វិទ្យុអាស៊ីសេរី RFA ដោយ ខែ សុណង / ០៦ មករា ២០២១

ស្ថានទូត​​វៀតណាម​​ប្រចាំ​​កម្ពុជា​បាន​​ថ្លែង​​សារ រំឭក​​ឱ្យ​​ប្រជាជន​​ខ្មែរ​​ដឹងគុណ​​វៀតណាម នៅ​​កៀក​​ខួប​ទី ៤២​ ឆ្នាំ​នៃ​​ថ្ងៃ ៧ មករា។ ពលរដ្ឋ និង​​ក្រុម​​និស្សិត​ខ្មែរ​​មួយ​​ចំនួន ចាត់​​ទុក​​ថ្ងៃ ៧ មករា​​នេះ ជា​​ថ្ងៃ​​ដែល​​ប្រទេស​​វៀតណាម​​លើក​​កងទ័ព​​ឈ្លាន​ពាន​​ប្រទេស​​កម្ពុជា និង​​បំពាន​​ច្បាប់​​អន្តរជាតិ។

ស្ថានទូត​​វៀតណាម​​ប្រចាំ​​កម្ពុជា បាន​​បង្ហោះ​​សារ​​ក្នុង​​ទំព័រ​​ហ្វេ​ស​ប៊ុក​​របស់​​ខ្លួន កាល​​​ពី​​​ថ្ងៃ​​ទី​៥ ធ្នូ បង្ហាញ​​ពី​​គុណ​សម្បត្តិ​​វៀតណាម​​ជា​​ច្រើន​​មក​​លើ​​​កម្ពុជា នៅ​​រយៈ​​ពេល ៤២ ឆ្នាំ​​កន្លង​ទៅ​​នេះ។ ស្ថានទូត​​អះ​អាង​​ថា កងទ័ព​​ស្ម័គ្រ​ចិត្ត​​វៀតណាម បាន​​​ផ្ដួល​​​រំលំ​​របប​​ប្រល័យ​​ពូជសាសន៍​​ខ្មែរ​​ក្រហម នៅ​​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ដើម្បី​​រំដោះ​​ពលរដ្ឋ​​ខ្មែរ​​ឱ្យ​​មាន​​សេរីភាព។

ទាក់ទង​​នឹង​​ការ​​លើក​​ឡើង​​នេះ និស្សិត​​បញ្ញវន្ត និង​​ពលរដ្ឋ​​ខ្មែរ​​មួយ​​ចំនួន​ ​ពួក​គេ​​ចាត់​​ទុក​​ទង្វើ​​របស់​​វៀតណាម​​ថា មិន​​បាន​​ជួយ​​កម្ពុជា​​ដោយ​​ស្មោះត្រង់​​នោះ​​ទេ។ ផ្ទុយ​​ទៅ​​វិញ វៀតណាម​​បាន​​បញ្ជូន​​កងទ័ព​​ដាក់​​អាណានិគម​​​លើ​ខ្មែរ​​ រយៈ​​​ពេល ១០​ឆ្នាំ ក្នុង​​ទសវត្សរ៍​​ទី​៨០ និង​​បាន​​បង្កើត​​សន្ធិសញ្ញា​​ខុស​​ច្បាប់​​​​មួយ​​​​ចំនួន បំណង​​​រំលោភ​​ទឹកដី​​កម្ពុជា​​តាម​​ព្រំដែន កាត់​​ឆ្វៀល​​យក​​កោះ​ត្រល់​ និង​​ចង្កោម​​កោះ​​ក្រចក​សេះ តាម​​រយៈ​​កិច្ច​ព្រម​ព្រៀង​​ខុស​ច្បាប់​​នានា ស្ដីពី​​សន្ធិសញ្ញា​​កំណត់​​ព្រំដែន​​រដ្ឋ​​ឆ្នាំ​១៩៨៥ និង​​សន្ធិសញ្ញា​​ព្រំដែន​​ទឹក​​ប្រវត្តិសាស្ត្រ​ ​ឆ្នាំ​១៩៨២។

