អត្ថបទខាងក្រោមនេះ គឺជាគំនិតស្មារតីផ្នែកការតស៊ូមតិ ដើម្បី​ចូល​រួម​លើកស្ទួយ វិស័យ​​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជា​ធិបតេយ្យ ស្រប​តាម​ក្របខណ្ឌច្បាប់។ សូម​អាន​អត្ថបទ​ទាំង​ស្រុង​ដូច​តទៅ ៖

ហេតុអ្វីពលរដ្ឋត្រូវតែនាំគ្នាតស៊ូមតិ តាមរយៈស្ថាប័នជាតិ?

កាលណានិយាយអំពីស្ថាប័នជាតិ ជាចាំបាច់គឺសំដៅជារួមទៅលើ​ រដ្ឋសភា រដ្ឋាភិបាល និង​តុលាការ។ ស្ថាប័នទាំងនេះ មានតួនាទី និង​ការ​ប្រតិបត្តិ​អំណាច​​ខុស​​គ្នា ដើម្បី​ធានា «ឯករាជ្យ» របស់ខ្លួន បើតាមគោលការណ៍នីតិរដ្ឋ។ ប៉ុន្តែ​​នៅ​កម្ពុជាសព្វថ្ងៃ ស្ថាប័​ន​ជាតិ​ទាំង​អស់នោះ ត្រូវ​ស្ថិត​នៅ​ក្រោម​​ការ​បង្គាប់​បញ្ជា​របស់​នាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ដែល​មើលរំលងរដ្ឋធម្មនុញ្ញ ជា​ច្បាប់​កំពូល​របស់​ជាតិ។

ទោះជាយ៉ាងណាក៏ដោយ ពលរដ្ឋត្រូវតែនាំគ្នាតស៊ូមតិ ទៅ​កាន់​ស្ថាប័ន​ជាតិ​របស់​ខ្លួន​ ឲ្យ​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ និង​គោល​ការណ៍​ច្បាប់​នានា ពោល​គឺតស៊ូមតិតាម​រយ:​តំណាង​​របស់​​​ខ្លួន រួម​មាន​​ដូចជា​​ តាម​រយៈ​អង្គការ​​ក្រៅ​​រដ្ឋាភិបាល គណបក្ស​នយោបាយ មេធាវី មេភូមិ ឬ​ការ​ជួប​ប្រជុំ និង​ការ​សំដែង​មិត​ដោយ​សន្តិវិធី ។ល។

របៀប​នៃ​​​ការ​​​តស៊ូ​​មតិ​​​របស់​​​ពលរដ្ឋ អាច​ធ្វើ​ឡើង​តាម​ទម្រង់ ដូចជា​ ការ​ផ្ញើ​​ញត្តិ ការ​ប្តឹង​តវ៉ា ការជួបប្រជុំ និងការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ជា​ដើម។ល។ ការតស៊ូ​​មតិ​​បែប​នេះ គឺ​ជា​​​ទម្រង់​ដ៏​ល្អ​​មួយ ​នៅ​​​ក្នុង​​សង្គម​​ប្រជា​ធិបតេយ្យ ដែល​​ការពារ​​ដោយ​​រដ្ឋធម្មនុញ្ញ ​នៃ​ព្រះរាជា​​ណាចក្រ​​កម្ពុជា កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​​​ឆ្នាំ​១៩៩១ ក៏​​ដូចជា​​​អង្គការ​សហ​ប្រជា​ជាតិ (អ.ស.ប.) និង​ក្រុម​​ប្រទេស​​លោក​សេរី។

ហេតុដូច​ម្តេច​​បាន​​ជា​​មាន​​ការ​ចាប់​​ឃុំ​​ខ្លួន​ តាម​​រយៈ​​បទ​ចោទ​​ប្រកាន់​ ​ស្តី​​ពី​​ការ​​ញុះ​ញង់​​តាម​​ច្បាប់​​ព្រហ្មទណ្ឌ​​នានា ទៅ​​លើ​ពលរដ្ឋ​​ ដែល​​ចេញ​​មុខ​​ទាម​ទារ​​រក​​យុត្តិធម៌​​សង្គម,​ ការ​បិទ ឬ​រំលាយ​​​​គណបក្ស​​​នយោបាយ ឬ​​ក៏​ការ​​ធ្វើ​​ទុក្ខ​​បុក​​ម្មេញ​​ ទៅ​​លើ​​ពលរដ្ឋ​ស្លូត​ត្រង់?

