កែសម្រួល និងបញ្ចូលអត្ថបទដោយ លោក ម៉ែន ណាត

អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា នៅ​ប្រទេស​បារាំង លោក ហម ប៊ុនឆាយ បាន​សង្ខេប​ខ្លឹមសារ​លើ​អត្ថបទ​អង្កេត​មួយ​របស់​លោក ឌី ការ៉េត ថា «នៅ​មុខ​អស្ថិរភាព​នៃ​ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ ក្នុង​តំបន់ យួន (យៀកណាម) បាន​ពន្លឿន កិច្ច​អាណានិគម​របស់​ខ្លួន នៃ​តំបន់​ហៅ​ថា «ត្រីកោណ​​អភិវឌ្ឍន៍ កម្ពុជា-លាវ-យៀកណាម (Cambodia, Laos, Vietnam – CLV)» ដែល​គេ​បាន​បង្កើត​​ឡើង នៅឆ្នាំ ១៩៩៩។

លោក ប៊យនឆាយ សរសេរ​បញ្ជាកើថា នៅឆ្នាំ ២០១៨ ថ្មីៗ​នេះ​ ក្រុង​ហាណូយ បាន «ស្នើ» ឲ្យ​ពង្រីក​​តំបន់​ត្រីកោណ​ហ្នឹង ទៅ​លើ​ខេត្ត​មួយចំនួន នៃ​​ប្រទេស​​​ទាំងបី។ លោក​​បន្ថែម​ថា គេបាន​សម្រេចចិត្ត​រួច​ជា​ស្រេច​ទៀត «ឲ្យធ្វើ​ការតភ្ជាប់​សេដ្ឋកិច្ច​នៃ​ប្រទេសទាំង៣ និង​ការតភ្ជាប់គ្នា នៃ​ស្ថាប័ន​ផ្សេងៗ ព្រមទាំង​ទំនាក់ទំនង​មនុស្ស​ផង»។ សេចក្តីប្រាថ្នារបស់ ហូ ជីមិញ ឲ្យបង្កើត​ «ឥណ្ឌូចិនយួន» នោះ នឹង​បាន​ក្លាយ​ជាការពិត​​នាពេលដ៏ខ្លី​ខាង​មុខ។

អត្ថបទដែលភ្ជាប់មកនេះ គឺជាការសិក្សា​របស់​លោក ឌី ការ៉េត បណ្ឌិតច្បាប់ និង​ជាប្រធានគណៈ​កម្មាធិការព្រំដែន​កម្ពុជា ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុងប៉ារីស ប្រទេស​បារាំង។ សូនអាន ឬទាញយកជា ភាសាខ្មែរ / ភាសាអង់គ្លេស / ភាសាបារាំង

ត្រីកោណឥណ្ឌូចិន៖ អាណានិគមយួនស្ងាត់ៗ នៃ​ភូមិភាគ​ឦសាន នៃ​កម្ពុជា

សព្វថ្ងៃនេះ គេហៅថាជា តំបន់ «ត្រីកោណ​កម្ពុជា​-​លាវ​-​យៀកណាម»។ ពីដំបូង យៀកណាម​បាន​ដាក់ ​ឈ្មោះ​ថា «ត្រីកោណ​ឥណ្ឌូចិន» ហើយ​ជាបន្ទាប់​មក គេ​ប្តូរជា «តំបន់​ត្រីកោណ​អភិវឌ្ឍន៍ យៀកណាម – កម្ពុជា – លាវ (Cambodia-Laos-Vietnam – CLV)» ។ ម្យ៉ាង​ទៀត ពួកយួន​តែង​តែ​បញ្ជាក់​ថា ការបង្កើត​ត្រីកោណ​នេះ បាន​ធ្វើ​ឡើង «តាម​សំណើ​របស់​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា” ក្នុង​កិច្ចប្រជុំ​នៃ​នាយករដ្ឋមន្ត្រី ប្រទេស​ទាំងបី នៅទីក្រុង​វៀងចន្ទន៍ (ប្រទេស​លាវ) នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ១៩៩៩។

I.- ទិន្នន័យភូមិសាស្ត្រ‌‌‌‌‌‌‌‌‌‌‌​​​​

– នៅឆ្នាំ ១៩៩៩ នោះ មានតែខេត្តចំនួន ៤ ប៉ុណ្ណោះ ដែលគេផ្តុំគ្នា​​ជាតំបន់ «ត្រីកោណ»៖ ខេត្ត​យ៉ាឡៃ, កុនទុំ (យៀក​ណាម) អាតាពី (លាវ) និង រតនគិរី (កម្ពុជា)។

– នៅខែមករា ឆ្នាំ ២០០២ នៅ{ក្នុងកិច្ចប្រជុំមេ​ដឹកនាំប្រទេស​ទាំង៣} នៅ​ទីក្រុង​ហូជីមីញ គេ​បាន​សម្រេច​​ពង្រី​កទៅ ៧ ខេត្ត គឺខេត្តយ៉ាឡៃ, កុនទុំ, ដាក់ឡាក់ (យៀកណាម) អាតាពី, សេកុង (លាវ) និងកម្ពុជា​មាន​ខេត្ត រតនគីរី, ស្ទឹងត្រែង

– ខែកញ្ញា ឆ្នាំ ២០០៣ នៅកិច្ចប្រជុំ នៅផ្លៃគូ គេត្រូវ​បាន​ពង្រីក​ទៅ​ដល់ ៨ ខេត្ត ៖ ៣ ខេត្ត​ពី​យៀក​ណាម (យ៉ាឡៃ, កុនទុំ, ដាក់ឡាក់), ២ ខេត្ត​មក​ពីលាវ (អាតាពឺ, សេកុង) និង ៣ ខេត្ត​ពី​កម្ពុជា (រតនគិរី​, ស្ទឹងត្រែង, ​មណ្ឌលគីរី)។

– នៅឆ្នាំ ២០០៤ ភាគីលាវ បានស្នើពង្រីកវាបន្ថែមទៀត ដល់ចំនួន ១០ ខេត្ត៖ យ៉ាឡៃ, កុនទុំ, ដាក់ឡាក់, ដាក់ណុង (យៀកណាម), អាតាពឺ, សេកុង, សារ៉ាវ៉ាន់ (លាវ) និង រតនគីរី, ស្ទឹងត្រែង, មណ្ឌលគីរី (កម្ពុជា)។

