The Cambodia Daily
02nd-5-2023

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា ការ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​របស់​សកម្មជន និង​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល គឺជា​ទង្វើ​ជាន់​ពន្លិច​អ្នក​ប្រជាធិបតេយ្យ និង​គាំទ្រ​​នយោបាយ​​ទុច្ចរិត​របស់​បក្ស​កាន់​អំណាច​ លោក ហ៊ុន សែន។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១ ឧសភា នេះ​ថា ការ​ចុះចូល​ជាមួយ​​គណបក្ស​ប្រជាជន​កម្ពុជា ​ពិត​មែន​ថា​ជា​សេរីភាព​ស្រប​ច្បាប់​ របស់​បុគ្គល​ម្នាក់ៗ ប៉ុន្តែ​សេរីភាព​ ក៏​ត្រូវ​ភ្ជាប់​ជាមួយ​ឧត្តមគតិ​​ដែរ។ លោក​​បន្ថែម​ថា គណបក្ស​ប្រជាជន​កម្ពុជា ​ចាប់តាំងពី​បង្កើត​មក និង​ផែនការ​រៀបចំ​ទៅ​ថ្ងៃ​អនាគត មិនមែន​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ សម្រាប់​ប្រទេស​កម្ពុជា​នោះ​ទេ ត្បិត​ទង្វើ​ជាក់ស្តែង​ដែល​បក្ស​នេះ ​បាន​ធ្វើ​កន្លងមក គឺ​តាម​កម្ទេច​អ្នក​ប្រជា​ធិបតេយ្យ និង​បង្កើត​ការ​ដឹកនាំ​តាម​បែប​ក្រុម​គ្រួសារ​និយម​ប៉ុណ្ណោះ។

លោក ម៉ែន ណាត លើកឡើង​ថា ក្រៅពី​តាម​កម្ទេច​អ្នក​ប្រជាធិបតេយ្យ​របស់​បក្ស​នេះ ក៏​ធ្វើ​ឱ្យ​កម្ពុជា​ បាត់បង់​ទឹកដី​ទៅ​បរទេស​ជិតខាង​ តាមរយៈ​ឯកសារ​ខុស​ច្បាប់​ ដែល​លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​កន្លង​មក​ជា​បន្តបន្ទាប់ ខណៈ​ធនធាន​ធម្មជាតិ​របស់​ខ្មែរ ដូចជា​ព្រៃឈើ រ៉ែ និង​ថវិកា​ជាតិ ក៏​ត្រូវ​ក្រុម​គ្រួសារ ព្រមទាំង​បក្ខពួក​របស់​លោក ហ៊ុន សែន បំផ្លាញ​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​ ជំពាក់​បំណុល​បរទេស​កាន់តែ​ធ្ងន់​ទៅៗ​ដូច​សព្វថ្ងៃ​នេះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​ រូប​នេះ​ បញ្ជាក់​ថា ទង្វើ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ធ្វើ​ជាង ៤០​ឆ្នាំ​ ក្នុង​ការ​ដឹកនាំ​របស់​ខ្លួន ​ដូច​ដែល​បាន​រៀបរាប់​ខាងលើ គឺជា​ទង្វើ​រំលោភ​ច្បាប់ រំលោភ​ព្រះមហាក្សត្រ រំលោភ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​ធ្ងន់ធ្ងរ ដូច្នេះ​ការ​ចុះចូល​របស់​សកម្មជន និង​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល គឺជា​ការ​ជួយ​បិទ​បាំង និង​លើក​ទឹកចិត្ត​ឱ្យ​បក្ស​កាន់​អំណាច​កាន់ តែ​ប្រព្រឹត្ត​នូវ​ទង្វើ​ជាន់ឈ្លី​​លទ្​ធិប្រជា​ធិបតេយ្យ​ កាន់តែ​ធ្ងន់ធ្ងរ​ទៅ​វិញ

