អត្ថបទ The Cambodia Daily
28-9-2022
អ្នកឃ្លាំមើល ហៅការប្រកាសរបស់ លោក ហ៊ុន សែន ដែលប្ដេជ្ញាគោរពរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ថាជាភាសានៃខ្យល់។ ពួកគេនិយាយថា រយៈពេល ២៩ ឆ្នាំមកនេះ លោក ហ៊ុន សែន បានប្រព្រឹត្តឧក្រិដ្ឋកម្មធំៗចំពោះជាតិ ដោយអនុវត្តបំពានខ្លឹមសាររដ្ឋធម្មនុញ្ញច្រើនណាស់។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីបុរសខ្លាំង លោក ហ៊ុន សែន បានលើកឡើងថា កម្ពុជាដាច់ខាតត្រូវគោរពរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបប្រជាធិបតេយ្យសេរីពហុបក្ស។
លោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុកថា គិតចាប់ពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ នេះ ការប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ នូវរដ្ឋធម្មនុញ្ញជាតិ មានរយៈពេល ២៩ឆ្នាំ។ លោកថា រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។
លោក ហ៊ុន សែន ក៏បានលើកឡើងពីចំណុចសំខាន់ៗបំផុតមួយចំនួន ដែលបានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ ដោយកម្ពុជា ត្រូវគោរពដាច់ខាត នូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបប្រជាធិបតេយ្យសេរីពហុបក្ស។
ទោះជាយ៉ាងណាក៏ដោយ ប្រធានវេទិកាពលរដ្ឋ និងជាអ្នកវិភាគនយោបាយសង្គម លោក គឹម សុខ លើកឡើងថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលកើតនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ គឺកើតពីការបោះឆ្នោតយុត្តិធម៌ ដែលរៀបចំឡើងដោយអ៊ុនតាក់ (UNTAC) ក្រោមខ្លឹមសារស្មារតី និងយន្តការនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (PPA) ២៣ តុលា ឆ្នាំ១៩៩១។
លោកបញ្ជាក់ថា រដ្ឋធម្មនុញ្ញដើមនេះ មានខ្លឹមសារល្អណាស់ ស្របនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្នុងការបម្រើបុព្វហេតុជាតិខ្មែរ និងផលប្រយោជន៍របស់ពលរដ្ឋខ្មែរ ដែលចែងយ៉ាងត្រឹមត្រូវអំពីសិទ្ធិជាម្ចាស់ប្រទេសរបស់ពលរដ្ឋ ប៉ុន្តែលោក ហ៊ុន សែន មិនដែលពេញចិត្តនឹងរដ្ឋធម្មនុញ្ញដើមនេះឡើយ។
