អត្ថបទចលនានិស្សិត SMD-2 / 26-6-2020

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ដែល​មានមូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក នៅថ្ងៃទី​ ២៦ ខែ​មិថុនា ឆ្នាំ​២០២០ ចេញសេចក្តីថ្លែងការណ៍​មួយ បង្ហាញពី​ផ្លូវច្បាប់​ជាតិ និង​អន្តរជាតិ ជុំវិញ​រឿង​កោះត្រល់ និងចង្កោម​កោះក្រចកសេះ ថា​ជារបស់​កម្ពុជាពិតប្រាកដ។ សេចក្តីថ្លែងការណ៍នេះ ទាមទារឲ្យប្រទេស​វៀត​ណាម ត្រូវបញ្ឈប់ជាបន្ទាន់ នូវអាជីវកម្ម-​ពាណិជ្ជកម្ម និង​ការសាងសង់​ទាំងអស់ នៅ​លើ​កោះត្រល់ និងចង្កោមកោះ​ក្រចកសេះ។ សូមទាញយក សេចក្តីថ្លែងការណ៍ត្រង់នេះ (Download) ឬអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

សេចក្តីថ្លែងការណ៍
ប្រទេសវៀតណាមត្រូវបញ្ឈប់ជាបន្ទាន់
នូវអាជីវកម្ម-ពាណិជ្ជកម្ម និងការសាងសង់ទាំងអស់ នៅលើកោះត្រល់ និងចង្កោមកោះក្រចកសេះ

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ សូមអំពាវនាវយ៉ាងទទូចដល់រដ្ឋាភិបាល និង​រដ្ឋ​សភាកម្ពុជា បច្ចុប្បន្ន (១)-ត្រូវទាមទារឲ្យប្រទេសវៀតណាម បញ្ឈប់ជាបន្ទាន់​នូវ​រាល់​គម្រោង និង​​ផែនការ​អាជីវកម្ម-ពាណិជ្ជកម្ម និង​ការសាងសង់​ទាំងអស់ នៅលើ​កោះត្រល់ និង​ចង្កោមកោះ​ក្រចក​សេះ និង (២)-​ត្រូវដាក់​មោឃភាព​ជាផ្លូវ​ការ​ នូវច្បាប់ សន្ធិសញ្ញា កិច្ចព្រមព្រៀង និងឯកសារ​ទាំងទ្បាយណា​ដែល​ផ្ទុយ​ពី​ខ្លឹមសារ នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព ទីក្រុងប៉ារីស៍ ឆ្នាំ១៩៩១។

កោះត្រល់ និងចង្កោមកោះក្រចកសេះ គឺជាទឹកដីកម្មសិទ្ធិរបស់​ប្រទេសកម្ពុជា ដោយ​​ឈរ​លើ​​មូលដ្ឋាន៖ ​(១)-​សារាចរ​ លោក​ Brévié​ ឆ្នាំ​​១៩៣៩​, (២)-​អនុសញ្ញានៃ​អង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ​ ឆ្នាំ​១៩៨២​ (៣)-​កិច្ចព្រមព្រៀងសន្តិភាព​ទីក្រុង​​ប៉ារីស៍​ ឆ្នាំ​១៩៩១, (៤)-​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់កំពូល នៃព្រះរាជាណាចក្រ​កម្ពុជា, (៥)-​​ឯកសារផ្លូវការ​របស់កម្ពុជា និង (៦)-​ឯកសារច្បាប់ជាតិ-អន្តរជាតិ។ ប៉ុន្តែប្រទេសវៀតណាម បាន​ឈ្លានពានកម្ពុជា ហើយដាក់សំពាធទៅលើកម្ពុជា​ ក្នុង​ការប្រើប្រាស់​ឯកសារ​ខុសច្បាប់ ទាំង​ក្នុង​ក្រប​ខ័ណ្ឌ​ជាតិ និង​អន្តរជាតិ ដែលមាន​ជាធរមាន។ 

ខាងក្រោមនេះ គឺជាភស្តុតាងបង្ហាញឲ្យពិភពលោក​ បានឃើញជាក់ច្បាស់ថា ប្រទេស​វៀត​ណាម និង​ប្រទេស​កម្ពុជា បាន​រួមគ្នា​ប្រព្រឹត្ត​ខុសច្បាប់៖