ឆ្លើយនឹងសំណួរនេះ គឺ​មាន​ពាក់​ព័ន្ធ​នឹង​ការ​អនុវត្ត​អំណាច​ហួស​ព្រំដែន របស់​រដ្ឋាភិបាល ដែល​រំលោភបំ​ពាន​ទាំង​រដ្ឋធម្មនុញ្ញ​ជាតិ ដែល​ហៅ​ថា «​ការ​ប្រើ​​អំណាច​​ផ្តាច់​ការ» ​របស់​អ្នក​ដឹកនាំ​​ស្ថាប័ន​​ជាតិ ជាពិសេស​នាយក​រដ្ឋមន្ត្រី។ ជាទូទៅ ក្រុម​មេដឹកនាំ​ទាំង​អស់ ​ពួក​គេ​​ទទួល​​បាន​​​តំណែង​​ទាំង​​នេះ កើត​ចេញ​​​ពី​​​ការ​​​បោះ​​ឆ្នោត​ជាតិ ក្នុង​អំឡុង​ពេល ៥ ឆ្នាំ​ម្តង តាម​​ពលរដ្ឋ​​ ​​បោះ​​​ឆ្នោត​​​ផ្តល់​សេចក្តី​ទុក​ចិត្ត។

តាមគោលការណ៍ច្បាប់ ក្រុមមេដឹកនាំទាំងអស់ ត្រូវ​តែ​គោរព​ឆន្ទៈ​របស់​ពលរដ្ឋ​​ឲ្យ​​បាន​​ពេញ​​លេញ។ ប៉ុន្តែ​នៅ​ពេល​ដែល​ពលរដ្ឋ មិន​អាច​ទទួល​បាន​ការ​ឆ្លើយ​តប​សម​រម្យ​ពី​ ក្រុម​​មេដឹកនាំ ដែល​តែង​តែ​រំលោភ​អំណាច​ទាំង​នោះ​ទេ ដូច្នេះ ពលរដ្ឋ​​​ត្រូវ​​​តែ​​​បន្ត​​​ការ​​​តស៊ូ​​​មតិ​​​របស់​​​ខ្លួន​ ​ឱ្យ​​​កាន់​​​តែ​​​សកម្ម​​​ថែម​​​ទៀត​ ទៅ​​​កាន់​​​ស្ថាប័ន​​​ជាតិ រហូត​​​ដល់​​ថ្ងៃ​​បោះ​​ឆ្នោត ហើយ​​ត្រូវ​​នាំ​​គ្នា​​សម្រេច​ចិត្ត​ ​បោះ​​ឆ្នោត​​​ឱ្យ​​​គណបក្ស​​នយោបាយ​ណា​​មួយ ​ដែល​​​ជាទី​ទំនុក​ទុក​​ចិត្ត ដើម្បី​​អាច​​ដឹកនាំ​​ស្ថាប័ន​ជាតិ​ ឱ្យ​ប្រសើរឡើង និង​​ដើរ​​ស្រប​​តាម​​គោល​ការណ៍​​​ប្រជា​​ធិបតេយ្យ​​ពេញ​​លេញ។

តើ​​ពលរដ្ឋ​​ចូលរួម​​បោះ​​ឆ្នោត​​យ៉ាង​​ដូច​​ម្តេច បើ​​ស្ថាប័ន​​គណៈ​កម្មា​ធិការ​​​ជាតិ​​រៀបចំ​​ការ​​បោះ​​ឆ្នោត (​គ.ជ.ប.)​ មិន​​ឯករាជ្យ​? ហើយ​​ប្រសិន​​បើ​​ឈ្នះ​ ក៏​​គណបក្ស​​កាន់​​អំណាច មិន​​ប្រគល់​​អំណាច​​​​ដែរ?

