ដោយ CWCI Cambodia / 04th-6-2020
ក្រុមអ្នកឃ្លាំមើលបញ្ហាព្រំដែន បានសំដែងការព្រួយបារម្ភជាខ្លាំង ចំពោះការកសាងផ្លូវក្រវ៉ាត់ព្រំដែនប្រទេសកម្ពុជា ដែលធ្វើឡើងរំលងភូមិបាក់ណាម ឆ្ងាយពីបង្គោលព្រំដែនខ្មែរ ជាង ២ គីឡូម៉ែត្រ និងប្តូរប៉ុស្តិ៍យាមច្រកព្រំដែនបាក់ណាម ដល់ទៅ ៧ គីឡូម៉ែត្រ។ ភូមិបាក់ណាម ស្ថិតនៅឃុំព្រែកជ្រៃ ស្រុកកោះ ធំ ខេត្តកណ្តាល។
លោក មួង សូនី សមាជិកក្រុមការងារ ១០០រាត្រី និងជាប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ បាននិយាយថា ការអភិវឌ្ឍនៅតំបន់វត្តបាក់ណាម ដែលជាប់ព្រំដែនវៀតណាម គឺជាអ្វីដែលរដ្ឋាភិបាលខ្មែរ ត្រូវគិតគូរជាអាទិភាព ពីព្រោះតំបន់នេះ ស្ទើរក្លាយទៅជាភូមិរបស់វៀតណាម ទៅហើយ ដោយសារតែមានពលរដ្ឋខ្មែររស់នៅតិចតួច និងខ្វះការអភិវឌ្ឍនៅទីនោះ។ នេះបើតាមការលើកឡើងរបស់លោក មួង សូនី នៅក្នុងកម្មវិធីពិភាក្សា Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២០។
ចំណែកសកម្មជន ១០០រាត្រី លោក មាន ព្រហ្មមុនី ដែលបានចូលរួមនៅក្នុងកម្មវិធី Idea Talk នេះដែរនោះ ក៏បានសំដែងការភ័យព្រួយបារម្ភ អំពីខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា នៅភូមិប៉ាក់ណាម ដែលមានព្រំប្រទល់ជាប់នឹងខេត្តអានយ៉ាង ប្រទេសវៀតណាម។
ក្រុមសកម្មជនដែលតស៊ូមតិអំពីបញ្ហាព្រំដែនទាំងនេះ លើកឡើងថា កងកម្លាំងវិស្វកម្មកម្ពុជា លេខ១១ ដែលដឹកនាំដោយ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក ហ៊ុន សែន បានកសាងផ្លូវក្រវ៉ាត់ព្រំដែននោះ ដោយក្រាលគ្រួសក្រហម ដើម្បីល្បាតព្រំដែន ប៉ុន្តែសព្វថ្ងៃនេះ ផ្លូវមួយខ្សែនេះ កំពុងតែរងការខូចខាតយ៉ាងដំណំ។
លោក មួង សូនី បញ្ជាក់បន្ថែមថា «ទាំងផ្លូវក្រវ៉ាត់ព្រំដែន និងប៉ុស្តិ៍យាមច្រកព្រំដែន មិនមានលក្ខណៈបច្ចេកទេស និងផ្លូវច្បាប់ត្រឹមត្រូវ ដែលអាចទប់ស្កាត់ការឈ្លានពានរបស់វៀតណាម មកលើទឹកដីកម្ពុជាបាននោះទេ»។ លោកថា ជនជាតិវៀតណាម អាចឆ្លងចូលទឹកដីខ្មែរ ពីច្រកមួយ ទៅច្រកមួយ បានយ៉ាងងាយ ដោយមិនបាច់ឆ្លងកាត់ប៉ុស្តិ៍យាមកម្ពុជានោះឡើយ។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីប្រចាំច្រកព្រំដែនបាក់ណាម បានប្រាប់ពីមូលហេតុ នៃការផ្លាស់ប្តូរប៉ុស្តិ៍យាម មកឆ្ងាយពីបង្គោលព្រំដែនថា «ដោយសារមានការជំទាស់ពីភាគីវៀតណាម ហើយថាជាតំបន់ ដែលមិនទាន់ជជែកគ្នាដាច់ស្រេចនៅឡើយ» (?)។
កាលពីពេលថ្មីៗនេះ ជនជាតិវៀតណាម បានឈ្លានពានចូលមកបោះតង់ លើទឹកដីកម្ពុជា និងដាក់កម្លាំងយោធាចំនួន ២ លើក៖ ទី១. បោះតង់ចំនួន ៣១ កន្លែង នៅស្រុកលើកដែក និងស្រុកកោះធំ ក្នុងខេត្តកណ្តាល និងទី២. ចំនួន ៨៣ កន្លែង នៅខេត្តតាកែវ ក្រោមលេសថា ជាវិធានការរឹតបន្តឹងច្រក-ចេញចូលតាមច្រកព្រំដែន ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
ជុំវិញបញ្ហានេះ លោក មាន ព្រហ្មមុនី បានចាត់ទុកថា «វៀតណាម ឈ្លានពានចូលម្តងហើយម្តងទៀតបែបនេះ គឺជាការមើលងាយ ដល់អធិបតេយ្យភាពរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ»។ ជាងនេះទៅទៀត លោកស្នើឲ្យរដ្ឋាភិបាល លុបចោលរាល់សន្ធិសញ្ញាព្រំដែន រវាងកម្ពុជា-វៀតណាម ទាំងឡាយណា ដែលផ្ទុយនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញរបស់ប្រទេស។
ចំណែកលោក មួង សូនី ក៏បានជំរុញឲ្យរដ្ឋាភិបាល គួរតែមានវិធានការឲ្យបានម៉ឺងម៉ាត់ ទៅលើបញ្ហាព្រំដែន ក្នុងការពង្រឹងវិស័យការពារជាតិ ដើម្បីរក្សាបូរណភាពទឹកដី និងការពារអធិបតេយ្យជាតិ ជាមួយបរទេសជិតខាង។
សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាអ្នកតាមដានបញ្ហាព្រំដែន លោក រ៉ុង ឈុន ធ្លាប់បានប្រាប់ក្រុមអ្នកសាព័ត៌មានថា រដ្ឋាភិបាលត្រូវអភិវឌ្ឍតំបន់ព្រំដែន ពង្រីកហេដ្ឋារចនាសម្ព័ន្ធ នៅតាមព្រំដែនឲ្យបានច្រើន និងបង្កើនការទប់ស្កាត់ការរំកិលព្រំដែន ពីប្រទេសជិតខាង។ លោកបន្ថែមថា «អ្វីដែលយើងសោកស្ដាយលើសពីហ្នឹងទៀត នៅពេលដែលយុវជន ពលរដ្ឋ ចូលរួមនិយាយអំពីបញ្ហាព្រំដែន ត្រូវបានការព្រមានជាបន្តបន្ទាប់ {ពីអាជ្ញាធររដ្ឋាភិបាលខ្មែរគ្នាឯង}។ នេះជាការបំបាក់ស្មារតីយុវជន និងប្រជាពលរដ្ឋខ្មែរ ក្នុងការចូលរួមឈឺឆ្អាលរឿងការពារជាតិ។ មេដឹកនាំដែលល្អ ត្រូវបណ្ដុះឆន្ទៈជាតិនិយម ដល់ពលរដ្ឋ និងយុវជនរបស់ខ្លួន»៕
.