ក្រុមវាគ្មិន បង្ហាញ​​ការព្រួយ​​បារម្ភ​​​ចំពោះ​​ការធ្វើ​​នយោបាយ ​សង​​សឹក​គ្នា​ទៅ​​វិញ​​ទៅ​​មក ក្នុង​​ចំណោម​​អ្នក​នយោបាយ​ប្រឆាំង និង​អ្នកកាន់​អំណាច ខណៈ​ដែល​មាន​មតិ​លើក​ឡើង​ថា អ្នកនយោបាយ គប្បី​យក​ឈ្នះ​គ្នា តាម​រយៈ​ការបោះឆ្នោត ល្អជា​ជាង​ការបង្កើត​​វោហា​សាស្ត្រ​ ដើម្បី​ផ្តួល​រំលំ​គ្នា។

ការលើកឡើងនេះ ធ្វើឡើង​នៅ​ក្នុង​កម្មវិធី​ពិភាក្សា (Idea Talk) របស់​សារព័ត៌មាន ឌី​ខេម​បូឌា ដេលី ថ្ងៃ​ទី​១៨ ខែ​​ឧសភា ២០២០។ វាគ្មិន​ចូល​រួមក្នុង​​កម្មវិធីនេះ មាន​លោក ហ៊ុន កុសល ​សកម្មជន​​បក្ស​សង្គ្រោះ​ជាតិ និង​​លោក ទូច វិបុល ប្រធាន​ក្រុមពលរដ្ឋ​និយម បាន​លើកឡើង​ស្របគ្នា​ថា «អ្នកនយោបាយ មិនត្រូវ​ដើរ​ជាន់ដាន​ប្រវត្តិសាស្ត្រ នៃ​ការយកឈ្នះ​ចាញ់​គ្នា​ ដោយ​ការផ្តួល​រំលំ​នោះ​ទេ»

លោក ទូច វិបុល បាន​ជំរុញឲ្យលោក កឹម សុខា និង​លោក​ ហ៊ុន សែន កំណត់​ចក្ខុវិស័យ​ដើម្បី​បញ្ជៀស​វិបត្តិនយោបាយ ដែល​កំពុង​តែកើត​មាន​ក្នុង​ពេល​បច្ចុប្បន្ន។ តាម​ការលើក​ឡើង​របស់​លោក គឺ​បាន​ផាត់​ចោល​សកម្មភាពន​យោបាយ​ លោក សម រង្ស៊ី អតីត​មេដឹកនាំ​បក្ស​ប្រឆាំង CNRP ដែល​​ធ្លាប់​បាន​ប្រកាស​ចលនា​ផ្តួលរំលំ​ លោក ហ៊ុន សែន ក្នុង​ផែនការ​មាតុភូមិនិវត្តិន៍ កាល​ពីថ្ងៃទី ៩ វិច្ឆិកា ២០១៩។

លោក ទូច វិបុល ក៏បាន​បញ្ជាក់ផង​ដែរ​ថា លោក កឹម សុខា តស៊ូនយោបាយអហិង្សា តាម​ប្រព័ន្ធ​តុលាការ និង​តាមរយៈការទូត គឺជា​នយោបាយ​មាន​ប្រសិទ្ធភាព​បំផុត ដើម្បី​ឲ្យមាន​សេរីភាព យុត្តិធម៌ និង​លទ្ធិប្រជាធិបតេយ្យ ពី​ព្រោះ​ស្រប​ទៅនឹង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស ២៣ តុលា ១៩៩១។

សូមរំលឹកថាលោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ (CNRP) ត្រូវ​បាន​តុលាការ​ ចោទ​ប្រកាន់​​ពី​​បទ​​ឃុបឃិត​ ជាមួយ​​បរទេស {អាមេរិក} ដើម្បី​រៀបចំ​ផែនការ​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា របស់​លោក ហ៊ុន សែន។ លោក កឹម សុខា ត្រូវបាន​អាជ្ញាធរ​កម្ពុជា ចាប់ឃុំ​ខ្លួន​​តាំង​ពីថ្ងៃទី ០៣ កញ្ញា ២០១៧ មក​រហូត​ដល់ថ្ងៃទី ០៩ ខែ​កញ្ញា ២០១៨ លោក ត្រូវ​បាន​ផ្ទេរការឃុំខ្លួន​ពីពន្ធនាគារ​ ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ មក​ឃុំឃាំងនៅ​គេហដ្ឋាន​របស់​លោក ក្នុង​ក្រុង​ភ្នំពេញ​វិញ នៅ​ក្រោម​ហេតុផល​«សុខភាព»។ នៅ​ថ្ងៃទី​ ១០ វិច្ឆិកា ២០១៩ តុលាការ​ក្រុងភ្នំពេញ បាន​ចេញដីកា​ដោះលែង​លោក កឹម សុខា ឲ្យនៅ​ក្រៅឃុំ​ជាបណ្តោះ​អាសន្ន ​ប៉ុន្តែ​ស្ថិត​ក្រោម​ការត្រូតពិនិត្យផ្លូវតុលាការ ដដែល។ នៅ​ក្រោម​លក្ខណថ្មី​នេះ លោក កឹម សុខា មាន​សេរីភាព​ដើរហើរ​នៅគ្រប់ទីកន្លែង នៅ​ទូទាំង​ប្រទេស​កម្ពុជា ប៉ុន្តែ​ហាមមិន​ឲ្យចេញ​ទៅក្រៅ​ប្រទេស និង​ធ្វើសកម្មភាព​នយោបាយ​ឡើយ។