– ដល់ឆ្នាំ ២០០៩ ត្រីកោណនេះ បានរីកដល់ ១៣ ខេត្តគឺ ៥ ខេត្តពីយៀកណាម (យ៉ាឡៃ, កុនទុំ, ដាក់ ឡាក់ ដាក់ណុង, ប៊ិញភឿក), ៤ ខេត្ត​ពីលាវ (អាតាពឺ, សេកុង, សារ៉ាវ៉ាន់, ចំប៉ាសាក់) និង ៤ ខេត្តពីកម្ពុជា (រតនគីរី, ស្ទឹងត្រែង, មណ្ឌលគីរី, ក្រចេះ)។

រហូតមកដល់​ពាក់កណ្តាលសតវត្សរ៍ទី២០ តំបន់ទាំងមូលនេះ​ ដែល​ជា​ទីលំនៅ​រាប់ពាន់​ឆ្នាំ​មក​ហើយ នៃពពួក​ជនជាតិ​ភាគតិច​ជាច្រើន ​រួមជាមួយ​ជនជាតិ​ខ្មែរ ជា​អ្នកកាន់​កាប់​ដំបូង នៃ​ឧបទ្វីប​នេះ។ សព្វថ្ងៃ​នេះ គេ​ហៅ​ពពួក​គេ​នេះ ក្រោម​ឈ្មោះ​រួម​តែមួយ ថាជាពួក «ម៉ុងតាញ៉ា» (ពួក​ជន​រស់នៅ​លើភ្នំ)។ ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ទសវត្ស​ចុង​ក្រោយ​នេះ នៅ​យៀកណាម ក៏ដូច​ជា​នៅ​​លាវ ជនជាតិ «ម៉ុងតាញ៉ា» ទាំងនេះ ត្រូវ​បាន​គេដក​ហូត​ទឹកដីដូនតា​របស់​ពួក​គេ ហើយ​បាន​ជំរុញ​ឱ្យ​ទៅ​រស់នៅ​តំបន់ ដែល​នៅ​ឆ្ងាយៗ ​ទៀត ដែល​ពីបាក​និង​ចូលទៅ​ដល់បាន។ អ្នករឹងរុស​មិន​ព្រម​ចេញ ត្រូវបាន​អាជ្ញាធរ​កុម្មុយនិស្ត នៃ ប្រទេស​នោះ បង្ក្រាប​យ៉ាង​សាហាវ​ព្រៃផ្សៃ ឬ ត្រូវបាន​សម្លាប់​រង្គាល​តែ​ម្តង។

នៅខេត្តរតនគីរី និងមណ្ឌលគីរី នៃ​កម្ពុជា មាន​ជនជាតិភាគតិច ស្ទើរ​តែ​ទាំងអស់ រស់នៅ រួមមាន៖ ជន ជាតិប្រាវ, ទំពួន, ក្រវេត, បនណូង, ស្ទៀង, ចារ៉ាយ, ស្អូច, គួយ, ភ្នង, រ៉ាដេ… ដែល​ពលរដ្ឋខ្មែរ​ហៅថា ពួក “ខ្មែរ​លើ” គឺ​ជនជាតិខ្មែរ នៅ​តំបន់​ខ្ពង់រាប។

ខេត្តទាំង ៤ របស់​កម្ពុជា ដែល​គេដាក់ក្នុង​តំបន់ត្រីកោណ មាន​ផ្ទៃដីសរុប ៤៧.២៥៦ គីឡូម៉ែត្រ​ក្រឡា គឺច្រើន​ជាង​មួយភាគ​បួន​ {១/៤} ឬ (២៦,១០%) នៃ​ប្រទេស ដោយ​មាន​​ដង់ស៊ីតេ​ប្រជាជន (នៅឆ្នាំ ២០១១) ប្រមាណ ៤៧១.០០០ នាក់ (គឺ ១០នាក់ ក្នុងមួយ​គីឡូម៉ែត្រ​ក្រឡា) ប៉ុណ្ណោះ។ នៅខែតុលា ឆ្នាំ ២០១៣ លោក ហ៊ុន សែន បាន​សម្រេច ​បំបែក​ខេត្ត​កំពង់ចាម​ជាពីរ ដោយ​យក​ទន្លេមេគង្គ​ជាព្រំប្រទល់ ​គឺ​ខេត្ត​​កំពង់​ចាមថ្មី នៅ​ខាង​លិច និង​នៅខាង​កើត ហៅថា​ខេត្ត​ត្បូងឃ្មុំ ជាប់ព្រំដែន​ប្រទេស​យៀកណាម។ តើខេត្ត​ត្បូងឃ្មុំនេះ​ នឹង​ត្រូវចូលរួម ក្នុង​តំបន់​ត្រីកោណ​នោះ​ ក្នុង​ពេលខាង​មុខ​ដែរឬ?

តារាងខាងក្រោម បង្ហាញ​ពីតួលេខ នៃ​សមាសភាព​ផ្សេងៗ នៃ​តំបន់ត្រីកោណ

ប្រទេស

(ចំនួនខេត្តចូលរួម)

ផ្ទៃដី

(គីឡូម៉ែត្រក្រឡា)

ចំនួនប្រជាជន (ឆ្នាំ២០១១) % ប្រជាជន

ក្នុងតំបន់

ដង់ស៊ីតេ

(ប្រជាជន/.)

