ក្នុងរយៈពេលមិនដល់ ២៤ ម៉ោងផង លោក ហ៊ុន សែន ប្រមុខដឹកនាំរបបក្រុងភ្នំពេញ បានចេញបទបញ្ជាចំនួនពីរ ស្តីពីបម្រាមគោចរ បិទខេត្ត-ក្រុងនីមួយៗ នៅទូទាំងប្រទេស ដើម្បីបង្ការការរីករាលដាលមេរោគកូរ៉ូណា ឬកូវីដ១៩ ក្នុងអំឡុងពេលចូលឆ្នាំថ្មី បើទោះជារដ្ឋាភិបាល ប្រកាសផ្អាកការប្រារព្ធពិធីចូលឆ្នាំថ្មីក្តី។
បម្រាមទី១ (សូមទាញយ Download) ប្រកាសនៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០ លោក ហ៊ុន សែន ចុះហត្ថលេខាពេលថ្ងៃ រួចញ្ជាឲ្យអនុវត្តជាបន្ទាន់ នៅពេលយប់ {អនុវត្តចាប់ម៉ោង ២៤ៈ០០ ថ្ងៃទី ០៩ មេសា ដល់ពាក់កណ្តាលអាធ្រាត ថ្ងៃទី ១៦ មេសា} ដែលមានរយៈពេលខ្លី ក្នុងមួយដង្ហើមចង្រិត ធ្វើឲ្យពលរដ្ឋហួសចិត្ត និងមិនអាចត្រៀមខ្លួនទាន់ពេលវេលា មានន័យថា «ស្រវាចាបស្អីក៏មិនទាន់ សូម្បីតែរកស្បែកពាក់ ក៏មិនទាន់ផង»។ បម្រាមទី១ នេះ វាតឹងរឹងជ្រុលពេកគឺ «ប្រកាសមិនអនុញ្ញាតឲ្យធ្វើដំណើរឆ្លងកាត់ពីស្រុកមួយ ទៅស្រុកមួយទៀត ក្នុងខេត្តក្រុងតែមួយ» បណ្តាលឲ្យពលរដ្ឋ ជ្រួលច្របល់ និងក្តៅក្រហាយ។ ដូច្នេះហើយ លោក ហ៊ុន សែន នៅព្រឹកថ្ងៃទី ១០ មេសា ក៏នឹកឃើញគំនិតថ្មី រួចក៏សម្រេចចេញបម្រាមថ្មីមួយទៀត {បទបញ្ជាទី២៖ សូមទាញយកត្រង់នេះ Download} ដើម្បីកែសម្រួលខ្លឹមសារបម្រាមចាស់ ដោយមានការបន្ធូរបន្ថយ គឺ «អនុញ្ញាឲ្យពលររដ្ឋ ធ្វើដំណើរនៅក្នុងខេត្តរបស់ខ្លួន ប៉ុន្តែហាមប្រាម មិនឲ្យឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយទៀត លើកលែងតែក្រុងភ្នំពេញ និងខេត្តកណ្តាល ដែលចាត់ទុកជាតំបន់តែមួយ»។
ទោះបីមានការបន្ធូរបន្ថយហើយក្តី ក៏ពលរដ្ឋនៅតែមិនបានត្រៀមខ្លួនរួចរាល់ដដែល ពីព្រោះវាមានរយៈពេលខ្លីពេក ហើយអាជ្ញាធរសមត្ថកិច្ច ក៏ត្រូវជួបការលំបាកធំធេង ក្នុងការទប់ស្កាត់ពលរដ្ឋ ដែលឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត។
រដ្ឋាភិបាល គួរតែបានត្រៀមខ្លួនរួចរាល់ អំពីវិធានការបង្ការជំងឺកូរ៉ូណា ហើយត្រូវមានរយៈពេលល្អសមរម្យ ក្នុងការប្រកាសបម្រាមគោចរ ដែលយ៉ាងណាស់ឲ្យបាន ១ សប្តាហ៍មុន ដើម្បីឲ្យពលរដ្ឋ បានត្រៀមខ្លួនទាន់ពេលវេលា ចូលរួមទទួលអនុវត្តតាមបម្រាមនេះ។ ប៉ុន្តែករណីប្រកាសបទបញ្ជាខាងលើ មានន័យថា «រដ្ឋាភិបាល គ្មានបានត្រៀមរៀបចំវិធានការត្រឹមត្រូវ ក្នុងការបង្ការជំងឺកូរ៉ូណា ដូចដែលខ្លួនបាននិយាយអះអាងនោះទេ»។
ជាក់ស្តែងនៅព្រលប់ ថ្ងៃទី ១០ មេសា មានពលរដ្ឋច្រើនកុះករ នាំគ្នាសម្រុកចេញពីទីក្រុងភ្នំពេញ ទៅកាន់ស្រុកកំណើតរៀងៗខ្លួន មុនពេលចូលឆ្នាំថ្មី។ មានករណីនៅស្ពានអ្នកលឿង ព្រំប្រទល់ខេត្តកណ្តាល និងខេត្តព្រៃវែង ធ្វើឲ្យចរាចរណ៍កកស្ទះ ដែលអាចជាហានីភ័យមួយទៀត ក្នុងការឆ្លងរីករាលដាលមេរោគកូរ៉ូណា។ អាជ្ញាធរសមត្ថកិច្ចនៅទីនោះ បានជួយសម្រួលចរាចរណ៍ ឲ្យពលរដ្ឋបន្តដំណើរទៅស្រុកកំណើតរៀងៗខ្លួន នេះបើតាមវីដេអូខ្លី បង្ហោះលើបណ្តាញសង្គម។
រឿងដដែលនេះ អាជ្ញាធរសមត្ថកិច្ច មិនអាចអនុវត្តបទបញ្ជារបស់រដ្ឋាភិបាល ឲ្យបានពេញលេញទេ ពីព្រោះរឿងនេះ វាមិនមែនជាកំហុសរបស់ពលរដ្ឋ ហើយក៏មិនមែនជាកំហុសរបស់អាជ្ញាធរសមត្ថកិច្ចដែរ ដែលគ្រាន់តែជាអ្នកអនុវត្តបទបញ្ជា។
ដូច្នេះរឿងនេះ លោក ហ៊ុន សែន និងក្រុមមន្រ្តីជុំវិញខ្លួនរបស់លោក ត្រូវតែនាំគ្នារៀនសូត្រឡើងវិញអំពីកំហុសរបស់ខ្លួន ដែលកើតឡើងដដែលៗនេះ។ សង្ឃឹមថា ទៅថ្ងៃក្រោយ អ្នកទាំងអស់គ្នា ជាអ្នកដឹកនាំគេ គប្បីរៀនធ្វើឲ្យត្រូវ ជាជាងនិយាយច្រើន ហើយបង្កការលំបាកដល់ពលរដ្ឋ៕
ដោយគោរពរាប់អានដ៏ខ្ពង់ខ្ពស់!
ម៉ែន ណាត
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា / ប្រទេសន័រវេស៍ ថ្ងៃទី ១១ មេសា ២០២០
.
.