លោកបន្តថា លោក ហ៊ុន សែន បានព្យាយាមបំផ្លាញរដ្ឋធម្មនុញ្ញជាបន្តបន្ទាប់ តាមរយៈការកែ ១០ ដងទៅហើយ ដែលភាគច្រើនធ្វើឲ្យកាន់តែងាកឆ្ងាយពីខ្លឹមសារដើម ក្នុងគោលដៅបម្រើប្រយោជន៍អំណាចគ្រួសារ «ហ៊ុន»។ ជាឧទាហរណ៍ ការកែលើកទី១០ នេះ គឺគ្រាន់តែបើកផ្លូវផ្ទេរអំណាចពី លោក ហ៊ុន សែន ទៅកូនប្រុសរបស់គាត់ លោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះ។ ដូច្នេះ ការអះអាងរបស់ លោក ហ៊ុន សែន ដែលនិយាយអំពីភាពដាច់ខាតនៃការការពាររដ្ឋធម្មនុញ្ញ ការគោរពរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបប្រជាធិបតេយ្យសេរីពហុបក្សនោះ គ្រាន់តែជាភាសានៃខ្យល់ ថ្លែងទៅតាមអារម្មណ៍របស់គាត់ ដែលនិយាយតាមនឹកឃើញ គ្មានមូលដ្ឋាននីតិរដ្ឋ និងជាតិច្បាស់លាស់តែប៉ុណ្ណោះ។
លោក គឹម សុខ បន្តថា លោក ហ៊ុន សែន ប្រមាថព្រះមហាក្សត្ររាប់មិនអស់ និងរហូតដល់គំរាមរំលាយរាជបល្ល័ង្គ ប៉ុន្តែបែរជាអះអាងពីការការពាររបបរាជានិយម។ ដែលនេះគេហៅថា មេដឹកនាំដែលមានសតិមិនប្រក្រតី។ ក្នុងរយៈពេល ២៩ឆ្នាំនេះ លោក ហ៊ុន សែន បានប្រព្រឹត្តឧក្រិដ្ឋកម្មធំៗចំពោះជាតិ អនុវត្តបំពានច្រើនណាស់ លើខ្លឹមសាររដ្ឋធម្មនុញ្ញ ដូចជា៖
- ការធ្វើរដ្ឋប្រហារខែកក្កដា ឆ្នាំ១៩៩៧ ប្លន់យកអំណាចដឹកនាំរដ្ឋាភិបាលពីសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលជានាយករដ្ឋមន្ត្រីទី១ ស្របច្បាប់។
- ធ្វើរដ្ឋប្រហារអចិន្ត្រៃយ៍ប្លន់អំណាច តាមរយៈការបោះឆ្នោតលួចបន្លំ ក្បត់ឆន្ទៈប្រជាពលរដ្ឋ និងកម្ទេចគូប្រជែងដោយអំពើខុសច្បាប់ និងការបញ្ជាតុលាការ រួមមានការបំផ្លាញគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនារបស់សម្ដេច សឺន សាន គណបក្សហ៊្វុនស៊ិនប៉ិច និងចុងក្រោយ គឺគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយកាលពីចុងឆ្នាំ២០១៧។
- ការគំរាមផ្ទុះសង្គ្រាម ពេលលោក ហ៊ុន សែន ចាញ់ឆ្នោត
- ការបិទប្រព័ន្ធព័ត៌មានសេរី
- ការបិទការជួបប្រជុំ
- ការចាប់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ យកទៅដាក់គុកទាំងយប់ កាលពីខែកញ្ញា ឆ្នាំ២០១៧ ហើយបន្តបិទសិទ្ធិនយោបាយរបស់គាត់ ទាំងគាត់គ្មានកំហុស។
លោកបន្តថា ការហាមសិទ្ធិអ្នកនយោបាយជាគូប្រជែង ចំនួន ១១៨ នាក់ ហើយលេងល្បែងវែកផ្លូវឲ្យសុំសិទ្ធិនយោបាយ តាមច្រកផ្លូវដ៏តូចចង្អៀតរបស់ រដ្ឋាភិបាលគណបក្សប្រជាជន រួមទាំងការកែច្បាប់បោះឆ្នោត ច្បាប់គណបក្សនយោបាយ ដែលមានខ្លឹមសារដំឡើងអាជ្ញា ខ្ទប់ដង្ហើមនយោបាយរបស់គូប្រជែង និងការបង្កើតច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន ជាដើម។
