The Cambodia Daily
26-8-2023
អ្នកឃ្លាំមើល និងអ្នកប្រើប្រាស់បណ្ដាញសង្គម ទាមទារឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត លុបចោលឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់ ដោយថា ការបង្កើតឧត្ដមក្រុមប្រឹក្សានេះ ជាការចាយថវិកាជាតិអត់ប្រយោជន៍។
អំឡុងពេលបើកកិច្ចប្រជុំដំបូង នៃគណៈរដ្ឋមន្ត្រីថ្មី កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អាណត្តិទី៧ បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ និងលោក អូន ព័ន្ធមុនីរ័ត្ន ដែលជាឧបនាយករដ្ឋមន្ត្រី ស្នើព្រះរាជក្រឹត្យរៀបចំ ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់អាណត្តិថ្មី ដោយនឹងពង្រីកសមាសភាពចូលរួម ឲ្យច្រើនជាងមុន។
ជុំវិញរឿងនេះ បក្សនយោបាយមួយចំនួន ក្នុងនោះមាន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅមិនទាន់សម្រេចថា នឹងចូលរួមឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ អាណត្តិថ្មី នៅឡើយ។
អ្នកនាំពាក្យបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សេក សុខា បានប្រាប់សារព័ត៌មានក្នុងស្រុកថា ការមិនសម្រេចនេះ ដោយខ្លួនកំពុងរង់ចាំសេចក្ដីសម្រេចជាផ្លូវការ ឬលក្ខខណ្ឌរបស់រដ្ឋាភិបាល ដើម្បីត្រៀមពិភាក្សាផ្ទៃក្នុង តាមបក្សនីមួយៗ មុននឹងសម្រេចថា ចូល ឬមិនចូលក្នុងឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ អាណត្តិថ្មី ខណៈកាលពីអាណត្តិមុន បក្សនេះមិនចូលរួមជាមួយឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
តែយ៉ាងណា អ្នកប្រើប្រាស់បណ្ដាញសង្គម ឈ្មោះ La Hour HD បានសរសេរលើហ្វេសប៊ុកថា ឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់ មិនគួរបង្កើតទៀតនោះទេ ព្រោះវាជាការចាយថវិកាជាតិអត់ប្រយោជន៍។ មួយវិញទៀត កម្ពុជាក៏មានមន្ត្រីគ្រប់គ្រាន់ធ្វើការហើយ ដោយមិនចាំបាច់អីមាន ឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់ ទៀតដែរ។
ចំណែកឈ្មោះ Sen Ang Uyfc ក៏បានសរសេរបញ្ចេញមតិ ដោយស្នើកុំឲ្យមានឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់ទៀត ព្រោះធ្វើឲ្យខាតតែលុយរដ្ឋប៉ុណ្ណោះ។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត យល់ថា ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ បង្កើតឡើងមក មិនបានជួយដល់ផលប្រយោជន៍ជាតិអ្វីសោះឡើយ ផ្ទុយមកវិញ មានតែចាយថវិកាខ្ជះខ្ជាយឥតប្រយោជន៍។
លោកថា ដូច្នេះបើជាលោក ហ៊ុន ម៉ាណែត គិតគូរផលប្រយោជន៍ជាតិបន្តិចបន្តួច គួរលុបចោលវិញ។ លោកផ្ដល់អនុសាសន៍ថា លោក ហ៊ុន ម៉ាណែត គួររៀនធ្វើការងារ និងបែងចែកអំពើអ្វីទៅជាការតម្កល់ផលប្រយោជន៍ជាតិជាធំ ដូចជារៀនធ្វើការងារតូចៗទៅ ជាដើម។
ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានបង្កើតឡើងនាអាណត្តិទី៦ កាលពីខែកញ្ញា ឆ្នាំ២០១៨ តាមការស្នើសុំរបស់លោក ហ៊ុន សែន។ ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានតួនាទីផ្តល់យោបល់ ជូនរាជរដ្ឋាភិបាល ដើម្បីលើកស្ទួយប្រសិទ្ធភាពការងារ ក្នុងការបម្រើប្រជាជន និងការអភិវឌ្ឍសង្គម។ សម្រាប់ប្រតិភូចូលក្នុងស្ថាប័ននេះ អាចមាន ៣ រូប ពីខាងគណបក្សនីមួយៗ ដោយអាចទទួលបានឋានៈស្មើទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និង រដ្ឋលេខាធិការ។
ការបង្កើតនេះ ដើម្បីគេចវេះពីការរិះគន់ បន្ទាប់ពីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅឆ្នាំ២០១៨ ដោយគ្មានវត្តមានគណបក្សសង្គ្រោះជាតិ ចូលរួមប្រកួតប្រជែង។ អវត្តមានរបស់ គណបក្សសង្គ្រោះជាតិ នាពេលនោះ បន្ទាប់ពីលោក ហ៊ុន សែន បានបញ្ជាទៅតុលាការកំពូល ឲ្យរំលាយគណបក្សសង្គ្រោះជាតិ នៅមុនការបោះឆ្នោតឆ្នាំ២០១៨៕
