អត្ថបទខាងក្រោមនេះ គឺជាគំនិតស្មារតីផ្នែកការតស៊ូមតិ ដើម្បីចូលរួមលើកស្ទួយ វិស័យសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ស្របតាមក្របខណ្ឌច្បាប់។ សូមអានអត្ថបទទាំងស្រុងដូចតទៅ ៖
ហេតុអ្វីពលរដ្ឋត្រូវតែនាំគ្នាតស៊ូមតិ តាមរយៈស្ថាប័នជាតិ?
កាលណានិយាយអំពីស្ថាប័នជាតិ ជាចាំបាច់គឺសំដៅជារួមទៅលើ រដ្ឋសភា រដ្ឋាភិបាល និងតុលាការ។ ស្ថាប័នទាំងនេះ មានតួនាទី និងការប្រតិបត្តិអំណាចខុសគ្នា ដើម្បីធានា «ឯករាជ្យ» របស់ខ្លួន បើតាមគោលការណ៍នីតិរដ្ឋ។ ប៉ុន្តែនៅកម្ពុជាសព្វថ្ងៃ ស្ថាប័នជាតិទាំងអស់នោះ ត្រូវស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់នាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ដែលមើលរំលងរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ជាតិ។
ទោះជាយ៉ាងណាក៏ដោយ ពលរដ្ឋត្រូវតែនាំគ្នាតស៊ូមតិ ទៅកាន់ស្ថាប័នជាតិរបស់ខ្លួន ឲ្យស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍ច្បាប់នានា ពោលគឺតស៊ូមតិតាមរយ:តំណាងរបស់ខ្លួន រួមមានដូចជា តាមរយៈអង្គការក្រៅរដ្ឋាភិបាល គណបក្សនយោបាយ មេធាវី មេភូមិ ឬការជួបប្រជុំ និងការសំដែងមិតដោយសន្តិវិធី ។ល។
របៀបនៃការតស៊ូមតិរបស់ពលរដ្ឋ អាចធ្វើឡើងតាមទម្រង់ ដូចជា ការផ្ញើញត្តិ ការប្តឹងតវ៉ា ការជួបប្រជុំ និងការធ្វើបាតុកម្មដោយសន្តិវិធី ជាដើម។ល។ ការតស៊ូមតិបែបនេះ គឺជាទម្រង់ដ៏ល្អមួយ នៅក្នុងសង្គមប្រជាធិបតេយ្យ ដែលការពារដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ក៏ដូចជាអង្គការសហប្រជាជាតិ (អ.ស.ប.) និងក្រុមប្រទេសលោកសេរី។
ហេតុដូចម្តេចបានជាមានការចាប់ឃុំខ្លួន តាមរយៈបទចោទប្រកាន់ ស្តីពីការញុះញង់តាមច្បាប់ព្រហ្មទណ្ឌនានា ទៅលើពលរដ្ឋ ដែលចេញមុខទាមទាររកយុត្តិធម៌សង្គម, ការបិទ ឬរំលាយគណបក្សនយោបាយ ឬក៏ការធ្វើទុក្ខបុកម្មេញ ទៅលើពលរដ្ឋស្លូតត្រង់?
ឆ្លើយនឹងសំណួរនេះ គឺមានពាក់ព័ន្ធនឹងការអនុវត្តអំណាចហួសព្រំដែន របស់រដ្ឋាភិបាល ដែលរំលោភបំពានទាំងរដ្ឋធម្មនុញ្ញជាតិ ដែលហៅថា «ការប្រើអំណាចផ្តាច់ការ» របស់អ្នកដឹកនាំស្ថាប័នជាតិ ជាពិសេសនាយករដ្ឋមន្ត្រី។ ជាទូទៅ ក្រុមមេដឹកនាំទាំងអស់ ពួកគេទទួលបានតំណែងទាំងនេះ កើតចេញពីការបោះឆ្នោតជាតិ ក្នុងអំឡុងពេល ៥ ឆ្នាំម្តង តាមពលរដ្ឋ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត។
តាមគោលការណ៍ច្បាប់ ក្រុមមេដឹកនាំទាំងអស់ ត្រូវតែគោរពឆន្ទៈរបស់ពលរដ្ឋឲ្យបានពេញលេញ។ ប៉ុន្តែនៅពេលដែលពលរដ្ឋ មិនអាចទទួលបានការឆ្លើយតបសមរម្យពី ក្រុមមេដឹកនាំ ដែលតែងតែរំលោភអំណាចទាំងនោះទេ ដូច្នេះ ពលរដ្ឋត្រូវតែបន្តការតស៊ូមតិរបស់ខ្លួន ឱ្យកាន់តែសកម្មថែមទៀត ទៅកាន់ស្ថាប័នជាតិ រហូតដល់ថ្ងៃបោះឆ្នោត ហើយត្រូវនាំគ្នាសម្រេចចិត្ត បោះឆ្នោតឱ្យគណបក្សនយោបាយណាមួយ ដែលជាទីទំនុកទុកចិត្ត ដើម្បីអាចដឹកនាំស្ថាប័នជាតិ ឱ្យប្រសើរឡើង និងដើរស្របតាមគោលការណ៍ប្រជាធិបតេយ្យពេញលេញ។
តើពលរដ្ឋចូលរួមបោះឆ្នោតយ៉ាងដូចម្តេច បើស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) មិនឯករាជ្យ? ហើយប្រសិនបើឈ្នះ ក៏គណបក្សកាន់អំណាច មិនប្រគល់អំណាចដែរ?