សមាជិក​​ក្រុម​ការងារ ១០០​រាត្រី លោក ឃីម សុខុម សង្កេត​​ឃើញ​​ថា ក្រោយ​​ពី​​កងទ័ព​​វៀតណាម បាន​​ផ្ដួល​​រំលំ​​របប​​ខ្មែរ​​ក្រហម នៅ​​ឆ្នាំ​១៩៧៩ វៀតណាម បាន​​បញ្ជូន​​ពលរដ្ឋ​​របស់​​ខ្លួន​​ជា​​ច្រើន ចូល​​មក​​រស់នៅ​​ខុស​​ច្បាប់ ក្នុង​​ប្រទេស​​កម្ពុជា។ លោក​​ថា ពលរដ្ឋ​​ខ្លះ​​ចាត់​​ទុក​​ថ្ងៃ ៧ មករា ជា​​ការ​​ឈ្លាន​ពាន​​ទឹក​ដី​​កម្ពុជា ដោយ​​កងទ័ព​​វៀតណាម៖ «ប្រសិន​ជា​​ការ​​ចូល​​មក​រំ​ដោះ​​ប្រទេស​​កម្ពុជា​ ​ដោយ​​សុច្ចរិត​ ដោយ​​ស្មោះ​ត្រង់​​មែន​ ​អ៊ីចឹង​​វៀតណាម ​អត់​​ទាម​ទារ​​ពី​​កម្ពុជា​​វិញ​ ​មាន​​ពី​​ការ​​បញ្ចូល​​ពលរដ្ឋ​​វៀតណាម​ ​មក​​រស់​នៅ​​កម្ពុជា។ទាមទារ​​ឱ្យ ប៉ែន សុវណ្ណ ធ្វើ​​ខ ប៉ុន្មាន​​ខ ដែល​​វៀតណាម​ ​ទាម​ទារ​​ហ្នឹង​​ទេ។ បើ​សិន​ជា​​ការ​​ជួយ​​ហ្នឹង​​ទៀត​​សោត ប្រកប​​ដោយ​​សប្បុរស​​មែន វា​​មិន​មែន​​ជា​​ទាម​ទារ​​ចំណុច​​សំខាន់ៗ ដើម្បី​​បំផ្លាញ​​ជាតិ​​កម្ពុជា​​ទេ»។

អ្នក​សិក្សា​ផ្នែក​ច្បាប់ កញ្ញា ហឿន ស្រីនិច យល់​​ថា គណបក្ស​​​ប្រជាជន​​​​កម្ពុជា បាន​​រើស​​​យក​​​ថ្ងៃ​ទី​៧ មករា ជា​​ខួប​​បុណ្យ​ជាតិ​​ជា​​រៀង​រាល់​​ឆ្នាំ​ ​មិន​​ឆ្លុះ​បញ្ចាំង​​ពី​​ស្មារតី​​ឆន្ទៈ​​នយោបាយ​​រួម​ ​និង​​ឯកភាព​​ផ្ទៃក្នុង​​ជាតិ​​នោះ​​ទេ។ កញ្ញា​ថា ការ​​សម្រេច​​ឯកតោ​​ភាគី​ ​របស់​​បក្ស​​កាន់​​អំណាច​​បែប​​នេះ មិន​​ផ្តល់​​ផល​​ចម្រើន​​ដល់​​សង្គម​ជាតិ​​នោះ​​ទេ។ ផ្ទុយ​​ទៅ​​វិញ វៀតណាម​ ​នៅ​​មាន​​ល្បិច​​ឈ្លាន​ពាន​​ទឹក​​ដី​កម្ពុជា​​គ្រប់​រូប​ភាព៖ «លើ​​រឿង ៧ មករា​ ហ្នឹង​ ចំណុច​​សំខាន់ ត្រូវ​​សិក្សា​​ឱ្យ​​ជ្រៅ ឬ​​ក៏​​យល់​​ពី​​ចំណុច​​ស្នូល​​សំខាន់​​ហ្មង​ គឺ​​ទៅ​​លើ​​របប ប៉ុល ពត។ សួរ​​ថា មូលហេតុ​​អី​​ដែល​​រដ្ឋាភិបាល​​យើង ​មិន​​ឱ្យ​​តុលាការ​​ឯករាជ្យ។ អន្តរជាតិ ម្ត៉េច​​ក៏​​យក​​មក​​កាត់​​ក្នុង​​ប្រទេស​​កម្ពុជា​​ខ្លួន​​ឯង? ដែល​​គ្រាន់​តែ​​វា​​កាត់​​ខ្សែ​​ស្រឡាយ​​អន្តរជាតិ​​បន្តិច​បន្តួច​ ​គ្រាន់​តែ​​វា កាត់​​ខ្សែ​​ស្រឡាយ​​អន្តរជាតិ​​បន្តិច​បន្តួច។ អ៊ីចឹង​​សួរ​​សួរ​​ថា ឃាតក​​ពិត​​ប្រាក​​ ជា​​នរណា​​គេ?»។

