The Cambodia Daily
31-8-2023
នាយករដ្ឋមន្ត្រីតពូជលោក ហ៊ុន ម៉ាណែត អះអាងថា គណបក្សនយោបាយដែលមិនបានចូលរួមការបោះឆ្នោត អាចស្នើសុំចូលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្រោមលេសថា ដើម្បីលើកស្ទួយរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។
យោងតាមព្រះរាជក្រឹត្យស្ដីពីការរៀបចំ និងប្រព្រឹត្តទៅនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដែលឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រកម្ពុជា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ឲ្យដឹងថា គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវ ស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ ទោះបីជាមិនបានចូលរួមបោះឆ្នោតក៏ដោយ ប៉ុន្តែពួកគេ អាចស្នើសុំចូលរួមជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បាន។
ការស្នើនេះ ដោយតម្រូវឲ្យពួកគេដាក់ពាក្យស្នើសុំជាផ្លូវការ និងត្រូវមានការសម្រេចពីលោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីបន្តវេនពីឪពុក។
ប្រភពដដែលឲ្យដឹងទៀតថា គណបក្សនយោបាយស្ថាបនិកនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ អាចដាក់សមាសភាពចំនួន ៣រូប ក្នុងនោះ៖
– មួយរូប ជាប្រធានប្រតិភូមាន ឋានៈស្មើទេសរដ្ឋមន្ត្រី
– មួយរូប ជាអនុប្រធានប្រតិភូ មានឋានៈស្មើរដ្ឋមន្ត្រី
– មួយរូបទៀត ជាសមាជិកប្រតិភូ មានឋានៈស្មើរដ្ឋលេខាធិការ។
ចំណែកគណបក្សនយោបាយ ដែលមិនមែនជាស្ថាបនិកវិញ ពួកគេអាចដាក់សមាសភាពចំនួន ២រូប ដោយ៖
– មួយរូប ជាប្រធានប្រតិភូ ឋានៈស្មើទេសរដ្ឋមន្ត្រី
– និងមួយរូបទៀត ជាអនុប្រធានប្រតិភូ មានឋានៈស្មើរដ្ឋមន្ត្រី។
ព្រះរាជក្រឹត្យដដែលបញ្ជាក់ថា ការសម្រេចឲ្យមានឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់បន្តទៀត ដោយសំអាងថា ដើម្បីលើកស្ទួយរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស និងការប្រមូលធាតុចូលនៃទស្សនៈពហុគំនិត ជាប្រយោជន៍ដល់ការស្ថាបនាជាតិ។
ព្រះមហាក្សត្រ ទ្រង់ត្រាស់បង្គាប់ចេញព្រះរាជក្រឹត្យ ស្ដីពីការរៀបចំ និងប្រព្រឹត្តទៅនៃ ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នេះ បន្ទាប់ពីលោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីបន្តពូជពីឪពុក [គឺលោក ហ៊ុន សែន] បានទូលថ្វាយព្រះអង្គកាលពីពេលថ្មីៗនេះ ដើម្បីស្នើសុំបង្កើតឲ្យមាន ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បន្តទៀត។
ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា យល់ថា រូបភាពនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មានលក្ខណៈនយោបាយច្រើនជាង ពីព្រោះគណបក្សនយោបាយ ដែលជាក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នេះ មិនមែនជាគណបក្សនយោបាយ ដែលមានសំឡេងគាំទ្រពីពលរដ្ឋនោះឡើយ។
