បញ្ជាក់៖ ខួប៧០ឆ្នាំនៃគណបក្សប្រជាជនកម្ពុជា គឺ ២៨/៦/១៩៥១ – ២៨/៦/២០២១។
អត្ថបទសារព័ត៌មាន The Cambodia Daily
25-6-2021
ក្រុមអ្នកតស៊ូមតិលើកឡើងថា បើគណបក្សកាន់អំណាច រំឭកខួបថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា គួរតែបង្ហាញពីគុណសម្បត្តិរបស់មេដឹកនាំវៀតណាម លោក ហូ ជីមិញ ដែលបានបង្កើតគណបក្សនេះឡើង កាលពីឆ្នាំ១៩៥១ ផងដែរ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាកូនប្រុសរបស់ លោក ហ៊ុន សែន បានលើកឡើងពីគុណសម្បត្តិនៃគណបក្សប្រជាជនកម្ពុជា មុនថ្ងៃខួប ៧០ ឆ្នាំនៃការបង្កើតគណបក្សរបស់ពួកគេ។
នៅថ្ងៃទី២៥ ខែមិថុនា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ លោក ហ៊ុន ម៉ានី ដែលជាកូនប្រុសទី៣ របស់លោក ហ៊ុន សែន បានសរសេរលើគណនី Facebook របស់លោក ដើម្បីអបអរសាទរខួបលើកទី៧០ នៃបក្សប្រជាជនកម្ពុជា នាពេលខាងមុខនេះថា ការចាប់កំណើតនៃគណបក្សប្រជាជនកម្ពុជា នៅឆ្នាំ១៩៥១ គឺបាននាំមកនូវការរំដោះជីវិតពលរដ្ឋខ្មែររាប់លាននាក់ពីរបបប្រល័យពូជសាសន៍ និងការអភិវឌ្ឍជាបន្តបន្ទាប់សម្រាប់កម្ពុជា។
លោកអះអាងថា ក្នុងដំណាក់កាលលំបាកទាំងអស់របស់កម្ពុជា តែងតែឃើញមានវត្តមានឥស្សរជន យុទ្ធជន យុទ្ធនារីកម្ពុជា បានប្រើអាយុជីវិតផ្ទាល់ខ្លួនតស៊ូលះបង់សាច់ស្រស់ឈាមស្រស់ ប្រាជ្ញាស្មារតីជាដើមទុន ដើម្បីជ្រោងទង់បង្រួបបង្រួមជាតិក្នុងគោលដៅតែមួយគត់ គឺការគិតគូរពីប្រទេសជាតិ និងប្រជាជនជាអាទិភាព។
លោក ហ៊ុន ម៉ានី បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានប្រើប្រាស់អាយុជីវិតផ្ទាល់ខ្លួនជាទុនទៅប្រយុទ្ធធ្វើសង្គ្រាមតទល់នឹងរបប ប៉ុល ពត យ៉ាងសស្រាក់សស្រាំ ដោយឥតរួញរា ក្នុងគោលបំណងតែមួយគត់ គឺរំដោះប្រជាជនដែលនៅមានជីវិតឱ្យរួចផុតពីការកាប់សម្លាប់ និងរំដោះប្រទេសជាតិឱ្យត្រឡប់មករកសុខសន្តិភាព និងស្ថិរភាពឡើងវិញ រហូតទទួលបានជោគជ័យទាំងស្រុងនៅថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩។
ទោះជាយ៉ាងណាក៏ដោយ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៥ ខែមិថុនា ថាការលើកឡើងពីការចាប់កំណើតរបស់គណបក្សកាន់អំណាច និងគុណសម្បត្តិរបស់គណបក្សនេះ គឺជាភស្តុតាងបង្ហាញយ៉ាងច្បាស់ថា លោក ហ៊ុន សែន រួមទាំងកូនៗរបស់គាត់ មិនអាចចេញផុតពីការគ្រប់គ្រងរបស់បក្សកុម្មុយនីស្តវៀតណាម បានជាដាច់ខាត។