យៀកណាម ()  ៥១ ៧៤០ ៥ ០២០ ០០០ ៧៦,% ៩៦
លាវ () ៤៦ ៧៤៦ ១ ១១០ ០០០ ១៦,% ២៤
កម្ពុជា () ៤៧ ២៥៦    ៤៧១ ០០០  ,% ១០
សរុប      ១៤៥ ៧៤២ ៦០១ ០០០ ១០០,%  

ខេត្តរតនគីរី និងមណ្ឌលគីរី មាន​សម្បូរ​ដោយ​ទីទឹក ​ទន្លេ ស្ទឹង បឺង ​ជាច្រើន​ជាអាទិគឺ​ ទន្លេសេកុង​ ទន្លេ​សេសាន​​ និង​ទន្លេស្រែពក ហើយ​សម្បូរទៅ​ដោយ​ដីក្រហម ដ៏​មានជីជាតិ​ល្អណាស់។ ជាការពិត​​មួយ​ទៀត​ គឺ រតនគីរី និង​មណ្ឌលគីរី សម្បូរ​ទៅដោយ​​ដើម​ឈើប្រណីតៗ (មាន​កំពស់ពី ៤០ ទៅ ៥០ ម៉ែត្រ​ និង​មាន​វិជ្ឈមាត្រ ជាង​ ២ ម៉ែត្រ​ផង)។ ខេត្តពីរនេះ ក៏សម្បូរ​ទៅ​ដោយ​ត្បូង​​មាន​តម្លៃកណ្តាល (ដូច ជាត្បូងថៃ ត្បូងកណ្តៀង និង​ត្បូងទទឹម ជាដើម នៅបរកែរ និង​មាស នៅ​បរខាំ) ព្រមទាំង​រ៉ែ​ផ្សេងៗ ដូចជា ​ហ្សីកូញ៉ូម​ បុកស៊ីត​ ដែក ​ធ្យូងថ្ម ​និង​ទ្រព្យសម្បត្តិ ដែល​អាចបង្កើត​បាន ដូច​ជាការចិញ្ចឹម​សត្វ​ ​នៅតំបន់​ដីខ្ពស់ នៃរតនគីរី ។ ទោះយ៉ាងណា រហូតដល់ឆ្នាំ ១៩៥៩ ខេត្ត​រតនគីរី និង​មណ្ឌលគីរី បាន​រស់នៅ ដោយ​ភាព​គ្រប់គ្រាន់​ដោយ​ខ្លួនឯង មួយភាគធំ​មកពី​ការកាប់ និង​ដុតកូន​រុក្ខជាតិ​ ដើម្បី​ធ្វើចំការ​ ពីកន្លែង​មួយ ទៅកន្លែង​មួយ​ទៀត ជាទម្លាប់​ប្រពៃណី នៃ​អ្នកស្រុក​នៅទីនោះ។

ដោយសារមូលហេតុជាច្រើន ខេត្តរតនគីរី មណ្ឌលគីរី និង​ស្ទឹងត្រែង ដែល​មាន​ប្រជាជន​រស់​នៅ ​តិច​តួច​នោះ មិន​បាន​ធ្វើឲ្យ​ខ្មែរ នៃ​ភូមិភាគ​ឯទៀតៗ នៃ​ប្រទេស យកចិត្តទុកដាក់​អ្វីទេ។ ​ ចាប់ពីឆ្នាំ ១៩៥៨ ទើប​រដ្ឋាភិបាល​កម្ពុជា សម្រេច​ផ្តល់​អាទិភាព​​បញ្ជូន​ជនជាតិ​ខែ្មរ ពី​ខេត្ត​ដទៃទៀត មក​តាំងទីលំ​នៅ នៅ​ខេត្ត រតនគីរី និង​មណ្ឌលគីរី ក្នុង​បំណងអភិវឌ្ឍតំបន់​នេះ និង​ដើម្បី​ប្រឆាំង នឹង​លំហូរ នៃជនជាតិ​យួន ពីខេត្ត​ដាក់ឡាក់ និង ផ្លៃគូ នៃ​យៀកណាម ជាប់​និង​ព្រំដែន​នោះ។

II.- ទិន្នន័យនយោបាយ

តំបន់ត្រីកោណនេះ ស្ថិត​នៅ​ចំកណ្តាល នៃ​អតីត​ឥណ្ឌូចិន​បារាំង ដែល​ជាទី​កន្លែង​ឆ្លងកាត់ នៃ​កង កម្លាំង​ប្រយុទ្ធ​ពិសេស នៃ​កងទ័ព​កុម្មុយ​និស្ត​យួន ក្នុង​អំឡុងពេល សង្គ្រាម​ឥណ្ឌូចិន មុនៗនោះ។

នៅឆ្នាំ ១៩៧៩ លោក សាល ម៉េយែរ  (Charles Meyer) ជាអ្នក​ភូមិសាស្ត្រ​បារាំង​ ដែល​ធ្លាប់​បាន​រស់នៅ​ ​ក្នុង​ប្រទេស​កម្ពុជា ជាច្រើន​ឆ្នាំ បាន​សរសេរថា «នៅឆ្នាំ ១៩៧០ សង្គ្រាម​យៀកណាម បាន​ផ្ទុះ​ឡើង នៅកម្ពុជា ហើយពួក​កុម្មុយនិស្ត​យួន បាន​កាន់កាប់​ខេត្ត​ទាំងពីរ រតនគិរី និងមណ្ឌលគីរី។ ចាប់ពីខេត្តពីរ នេះ​ទៅ ពួកគេ​អាច​ត្រួតត្រា គ្រប់តំបន់​ទាំងអស់ នៅភាគ​ខាង​កើត នៃ​កម្ពុជា ទោះជា​ខ្មែរ​​ក្រហម បានចូល​កាន់​កាប់​ភ្នំពេញ ហើយក្តី។ ម្យ៉ាងទៀត នៅមុន​ឆ្នាំ​ ១៩៧០ ក៏ពួកយួន ទាំងនេះ តែងតែឆ្លៀត​គ្រប់ឱកាស ដើម្បី​ជម្រុញ​ពួក​ខ្មែរ​លើ ឲ្យធ្វើ​កុបកម្ម និង​ការបះបោរ ប្រឆាំង​នឹងអាជ្ញាធរ​​នៃ​​ក្រុងភ្នំពេញ ដែលនៅ​ពេល​នោះ ក្រុងភ្នំពេញ កំពុង​ខំពុះពារ រៀបចំ​កិច្ចអភិវឌ្ឍ នៃ​តំបន់​នេះ»

នៅឆ្នាំ ១៩៧៣ និង​ជាថ្មីទៀត​ នៅឆ្នាំ ១៩៧៥ និង ១៩៧៧ ប៉ុល​ ពត​ បាន​ទាមទារ ឱ្យ​កងទ័ព​​​កុម្មុយ​និស្ត​យួន​ ដក​ខ្លួន​ចេញ ពីខេត្ត​រតនគិរី ប៉ុន្តែ​យួន មិន​ធ្វើ​ដឹង​ឡើយ។

