នុង​ការបង្កើត​រដ្ឋាភិបាល ក្បាលម៉ាស៊ីន​រដ្ឋសភា ព្រឹទ្ធសភា តាម​ប្រព័ន្ធ ៥០%+១ យ៉ាងហោច​ណាស់​​ត្រូវ​មាន​លក្ខខណ្ឌ​បំពេញ​​គ្នា ចំនួន ៤ យ៉ាង​តិច។ លោកសង្កត់​ធ្ងន់ថា «ទី១. ត្រូវមាន គ.ជ.ប (គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត) ឯករាជ្យ។ ទី២. កងកម្លាំប្រដាប់អាវុធ ឯករាជ្យ។ ទី៣ គឺតុលាការ ឯករាជ្យ។ ទី៤. ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ដែល​ជាស្ថាប័ន​បកស្រាយ​ច្បាប់ ត្រូវ​ឯករាជ្យ»។ លោក គឹម សុខ បញ្ជាក់បន្ថែមថា «កម្ពុជា ធ្វើមិនទាន់បាននូវលក្ខខណ្ឌទាំង ៤ នេះទេ»

ចំណែក​លោក មាជ សុវណ្ណារ៉ា អតីត​មន្រ្តីជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ និងជា​អតីត​អ្នកទោស​មនសិការ ​មាន​​ទស្សនៈ​​​ស្រប​​គ្នា​ ​ជាមួយ​លោក គឹម សុខ ដែរ ដោយ​បាន​​ថ្លែង​​ប្រាប់​លោក ហាស់ សាន នៃ​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី ២១ ឧសភា ថា «ជាទស្សនៈផ្ទាល់​ខ្លួន​របស់ខ្ញុំ ខ្ញុំចង់​រក្សា​ទុក​ប្រព័ន្ធ ២/៣ (ពីរ​ភាគ​បី) ដើម្បី​ឲ្យ​មាន​គណបក្ស​ច្រើន {បក្ស​ជាប់ឆ្នោត} ចូល​រួម​ធ្វើការ​ជាមួយគ្នា បង្កើត​រដ្ឋាភិបាល​រួម​គ្នា»។ លោក បន្ថែម​​ថា «ក្រោយ​ពី​លោក សម រង្ស៊ី ចូល​រួម​​ជាមួយ​​លោក​​នាយករដ្ឋមន្រ្តី ហ៊ុន សែន ប្តូរ​រូបមន្ត​​នេះ មក ៥០%+១ គឺ​បាន​ធ្វើឲ្យ​លោក ហ៊ុន សែន ជិះសេះ​លែងដៃ {ធ្វើអ្វី​តាម​អំពើចិត្ត}។ ហើយ​ការប្តូរ​រូបមន្ត​នេះ ជាការបំបែកឆ្នាំង​បាយ​របស់​ពលរដ្ឋ {រឹតត្បិត​សេរីភាព​អ្នកគាំទ្រ និង​​នាំ​ឲ្យ​ពលរដ្ឋ​​ជួប​​ទ្វេគ្រោះ​»។