១. កំណត់ហេតុនៃការប្រជុំគ្នាលើកទី១ ពីថ្ងៃទី២២ ដល់២៧ ខែមិនា ឆ្នាំ១៩៩៩ គណៈ​កម្មា​ធិការ​​ចម្រុះ​ព្រំដែន​កម្ពុជា-​វៀត​ណាម បានយកសន្ធិសញ្ញា​ និង​កិច្ចព្រមព្រៀង ឆ្នាំ​១៩៨២, ១៩៨៣ និង​ឆ្នាំ​១៩៨៥ ទុកជាគោលការណ៍​មូលដ្ឋាន សម្រាប់​ដោះស្រាយ​បញ្ហាព្រំដែន​ រវាងប្រទេស​ទាំងពីរ។ រដ្ឋាភិបាល លោក ហ៊ុន សែន កាន់តែសម្រួលផ្លូវ​ឲ្យវៀតណាម ​ទន្ទ្រាន​ទឹក​ដី​កម្ពុជា​ តាមរយៈ​ការប្រើប្រាស់សន្ធិ​សញ្ញា​បំពេញ​បន្ថែម ឆ្នាំ​២០០៥ និង​ឆ្នាំ​​២០១៩។ 

២. នៅក្នុងកិច្ចព្រមព្រៀងដែន​ទឹកប្រវត្តិសាស្ត្រ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ១៩៨២ រវាង​វៀត​ណាម​-​​កម្ពុជា ភាគី​​​វៀតណាម​ បានបញ្ជូល កោះត្រល់ និងចង្កោមកោះក្រចកសេះ ទៅក្នុង​ផែនទីទឹកដី​ប្រទេស ​វៀត​ណាម ដោយគ្មាន​សំអាង​ច្បាប់​អ្វី​ទាំងអស់ ក្រៅតែ​ពីប្រើពាក្យ​ថា «យល់ឃើញ​សភាពការណ៍​ជាក់​ស្ដែង» និង​គ្រាន់តែយោង​តាម​សន្ធិសញ្ញា​កម្ពុជា-​វៀតណាម ចុះថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​១៩៧៩ ក្រោយ​ពីកងទ័ព​វៀត​ណាម ប្រើកម្លាំងចូលឈ្លានពាន​កាន់កាប់​កម្ពុជាភ្លាមៗ។ 

៣. ការរំលោភទាំងស្រុង លើអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីអំពី​ច្បាប់សមុទ្រ​ ឆ្នាំ​១៩៨២​។ ភាគី​ វៀត​ណាម​ មិនគោរពតាមអនុសញ្ញានេះ ដោយ​ដណ្តើម​កាន់​កាប់​​កោះ​ត្រល់ ​ចង្កោមកោះ​ក្រចេះសេះ និង​ច្រកចេញចូល​នាវាចរណ៍​ លើសមុទ្រ​អន្តរជាតិ ព្រមទាំង​ដែនអាកាស​ផង។ 

   អនុសញ្ញាស្តីអំពី​ច្បាប់​សមុទ្រ​​ឆ្នាំ១៩៨២ ជំពូកទី​២​ ផ្នែក​២​ មាត្រា​៣​ ចែង​ថា​ «រាល់​រដ្ឋ​​ទាំង​អស់ មាន​សិទ្ធិ​បង្កើត​​ប្រវែង​ នៃ​ដែន​សមុទ្រ​​របស់​ខ្លូន​​រហូត​ដល់​ដែន​កំណត់​​​មិន​លើស​ពី​ ចម្ងាយ​ ១២​ ម៉ាយល៍​ ស្មេី​​នឹង​ ២២,២២៤ ​គីឡូម៉ែត្រ​ ដែល​វាស់ពី​ខ្សែ​បន្ទាត់​​មូលដ្ឋាន​ ដែនកំណត់​អនុលោមតាម ​អនុសញ្ញា​នេះ»។ តាម​​លក្ខខណ្ឌ​ភូមិ​សាស្ត្រ​​ជាក់​ស្ដែង​ កោះត្រល់​មាន​រយៈ​ចម្ងាយ​​ត្រឹម​តែ​ ១៥ គីឡូម៉ែត្រ​ ពី​ខេត្ត​កំពត​ ​ប្រទេស​កម្ពុជា​ ហើយ ​មានរយៈ​ចម្ងាយ​ ​៤៥ គីឡូម៉ែត្រ​ ពី​តំបន់ហាទៀង នៃខេត្តកៀនយ៉ាង​ ​ប្រទេស​​វៀតណាម។

