មេដឹកនាំកម្ពុជា លោក ហ៊ុន សែន បានប្រើប្រាស់វេទិកាក្នុងកិច្ចប្រជុំវិសាមញ្ញ នៅរដ្ឋសភា ស្តីពីការរុះរើរដ្ឋមន្រ្តី ៤ រូប (អត្ថបទភ្ជាប់) នាថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២០ នេះ ព្រមានចំៗទៅលោក អំ សំអាត មន្រ្តីស៊ើបអង្កេត នៃអង្គារសិទ្ធិមនុស្ស លីកាដូ (Licadho) ថាអាចនាំទៅរកការចាប់ខ្លួន បន្ទាប់ពីលោក អំ សំអាត ផ្តល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី ជុំវិញការចាប់ខ្លួនអ្នករិះគន់រដ្ឋាភិបាល ក្នុងរឿងការគ្រោងប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ខណៈមានការរីករាលដាលជំងឺកូរ៉ូណា នៅកម្ពុជា។
នៅល្ងាចថ្ងៃទី ៣០ ខែមីនា ដដែលនេះ លោក អំ សំអាត ចេញវីដេអូ ជិត ៣ នាទី បំភ្លឺតបភ្លាមៗទៅកាន់លោក ហ៊ុន សែន វិញថា «ខ្ញុំបានឮវិទ្យុអាស៊ីសេរី ដកស្រង់នូវពាក្យសំដីរបស់ខ្ញុំ ដោយមានការកាត់យ៉ាងខ្លី ដែលអាចធ្វើឲ្យមានការភ័ន្តច្រឡំ ខុសពីន័យដើមរបស់ខ្ញុំបាទ។ ខ្ញុំបាទ ក៏ដូចជាអង្គការ លីកាដូ សូមជម្រាបជូនថា មិនដែលការពារទៅលើជនណា ដែលប្រព្រឹត្តិខុសច្បាប់ ឬជនណា បង្កឲ្យមានភាពវឹកវរ ចលាចល នៅក្នុងសង្គមនោះទេ។ គោលបំណងនៃអង្គការ លីកាដូ ក៏ដូចជាខ្ញុំបាទ គឺធ្វើយ៉ាងណា ជំរុញឲ្យមានអនុវត្តច្បាប់ គោរពសិទ្ធិគ្នាទៅវិញទៅមក ដើម្បីឲ្យប្រទេសយើង រស់នៅក្នុងសុខសន្ដិភាព រស់នៅក្នុងភាពសុខដុមរមនា»។
លោក ហ៊ុន សែន បាននិយាយថា «លោក អំ សំអាត នៅ {អង្គការ} លីកាដូ! លោក ត្រូវប្រុងប្រយ័ត្នខ្លួន នូវពាក្យសំដីរបស់អស់លោក។ មិនមែនជាសិទ្ធិបញ្ចេញមតិទេ! អស់លោក មានបានគិតទេ? លោកឯងមានបានគិត អំពីគ្រោះថ្នាក់សម្រាប់ប្រជាពលរដ្ឋទេ? លោកឯង ទើបបានថ្លែងតាមរយៈវិទ្យុក្រៅប្រទេសមួយ នៅយប់មិញនេះ។ លោកឯងត្រូវយល់! បើសិនលោកឯង ធ្វើអ៊ីចឹង លោកឯង ក៏មិនរួចខ្លួនដែរ ខ្ញុំសូមប្រមានទុកជាមុន។ អ្នកណាចង់ថាអី ថាទៅ ខ្ញុំព្រមានលោកឯងទុកជាមុន។ ខ្ញុំនិយាយពី លោក អំ សំអាត នៃអង្គការលីកាដូ។ លោកឯង ត្រូវតែប្រុងប្រយ័ត្នសំដី នៅក្នុងកាលៈទេសៈនេះ បើទោះបីជាច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្ន មិនទាន់ចូលជាធរមាន ក៏ខ្ញុំអាចចាប់លោកឯងបានដែរ»។
គួរបញ្ជាក់ថា ប្រតិកម្មរបស់លោក ហ៊ុន សែន ធ្ងន់ៗរបៀបនេះ កើតឡើងក្រោយពី លោក អំ សំអាត បានផ្តល់កិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី (RFA Khmer) កាលពីថ្ងៃទី ២៩ ខែមីនា ម្សិលមិញ។ លោក អំ សំអាត ហៅថា ទង្វើរបស់អាជ្ញាធរកម្ពុជា ដែលចាប់ខ្លួនពលរដ្ឋ និងគម្រាមកំហែង ទៅលើអ្នករិះគន់ រឿងជំងឺកូរ៉ូណា ឬកូវីដ-១៩ (Covid-19) តាមបណ្ដាញសង្គមហ្វេសប៊ុកនោះ «ជាការធ្វើឲ្យពលរដ្ឋ កាន់តែភ័យខ្លាច លែងហ៊ាននិយាយការពិត ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូរ៉ូណា»។ លោក បានថ្លែងថា «នៅក្នុងដំណាក់កាលនេះ ការជ្រើសរើសរបស់អាជ្ញាធរ ក្នុងការចាប់ខ្លួន នឹងការឃុំខ្លួន ចំពោះអ្នកហ៊ាននិយាយរិះគន់ មិនមែនជាការល្អប្រសើរនោះទេ។ រដ្ឋាភិបាល គួរតែហៅពួកគាត់ មកអប់រំ ប្រសើរជាងការចាប់ខ្លួន ដោយបង្ខំ ស្របពេលដែលពិភពលោក កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩»។
តាំងពីដើមខែ មករា រហូតដល់ចុងខែ មីនា ឆ្នាំ ២០២០ នេះ លោក អំសំអាត បានឲ្យដឹងថា មានមនុស្សចំនួន ២៤ នាក់ហើយ ត្រូវរបបលោក ហ៊ុន សែន ចាប់ខ្លួន ក្រោមបទចោទប្រកាន់ផ្សេងៗគ្នា ពាក់ព័ន្ធទៅនឹង «ផ្សាយព័ត៌មានមិនពិត» បើទោះជាពលរដ្ឋ ប្រើសិទ្ធិមញ្ចេញមតិ ស្របតាមរដ្ឋធម្មនុញ្ញក្តី និង សម្តែងការព្រួយបារម្ភ អំពីផលប៉ះពាល់នានា ជុំវិញការរីករាលដាលជំងឺកូរ៉ូណាក្តី។
កាលពីថ្ងៃទី ២៩ ខែមីនា ដដែល លោក អំ សំអាត បញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះ ដែលសមត្ថកិច្ច ចាប់ខ្លួន មានចំនួន ១៧ នាក់ ត្រូវចោទប្រកាន់ពីបទសង្ស័យថា បានផ្សព្វផ្សាយព័ត៌មានមិនពិត រឿងជំងឺកូវីដ១៩ រួចហើយបានបញ្ជូនទៅដាក់ក្នុងមន្ទីរឃុំឃាំង ដើម្បីរង់ចាំជំនុំជម្រះទោស។ ចំណែក ៧ នាក់ផ្សេងទៀត ជាសកម្មជននៃ គណបក្សប្រឆាំង ដែលតុលាការ បានចោទប្រកាន់ពួកគេ ពីបទរួមគំនិតក្បត់ ដែលសំណុំរឿងខ្លះ បានកើតមានឡើងតាំងពីឆ្នាំ ២០១៨ មកម្ល៉េះ។
ជាមួយវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូរ៉ូណា នេះ កាលសប្តាហ៍មុន លោក ហ៊ុន សែន បានថ្លែងថា មាត្រា២២ (ថ្មី) នៃរដ្ឋធម្មនុញ្ញ មិនមានចែកលំអិតច្បាស់លាស់នៅឡើយ។ ដើម្បីដាក់ប្រទេសក្នុងគ្រាមានអាសន្នបាន លោកថា «យើងត្រូវធ្វើច្បាប់មួយដោយឡែក»។
រដ្ឋធម្មនុញ មាត្រា២២ (ថ្មី) ចែងថា «នៅពេលប្រជាជាតិ ប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រ ទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាព ពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង ប្រធានព្រឹទ្ធសភា»។
ទោះបីយ៉ាណាក៏ដោយ ក្រុមអ្នកឃ្លាំមើល វាយតម្លៃថា ក្រោមលេសនៃវិធានការទប់ស្កាត់មេរោគកូរ៉ូណាដដែលនេះ លោក ហ៊ុន សែន ប្រើប្រាស់យុទ្ធសាស្ត្របង្ក្រាបក្រុមអ្នករិះគន់បន្ថែមទៀត និង បង្ក្រាបក្រុមមន្រ្តីក្នុងជួរបក្សកាន់អំណាចគ្នាឯងផងដែរ៕
អត្ថបទដោយលោក ម៉ែន ណាត នៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា / ៣០ មីនា ២០២០
.
.