ថ្ងៃទី ២៧ មករា ២០០២ នាយករដ្ឋមន្ត្រីយៀកណាម លោក ផាន់ វ៉ាន់ ខាយ បាន​ប្រកាសថា «ការ​បង្កើត តំបន់​ត្រីកោណ​ កម្ពុជា​-​លាវ​-​យៀកណាម គឺ​ជា​ការចូល​រួម​ចំណែក ​ដល់​សន្តិភាព​ និង​ស្ថេរភាព ​នៃ​តំបន់​ ជាមួយ​គ្នា​ និង​ការថែរក្សាសន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម នៅ​តាម​បណ្តោយ​ព្រំដែន នៃប្រទេស​ទាំង​បី និង​ដើម្បី​ប្រសិទ្ធភាព នៃ​ការប្រយុទ្ធ​ប្រឆាំង ទល់​នឹង​ការវាយ​ប្រហារ​ ភេរវកម្ម​ ឧក្រិដ្ឋកម្ម ឆ្លងដែន និងការជួញដូរ​គ្រឿង​ញៀនផង»

នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០០៤ នៅក្រុង​សៀមរាប ផាន់ វ៉ាន់ ខាយ បានបញ្ជាក់ថា​ «តំបន់​ត្រី​កោណ​​នេះ ជាតំបន់​យុទ្ធសាស្ត្រ សម្រាប់​ប្រទេស​ទាំង​៣ លើ​ផ្ទៃ​នយោបាយ​ផង លើ​ផ្ទៃសេដ្ឋកិច្ចផង លើផ្ទៃ​​សង្គម​​ផង លើផ្ទៃ​បរិស្ថាន និង​អេកូឡូស៊ី ផង ប៉ុន្តែ​នាបច្ចុប្បន្ន​នេះ វាជា​នៅ​ជា​អនុ​តំបន់ក្រីក្រ​ជានិច្ច ​ដែល​​ជាមូលដ្ឋាន​នៃ​​ហេដ្ឋា​រចនាសម្ព័ន្ធ សង្គម​ សេដ្ឋកិច្ច នៅ​ខ្សត់​ខ្សោយ​ណាស់ … »

ដល់ថ្ងៃទី ២៨ វិច្ឆិកា ២០០៤ នៅទីក្រុងវៀងចន្ទន៍​ ផាន់ វ៉ាន់ ខាយ ​បាន​រំលឹក​ជាថ្មី នូវ​ការអះអាង របស់​ពួក​​អាណានិគម​និយម​យួន ​ពីឆ្នាំ ១៩៧៩ ថា «ប្រវត្តិសាស្ត្រ​បាន​ផ្សារ​ភ្ជាប់​ប្រទេស​យើង​ទាំង​៣ ហើយ​​ ​​​…តម្រូវ​ការ នៃ​ការអភិវឌ្ឍ​ប្រទេស​យើង​នីមួយៗ នៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន ទាម​ទារ​​ឲ្យ​យើង​ផ្សា​រ​​ភ្ជាប់គ្នា ឱ្យកាន់​តែ​ជិតស្និទ្ធ​ថែម​ទៀត ដើម្បី​ផលប្រយោជន៍​សន្តិភាព សន្តិសុខ និង​វិបុលភាព… ដូច្នេះ​​តំបន់​ត្រីកោណ ជាការ​រួមចំណែក​យ៉ាង​សកម្ម ក្នុង​ការពង្រឹង​ទំនាក់​ទំនង នៃ​កិច្ច​សហ​ប្រតិបត្តិការ និង​​មិត្តភាព​ជា​ប្រពៃណី រវាង​ប្រជាជន​ទាំង​៣ របស់យើង …»

III.- ការគ្រប់គ្រងត្រីកោណ

ដូចក្នុងប្រវត្តិសាស្ត្រ​កន្លង​មក​នោះ យួន​នឹង​គ្រប់គ្រង​តំបន់ត្រីកោណនេះទៀត។ នៅថ្ងៃទី ២៨ វិច្ឆិកា ២០០៤ នៅ​ទីក្រុង​វៀងចន្ទន៍ លោក ផាន់ វ៉ាន់ ខាយ បាន​ស្នើបង្កើត «គណៈកម្មាធិការ សម្រប​សម្រួល​​មួយ​ ​ដើម្បី​ផ្តល់​យោបល់ ដល់​មេដឹកនាំ នៃ​ប្រទេស​ទាំងបី ក្នុង​ការរៀបចំ​​តំបន់ត្រីកោណ និង​ធ្វើឱ្យ​មាន កិច្ចសហការ​ជិត​ស្និទ្ធ រវាង​ប្រទេសទាំងបី ក្នុង​ការ​សម្រេច នូវ​វិធានការ​រួមគ្នា នៃការរៃ​អង្គាស​ធនធាន ជាថវិកា​ សម្រាប់​គម្រោង​នានា នៃផែនការ​អភិវឌ្ឍន៍​ទាំងមូល»។

នៅឆ្នាំ ២០០៧ «គណៈកម្មាធិការ​សម្រប​សម្រួល​ចម្រុះ» ត្រូវបាន​បង្កើត​ឡើង មិន​ត្រឹម​តែនៅ​ថ្នាក់​រដ្ឋាភិ បាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​នៅ​ថ្នាក់ខេត្ត​ផង ដើម្បី​សម្រេច​អំពី​ថវិកា និង​ការតាំងទី​ នៃ​កិច្ចការ​គ្រប់ ប្រភេទ នៅ​ក្នុងតំបន់ និងគ្រប់​កំរិត​តែ​ម្តង។ គេនឹង​ឃើញ​ថា ក្នុងការគ្រប់គ្រង​បែប​នេះ ការវិនិយោគ ​របស់​ភាគី​យួន បាន​រីករាល​ដាល ទៅដល់​បណ្តា​ខេត្តខ្មែរ​ផ្សេង​ទៀត ដូចជាខេត្ត​កំពង់ចាម កំពង់ធំ  ឧត្តរមាន​ជ័យ ដែល​នៅ​ជិត​ខាង​ត្រីកោណ​នោះ។