អាស៊ី​សេរី​ បាន​​ព្យាយាម​​ទាក់ទង​​អ្នក​នាំពាក្យ​​គណបក្ស​ប្រជាជន​​កម្ពុជា​ ​លោក​ ​សុខ​ ​ឥ​សាន​ ​និង​ ​លោក ឈឹម ផលវរុន ដើម្បី​​សុំ​​ការ​​បំភ្លឺ​​រឿង​​នេះ តែ​​ទូរស័ព្ទ​​ហៅ​​ចូល​​ច្រើន​ដង​ ​គ្មាន​​អ្នក​ទទួល​ ​នៅ​​ថ្ងៃ​ទី​ ៦ មករា។ ចំណែក​​អ្នក​នាំពាក្យ​​រដ្ឋាភិបាល​​កម្ពុជា​ ​លោក​ ​ផៃ​ ​ស៊ី​ផា​ន​ ​ក៏​​មិន​ទាន់​​អាច​​សុំ​​ការ​​ឆ្លើយ​តប​​បាន​​ដែរ ព្រោះ​​ទូរស័ព្ទ​​ហៅ​​ចូល​ ​គ្មាន​​អ្នក​លើ​ក​ ​នៅ​​ថ្ងៃ​​ដដែល​​នេះ។ ទោះ​បី​​ជា​​យ៉ាង​​ណា កូន​​របស់​​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី បាន​​បង្ហោះ​​សារ​ទំព័រ​​​ហ្វេសប៊ុក (Facebook) របស់​​​​ខ្លួន​​​​ថា ថ្ងៃ​ទី​៧ ខែ​មករា ជា​​ថ្ងៃ​កំណើត​​ទី​ពីរ​ ​របស់​​ប្រជា​ជាតិ​​កម្ពុជា ហើយ​​ក្នុង​នាម​​ជា​​អ្នក​​បន្ត​​វេន ត្រូវ​តែ​​ចងចាំ​​នូវ​​ទំព័រ​​ប្រវត្តិសាស្ត្រ​​ដ៏​ជូរ​ចត់​​របស់​​កម្ពុជា ដាស់​​ស្មារតី កុំ​​ឱ្យ​​ដើរ​​ជាន់​​ដាន​​ប្រវត្តិសាស្ត្រ​​ច្រំដែល​​ទៀត។

ចលនា​និស្សិត​​ដើម្បី​​លទ្ធិ​ប្រជា​ធិបតេយ្យ នៅ​​ថ្ងៃ​ទី​៦ មករា​​ នេះ ក៏​​បាន​​ជំរុញ​​ឱ្យ​​រដ្ឋាភិបាល ត្រូវ​​លុប​​ចោល​​ទិវា​​បុណ្យ​​ជាតិ​​ថ្ងៃ​ទី​៧ មករា ហើយ​​ជំនួស​​មក​​វិញ ទិវា​​បុណ្យ​​ជាតិ​​កិច្ច​ព្រម​ព្រៀង​​សន្តិភាព​​ក្រុង​​ប៉ារីស​ ថ្ងៃ​ទី​​២៣ តុលា ឆ្នាំ១៩៩១។ ចលនា​​និស្សិត​ចាត់​​​ទុក​ថ្ងៃ ៧ មករា ជា​​​ថ្ងៃ​​ដែល​​ប្រទេស​​វៀតណាម ​លើក​​កងទ័ព​​ប្រមាណ ២០​ ម៉ឺន​​នាក់ ឈ្លាន​ពាន​​ប្រទេស​​​​កម្ពុជា រំលោភ​​ច្បាប់​​អន្តរជាតិ​។​