តាមច្បាប់សមុទ្រ ឆ្នាំ​១៩៨២ នេះ បញ្ជាក់យ៉ាងច្បាស់ថា កោះត្រល់ គឺជាកម្មសិទ្ធិរបស់ខ្មែរ ដោយ​កោះ​នេះ​ស្ថិត​នៅ​ចម្ងាយតែ ១៥ គីទ្បូម៉ែត្រ ពីឆ្នេរ​ខេត្តកំពត​នៃ​ប្រទេសកម្ពុជា គឺតិច​​ជាង ២២,២២៤ គីទ្បូម៉ែត្រ  ដែល​កំណត់​ដោយ​ច្បាប់សមុទ្រ​នេះ។ 

. ការរំលោភទាំងស្រុងទៅលើគោលការណ៍ ស្មារតី និងយន្តការរបស់អង្គការសហប្រជាជាតិ ដែលជា អាជ្ញាកណ្ដាល​ដោះស្រាយវិបត្តិ​កម្ពុជា ហើយបានតាក់តែងទ្បើង​ នូវកិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង ប៉ារីស៍ ឆ្នាំ​១៩៩១ ដែលតម្រូវឲ្យ​ប្រទេសកម្ពុជា និងប្រទេស​វៀត​ណាម គោរព និង​អនុវត្ត។

សន្ធិសញ្ញា និងកិច្ចព្រមព្រៀង ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៧៩, ១៩៨២, ១៩៨៣ និង ឆ្នាំ​១៩៨៥ រវាង​វៀត​ណាម​​-​កម្ពុជា នៅក្រោមការត្រួតត្រារបស់កងទ័ពវៀតណាម ត្រូវបានដាក់ជា «មោឃភាព» អស់​ហើយ ដោយ​កិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុងប៉ារីស ថ្ងៃទី​២៣ ខែតុលា ឆ្នាំ១៩៩១។ ឯកសារ ទី២ នៃកិច្ចព្រម​ព្រៀង​នេះ ក្នុងមាត្រា១ ត្រង់ចំណុច «២-ឃ.» ចែងថា៖ «បញ្ចប់​សន្ធិសញ្ញា និង កិច្ចព្រមព្រៀងទាំងឡាយ ដែលមិន​ស្របអធិបតេយ្យភាព ឯករាជ្យ បូរណភាព និង​ភាពមិន​អាច រំលោភបាននៃដែនដីអព្យាក្រឹតភាព និង​ឯកភាពជាតិរបស់ខ្លួន»។ 

៥. ការរំលោភទាំងស្រុង លើគោលការណ៍អាស៊ាន (ASEAN) មានចែង​ក្នុង​ធម្មនុញ្ញ​អាស៊ាន ត្រង់ មាត្រា២ ចំណុច​២ ដែលចែងថា អាស៊ាន និងរដ្ឋសមាជិកត្រូវអនុវត្តឲ្យសមស្របតាមគោលការណ៍៖

ក. គោរពឯករាជ្យភាព អធិបតេយ្យភាព សមភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិនៃរដ្ឋ សមាជិកអាស៊ានទាំងអស់។ 

ខ. ចូលរួមការប្ដេជ្ញាចិត្ត និងការទទួលខុសត្រូវរួមគ្នា ក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់។ 

គ. បដិសេធនូវ អំពើឈ្លានពាន និងការគំរាមគំហែង ឬការប្រើប្រាស់កំលាំង ឬសកម្ម​ភាព​​ទាំង​ឡាយណា ក្នុងលក្ខណៈដែលមិនសមស្របតាមច្បាប់អន្តរជាតិ។

មាត្រា២ ដដែល ចំណុច១ ចែងថា៖ ដ្ឋសមាជិករបស់ខ្លួនអះអាងជាថ្មី និងប្រកាន់ខ្ជាប់នូវគោលការណ៍ជាមូលដ្ឋានដូចចែងនៅក្នុង សេចក្ដីថ្លែងការណ៍ កិច្ចព្រមព្រៀង អនុសញ្ញា  សន្ធិសញ្ញា កិច្ចស្រុះស្រួល និងលិខិតូបករណ៍ ដទៃទៀតរបស់អាស៊ាន។