លោក ហ៊ុន សែន ស្នើ​យៀកណាម ឲ្យ​ទទួល​បន្ទុក​កិច្ចការ​ទាំងអស់

នៅក្នុងកិច្ចប្រជុំនៅក្រុងសៀមរាប ថ្ងៃទី ២១ កក្កដា ឆ្នាំ ២០០៤ លោក ហ៊ុន សែន បាន​លើក​អំពី​កង្វះ​​ខាត​របស់​កម្ពុជា​ សម្រាប់​ខេត្ត​របស់​ខ្លួន នៃត្រីកោណ​នោះ ជាអាទិ៍​គឺ ខ្វះខាតលុយ​ ផ្លូវថ្នល់​ សាលារៀន មណ្ឌល​សុខភាព​ និង​គ្រូពេទ្យ បុគ្គលិក​មាន​សមត្ថភាព ​ប្រជាជន​មាន​សុខភាព​ល្អ សម្រាប់​ធ្វើការ។ល។ ដូច្នេះ ហ៊ុន សែន ក៏ស្នើ​សុំ​ឱ្យ​យៀកណាម ទទួល​ខុសត្រូវ ក្នុង​ការកសាង​ផ្លូវ​នៅ​ទីនោះ បណ្តុះ​បណ្តាល ពួកខ្មែរលើ ក្នុង​កិច្ចការ​អភិវឌ្ឍ​តំបន់ និង​ផ្តល់ជំនួយ​បច្ចេកទេស​ និង​ហិរញ្ញវត្ថុ​ ដើម្បី​រៀបចំ​ទីផ្សារ​ និង ការបង្កើត​ផលិតកម្ម​ និង​ផលិតផល​រួម នៃត្រីកោណ​… ហើយ​ក្នុង​ករណី​នេះ «ប្រទេស​ដៃ​គូ​ណា​​ ដែល​​បាន​ចូលរួម​វិភាគទាន​​ច្រើន​បំផុត (ដល់​ការរៀបចំ និង​ការធ្វើ​អាជីវកម្ម ក្នុង​ត្រីកោណ) នឹង​ត្រូវទទួល​បាន​ប្រាក់ចំណេញ​កាន់តែច្រើន ពី​វិភាគទាន​​របស់​ខ្លួន​នោះ មិនខាន»។

តាមពិត​ ទីផ្សារ​តែមួយ​គត់​ សម្រាប់​ផលិតផល​នៃតំបន់​ត្រីកោណ គឺមាន​តែ​នៅ​ខាង​យៀកណាម​ ប៉ុណ្ណោះ​ ដោយ​សារ​​គេមាន​ការរៀបចំល្អជាស្រេច ​ជាងនៅកម្ពុជា និងលាវ ហើយជនជាតិខ្មែរ ក៏នឹងត្រូវទិញ ពី យៀកណាមវិញ នូវផលិតផល ដែលបានកើត ពីទឹកដីរបស់ខ្លួននោះ។

យើងបានឃើញ​ជាប​ន្ទាប់​មក​ថា​ នៅ​កម្ពុជា និង​លាវ អ្នកវិនិយោគ និង​​ជាអ្នក​ទទួល​បាន​​ដីសម្បទាន​ធំៗ​ (២០០.០០០ ហិកតា នៅកម្ពុជា និងលាវ ក្នុងឆ្នាំ ២០០៧) គឺជាសហគ្រាស​យួន។ មានសហគ្រិន​ខ្មែរ តិច​តួចណាស់ ​ដែល​ចូល​ធ្វើវិនិយោគ នៅ​ក្នុងខេត្ត​ខ្មែរ។ ប៉ុន្តែ មិន​មាន​ជនជាតិខ្មែរ​ (ឬ លាវ) បាន​ចេញ ទៅ​ធ្វើ​វិនិយោគ នៅតាម​បណ្តា​ខេត្ត​យៀកណាម នៃត្រីកោណទេ ទោះបី​ជាគេ​បើក​ឲ្យ​ប្រជាជន នៃ​ប្រទេស​ទាំង​បីជា​ «បងប្អូន» ធ្វើ​ចរាចរ​ និង​តាំង​ទីលំនៅ នៅក្នុង​​តំបន់​ត្រីកោណ​ទាំងមូល ​ដោយ​សេរី ក៏ដោយ។

រកការចូលរួម នៃ​អន្តរជាតិ

នៅខែវិច្ឆិកា ឆ្នាំ ២០០៤ លោក ផាន់ វ៉ាន់ ខាយ នាយករដ្ឋមន្រ្តី​វៀតណាម បាន​ផ្តល់ «អនុសាសន៍ អំពី​ការរក​ប្រភព​ថវិកា​ សម្រាប់​គម្រោង​​អភិវឌ្ឍន៍​ ដែល​បាន​ព្រមព្រៀង​រួចហើយ»៖ ប្រទេស​នីមួយៗ នៃប្រទេស​ទាំង​ ៣ ​នៅ​ក្នុង​ការទទួល​ខុស​ត្រូវ​រៀង​ខ្លួន​ ត្រូវ​អំពាវនាវ​ដល់​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ (ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB, មូលនិធិ រូបិយវត្ថុ​អន្តរជាតិ IMF, …) និង​រដ្ឋាភិបាល​បរទេស (ជាពិសេស ជប៉ុន) ដើម្បី​ផ្តល់ជំនួយ ឬ ផ្តល់ប្រាក់កម្ចី សម្រាប់​ការអភិវឌ្ឍ​នៃ​តំបន់​ត្រីកោណ។ ជាមួយគ្នានេះ ប្រទេស​នីមួយៗ ក៏ត្រូវ​ «កំណត់​​ចំណែក អាទិភាព​ នៃថវិកាជាតិ​រ​​បស់​ខ្លួន សម្រាប់​ផ្តល់​ជាមូលនិធិ​ផ្ទាល់ខ្លួន​ដែរ…»។​ ​ការអំពាវនាវ​​ឱ្យមាន មូលនិធិបរទេស គឺជាបំណងឲ្យមាន​ការទទួល​ស្គាល់ ជាអន្តរជាតិ អំពីគុណ​ប្រយោជន៍ នៃ​ការ​បង្កើត ត្រីកោណ ដែល​ក្រុង​ហាណូយ​​​ ចង់បាន។ ទីបំផុត ជប៉ុន និង​ធនាគារ​អភិវឌ្ឍន៍អាស៊ី បាននាំយ​កថវិកា​មួយ​ចំនួន ទៅឲ្យ​ហាណូយ សម្រាប់​គម្រោង​នេះ។ នេះក៏​ជា​ការបង្ហាញថា សំណង់​អាណានិគម​ថ្មី របស់យៀកណាម នៅកម្ពុជា និងលាវ​ ត្រូវ​បាន​ទទួល​ការយល់​ព្រម​​ពី​សាម៉ី​ប្រទេស​ផង និង​ពីជំនួយ​អន្តរ ជាតិ ផងដែរ – កុំឲ្យនរណា អាច​ចោទ​ប្រកាន់​ ថាជាការរំលោភ​បំពាន​អ្វី របស់យៀកណាម​បាន។