ទោះបីជាពលរដ្ឋ គ្មានជំនឿទៅលើស្ថាប័ន គ.ជ.ប. ឬបារម្ភពីការមិនប្រគល់អំណាចយ៉ាងណាក៏ដោយ ក៏ពលរដ្ឋ ត្រូវបំពេញបែបបទគ្រប់សំណុំ និងចេញទៅបោះឆ្នោត ដើម្បីផ្តល់សេចក្តីទុកចិត្ត ទៅលើតំណាងរបស់ខ្លួន គឺគណបក្សណាមួយដែលលោកអ្នកពេញចិត្ត និងអាចចូលរួមជាភ្នាក់ងារស្ម័គ្រចិត្ត ឃ្លាំមើលដំណើរការបោះឆ្នោត។
ករណីអ្នកតំណាងដែលជាប់ឆ្នោតហើយ បែរជាបង្កើតបរិយាកាស ឱ្យមានការចងគំនុំគ្នា ស្អប់គ្នា ឬលាបពណ៌ តាមរយៈការជេរប្រមាថ ចោទប្រកាន់ ឬប្រកាន់ពូជសាសន៍ ប្រកាន់និន្នាការនយោបាយ និងរើសអើង ជាដើម នោះពលរដ្ឋ ត្រូវនាំគ្នាទម្លាក់តំណាងរបស់ខ្លួនរបៀបនេះ ចេញជាបន្ទាន់ រួចហើយជ្រើសរើសតំណាងថ្មី ដែលមាននយោបាយផ្សះផ្សាជាតិ ឯកភាពជាតិ រួបរួមជាតិពិតប្រាកដ អាចនឹងធ្វើឱ្យមានការយោគយល់គ្នា និងជឿទុកចិត្តគ្នា រវាងគូបដិបក្ខ នៅក្នុងជីវភាពនយោបាយ ដើម្បីផលប្រយោជន៍ជាតិ និងពលរដ្ឋ។
សកម្មភាពតស៊ូមតិមួយចំនួន ដែលពលរដ្ឋ ត្រូវជៀសវាង រួមមាន ៖
១- យុទ្ធនាការ ឬផែនការផ្តួលរំលំស្ថាប័នជាតិ ឬរដ្ឋាភិបាល ដែលផ្ទុយពីបទប្បញ្ញតិ្តច្បាប់ជាតិ និងអន្តរជាតិ ។
២- ការប្រើសកម្មភាពហឹង្សានានា ដែលរំលោភសិទ្ធិជាមូលដ្ឋាន នៃសិទ្ធិមនុស្ស និងគោលការណ៍លទ្ធិប្រជាធិបតេយ្យ ។
៣- ការជេរប្រមាថ និងលាបពណ៌ ដែលធ្វើឲ្យខូចតម្លៃសីលធម៌ និងសេចក្តីថ្លៃថ្នូរ។
៤- ការរើសអើងនិន្នការនយោបាយ គួរតែត្រូវបានលុបបំបាត់ចោល ដើម្បីជាការរួមចំណែក ក្នុងការផ្សះផ្សាទឹកចិត្តពលរដ្ឋ និងអ្នកនយោបាយ ឲ្យចេះស្រឡាញ់ជាតិសាសន៍ខ្លួន ហើយនិងផលប្រយោជន៍ជាតិខ្លួន ដោយពិតប្រាកដ។
អត្ថបទដោយលោក ទូច វិបុល និងលោក ម៉ែន ណាត នៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ


.
.