កាលពី​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០២៣ អតីត​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័ណ្ឌ បាន​ប្រកាស​ជា​សាធារណៈ​សុំ​ចូល​រួម​​ជីវភាព​នយោបាយ​ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​អះអាង​ថា កិច្ចការ​ដែល​ខ្លួន​បាន​ធ្វើ​កន្លងមក គឺ​ទទួល​បាន​ផល​ប្រយោជន៍​តិចតួច​​សម្រាប់​ជាតិ​មាតុភូមិ ដូច្នេះ​លោក​មើល​ឃើញ​ថា​ មាន​តែ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ ទើប​អាច​ជួយ​ប្រទេស​ជាតិ​បាន​ច្រើន​ទៅ​ថ្ងៃ​មុខ។

លោក សួង សុភ័ណ្ឌ បញ្ជាក់​ថា ចាប់ពី​ពេលនេះ​តទៅ លោក​គឺជា​មនុស្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​មនុស្ស​របស់​រដ្ឋាភិបាល​​បក្ស​កាន់​អំណាច​ជា​រៀង​រហូត ដូច្នេះ​លោក​នឹង​ធ្វើ​អ្វីៗ​ ដើម្បី​ផល​ប្រយោជន៍​ជាតិ​ដោយ​ឥត​ងាករេ។

ក្រោយពី​ការ​ប្រកាស​ចុះចូល​របស់​លោក សួង សុភ័ណ្ឌ ភ្លាម មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ប្រកាស​តាម​ប្រព័ន្ធ​​ទំនាក់ទំនង​តេឡេក្រាម​របស់​លោក​ថា ក្នុង​នាម​គណបក្ស​ប្រជាជន​កម្ពុជា លោក​សូម​ស្វាគមន៍​ចំពោះ​លោក សួង សុភ័ណ្ឌ ដែល​ពេញចិត្ត​សុំ​មក​រួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​បន្ថែម​ថា ក្នុង​នាម​រាជរដ្ឋាភិបាល លោក​​ស្នើសុំ​ព្រះមហាក្សត្រ​ ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​លោក សួង សុភ័ណ្ឌ ជា​រដ្ឋលេខាធិការ​​ទីស្ដីការ​​គណៈរដ្ឋមន្ត្រី​ ផង​ដែរ។

ព្រះមហាក្សត្រ​ខ្មែរ​ បាន​ត្រាស់​បង្គាប់​តែងតាំង​លោក សួង សុភ័ណ្ឌ ជា​រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ​តាម​សំណើ​របស់​លោក​នាយករដ្ឋមន្ត្រី​ កាលពី​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០២៣ នេះ។

ក្នុង​រយៈពេល​ចុងក្រោយ​នេះ សកម្មជន និង​មន្ត្រី​ជាន់ខ្ពស់​បក្ស​ក្រៅ​រដ្ឋាភិបាល ​បាន​នាំគ្នា​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច ​ជា​បន្តបន្ទាប់ ដូចជា​លោក យឹម ស៊ីណន អតីត​ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង លោក ហ៊ុន កុសល សកម្មជន​បក្ស​ប្រឆាំង លោក ប៉ែន ផល្លីកា អតីត​អនុប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ​ប្រចាំ​ខេត្ត​សៀមរាប និង​លោក ប៉ែន រដ្ឋា ដែល​ជា​អតីត​អ្នក​តាក់តែង​គោលនយោបាយ​សុខាភិបាល ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង ​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័ណ្ឌ ដែល​ប្រកាស​ចុះចូល​ នៅ​ពេលនេះ​ជាដើម។

កាលពី​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០២០ លោក សួង សុភ័ណ្ឌ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ឃុំ​ខ្លួន ​ពី​បទ​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម ឱ្យ​ជាប់​ពន្ធនាគារ ២០​ខែ និង​បង្គាប់​ឱ្យ​បង់​ប្រាក់ ២​ ពាន់​លាន​រៀល (ឬ​ប្រហែល ៥០​ម៉ឺន​ដុល្លារ) ដល់​គណៈ​កម្មាធិការ​​កិច្ចការ​ព្រំដែន​ផង​ដែរ បន្ទាប់ពី​លោក ​បញ្ចេញមតិ​រឿង​ព្រំដែន​កម្ពុជា-វៀតណាម។ យ៉ាងណា​ក៏ដោយ នៅ​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០២១ តុលាការ​​បាន​សម្រេច​ដោះលែង​លោក ​ដោយ​ព្យួរ​ទោស​សាកល្បង​រយៈពេល ៣​​ឆ្នាំ​ ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​​វិញ៕

.