ម្យ៉ាងទៀត ដើម្បីសម្រួលចិត្ត​ប្រទេស​ថៃឡង់​ដែរ នៅឆ្នាំ ២០០០ ភ្លាម យួន​ពិត​ជាជម្រុញ លោក ហ៊ុន សែន ឲ្យស្នើសៀម ឲ្យបង្កើត​ត្រីកោណ​រួមគ្នា​មួយ​ដែរ ហៅថា «ត្រីកោណ​មរកត» ថៃ-លាវ-កម្ពុជា សម្រាប់​វិស័យ ​ទេសចរណ៍។ សៀម បាន​យល់ព្រម ការដាក់​ខេត្ត​ចំនួន​ ៧ ក្នុង​ត្រីកោណ​មរកត​នោះ គឺ ខេត្តឧត្តរមាន ជ័យ, ព្រះវិហារ, ស្ទឹងត្រែង (កម្ពុជា) ចំប៉ាសាក់សារ៉ាវ៉ាន់ (លាវ) ឧបុន រាឆាថានី, ស៊ីសាកេត (ថៃ) ។ នៅ​ឆ្នាំ  ២០០៣ ពួកគេ​បាន​ស្នើសុំ កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) និង​អង្គការ​ទេសចរណ៍​ពិភពលោក​​ នៃ​អង្គការ​សហប្រជាជាតិ (UNWTO) ឲ្យផ្តល់​ហិរញ្ញប្បទាន ដល់​គម្រោង​នេះ។ ប៉ុន្តែ ដោយ​គេ​ឃើញ​ថា មិនមាន​ទេសចរ​ច្រើន​គ្នា ចូល​មក​ឡើយ គម្រោង​កសាងត្រីកោណមរកត ក៏ត្រូវ​បាន «ផ្អាក​ទុក» ទៅ​វិញ​ទៅ។

ការគ្រប់គ្រង ដោយកងទ័ពយួន

នៅខែកញ្ញា ឆ្នាំ២០០៧ អ្នកតំណាងរាស្ត្រ លោក សុន ឆ័យ {បក្សប្រឆាំង} ដែល​បាន​នាំ​​គណៈប្រតិភូរដ្ឋសភា​ ទៅ​ធ្វើ​ទស្សនកិច្ច នៅ​តំបន់​ត្រីកោណ បាន​ប្រកាស​ជា​បន្តបន្ទាប់ តាម​វិទ្យុ​អាស៊ីសេរី ថា «តាមពិត គឺពួក​ទាហានយៀកណាម​ ដែល​បន្ទាប់​ពី​​ត្រូវ​​បាន​ជម្លៀស​ចេញ​​ពីកម្ពុជា មួយផ្នែក (ក្នុងឆ្នាំ ១៩៨៩) បាន​បង្កើត ចលនា​យោធា សម្រាប់​គ្រប់គ្រង ចម្ការ​កៅស៊ូ ចម្ការ​កាហ្វេ និង​ចម្ការតែ របស់គេ… ហើយឥឡូវនេះ​ ពួកគេ​​បាន​​​តាំង​ទីលំនៅ​ជាច្រើន នៅ​ទល់មុខ ខេត្ត​ជាប់ព្រំដែន​របស់​យើង ដោយ​មានឧបករណ៍​គ្រប់​ប្រភេទ និង​​ដាក់នៅ​​ក្រោម​​បញ្ជាការ នៃ​ឧត្តមសេនីយ៍ និង​​នាយ​ទាហាន របស់​ពួកគេ – ដូចជា​សេនាធិការ យោធា​មួយ​ យ៉ាងប្រាកដ… »។

លោក សុន ឆ័យ បាន​លើក​ឧទាហរណ៍ នៅ​ប្រទេស​លាវ ថា​​ «ចម្ការកៅស៊ូ​មួយ ទំហំ ១០,០០០ ហិកតា​ ត្រូវ បាន​គ្រប់គ្រង​​ដោយ​វរសេនីយឯក និង​អនុសេនីយឯក​យៀកណាម ចំនួន ១៧៦ នាក់ ដែល​ហៅខ្លួន​ឯង ថា​ជា «អ្នកជំនាញការ»។ ក្នុងចម្ការ ១០.០០០ ហិកតា មានកម្មករលាវ ប្រមាណ ១.០០០ នាក់ ធ្វើ​ការងារ​ ជាមួយ​កម្មក​យៀកណាម ជាង ៣.០០០ នាក់​ ដូច្នេះ​សម្រាប់​ដីសម្បទាន ១០០.០០០ ហិកតា ​របស់ យើង សម្រាប់​ចម្ការ​ដូចគ្នា​នោះ (នៅ​ខេត្តរតនគីរី មណ្ឌលគីរី ក្រចេះ … ដែល​មាន​ជនជាតិខ្មែរ​រស់នៅ តិចណាស់) ចំនួន «អ្នកជំនាញការ» និង​កម្មករ (និង​ក្រុមគ្រួសារ របស់​ពួកគេ) វា​ត្រូវ​​គុណ​យ៉ាងតិច​​ ១០ ​ដង និង​តួលេខ​ខាង​លើនេះ ហើយ​បាន​ក្លាយ​ជាអំណាច​គ្រប់គ្រង របស់​យៀកណាម នៅ​ក្នុងស្រុក​យើង​ តែ​ម្តង។ លោកសុន​ ឆ័យ ​បាន​បញ្ជាក់ម្យ៉ាង​ទៀត ​អំពីការប៉ះពាល់ ដល់​បរិស្ថាន​របស់​កម្ពុជា​ថា «ព្រៃឈើ​របស់យើង ត្រូវបាន​បំផ្លាញ ដោយ​ក្រុមហ៊ុន​ទាំង​នោះ ដោយ​គ្មានញញើត​ញញើម និង​គ្មាន​​សំណង​​អ្វី ឲ្យយើង​វិញទេ។​ ព្រៃឈើ​ដ៏ធំធេង នៃ​កម្ពុជា កំពុង​តែរលាយ​រលត់ អស់​ហើយ។