ទោះ​បី​ជា​ពលរដ្ឋ គ្មាន​​ជំនឿ​​ទៅ​​លើ​​ស្ថាប័ន គ.ជ.ប. ឬ​​បារម្ភ​​ពី​​ការ​​មិន​​ប្រគល់​​អំណាច​យ៉ាង​​ណា​​ក៏​ដោយ ក៏​ពលរដ្ឋ​​ ត្រូវ​បំពេញ​បែប​បទ​គ្រប់​សំណុំ និង​​​ចេញ​​ទៅ​​បោះ​​ឆ្នោត ដើម្បី​​​​​ផ្តល់​​​​សេចក្តី​​ទុក​​ចិត្ត​ ​ទៅ​​លើ​​តំណាង​​របស់​​ខ្លួន គឺ​គណបក្ស​ណា​មួយ​ដែល​លោក​អ្នក​ពេញ​ចិត្ត​ និង​អាច​ចូល​រួម​ជា​ភ្នាក់ងារ​​ស្ម័គ្រ​ចិត្ត​ ​ឃ្លាំ​​មើល​​ដំណើរ​ការ​​បោះ​ឆ្នោត។

ករណី​​អ្នក​​តំណាង​​​ដែល​ជាប់​ឆ្នោត​ហើយ បែរ​ជា​​បង្កើត​​បរិយាកាស​​ ឱ្យ​​​​មាន​​​ការ​​​ចង​​​គំនុំ​​​​គ្នា ស្អប់​​​​គ្នា ឬ​លាប​ពណ៌ ​តាម​​រយៈ​ការ​​ជេរ​​ប្រមាថ ចោទ​​​ប្រកាន់ ឬ​​​​​​ប្រកាន់​​ពូជ​​សាសន៍ ប្រកាន់​​​​​និន្នា​ការ​​​នយោបាយ ​និង​​រើស​អើង​ ជាដើម នោះ​ពលរដ្ឋ ​ត្រូវ​​នាំ​​គ្នា​ទម្លាក់​​តំណាង​​របស់​​ខ្លួន​របៀប​​នេះ​ ​ចេញ​ជា​បន្ទាន់ រួច​ហើយ​​ជ្រើស​​រើស​​តំណាង​​ថ្មី ដែល​​​មាន​​នយោ​បាយ​​​​​ផ្សះ​​​ផ្សា​​​ជាតិ ឯកភាព​ជាតិ រួប​រួម​​ជាតិ​ពិត​​ប្រាកដ ​អាច​​នឹង​​ធ្វើ​​ឱ្យ​​មាន​​ការ​យោគ​​​យល់​​​​គ្នា និង​​ជឿ​​ទុក​ចិត្ត​​គ្នា រវាង​​​គូ​បដិបក្ខ​ នៅ​ក្នុង​ជីវភាព​នយោបាយ ដើម្បី​ផល​ប្រយោជន៍​​ជាតិ និង​ពលរដ្ឋ។

សកម្មភាព​តស៊ូ​មតិ​មួយ​ចំនួន ដែល​​ពលរដ្ឋ​ ត្រូវជៀសវាង រួមមាន ៖

១- យុទ្ធនាការ ឬផែនការ​​ផ្តួល​រំលំ​​ស្ថាប័ន​ជាតិ ឬ​រដ្ឋាភិបាល ដែល​ផ្ទុយ​ពី​បទ​ប្បញ្ញតិ្ត​​ច្បាប់​ជាតិ និង​អន្តរជាតិ ។
២- ការ​ប្រើ​សកម្មភាព​​ហឹង្សា​នានា ដែលរំលោភសិទ្ធិជាមូលដ្ឋាន នៃ​សិទ្ធិ​​មនុស្ស និង​គោល​​ការណ៍​លទ្ធិប្រជាធិបតេយ្យ ។
៣- ការជេរ​ប្រមាថ និង​​​លាប​ពណ៌ ដែល​ធ្វើ​ឲ្យខូច​តម្លៃ​សីលធម៌ និងសេចក្តីថ្លៃថ្នូរ។
៤- ការ​រើស​អើង​និន្នការ​នយោបាយ គួរតែត្រូវបានលុបបំបាត់ចោល ដើម្បី​ជា​ការ​រួម​ចំណែក ក្នុងការផ្សះផ្សា​ទឹកចិត្ត​ពលរដ្ឋ និង​អ្នក​នយោបាយ ឲ្យ​ចេះ​ស្រឡាញ់​ជាតិ​​សាសន៍​​ខ្លួន ហើយ​និង​​​ផល​ប្រយោជន៍​ជាតិ​ខ្លួន ដោយពិត​ប្រាកដ។

អត្ថបទដោយលោក ទូច វិបុល និងលោក ម៉ែន ណាត នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ

ក្រុមអ្នកតាក់តែងឯកសារ និងសេចក្តីថ្លែងការណ៍នៃ ចលនានិស្សិត
ក្រុមអ្នកតាក់តែងឯកសារ និងសេចក្តីថ្លែងការណ៍នៃ ចលនានិស្សិត

.

.