បុព្វហេតុ​​ក្នុង​​ការប្រែ​រដ្ឋធម្មនុញ្ញ ពី​រូបមន្ត ២ភាគ៣ មក ៥០%+១

នៅ​ក្នុងសារ​វីដេអូខ្លី​មួយ ធ្វើឡើង​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៥ ហើយ​បាន​ផ្សាយ​ឡើងវិញ​​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃទី ២១ ឧសភា ២០២០ នេះ លោក ម៉ែន ណាត ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​​កម្ពុជា បាន​​រំលឹក​​អំពី​មូលហេតុ ២ ចំណុច ដែល​​នាំ​ឲ្យ​លោក សម រង្ស៊ី ចូល​រួម​ជាមួយ​លោក ហ៊ុន សែន ក្នុង​​ការ​កែប្រែ​​រដ្ឋ​ធម្មនុញ្ញ ពី ២ភាគ៣ (២/៣) មក ៥០%+១ នៅ​ដើម​ឆ្នាំ​ ២០០៦ ដែល​កាល​នោះ​ លោក សម រង្ស៊ី នៅ​​​ជា​ប្រធាន​​គណបក្ស​ សម-រង្ស៊ី មាន​​​អាសនៈ ២៤ ក្នុង​​ចំណោម​អាសនៈ​សរុប ១២៣ ក្នុង​​រដ្ឋសភាជាតិ ជាបក្សប្រឆាំង (អាណត្តិ​ទី៣ ឆ្នាំ​​២០០៣-២០០៨)។ ចំណែក​បក្ស​ហ្វ៊ុនស៊ិនប៉ិច របស់​សម្តេច​ក្រុមព្រះ នរោត្តម រណប្ញទ្ធិ មាន​អាសនៈ ២៦ ក្នុង​រដ្ឋសភា បាន​​ចូលរួម​ធ្វើ​​រដ្ឋាភិបាល​ចម្រុះ ជាមួយ​​បក្ស​ប្រជាជន​​កម្ពុជា ​របស់​​លោក ហ៊ុ​ន សែន ដែល​មាន ៧៣ អាសនៈ។ តាមរូបន្ត ២ភាគ៣ (២/៣) ក្នុង​អាណត្តិទី៣ កាល​នោះ​​សម្តេច​ក្រុមព្រះ នរោត្តម រណប្ញទ្ធិ ត្រូវ​​​បាន​​តែង​​តាំង​​ជា​ប្រធាន​​រដ្ឋសភា ហើយ​​​លោក ហ៊ុន សែន ធ្វើ​​ជា​​នាយករដ្ឋមន្រ្តី។ ក្រសួង និង​ស្ថាប័ន​នយោបាយ​នានា​​​របស់​​រដ្ឋាភិបាល ត្រូវ​បាន​​ចែក​គ្នា​ដឹក​នាំ តាម​គោលការណ៍​នៃ​កិច្ចព្រមព្រៀង រវាង​គណបក្ស​ប្រជាជន​កម្ពុជា និងគណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅ​គ្រានោះ។

លោក ម៉ែន ណាត បាន​ថ្លែង​​បញ្ជាក់​ក្នុង​​វីដេអូ​​​​ថា «​ជា​ថ្នូរ​​ក្នុង​​ការ​​ធ្វើ​​មាតុភូមិ​និវត្តិន៍» ​លោក សម រង្ស៊ី បាន​យល់ព្រម​ជាមួយ​លោក ហ៊ុន សែន ចំនួន ២ ចំណុច៖ «ទី១. រំសាយពាក្យ​បណ្តឹង ឬ​ដក​ពាក្យបណ្តឹង​ពី​តុលាការ​ នៅ​ទី​ក្រុង​ញូវយក សហរដ្ឋអាមេរិក ដែល​លោក រ៉ន អាប់នី (Ron Abney) អតីត​ប្រធាន​អង្គការ IRI របស់​អាមេរិកនៅ​កម្ពុជា និង​​លោក សម រង្ស៊ី បាន​ប្តឹងលោក ហ៊ុន សែន និង​ជនពាក់ព័ន្ធ អំពី​ករណី​គប់គ្រាប់បែកដៃ ចូល​ក្នុង​ហ្វូងបាតុករ នៅ​ថ្ងៃទី ៣០ មីនា ១៩៩៧ ខាង​មុខ​រដ្ឋសភា​ជាតិ {បណ្តាលឲ្យបាតុករ ១៦ នាក់ស្លាប់ និង​ជាង ១០០ នាក់​រងរបួស}។ ទី២. យល់ព្រមចូលរួមកែប្រែរដ្ឋធម្មនុញ្ញពី ២ភាគ៣ មក ៥០%+១»

លោក សម រង្ស៊ី បាន​វិលត្រឡប់​​ពី​ការ​ភៀសខ្លួន​នៅ​ប្រទេស​បារាំង មក​​កាន់​​​កម្ពុជាវិញ កាល​ពី​​ថ្ងៃទី ១០ កុម្ភៈ ២០០៦ តាម​ព្រះរាជក្រឹត្យ​លើក​លែង​​ទោស​​ពី​​ព្រះមហាក្សត្រ នរោត្តម សីហមុនី ក្នុង​ថ្ងៃទី ០៥ ខែកុម្ភៈ​ដដែល បន្ទាប់​​ពី​លោក បាន​សរសេរ​លិខិត​សុំទោស​ ទៅ​​​កាន់​​​​លោក ហ៊ុន សែន។

នៅថ្ងៃទី​ ១២ កុម្ភៈ ២០០៦ លោក សម រង្ស៊ី បាន​ជួប​ប្រជុំ​ដោយ​ឡែក​ជាមួយ​លោក ហ៊ុន សែន រយៈ​ពេល ៣ ម៉ោង ជុំវិញ​យន្តការ​ប្រែរដ្ឋធម្មនុញ្ញ​ ពី ២ភាគ៣ (២/៣) មក ៥០%+១។ លុះ​នៅថ្ងៃទី ១៥ មីនា ២០០៦ រដ្ឋសភា​ជាតិ បាន​អនុម័ត​កែប្រែរូបមន្ត ពី ២ភាគ៣ មក ៥០%+១ នេះ​ជា​ផ្លូវការ ដែល​​​មាន​​សម្លេង​​អនុម័ត ១០១ សម្លេង ក្នុង​​ចំណោម​សមាជិក​​សភា​ស​រុប ១២៣។