៦. ការរំលោភទាំងស្រុង លើរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ត្រង់​មាត្រា៥៥ ចែងថា៖ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងទ្បាយណាដែលមិនស្រប នឹងឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី អព្យាក្រឹត្យភាព និងឯកភាពជាតិរបស់ប្រទេស​កម្ពុជា​ ត្រូវលុបចោល។

៧. រដ្ឋាភិបាលលោក ហ៊ុន សែន ខកខានប្រកាស «ដាក់មោឃភាព» ជាផ្លូវការ នូវសន្ធិសញ្ញា និង កិច្ចព្រម​ព្រៀង​ឆ្នាំ​១៩៧៩, ១៩៨២, ១៩៨៣ និងឆ្នាំ​​១៩៨៥ ហើយអនុម័ត្តសន្ធិញ្ញា​បំពេញបន្ថែម ឆ្នាំ​២០០៥ និងឆ្នាំ​២០១៩ ដែលបានរំលោភទាំងខុសច្បាប់ លើកិច្ចព្រមព្រៀងទីក្រុងបារីស៍ ឆ្នាំ​១៩៩១ និង​រដ្ឋធម្មនុញ្ញកម្ពុជា ត្រង់មាត្រា​១៥០ ថ្មី (មាត្រា​១៣១ ចាស់) ចែងថា​៖ «ច្បាប់ និងសេចក្ដីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត»

ទង្វើរំលោភបំពានទាំងខុសច្បាប់ ពីសំណាក់ប្រទេសវៀតណាម ក្នុងគោលបំណងលេប​ត្របាក់​​ទឹកដី កម្ពុជា​ ដូចបាន​រៀបរាប់ខាងលើនេះ តម្រូវឲ្យយើងខ្ញុំជាម្ចាស់ប្រទេស វែកមុខ​ភាគី​ដៃដល់វៀតណាម​ ប្រាប់​ពិភពលោកថា កោះត្រល់ និងចង្កោមកោះក្រចកសេះ គឺជាកម្មសិទ្ធិរបស់ខ្មែរ​តាំងពីសម័យ​ពុំទាន់មាន​កំណើត​ប្រទេស វៀតណាម រហូតមកដល់​ពេលបច្ចុប្បន្ន និង​ទៅថ្ងៃ​អនាគត។ ខាង​ក្រោមនេះ គឺជាសេចក្តី​សង្ខេបស្តីពីឯកសារ ប្រវត្តិសាស្ត្រ ឯកសារផ្លូវការ និងឯកសារច្បាប់ជាតិ-អន្តរជាតិ តាមដំណើររឿងមិនដាច់សម័យកាល ដែលបញ្ជាក់ ថា កោះត្រល់ និងចង្កោមកោះក្រចកសេះ គឺពិតជាកម្មសិទ្ធិរបស់ខ្មែរ៖