ជាបញ្ចប់ លោក​ សុន ឆ័យ បានឲ្យដឹង​ថា «យើង​ជាអ្នក​តំណាងរាស្ត្រ មិន​អាច​ដាក់​សំណួរ​ណា​មួយ ទៅរដ្ឋាភិបាល​ បាន​ទេ ពីព្រោះ​រដ្ឋាភិបាល​ បាន​ប្រាប់​ថា រឿង​ដី​សម្បទាន និង​ឯកសារ​ផ្សេងៗ ដែល​ទាក់​ទង សុទ្ធតែជា​ការសម្ងាត់​ទាំងអស់»។ លោក ហ៊ុន សែន ក៏មិន​មាន​ប្រតិកម្មអ្វី​ ចំពោះ​ការបរិហារ​​ដ៏ធ្ងន់ធ្ងរ​ទាំងនេះ​របស់ លោក សុន ឆ័យ ទេ។

ប្រាំបី​ឆ្នាំក្រោយ​មក នៅថ្ងៃទី ២៤ ធ្នូ ២០១៥ របាយការណ៍​វែងមួយ របស់​កាសែត «ឌឺខេមបូឌា ដេលី (The Cambodia Daily)» បាន​ផ្តល់ព័ត៌​មាន​លម្អិត​​បន្ថែ​មទៀត​៖ នៅខេត្តរតនគិរី ​ដីសម្បទានសេដ្ឋកិច្ច ទៅ​ឱ្យ​​ក្រុមហ៊ុន​​យួន ត្រូវ​​បាន​គ្រប់គ្រង ដោយ​អង្គភាព​យោធា​ផ្សេងៗ នៃកង​ពលធំ​លេខ ១៥ នៃ​កងទ័ព ប្រជាជន​​យៀកណាម ដែល​​មាន​មូលដ្ឋាន នៅ​ក្នុង​ខេត្តយ៉ាឡៃ ដែល​ជាខេត្ត​មួយ របស់​យៀកណាម នៅ​ក្នុង​តំបន់​ត្រីកោណនោះ…។ ពីរ​ខែក្រោយ​មក​ គឺ​នៅខែ កុម្ភៈ ២០១៦ គេផ្សាយ​ដំណឹង​ធំមួយ​ថា លោក ហ៊ុន ​សែន បាន​លុប​ចោល រាល់កិច្ចសន្យា នៃ​ដីសម្បទាន ដែល​គ្រប់គ្រង​ដោយ​កងទ័ព យៀកណាម ហើយ។ ទោះ​​យ៉ាង​ណាក្តី នៅថ្ងៃទី​ ២៤ វិច្ឆិកា ២០១៦ កាសែត​យួន Le Courrier du Vietnam បាន​ឲ្យ​ដឹងថា «ការវិនិយោគ​របស់​យៀកណាម មានចំនួនជាង​ ១០០ គម្រោង ដោយទឹកប្រាក់ ប្រមាណ ៣,៨ ពាន់​លានដុល្លារ» សម្រាប់បង្កើតឧស្សាហកម្មកៅស៊ូ និងការអភិវឌ្ឍទេសចរណ៍។

បង្កើតស្ថាប័នផ្លូវការរួមគ្នា នៃតំបន់ត្រីកោណ

លុះដល់ឆ្នាំ ២០១៣ ទើបសភាជាតិនៃប្រទេសទាំងបី បានចាប់អារម្មណ៍​ នឹងវត្តមាននៃត្រីកោណ។ នៅ ថ្ងៃទី២៣ មេសា ២០១៣ នៅមណ្ឌលគីរី​ កិច្ចប្រជុំមួយ​​ត្រូវ​បាន​ធ្វើឡើង រវាង​គណៈកម្មការ​ទំនាក់ទំនង អន្តរជាតិ នៃ​សភាទាំង​ ៣ ដើម្បី​កំណត់ «តួនាទីរបស់​សភា​ជាតិ ក្នុង​ការជ្រោមជ្រែង តំបន់​ត្រីកោណ អភិវឌ្ឍន៍» និង «រៀបចំការបង្កើត​ស្ថាប័នថ្មី​មួយ ហៅថា ស្ថាប័ន​អន្តរសភា​ កម្ពុជា​-​លាវ​-​វៀតណាម»។

នៅថ្ងៃទី ១៧ កក្កដា ២០១៤ កិច្ចប្រជុំមួយ​ទៀត នៃ​គណៈកម្មការសន្តិសុខ និង​ការពារជាតិ នៃ​សភា​ទាំង​បី បានចុះហត្ថលេខា​​លើ​អនុស្សរណៈ​ចំនួន ៩ ចំណុច ដោយ​បញ្ជាក់​ជាពិសេស លើសារៈ​សំខាន់ នៃ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ទាក់ទង​នឹង​សន្តិសុខ សន្តិភាព និង​កិច្ចសហប្រតិបត្តិការត្រីភាគី ផ្នែកច្បាប់។