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុង​វេទិកា​​ចែក​​សញ្ញាបត្រ​​ដល់​​ក្រុម​និស្សិត​ នៅ​​​សាកល​វិទ្យាល័យ​​​ភូមិន្ទ​​ភ្នំពេញ កាល​​ពីថ្ងៃទី ៣ មិថុនា ២០១៩ ​និយាយ​​ចំអក​​​ថា «​លោក សម រង្ស៊ី ​ជា​ម​នុស្ស​​ដែល​​ស្រួល​​ប្រើ»​។ លោក បាន​​រំលឹក​​​យ៉ាង​ខ្លី​ថា លោក​ជាអ្នក​បបួល ​​លោក សម រង្សី ឲ្យ​ចូល​រួម​កែ​រដ្ឋធម្មនុញ្ញ ពី​ ២​ភាគ​៣ មក ​៥០​បូក​១ កាល​ពី​ឆ្នាំ​ ​២០០៦។

ការចង់ចាញ់​ចង់​ឈ្នះ​គ្នា​​រវាង​លោក សម រង្ស៊ី និងលោក ហ៊ុន ហែន លើ​ទស្សនៈ​បុគ្គល

នៅខែធ្នូ ឆ្នាំ២០០៩ លោក សម រង្ស៊ី បានភៀសខ្លួនដោយ​ខ្លួន​ឯង​ម្តង​ទៀត ទៅ​កាន់​ប្រទេស​​បារាំង ក្រោយ​ពី​រដ្ឋាភិបាល​​លោក ហ៊ុន សែន ចោទ​ប្រកាន់​​ពី​បទ «ដក​បង្គោល​តម្រុយ​​​ព្រំដែន នៅ​ខេត្ត​ស្វាយរៀង ធ្វើឲ្យ​ប៉ះពាល់​​ដល់​ទំនាក់​ទំនង​​ រវាង​កម្ពុជា និង​វៀតណាម» រហូត​ដល់ថ្ងៃទី ១៩ កក្កដា ២០១៣ ទើបបានវិលត្រឡប់ចូល​កម្ពុជា​វិញ ក្រោយ​ការមានសារសុំទោស លោក ហ៊ុន សែន ជាថ្មី និង​ក្រោម​ហេតុផល​សម្រប​សម្រួលនយោបាយ។

តាំពីថ្ងៃទី ១៦​ តុលា ២០១៥ លោក សម រង្ស៊ី ក្នុង​ពេល​ជួប​ជាមួយ​ពលករ​ខ្មែរ នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក​​បាន​​ប្តេជ្ញា​ច្បាស់លាស់​ថា ត្រូវ​វិល​ត្រឡប់​មក​កម្ពុជា តតាំង​ជាមួយ​លោក ហ៊ុន សែន ដោយ​ផ្ទាល់ បើ​ទោះ​​ជារដ្ឋាភិបាល​ ហ៊ុន សែន ប្តឹង​ប្តល់​​យ៉ាង​​ណាក៏​ដោយ។ ប៉ុន្តែ​នៅប៉ុន្មាន​ម៉ោង​ក្រោយមក លោក បាន​​​ប្តូរជំហរ ដោយ​​សុខចិត្ត​ភៀស​ខ្លួន​​ទៅ​ប្រទេស​​​បារាំង ជាប្រទេស​​ដែល​លោក​ បាន​ធំដឹងក្តី រហូត​មក​ដល់​​ពេលបច្ចុប្បន្ន​នេះ។

គួររំលឹកថានៅ​ចុង​ខែ​តុលា ២០១៥ លោក សម រង្ស៊ី បាន​ប្រកាស​សុំទោស​​លោក ហ៊ុន សែន ជា​ថ្មីម្តង​ទៀត ក្រោមហេតុផល​ «ជួស​ជុល​វប្បធម៌​សន្ទនា» ប៉ុន្តែលោក ហ៊ុន សែន បាន​បដិសេធ។