អ្នកឃ្លាំមើលរូបនេះ និយាយថា ទង្វើរបស់លោក ហ៊ុន សែន ទាំងអស់នេះសុទ្ធតែជាល្បិចកលគំរាមកំហែងធ្ងន់ធ្ងរប្រាសចាកទាំងស្រុង ពីស្មារតីរដ្ឋធម្មនុញ្ញ ខែកញ្ញា ឆ្នាំ១៩៩៣ ដែលចែងអំពីការប្រកួតប្រជែងដោយសេរី និងគ្មានការភ័យខ្លាច ខណៈមានមាត្រាច្រើនណាស់ក្នុងរដ្ឋធម្មនុញ្ញដែលលោក ហ៊ុន សែន មិនបានអនុវត្តសោះ ដូចជាការធ្វើសមាជជាតិ ព្រោះគាត់ខ្លាចប្រឈមនឹងប្រជាពលរដ្ឋ និងមិនហ៊ានបង្កើតឧត្ដមក្រុមប្រឹក្សាការពារជាតិ ព្រោះខ្លាចព្រះមហាក្សត្រ ដែលត្រូវធ្វើជាប្រធានមានឥទ្ធិពលលើផ្លូវចិត្តមេៗកងទ័ព។
លោកបញ្ជាក់ថា វាពិតជាអស់សំណើចខ្លាំងណាស់ ដែលលោក ហ៊ុន សែន និយាយពីការប្ដេជ្ញាការពាររដ្ឋធម្មនុញ្ញ និងប្រជាធិបតេយ្យសេរីពហុបក្ស ប៉ុន្តែរបបសង្គមក្រោមការដឹកនាំរបស់គាត់ មានលក្ខណៈឯកបក្ស ១០០% ហើយបង្កើតបក្ខពួកនិយម ប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធកាន់តែអាក្រក់ បំផ្លាញធនធានធម្មជាតិ ធ្វើឲ្យពលរដ្ឋទន់ខ្សោយ ប្រទេសជាតិក្រីក្រហិនហោច ហើយពលរដ្ឋហូរទឹកភ្នែកមិនលុះថ្ងៃ មានដល់ហូរឈាម ធ្លាក់ខ្លួនពិការ និងបាត់បង់ជីវិតច្រើននាក់ផង។
លោកថា ទាំងអស់នេះ គឺផ្ទុយស្រឡះពីខ្លឹមសាររដ្ឋធម្មនុញ្ ញដែលចែងអំពីការតម្រូវឲ្យអង្គការរដ្ឋ ត្រូវតែដោះស្រាយសំណូមពររបស់ពលរដ្ឋ។ ផ្ទុយទៅវិញ លោក ហ៊ុន សែន បែរជាដឹកនាំការងារប្រទេសឲ្យតម្លៃត្រឹមតែអនុក្រឹត្យ និងសេចក្ដីជូនដំណឹងកាត់ដីឲ្យកូនៗខ្លួន សាច់ញាតិខ្លួន និងឲ្យពួកឈ្មួញទុច្ចរិត ថែមទាំងផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ថែមទៀត។ នេះហៅថាបំពានរដ្ឋធម្មនុញ្ញ និងក្បត់ប្រជាពលរដ្ឋច្បាស់ណាស់។
ចំណែកស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ ចាត់ទុកការប្រកាសរបស់ប្រមុខរដ្ឋាភិបាល ថាជារឿងត្រឹមត្រូវ ខណៈការអនុវត្តកន្លងមក លោកសង្កេតឃើញថា មិនបានឆ្លើយតបទៅតាមលក្ខខណ្ឌផ្សេងៗ នៅក្នុងរដ្ឋធម្មនុញ្ញនោះឡើយ។ ជាក់ស្ដែង លោកថាសិទ្ធិជួបជុំ ប្រមូលផ្ដុំដោយអហិង្សាតាមបែបលទ្ធិប្រជាធិបតេយ្យនោះ ត្រូវបានមន្ត្រីក្រោមឱវាទរបស់លោក ហ៊ុន សែន រាំងខ្ទប់ ជាដើម។
ករណីនេះ លោកស្នើលោកឲ្យលោក ហ៊ុន សែន ធ្វើការណែនាំទៅមន្ត្រីពាក់ព័ន្ធទាំងអស់ ដោយធ្វើយ៉ាងណាលើកកម្ពស់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល។
គិតចាប់តាំងពីការបង្កើតរដ្ឋធម្មនុញ្ញឡើងក្នុងឆ្នាំ១៩៩៣ រហូតមកដល់ពេលបច្ចុប្បន្ន កម្ពុជាបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន ១០ លើករួចមកហើយ ខណៈច្បាប់ធម្មនុញ្ញបន្ថែម ក៏ត្រូវយកមកធ្វើវិសោធនកម្មជាមួយគ្នា៕
.