វេទិកាពលរដ្ឋ​ បាន​ចេញ​​សេចក្តី​ថ្លែង​ការណ៍​ រំឭក​ថ្ងៃ ៧ មករា នៃ​​ប្រវត្តិ​វៀតណាម​ឈ្លាន​ពាន​កម្ពុជា និង​លើក​បន្តុប​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន ឲ្យ​ឡើង​កាន់​អំណាច ស្រប​ពេល​ដែល​​បក្ស​កាន់​អំណាច (CPP) ​នៃ​លោក ហ៊ុន សែន ប្រារព្ធ​ទិវា​នេះ ដើម្បី​ដឹង​គុណ​វៀតណាម។ សេចក្តីថ្លែងការណ៍​នេះ ​ចុះ​​ហត្ថ​លេខា​​ដោយ​​លោក គឹម សុខ ផ្សព្វ​ផ្សាយ​កាល​ពី​​ថ្ងៃ​ទី​០៥ ខែ​​មករា ឆ្នាំ​២០២៣។ សូម​ទាញ​យក ​សេចក្តីថ្លែងការណ៍ (Download) ឬ​​អាន​អត្ថបទ​ខាង​ក្រោម។

សេចក្តីថ្លែងការណ៍

​ប្រសិន​បើ​​លោក ហ៊ុន​ សែន​ ពិត​ជា​មិន​បន្ត​​អនុវត្ត​ផែនការ​​ឈ្លាន​ពាន ​របស់​​វៀតណាម​មក​លើ​ប្រទេស​កម្ពុជា​ និង​ ក៏​ដូច​​ការ​អះ​អាង​​របស់​​គាត់​​ថា​ កំពុង​​ដឹកនាំ​​កម្ពុជា​​ឲ្យ​​មាន​​សន្តិភាព និង​ឯករាជ្យ​​នោះ​ លោក ហ៊ុន សែន មិន​​គួរ​​មាន​​ហេតុ​ផល​​អ្វី​ នៅ​បន្ត​ឃុំ​ខ្លួន​​អ្នក​ទោស​មនសិការ​ទាំង​ឡាយ ជា​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​​ពុំមាន​​កំហុស​​ឡើយ ​ហេីយ​គួរ​តែ​ដោះ​​លែង​​ពួក​​គាត់​ ឲ្យ​មាន​សិទ្ធិ​សេរីភាព​​ពេញ​លេញ នៅ​ចំ​ថ្ងៃ​ទី​​៧ ខែ​មករា ឆ្នាំ​២០២៣​ នេះ

វេទិកា​ពលរដ្ឋ​ សូម​រំឭក​លោក ហ៊ុន សែន​ ថា​មេ​ដឹកនាំ​ជាតិ​ គឺ​ជា​អ្នក​បម្រើ​ប្រជា​ពលរដ្ឋ​ជាតិ​ខ្លួន មិន​មែន​បម្រើ​មហិច្ឆតា​ឈ្លាន​ពាន​​របស់​បរទេស​ទេ ទោះ​ដោយ​ហេតុ​ផល​អ្វី ឬ​ក្រោម​លក្ខខណ្ឌ​ណា​ក៏​ដោយ។​ ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ ពិត​ជា​ចង់​ឃើញ​លោក ហ៊ុន សែន មាន​​ការ​​ភ្ញាក់​​រឭក​ខ្ពស់​នៅ​ពេល​នេះ ងាក​ចេញ​ពី​អន្ទាក់​ផែនការ​ឈ្លាន​ពាន​របស់​វៀតណាម ហើយ វិល​មក​ដើរ​លើផ្លូវ​ផ្សះ​ផ្សា បង្រួម​បង្រួម​ជាតិ និង ប្រមូល​​កម្លាំង​​ជាតិ​​រួម ដើម្បី​អភិវឌ្ឍ​ផ្ដល់​ប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ និង ការពារ​ជាតិ​ខ្មែរ​យើង ស្រប​តាម​ខ្លឹមសារ​រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ​១៩៩៣ និង ស្មារតី​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស៍​ឆ្នាំ​១៩៩១។