សូមបញ្ជាក់ថា សំណុំរឿង​របស់អតីត​ប្រធាន​បក្សប្រឆាំង​រូប​នេះ កំពុង​ស្ថិតនៅ​ក្នុង​ដំណើរការ​នីតិវិធី​កាត់សេចក្តី​របស់​តុលាការដំបូង​រាជធានី​ភ្នំពេញ នៅ​ឡើយ។

បើគិត​ចាប់តាំង​ពី​ឆ្នាំ​ ២០១៦ មក លោក កឹម សុខា ទើប​តែ​មាន​ជំនួបលើក​ដំបូង ជាមួយ​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពីថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ​២០២០។ ឯអគ្គរដ្ឋទូត​នៃ​បណ្តាប្រទេស​ប្រកាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ជា​ច្រើន បាន​ចូល​ជួប​លោក កឹម សុខា ជាបន្តបន្ទាប់ នៅ​គេហដ្ឋាន​របស់​លោក បើទោះបី​ជាស្ថានភាព​កំពុង​ញាំញី​ដោយ​ជំងឺកូវីដ១៩ ក៏ដោយ។ ឯកអគ្គរដ្ឋទូត​ទាំង​នោះ រួម​មាន អាល្លឺម៉ង់ បារាំង សហភាពអ៊ឺរ៉ុប និង​ចុង​ក្រោយ​គឺ អូស្ត្រាលី។ ក្នុង​ជំនួបទាំង​នោះ មានមន្ត្រី​ទូត​មួយ​ចំនួន បាន​ប្រកាស​ជាចំហ​ សាទរ​ជំនួប​រវាង​លោក កឹម សុខា និង​លោក ហ៊ុន សែន ថា​ជាជំហរ​វិជ្ជមាន និង​បន្ត​លើក​ទាំង​ទឹកចិត្ត​ឲ្យ​មាន​ការសន្ទនា​បែប​នេះ តទៅ​ទៀត។

លោក ទូច វិបុល បានសង្កត់ធ្ងន់ថា ការធ្វើន​យោបាយ​ដោយ​ការប្​រើមធ្យោបាយ​ផ្តួលរំលំ កុំសង្ឃឹម​ឈ្នះឲ្យ​សោះ មាន​តែនាំ​គ្រោះ​មហន្តរាយ​ដល់ជាតិ​តែ​ប៉ុណ្ណោះ មិន​មែន​នាំ​សន្តិភាព ភាពរុងរឿង​មក​ឲ្យ​ប្រទេស ​និង​ពលរដ្ឋ​កម្ពុជា នោះទេ។ លោក ក៏បានផ្តល់អនុសាសន៍​​ផង​ដែរ​ថា «ដើម្បី​ឲ្យ​អ្នកមាន​សមត្ថភាព និង​អ្នក​មាន​សក្កានុពល អាច​ចូលរួមគ្នា​រដោះស្រាយ​វិនយោបាយ​បាន នោះ​លោក កឹម សុខា ត្រូវ​តែ​បើក​គណបក្សថ្មី​មួយ នៅ​ពេល​អនាគត»

លោក ហ៊ុន កុសល បាន​រំលឹកថា «អ្ន​កនយោបាយ​ ត្រូវតែបញ្ចប់គំនុំ គ្មាន​ការសងសឹក និង​មិន​ត្រូវ​អនុវត្ត​តាម​អ្នក​នយោបាយ​ចាស់ៗ ដែល​នាំ​ឲ្យជាតិបែក​បាក់​នោះទេ»។ លោក​បញ្ជាក់ថា ត្រូវ​ផ្លាស់ប្តូរ​ដោយវិជ្ជមាន និង​ត្រូវនាំគ្នាសាបព្រោះនយោបាយ​អហិង្សា​គ្រប់គ្នា»៕

(អត្ថបទដោយ CWCI Cambodia / 27-5-2020)

.

Advertisements