សម្រាប់យុទ្ធនាការ​មាតុភូមិនិវត្តន៍ នៅ​ថ្ងៃទី ០៩ វិច្ឆិកា ២០១៩ លោក សម រង្ស៊ី បាន​ប្រកាស​ដឹកនាំចលនា​​ផ្តួល​រំលំរដ្ឋាភិបាល លោក ហ៊ុន សែន ដោយ​ហៅ​ខ្លួន​ឯង​​​​ជា​ប្រធានស្តីទី នៃ​​គណបក្ស​​សង្គ្រោះជាតិ ខណៈដែល​លោក បាន​លាលែង​ពីប្រធាន​គណបក្ស​នេះ តាំង​ដើម​ឆ្នាំ ២០១៦ មកម្ល៉េះ។ ប៉ុន្តែ​សេចក្តី​ប្រកាស​នោះ ​បាន​​ទទួលបរាជ័យ​ទាំងស្រុង ខណៈ​ដែលលោក សម រង្ស៊ី ខ្លួនឯង គ្មាន​ការប្តេជ្ញាចិត្តច្បាស់លាស់ និង​គ្មានយុទ្ធសាស្ត្រជាក់លាក់ នៅក្នុង​ការ​ធ្វើ​មាតុភូមិ​​និវត្តន៍​​របស់​​ខ្លួន។

កាលពីថ្ងៃទី ២៥ កញ្ញា ២០១៩ លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសនៃ អ.ស.ប (អង្គការសហប្រជាតិ) បាន​​ថ្លែង​នៅ​ក្នុង​សន្និសីទ​នៃ ក្រុមប្រឹក្សាសិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ លើក​ទី​​៤២ នៅ​ទីក្រុង​ហ្សឺណែវ យ៉ាង​ដូច្នេះថា «លោក សម រង្ស៊ី ដែល​កំពុង​រស់នៅនិរទេស​ខ្លួន ចាប់​​ពី​​ឆ្នាំ​​២០១៥ បាន​បន្ត​ប្រើ​វោហាសាស្ត្រ ប្រទូស​សារាយ​ប្រឆាំង​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​អ្នកដទៃ រាប់​បញ្ចូលទាំង​ការ​អំពាវនាវ​ឱ្យពលរដ្ឋ​កម្ពុជា ផ្តួលរំលំ​រដ្ឋាភិបាល​ផង ដែល​ទាំងនេះ ខ្ញុំប្រាកដ​ជា​មិន​​​គាំទ្រ​ដាច់​ខាត»

ការវិវត្តន៍​ថ្មី​រវាង​លោក ហ៊ុន សែន និង​លោក កឹម សុខា

គណបក្សសង្គ្រោះជាតិ សព្វថ្ងៃ​មានលោក កឹម សុខា ជាប្រធាន បើទោះបីលោក មិន​ទាន់​​បាន​​ទទួល​​សិទ្ធិ​​ធ្វើ​នយោបាយ​ឡើងវិញ ក្រោម​ច្បាប់​ហាមប្រាម​ដ៏អយុត្តិធម៌ ចាប់​តាំង​ពី​គណបក្សនេះ ត្រូវ​បាន​រំលាយកាល​ពីខែ​វិច្ឆិកា ២០១៧។ ទោះជាយ៉ាងណាក្តី លោក កឹម សុខា ត្រូវ​បាន​ក្រុមអ្នកការទូត ពី​បណ្តា​ប្រទេសប្រជាធិតេយ្យ ទៅ​ជួប​សំណេះ​សំណាល​ញឹកញាប់ នៅ​គេហដ្ឋាន​របស់​លោក ក្នុងទីក្រុង​ភ្នំពេញ ដើម្បី​​ជា​ការលើក​​ទឹក​ចិត្ត​ផង និងសរសើរ​ចំពោះ​ការ​តស៊ូអ​ត់ធ្មត់​ដោយ​សន្តិវិធី​​ផង។

ដំណើរ​រឿង​នេះ ត្រូវ​បាន​​​​ក្រុម​​អ្នកនយោបាយខ្មែរ មើល​​​ឃើញ​​ថា «ជា​ជំហាន​វិជ្ជមាន ទៅ​កាន់​​វិថី​ដោះ​ស្រាយ​វិបត្តិ​នយោបាយ» បន្ទាប់​​ពី​លោក កឹម សុខា បាន​​​ជួប​​សំណេះ​សំណាល​ប្រមាណ ៥០ នាទី ជាមួយ​លោក ហ៊ុន សែន នៅ​ក្នុង​ពិធីបុណ្យ​សព​ម្តាយរបស់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន កាលពីថ្ងៃទី ០៥ ឧសភា៕

(អត្ថបទ CWCI Cambodia /22-5-2020)