លោកអះអាងថា ក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នេះ មិនមែនជាអ្នកតំណាងឲ្យពលរដ្ឋនោះទេ ហើយក៏គ្មានឥទ្ធិពលអ្វី ទៅលើរដ្ឋាភិបាល ដើម្បីកែប្រែចំណុចខ្វះចន្លោះនោះដែរ ដែលវាផ្ទុយពីគណបក្សនយោបាយ ដែលមានសំឡេងគាំទ្រពីប្រជាពលរដ្ឋដាច់ស្រឡះ។
លោកបន្តថា គណបក្សនយោបាយដែលពលរដ្ឋគាំទ្រ គឺជាអ្នកតំណាងឲ្យពលរដ្ឋ ដូច្នេះពួកគេ នឹងលើកយកទុក្ខកង្វល់ និងបញ្ហារបស់ពលរដ្ឋ ក៏ដូចជា បញ្ហាសង្គមជាតិទៅជជែកដេញដោលជាមួយរដ្ឋាភិបាល ដើម្បីជំរុញឲ្យរដ្ឋាភិបាលពិចារណា និងដោះស្រាយបញ្ហាជូនពលរដ្ឋ។
លោក ស៊ឹង សែនករុណា យល់ថា ការបង្កើតក្រុមប្រឹក្សានេះ ធ្វើឲ្យខាតបង់ថវិកាជាតិកាន់តែច្រើន និង ជាបន្ទុករបស់ពលរដ្ឋ រួមទាំងសង្គមជាតិ ដោយសារពលរដ្ឋជាអ្នកបង់ពន្ធជូនរដ្ឋ ហើយរដ្ឋយកថវិកាទាំងនោះ ទៅចំណាយលើប្រាក់បៀវត្សរបស់មន្ត្រី និងអ្នកទាំងនោះ។
លោកថា បើរដ្ឋាភិបាល ចង់បានប្រជាធិបតេយ្យពិតប្រាកដមែននោះ រដ្ឋាភិបាលត្រូវបើកលំហឲ្យគណបក្សនយោបាយ ដែលមានការគាំទ្រពីពលរដ្ឋ ចូលរួមបោះឆ្នោត ជាជាងបង្កើតក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។
អ្នកការពារសិទ្ធិមនុស្សរូបនេះ អះអាងថា ការបង្កើតក្រុមប្រឹក្សាដោយផ្ដល់តំណែង និងតែងតាំងពីសំណាក់រដ្ឋាភិបាលនេះ វាមិនមែនជាពហុគំនិត ហើយក៏មិនបានឆ្លុះបញ្ចាំង តាមស្មារតីរដ្ឋធម្មនុញ្ញកម្ពុជា និងកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែរ។
ចំពោះលទ្ធផលវិញ លោក ស៊ឹង សែនករុណា យល់ថា កន្លងទៅ ក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នេះ មិនបានជួយដោះស្រាយបញ្ហាជូនពលរដ្ឋ និងសង្គមជាតិឡើយ។ ជាក់ស្ដែងដូចជា រឿងវិវាទដីធ្លី ការងារ បាត់បង់ធនធានធម្មជាតិ និងរឿងអយុត្តិធម៌សង្គម ជាដើម ដែលក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មិនបានយកទៅជជែក និងទាមទារជាមួយរដ្ឋាភិបាល ឲ្យមានដំណោះស្រាយឡើយ វាផ្ទុយពីគណបក្សនយោបាយ ដែលមានការគាំទ្រពីពលរដ្ឋ។
ចំណែកអនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត យល់ថា ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នេះ បង្កើតឡើង មិនបានជួយដល់ផលប្រយោជន៍ជាតិអ្វីសោះឡើយ ផ្ទុយទៅវិញមានតែចាយថវិកាខ្ជះខ្ជាយឥតប្រយោជន៍ តែប៉ុណ្ណោះ។
លោកបន្តថា ប្រសិនបើលោក ហ៊ុន ម៉ាណែត គិតគូរផលប្រយោជន៍ជាតិបន្តិចបន្តួច គួរលុបចោលវិញ។ លោកផ្ដល់អនុសាសន៍ថា លោក ហ៊ុន ម៉ាណែត គួររៀនធ្វើការងារ និងបែងចែកអំពើអ្វីដែលជាការតម្កល់ផលប្រយោជន៍ជាតិជាធំ ដូចជារៀនធ្វើការងារតូចៗទៅ ជាដើម។
ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានបង្កើតឡើងនាអាណត្តិទី៦ កាលពីខែកញ្ញា ឆ្នាំ២០១៨ តាមការស្នើសុំរបស់លោក ហ៊ុន សែន។ ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានតួនាទីផ្តល់យោបល់ជូនរាជរដ្ឋាភិបាល ដើម្បីលើកស្ទួយប្រសិទ្ធភាពការងារក្នុងការបម្រើប្រជាជន និងការអភិវឌ្ឍសង្គម។
សម្រាប់ប្រតិភូចូលក្នុងស្ថាប័ននេះ អាចមាន ៣រូបពីខាងគណបក្សនីមួយៗដោយអាចទទួលបានឋានៈស្មើទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការ៕