  • លោក Joseph Jules Brévié អគ្គទេសាភិបាលបារាំងប្រចាំឥណ្ឌូចិន បានចេញសារចរ​មួយ​ទៅ ​កាន់​ទេសាភិបាល​នៅ​កូសាំងស៊ីន (ឬកម្ពុជាក្រោមបច្ចុប្បន្ន) ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ​១៩៣៩ ​បញ្ជាក់​​ លំអិត​ថា «តាមលក្ខខណ្ឌភូមិសាស្រ្តជាក់ស្តែង ជាការចាំបាច់ ត្រូវតែដាក់កោះទាំងនេះ ឲ្យ​នៅក្រោម ការគ្រប់គ្រង នៃរាជការប្រទេស​កម្ពុជា»។ សារាចរនេះបន្ថែមថា «ដែន​កូសាំងស៊ីនរបស់បារាំង ​បានគ្រប់​គ្រ​ង​លើ​កោះត្រល់ និងចង្កោមកោះមួយចំនួន​ តែ​ផ្នែក​ប៉ូលីស និងរដ្ឋបាលប៉ុណ្ណោះ»។ ទោះបីជាបារាំង បានប្រគល់កូសាំងស៊ីន ឲ្យអណ្ណាម (វៀតណាមសព្វថ្ងៃ) ត្រួតត្រា កាលពីថ្ងៃទី៤ ខែ មិថុនា ឆ្នាំ១៩៤៩ ក៏ដោយ ក៏មិនបានភ្ជាប់កោះត្រល់ ទៅជាមួយឡើយ។ ម្យ៉ាងទៀត ខ្មែរពេលនោះ គឺជាសមាគតរដ្ឋ (État Associé) ដែលស្ម័គ្រចិត្តចូលក្នុងសហភាពបារាំង (L’union française)។ កាលនោះ ឈ្មោះប្រទេសវៀតណាម មិនទាន់មានទេ គឺ​មានតែឈ្មោះ អណ្ណាម។
  • នៅឯសន្និសីទក្រុងហ្សឺណែវ ថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៥៤ ស្តីអំពី​ការបញ្ចប់សង្គ្រាមឥណ្ឌូចិនទី១ ប្រទេសកម្ពុជា នៅតែបានបន្តតវ៉ាប្រឆាំងនឹងការផ្ទេរដោយមិនស្មើភាពគ្នា និងអយុត្តិធម៌ នៃទឹកដី កូសាំងស៊ីនរបស់ខ្លួនទៅឲ្យអណ្ណាមដោយបារាំង។ កម្ពុជាបានសង្កត់បង្ហាញអំពីការរក្សាសិទ្ធិ ដើម្បី ប្តឹងជំទាស់ករណីនេះ ទៅ​អង្គការ​សហ​ប្រជាជាតិ និងរក្សាសិទ្ធិជាម្ចាស់កម្មសិទ្ធិ លើកោះនានា នៅ តាមបណ្ដោយឈូងសមុទ្រសៀម រួមមានកោះត្រល់ដែរ។
  • លោក ជូ​ អេ​ន​ឡាយ​ អតីត​នាយក​រដ្ឋមន្ដ្រី​ចិន​ និង​លោក ចេ​ន​ យី​ អតីត​សេនាប្រមុខ​​ចិន​ ដែល ​ជាវីរបុរស​ចំណាស់​ ជាមួយ​លោក​ប្រធាន​ ម៉ៅ​ សេ​ទុង នៃប្រទេស​ចិន​ ធ្លាប់​បាន​មាន​ប្រសាសន៍ ​ទូល​ថ្វាយ​អង្គ​សម្ដេចឪ នរោត្តម សីហនុ​ នា​អំឡុង​ឆ្នាំ​​១៩៥៥​ ថា​ «​ច្បាស់​ណាស់​ កោះត្រល់ជារបស់​ ខ្មែរ​ ត្បិត​​ជាប់​នឹង​ទឹកដី​ខ្មែរ ​មិន​ជាប់ជាមួយ​ទឹកដី​វៀតណាម​ទេ»។ 
  • លិខិតរបស់សម្តេចព្រះ នរោត្តម សីហនុ ជានាយករដ្ឋមន្ត្រី ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ​១៩៥៧ បញ្ជាក់ច្បាស់ថា «កងនាវាចរខេមរភូមិន្ទ ការពារកោះនានានៅឈូង​សមុទ្រ​សៀម ជាពិសេសនៅលើ កោះអាចម៍សេះ កោះតាំង និងកោះក្រចកសេះ»។
  • ព្រះរាជក្រឹត្យលេខ ៦៦២-ន.ស ចុះថ្ងៃទី៣០ ខែឆ្នូ ឆ្នាំ១៩៥៧ ប្រកាស​ដោយព្រះ​មហា​ក្សត្រនៃ ព្រះរាជា​ណាចក្រកម្ពុជា ព្រះបាទ​ នរោត្តម សុរាម្រិត ក្នុងប្រការ៦ និងប្រការ​៧ បញ្ជាក់​ថា «កោះត្រល់ ឬ​កោះភូកុក ជា​ឈ្មោះតែមួយ ជា​កោះដែល​នៅ​ក្នុង​​ដែន​​អធិបតេយ្យភាពខ្មែរយ៉ាងជ្រៅ។ គ្មាន​ជំនាន់​ណាហ៊ានកាត់​ទៅ​ឲ្យយួននោះទេ»។
  • អនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្តីអំពី​ «ច្បាប់សមុទ្រ»​ នៅទីក្រុងហ្សឺណែវ ឆ្នាំ​១៩៥៨ ត្រង់ មាត្រា​ទី២ ចំណុច១ ចែងថា៖ «រដ្ឋដែល​ជាប់​ឆ្នេរ​សមុទ្រ​ អនុវត្តន៍​លេី​សិទ្ធិ​អធិបតេយ្យភាព​នៃខ្ពង់​សមុទ្រ​ (ឬខ្ពង់រាបបាតសមុទ្រ​) សម្រាប់​គោលបំណង ​រុករក​ និង​ធ្វើអា​ជីវកម្ម​ លើ​ប្រភព​ធន​ធាន​​ធម្មជាតិ​នៅ​តំបន់​នោះ»។
  • ក្នុងសៀវភៅភូមិសាស្ត្រកម្ពុជា «Cambodia Geography» បោះពុម្ភ​ក្នុង​ឆ្នាំ​១៩៦៣ ដោយ​លោក តាន់ គឹមហួន (Tan Kim Huon) ជារុក្ខក្សេត្រវិទូ បានចង្អុលបង្ហាញ​ថា កោះត្រល់ពិតជាកោះមួយរបស់ កម្ពុជា (យោងតាម ផែនទីលេខ៣, ១២ និង​លេខ ១៩)។
  • នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៦៨ សម្តេចព្រះ នរោត្តម សីហនុ បានទ្បាយព្រះហស្ថលេខា​លេខ ៣៧៨​/៦៨​CE ស្តីអំពីអនុសញ្ញា «ខ្ពង់រាបបាតសមុទ្រ»។ តាមអនុសញ្ញានេះ កោះត្រល់ និងចង្កោម កោះក្រចក​សេះ គឺជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជា។