លោកអះអាងថា ការរំឭកខួបរបស់មន្ត្រីបក្សកាន់អំណាចនេះ ក៏ជាតឹកតាងមួយសម្រាប់ពលរដ្ឋខ្មែរ ដើម្បីពិចារណាផងដែរថា មន្ត្រីរដ្ឋាភិបាលរបស់ខ្លួននៅតែដឹងគុណវៀតណាម ព្រោះថាគណបក្សនេះ វៀតណាមជាអ្នកបង្កើត និងជាអ្នកជួយជ្រោមជ្រែង ដូច្នេះវៀតណាម ត្រូវតែប្រើគណបក្សដែលគេបង្កើតឡើងនេះ ដើម្បីឈ្លានពានទឹកដីខ្មែរបន្តទៀតតាមគ្រប់រូបភាព និងគ្រប់កាលៈទេសៈ។
លោក ម៉ែន ណាត បញ្ជាក់ថា ប្រសិនបើលោក ហ៊ុន សែន ចង់ជម្រះមន្ទិលរបស់ពលរដ្ឋខ្មែរចំពោះទំនាក់ទំនងមិនប្រក្រតីរបស់ខ្លួននឹងវៀតណាម កម្ពុជាត្រូវតែធ្វើមោឃភាពសន្ធិសញ្ញា កិច្ចព្រមព្រៀង និងឯកសារខុសច្បាប់នានា ដែលមានខ្លឹមសារកាត់ទឹកដីឲ្យវៀតណាមទាំងអស់ ហើយប្រើយន្តការអន្តជាតិ ប្តឹងទៅតុលាការអន្តរជាតិ ក្រុងឡាអេ នោះទើបពលរដ្ឋខ្មែរមានទំនុកចិត្តលើរដ្ឋាភិបាលបន្តទៀត។
គណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា គណបក្សប្រជាជនបដិវត្តន៍កម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥១ ដោយលោក សឺន ង៉ុកមិញ ហៅអាចារ្យ មាន ដែលមានឈ្មោះជាភាសាវៀតណាមថា ផាម យ៉ាំង ហួ (Phạm Văn Hua) និងមានឪពុកជាពលរដ្ឋខ្មែរក្រោម និងម្តាយជាជនជាតិវៀតណាម នៅខេត្តព្រះត្រពាំង ដែលរស់នៅលើទឹកដីកម្ពុជាក្រោមនាពេលនោះ។ ប៉ុន្តែលោក ផាម យ៉ាំង ហួ ឬអាចារ្យ មាន នេះ មានប្រវត្តិពិតជាអតីតសមាជិកបក្សកុម្មុយនីស្តឥណ្ឌូចិន ដែលត្រូវបានបង្កើតឡើងដោយមេដឹកនាំវៀតណាម លោក ហូ ជីមិញ (Ho Chi Minh) តាំងពីឆ្នាំ១៩៣០ មកម្ល៉េះ។
នៅឆ្នាំ១៩៧៧ និងឆ្នាំ១៩៧៨ អតីតកម្មាភិបាលខ្មែរក្រហម ដូចជាលោក ហ៊ុន សែន លោក ជា ស៊ីម និងលោក ហេង សំរិន ជាដើម បាននាំគ្នារត់ទៅប្រទេសវៀតណាម ដើម្បីគេចពីការតាមសម្លាប់របស់កងទ័ពខ្មែរក្រហម។ ក្រោមការឧបត្ថម្ភគាំទ្ររបស់វៀតណាម ពួកគេបានបង្កើតចលនារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ១៩៧៨។ នៅខែមករា ឆ្នាំ១៩៧៩ ឈ្មោះបក្សប្រជាជនបដិវត្តន៍កម្ពុជា ត្រូវបានគេប្រើប្រាស់ឡើងវិញរហូតដល់ឆ្នាំ១៩៩១ ហើយបក្សនេះត្រូវបានគេប្ដូរទៅជាគណបក្សប្រជាជនកម្ពុជា រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ។
ក្រុមអ្នកឃ្លាំមើលសង្គម រិះគន់ថា អតីតកម្មាភិបាលបក្សកាន់អំណាច តែងតែរំឭកថ្ងៃកំណើតបក្សកុម្មុយនីស្តដែលបង្កើតឡើងដោយវៀតណាម តែផ្ទុយទៅវិញ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ ២៣ តុលា ឆ្នាំ១៩៩១ ដែលជាគោលការណ៍អន្តរជាតិជួយកម្ពុជា ឲ្យមានស្ថិរភាពនយោបាយ មានអធិបតេយ្យភាព បូរណភាពទឹកដីសព្វថ្ងៃនេះ មិនត្រូវបានស្វាគមន៍ ឬធ្វើពិធីរំឭកខួបពីសំណាក់អតីតបក្ខជនកុម្មុយនិស្តទាំងនោះឡើយ៕
.