ប្រធាន​​ក្រុមប្រឹក្សា​ភិ​បាល ចលនា​​និស្សិត​ដើម្បី​​​​លទ្ធិ​ប្រជា​ធិបតេយ្យ លោក ម៉ែន ណាត​ សង្កេត​​​ឃើញ​​​ថា កងទ័ព​​​វៀតណាម​​​បាន​​ដាក់​​អាណានិគម​ក្នុង​​ប្រទេស​​កម្ពុជា រយៈពេល ១០​ឆ្នាំ និង​​បង្ខំ​​ឱ្យ​​កម្ពុជា​​ ចុះ​ហត្ថលេខា​​ទទួល​ស្គាល់​​សន្ធិសញ្ញា​​ខុស​ច្បាប់​​ជា​​ច្រើន ធ្វើ​​ឱ្យ​​កម្ពុជា​​បាត់​បង់​​កោះត្រល់ បាត់​​ទឹកដី​​តាម​​ព្រំដែន និង​​ចង្កោម​​កោះ​​ក្រចក​សេះ​​ ជា​ដើម។ លោក​​ថា រដ្ឋាភិបាល​​ត្រូវ​​តែ​​ប្រកាស​​មោឃភាព​​សន្ធិសញ្ញា​​ព្រំដែន​​ទាំង​​អស់​​ ក្នុង​​ទសវត្សរ៍​​ទី​៨០ នៅ​​គ្រា​​ដែល​​កម្ពុជា​ ​នៅ​​ក្រោម​​ការ​​គ្រប់គ្រង​​ដោយ​​កងទ័ព​​វៀតណាម៖ «របប​​ក្រុងភ្នំពេញ​​ដឹកនាំ​​ដោយ ហ៊ុន សែន ហេង សំរិន និង ជា ស៊ីម ជំនាន់​​ហ្នឹង​​ថា យួន​​យក​​កងទ័ព​​ប្រទេស​​​វៀតណាម​ មក​ត្រួតត្រា​​ប្រទេស​​កម្ពុជា ហើយ​​ឈ្លាន​ពាន​​កម្ពុជា​​ ហើយ​​បង្ខំ​​ឱ្យ​​លោក ហ៊ុន សែន ជំនាន់​​ហ្នឹង​​ចុះ​​សន្ធិ​សញ្ញា ដែល​​មិន​​ស្រប​​នឹង​​គោល​ការណ៍​​អន្តរជាតិ​ ព្រោះ​​ក្នុង​​ឯកសារ​​ ប្រទេស​​ណា​​ក៏​​ដោយ​​ ត្រួតត្រា​លើ​​គេ ហើយ​​បង្ខំ​​ឱ្យ​​គេ ចុះ​​ហត្ថលេខា​​លើ​​សន្ធិ​សញ្ញា និង​​កិច្ច​ព្រម​ព្រៀង​​នានា វា​​ផ្ទុយ​​នឹង​​ច្បាប់​​អន្តរជាតិ​​ហើយ»។

មន្ត្រី​ជាន់​ខ្ពស់​​គណបក្ស​​ប្រជាជន​​កម្ពុជា បាន​​​ប្រាប់​​​កាសែត​​​ក្នុង​ស្រុក​ថា​ ទិវា ៧ មករា ឆ្នាំ​​២០២១ នេះ គណបក្ស​​​កាន់​​​អំណាច ពុំ​​បាន​​រៀបចំ​​អង្គ​​មិទ្ទិញ​​ឱ្យ​​បាន​​ធំ​​ដុំ​​ដូច​​សព្វ​ដង​​នោះ​​ទេ ដោយសារ​តែ​​ការ​​រីក​​រាល​ដាល​​ជំងឺ​​កូវីដ-១៩ ដែល​បន្ត​​ពី​​ឆ្នាំ​មុន៕

.

.