  • ឆ្នាំ​១៩៦៩ កោះត្រល់ ត្រូវបានបញ្ជូលក្នុងបញ្ជីឈ្មោះជាផ្លូវការ នៃកោះទាំងអស់របស់ខ្មែរ។ កោះ ត្រល់នៅ​ក្នុង​លេខរៀងទី៦១ ក្នុងបញ្ជីនៃកោះខ្មែរទាំង ៦៤។
  • ថ្ងៃទី០២ ខែសីហា ឆ្នាំ១៩៧២ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញ បានផ្ញើសារ តាមប្រព័ន្ធ AIRGRAM ទៅកាន់ក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីអំពីច្បាប់សមុទ្រ «កម្ពុជាកំណត់ខ្ពង់រាប បាត​សមុទ្រ​របស់ខ្លួន»។ នៅក្នុងសារនោះបានបញ្ជាក់យ៉ាងច្បាស់ថា កោះត្រល់ស្ថិតនៅក្នុងដែន សមុទ្រ​របស់កម្ពុជា។
  • ផែនទីខ្មែរ ឆ្នាំ១៩៥៤-១៩៧៣ ដែលត្រូវបានប្រើដោយសន្និសីទក្រុងប៉ារីស ស្តីអំពីការបញ្ចប់សង្គ្រាម ឥណ្ឌូចិន លើកទី២ ខែសីហា ឆ្នាំ១៩៧៣ មានឃើញកោះត្រល់ក្នុងដែនទឹកដីរបស់ប្រទេសកម្ពុជា។ តំណាងវៀតណាម ដែលមានវត្តមានក្នុងសន្និសីទនោះ ក៏មិនបានតវ៉ាដែរ។
  • រដ្ឋាភិបាលសម័យសាធារណរដ្ឋខ្មែរ លោក លន់ នល់ និងរបប​​កម្ពុជាប្រជាធិបតេយ្យ (ឬ​ខ្មែរក្រហម) ក៏​​បញ្ជាក់​ថា «កោះត្រល់ គឺជាកម្មសិទ្ធិរបស់កម្ពុជា»។ តាមក្រឹត្យច្បាប់​ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៧២ រដ្ឋាភិបាលសាធារណរដ្ឋខ្មែរ បានរក្សាការអះអាង​ជាថ្មីនូវ​អធិបតេយ្យភាពទឹកដីរបស់ខ្លួន លើខ្ពង់ សមុទ្រ (ឬខ្ពង់​រាប​បាតសមុទ្រ​)​​។ នៅ​ឆ្នាំ​១៩៧៦ កងទ័ព​ខ្មែរ​ក្រហម ក៏បាន​​ឈរជើង​នៅ​លើ កោះត្រល់​ ផងដែរ។
  • សៀវ​ភៅ​មុខ​វិជ្ជាភូមិ​វិទ្យា សម្រាប់​សិស្សានុសិស្ស​ថ្នាក់​ទី​៧​​ ឆ្នាំ១៩៨៥ បោះពុម្ព​ដោយ​ក្រសួង​អប់រំ នៃ របប​ធារណរដ្ឋប្រជាមានិតកម្ពុជា​ ក្រោមការត្រួតត្រារបស់កងទ័ព​វៀតណាម​ឈ្លានពាន បានសរសេរ ថា កោះត្រល់​ ស្ថិតក្នុងក្រុម​ទី​៣ នៅក្នុងចំណោមចង្កោមកោះទាំងអស់របស់កម្ពុជា។
  • ប្រទេស​​សិង្ហបុរី​ បានបញ្ជូន​សេចក្ដី​​រាយការណ៍​ទៅកាន់​​មហា​សន្និបាត​អង្គការ​​សហប្រជាជាតិ ​នៅ​ថ្ងៃទី០៥ ខែឆ្នូ ឆ្នាំ១៩៨៦ ថា​ «កិច្ចព្រមព្រៀងរវាង​កម្ពុជា​-វៀតណាម​ ឆ្នាំ​​១៩៨២​ ស្តីអំពី​ដែនទឹក ប្រវត្តិសាស្ត្រ» ត្រូវ​បាន​បង្ខំ​ឲ្យ​ចុះ​ហត្ថលេខាដោយ​វៀត​ណាម​ នៅពេល​វៀតណាម​ចូលឈ្លានពាន ត្រួតត្រាប្រទេស​កម្ពុជា ​ចាប់​តាំង​ពី​ចុង ​ឆ្នាំ​​១៩៧៨ ​មក​ ហើយ​​​របបសាធារណ​រដ្ឋប្រជាមានិតកម្ពុជា ​នាពេល​​នោះ មិនមែនជាតំណាងស្របច្បាប់របស់ប្រទេស ឬតំណាងផលប្រយោជន៍ឲ្យពលរដ្ឋខ្មែរទេ គឺ​មាន​តែ​រដ្ឋាភិបាលចម្រុះ​ត្រី​ភាគី នៃសម្ដេចព្រះ នរោត្តម សីហនុ ​តែមួយគត់ ​ដែលត្រូវ​បាន ទទួលស្គាល់​ដោយ​អង្គការសហប្រជាជាតិ។
  • រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៨៧ បានធ្វើការប្រឆាំងជំទាស់នឹងកិច្ចព្រម ព្រៀង​កម្ពុជា​​-វៀតណាម​ ឆ្នាំ​១៩៨២​ ស្តីអំពី​ដែនទឹកប្រវត្តិសាស្ត្រ​នេះ។ ប្រទេស​​សិង្ហបុរី​ ប្រទេស​ថៃ​ និងប្រទេស​អាល្លឺម៉ង់ ក៏បានចូលរួមជាមួយ​សហ​រដ្ឋ​អាមេរិក ក្នុងការប្រឆាំង​ជំទាស់នឹង​កិច្ចព្រមព្រៀង ​ដែនទឹកប្រវត្តិសាស្ត្រ​នេះដែរ​។ ក្នុងកិច្ចព្រមព្រៀង​ដែនទឹកប្រវត្តិសាស្ត្រ​នេះ​ ប្រទេស​វៀត​ណាម​ បាន​កាត់​ឆ្វៀលយក​កោះត្រល់​ ចង្កោម​កោះក្រចកសេះ​ គ្រប់គ្រងដែនអាកាស ព្រមទាំង​ដាក់​ផ្ទៃ​សមុទ្រ ទំហំ ១០.០០០ (១ម៉ឺន) គីទ្បូម៉ែត្រក្រទ្បា ​ដែល​កម្មសិទ្ធិ​របស់​កម្ពុជា​ឲ្យ​ទៅ​ជាដែនទឹករួមគ្នា​​ជា​មួយ​ ​វៀតណាម ។
  • ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០៤ អតីតព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ​បាន​រំឭក​​ លោក ហ៊ុន សែន ជាប្រមុខ​រដ្ឋាភិបាល​ថា «គ្មានសម័យណា គ្មាន​មេដឹកនាំ​ណា ដែល​ហ៊ាន​និយាយ ​ថា កោះត្រល់ ត្រូវ​បានកាត់​ទៅ​ឲ្យ​វៀតណាម​ទេ»។ ព្រះអង្គមានព្រះ​បន្ទូល ​ថា «កោះត្រល់ ជា​របស់​ កម្ពុជា»