ដល់ថ្ងៃទី ៣១ មីនា ២០១៨ ក្នុងកិច្ចប្រជុំ​កំពូល​ លើកទី១០ រវាង​នាយករដ្ឋមន្ត្រី នៅ​ទីក្រុង​ហាណូយ ​(យោងតាម​អ្នក​ស្រាវជ្រាវ ឈាង វណ្ណារិទ្ធ) «យៀកណាម បានស្នើ​ឱ្យ​ធ្វើការពង្រីក​តំបន់ត្រីកោណ ទៅ​លើ​ទឹកដី​ទាំងមូល នៃ​ប្រទេស​ទាំងបី តែម្តង (ប៉ុន្តែ​កម្ពុជា និង​លាវ មិន​ទាន់​ឆ្លើយតប​ជាផ្លូវការ ដល់​សំណើ​នេះទេ)»។ ទោះយ៉ាងណាក្តី ពួកគេ​បាន​អនុម័ត «ផែនការ​សកម្មភាព​មួយ​ ស្តីពី​ការតភ្ជាប់​គ្នា នៃ​សេដ្ឋកិច្ច កម្ពុជា លាវ និង​យៀកណាម នៅ​ឆ្នាំ​ ២០៣០ ដោយ​ផែនការ​នេះ ត្រូវ​ជាការ​តម្រង់​ទិស សម្រាប់​កិច្ច​សហប្រតិបត្តិការ​ក្នុងតំបន់​ត្រីកោណ និង​ជំរុញ​ការតភ្ជាប់​គ្នា នៃ​ហេដ្ឋារចនា​សម្ព័ន្ធសេដ្ឋកិច្ច និង ការ​តភ្ជាប់​គ្នា​នៃ​មនុស្ស​ម្នាផង​» ទៀត…។ ហេតុនេះ តំបន់​ត្រីកោណ​ហ្នឹង មិន​ត្រឹម​តែ​ជាតំបន់​ នៃ​សកម្មភាព សេដ្ឋកិច្ច​ ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​នឹង​ក្លាយជា​ សមូហភាព​នយោបាយ​ស្វយ័ត​មួយ នៅ​ក្រោម​បញ្ជាការ នៃ​ក្រុងហាណូយ ជាប្រាកដ។

សេចក្តីសន្និដ្ឋាន

ក្នុងរយៈកាល ២០ ឆ្នាំកន្លងមក តើ​ជនជាតិខ្មែរ នៃ​ខេត្តក្នុងតំបន់​ត្រីកោណ បាន​ទទួល​ផល​ប្រយោជន៍ ​ពី​រឿង​​ដែល​គេ​ថា​ «ការអភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គមកិច្ច យ៉ាងឆាប់រហ័ស» នៃ​តំបន់ត្រី​កោណ​នោះ​ទេ? គឺ​គ្មាន​ទេ នៅ​មុខសេចក្តីឈឺចាប់​ឥត​ស្រាកស្រាន្ត របស់​ពួកគេ ក្នុង​ការបាត់​បង់​ជាបន្ត​បន្ទាប់ មក​ទល់ថ្ងៃនេះ​ (ឆ្នាំ​ ២០២០) នូវ​ដីធ្លីកេរ្ត៍​ដូនតា និង​បរិវេណ​​ធម្មជាតិ សម្រាប់​ការចិញ្ចឹម​ជិវិត របស់​ពូក​គេ​នោះ។

«មនុស្សខ្លាំង» ហ៊ុន​ សែន ដែល​ចាប់​តាំងពី​ឆ្នាំ ១៩៧៩ មក មិន​ដែល​ហ៊ាន​តវ៉ា​ប្រឆាំង ​នឹង​យៀកណាម ​ដែល​បាន​កាត់​យក និង​បន្តកកេរយក​ទឹកដី​កម្ពុជា​ សោះ​ឡើយ​​ បាន​អះអាង​ថា កិច្ចព្រមព្រៀង​របស់ គាត់ ចំពោះ​តំបន់ត្រីកោណ គឺ «សំដៅ​ទៅការពារ អធិបតេយ្យ និង បូរណភាពទឹកដី នៃកម្ពុជា» (!)។

តាមពិត ក្នុងនាម​ជានាយករដ្ឋមន្រ្តី នៃ​កម្ពុជា សំណើ​របស់ ហ៊ុន​ សែន នៅឆ្នាំ ១៩៩៩ ឲ្យ​​យួន​​បង្កើត ​​តំបន់​​​​ត្រីកោណ គឺ​ជា​​ការ​ទទួល​ស្គាល់​​ជាផ្លូវការ រួច​ទៅ​ហើយ ឲ្យយៀកណាម បន្តកាន់កាប់ ខេត្ត​រតនគិរី នោះ​ចុះ។ នាពេលនោះ​សោត ​ហ៊ុន​ សែន គ្មាន​បាន​ស្នើ​ និងរង់ចាំ ការយល់ព្រម​​ពី​រដ្ឋសភា​​ និង​ពីព្រះ មហាក្សត្រ​​កម្ពុជា ជា​ប្រមុខ​រដ្ឋ​ទេ។

នៅថ្ងៃនេះ ភូមិភាគឦសាន នៃកម្ពុជា បាន​ក្លាយ​ជាដែន​អាណានិគម របស់​វៀតណាម ជា​ប្រាកដ​​ហើយ។ ការ​បង្កើត​តំបន់​ត្រីកោណនេះ គឺជា​ការបន្ត​អំណាច​ក្តោបក្តាប់ នៃ​យៀកណាម លើ​ប្រទេស​លាវ (ពី​ឆ្នាំ ១៩៧៧) និង​លើប្រទេស​កម្ពុជា (ពីឆ្នាំ ១៩៧៩)​ ​​ដើម្បី​សម្រេច​ការបង្កើត «ឥណ្ឌូចិន​របស់​យៀក​ណាម» ដែល ហូ ជី មិញ ចង់​បាន​ខ្លាំងណាស់។ ពេលនេះ គេបាន​ពង្រីក​តំបន់​ត្រីកោណ ទៅដល់​ត្រើយ​ខាង​ឆ្វេង នៃ​ទន្លេ​មេគង្គ។ មិន​យូរប៉ុន្មានទៀ​តទេ គេ​នឹង​ពង្រីក​វា​ ទៅ​ខេត្តខាង​ជើង និង ខាង​លិច នៃ​កម្ពុជា មិន​ខាន​ឡើយ។

តំបន់ត្រីកោណនេះ គឺជាការរំលោភ​ជាក់ស្តែង លើ​ឯកភាព ​និង​អធិបតេយ្យភាព​នៃកម្ពុជា ដោយ​ យៀក​ណាម ជាមួយ​នឹង​ការឃុប​ឃិត នៃលោក​ ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា។

ឌី ការ៉េត
ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា
ទីក្រុងប៉ារីស ថ្ងៃទី២០ ឧសភា ២០២០

Mr Dy Kareth, CFC France
Mr Dy Kareth, CFC France

.