វេទិកា​ពលរដ្ឋ​ សូម​លើក​ទឹក​ចិត្ត​លោក ហ៊ុន សែន កែ​ខ្លួន ក្នុង​ដំណាក់​កាល​នេះ ដើម្បី​បន្សល់​ឈ្មោះ​ល្អ ក្នុង​ប្រវត្តិសាស្ត្រ​ជាតិ​ ហើយ​ក៏​ជា​កេរ​មរតក​ក្រអូប​ សម្រាប់​ក្រុម​គ្រួសារ ហ៊ុន ដែរ។

សមិទ្ធផល​ជ័យ​ជន្នះ​នៃ​ការ​ឈ្លាន​ពាន​របស់​វៀតណាម ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​១៩៧៩ បន្សល់​ទុក​នូវ​ការ​ឈឺ​ចាប់​ណាស់ ដល់​ប្រជា​ជាតិ​ខ្មែរ តាម​រយៈ​កិច្ច​ព្រម​ព្រៀង និង សន្ធិសញ្ញា​ខុស​ច្បាប់​នានា ដែល​អនុវត្ត​ដោយ​រដ្ឋាភិបាល​អាយ៉ង​មួយ ក្រោម​បញ្ជា​របស់​ក្រុងហាណូយ។ ឥទ្ធិពល​មហិច្ឆតា​ឈ្លាន​ពាន​​របស់​វៀតណាម ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ប្រឈម​ហានិភ័យ​នៃ​ការ​ហូរ​ចូល​ជន​អន្តោ​ប្រវេសន្ដ​វៀតណាម​ខុស​ច្បាប់​លើស​លប់​​ ការ​ប៉ុន​ប៉ង​ត្រួតត្រា​ទាំង​ស្រុង​របស់​វៀតណាម​លើ​បណ្ដាខេត្ត​ភាគ​ឦសាន​ខ្មែរ រតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង ក្រោម​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ និង​ពេល​នេះ ដល់​កាលៈទេសៈ នៃ​ចរន្ត​ពង្រីក ​ភាសា​វៀតណាម​បែប​អាណា​និគម ក្នុង​ប្រព័ន្ធ​សិក្សា​អប់រំ​ជាតិ​ខ្មែរ​ជាដើម។

លើស​ពី​ការ​ប្រឈម​គ្រោះ​មហន្តរាយ​ទៅ​ទៀត ប្រទេស​កម្ពុជា​បាត់​បង់​ជាក់​ស្ដែង នូវ​ដែនដី​គោក​តាម​ព្រំដែន ផ្ទៃសមុទ្រ​ជិត​៧​ម៉ឺនគីឡូ​ម៉ែត្រ​ការេ កោះត្រល់ ចង្កោម​កោះ​ក្រចកសេះ ព្រមទាំង​ការ​គ្រប់​គ្រង​ផ្នែក​សេដ្ឋកិច្ច ដែល​មាន​សក្ដានុពល​ស្ទើរ​តែ​ទាំង​អស់​របស់​ប្រទេស​កម្ពុជា រាប់​តាំង​ពី​ធនធាន​ធម្មជាតិ រហូត​ដល់​តំបន់​សេដ្ឋកិច្ច​ពិសេស ទៅ​ក្នុង​កណ្ដាប់​ដៃ​វៀតណាម។

លោក ហ៊ុន សែន ប្រាកដ​ជា​ដឹង​ថា វិបត្តិ​ធ្ងន់​ធ្ងរ​ទាំង​នេះ លាក់​មិន​ជិត​ពី​ការ​យល់ដឹង​របស់​កូន​ខ្មែរ​ទូទៅ​នោះ​ទេ ហើយ មាន​តែ​ការ​ភ្ញាក់​រឭក​ផ្សះ​ផ្សា​ជាតិ​ឲ្យ​ទាន់​ពេល​ប៉ុណ្ណោះ ទើប​អាច​កែ​ស្ថានការណ៍​ជាតិ ឲ្យ​ជា​ប្រយោជន៍​ជាតិ​ខ្មែរ​បាន។

សហរដ្ឋអាមេរិក ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣

គឹម សុខ (ហត្ថលេខា)
ប្រធាន វេទិកាពលរដ្ឋ

.