ខាងលើនេះ គឺជាភស្តុតាងផ្លូវច្បាប់ជាមូលដ្ឋាន ដើម្បីបង្កើតនូវសាលក្រមកាត់សេចក្តីថា វៀតណាម គឺ​ជា​ចារី (ភាគីដៃដល់) ដែលបានប្រព្រឹត្តបទឧក្រិដ្ឋ ក្នុងការលេបត្របាក់ទឹកដីខ្មែរដោយមិនអាចប្រកែក​​បាន។ ទោះបីខ្លួនជាសមាជិកអង្គការសហប្រជាជាតិ ជាសមាជិក​អាស៊ាន និងជាប្រទេសហត្ថលេខី​នៃ​កិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស៍​ក៏ដោយ វៀតណាមនៅតែបន្តធ្វើសកម្មភាពឈ្លាន​ពាន​កម្ពុជាជាបន្តបន្ទាប់ ដោយឥត អៀនខ្មាស ជាពិសេស ​ពេលថ្មីៗនេះវៀតណាមបានមកបោះជំរំយ៉ាងតិចចំនួន​ ២៥៦ កន្លែង នៅលើទឹកដីកម្ពុជា និង​បន្តបង្ហូរ​ជនជាតិវៀតណាម​ខុសច្បា​ប់រាប់លាននាក់ មក​រស់​នៅ​លើ​ទឹកដីកម្ពុជា។ ការឈ្លាពានកម្ពុជា ពី សំណាក់ប្រទេសវៀតណាម នឹងនាំមកនូវគ្រោះមហន្តរាយដល់អាយុជីវិតទឹកដីជាតិកម្ពុជាទាំងមូល និងក៏ជា ការគំរាមកំហែងដល់ស្ថិរភាព និងសន្តិភាពនៃប្រជាជាតិអាស៊ានដែរ។  ប្រទេសវៀតណាម ត្រូវទទួលខុសត្រូវ នៅចំពោះមុខច្បាប់អន្តរជាតិ នូវរាល់ទង្វើឈ្លានពានរបស់ខ្លួនមកលើទឺកដីប្រទេសកម្ពុជា។ 

កម្ពុជាខ្លួនឯងត្រូវឈានមុខក្នុងការការពារ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។ ចលនា និស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ សូមអំពាវនាវជាថ្មីដល់រដ្ឋាភិបាល និង​រដ្ឋ​សភា​កម្ពុជាបច្ចុប្បន្ន (១)-ត្រូវទាមទារ ឲ្យប្រទេសវៀតណាម បញ្ឈប់ជាបន្ទាន់ នូវរាល់គម្រោង និង​ផែនការ អាជីវកម្ម-ពាណិជ្ជកម្ម និងការសាងសង់ ទាំងអស់ នៅលើកោះត្រល់ និងចង្កោមកោះក្រចក​សេះ និង (២)-ត្រូវដាក់មោឃភាព ជាផ្លូវការនូវច្បាប់ សន្ធិសញ្ញា កិច្ចព្រមព្រៀង និងឯកសារទាំងទ្បាយណាដែលផ្ទុយពីខ្លឹមសារនៃកិច្ច​ព្រម​ព្រៀងសន្តិភាពទីក្រុង ប៉ារីស៍ ឆ្នាំ១៩៩១៕

រដ្ឋធានីវ៉ាស៊ីនតុន នៅថ្ងៃទី​ ២៦ ខែ​មិថុនា ឆ្នាំ​២០២០

(ហត្ថលេខា)
ទូច វិបុល ប្រធានប្រតិបត្តិ

Koh Tral -Google Map ១

.