សារព័ត៌មាន The Cambodia Daily
06th-7-2021
ក្រុមអ្នកតស៊ូមតិ ប្រតិកម្មថា ការលើកឡើងរបស់មន្ត្រីយោធាតាមព្រំដែន ពីផលលំបាកនៃការប្រើអ៊ីនធឺណិតរបស់វៀតណាម គ្រាន់តែជាបញ្ហាអសន្តិសុខជាតិមួយប៉ុណ្ណោះ ដែលពួកគេបានត្អូញត្អែរ ប៉ុន្តែនៅមានបញ្ហាអសន្តិសុខជាតិជាច្រើនទៀត ដូចជាការខ្វះខាតផ្លូវក្រវាត់តាមព្រំដែន សម្រាប់ដើរល្បាត ខ្វះទីកន្លែងស្នាក់នៅដើម្បីប្រចាំការ និងបញ្ហាជាច្រើនផ្សេងទៀត ដែលពួកគេមិនអាចនិយាយជាចំហ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមានការត្អូញត្អែរពីមន្ត្រីយោធាខ្មែរ ដែលកំពុងប្រចាំការនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ថាពួកគេមានការលំបាក ក្នុងការប្រើប្រាស់ប្រព័ន្ធសាវាអ៊ីនធឺណិតរបស់ប្រទេសវៀតណាម ដែលពិបាកក្នុងការនិយាយកិច្ចការរបស់ប្រទេសជាតិ។
ប្រធានក្រុមប្រឹក្សាភិបាលនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី ៥ កក្កដា ថា ការបណ្តែតបណ្តោយឲ្យសន្តិសុខជាតិរបស់ខ្លួន ធ្លាក់ក្នុងការក្តោបក្តាប់ដោយបរទេសជិតខាង ជាពិសេសប្រទេសដែលមានបំណងឈ្លានពានខ្មែរ ដូចជាវៀតណាមជាដើម គឺជាកំហុសធំណាស់របស់រដ្ឋាភិបាលខ្មែរ។
លោកអះអាងថា ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ធ្លាប់បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើការអភិវឌ្ឍតំបន់ព្រំដែន អស់រយៈពេលប្រមាណជាង ២០ ឆ្នាំហើយ ប៉ុន្តែមកទល់នឹងពេលនេះ រដ្ឋាភិបាលនៅតែមិនបានយកចិត្តទុកដាក់អំពីបញ្ហាសន្តិសុខជាតិរបស់ខ្លួនដដែល ខណៈរដ្ឋាភិបាលវៀតណាម ព្យាយាមរំលោភលើព្រំដែន និងសន្តិសុខផ្ទៃក្នុងជាតិ របស់ខ្លួនគ្រប់ពេលវេលា។
លោក ម៉ែន ណាត បញ្ជាក់ថា ដើម្បីការពារព្រំដែនឲ្យបានរឹងមាំ រដ្ឋាភិបាលកម្ពុជា ត្រូវតែដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តដល់ពលរដ្ឋ ឬមន្ត្រីយោធា ដែលប្រចាំការតាមព្រំដែន និងបង្កលក្ខណៈងាយស្រួលដល់អ្នកទាំងនោះ និងត្រូវតែអភិវឌ្ឍតំបន់ព្រំដែនឲ្យបានរឹងមាំជាទីបំផុត។
នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីយោធាដែលកំពុងប្រចាំការនៅតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជា ជួយដំឡើងប្រព័ន្ធសេវាអ៊ីនធឺណិតនៅតាមបន្ទាត់ព្រំដែន ដែលជារបស់កម្ពុជាផ្ទាល់ ព្រោះពួកគេសព្វថ្ងៃនេះ កំពុងព្រួយបារម្ភពីការប្រើប្រាស់ប្រព័ន្ធសាវាអ៊ីនធឺណិតរបស់ប្រទេសវៀតណាម។
ពួកគេអះអាងថា ការប្រើប្រព័ន្ធសាវាអ៊ីនធឺណិតរបស់ប្រទេសវៀតណាម ពិតជាមានការលំបាកខ្លាំងណាស់ នៅពេលដែលពួកគេចង់និយាយបញ្ហាផ្ទៃក្នុងរបស់ជាតិ ឬបញ្ជូនសារសម្ងាត់ណាមួយ ដែលទាក់ទងនឹងសន្តិសុខជាតិ គឺត្រូវរដ្ឋាភិបាលវៀតណាមគ្រប់គ្រងទាំងស្រុង។
កម្ពុជា-វៀតណាម មានព្រំដែនគោករួមគ្នាប្រវែង ១២៧០ គីឡូម៉ែត្រ ក្នុងនោះភាគីទាំងពីរ បានព្រមព្រៀងគ្នាបោះបង្គោលកំណត់ព្រំដែនសរុបបានចំនួន ៣១៤ បង្គោល ដែលស្មើនឹង ៨៤% រួចរាល់ហើយ ខណៈ ១៦% ទៀត នៅមិនទាន់ឯកភាពគ្នានៅឡើយ។
កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ កងការពារព្រំដែនលេខ ៦០១ បានធ្វើការចុះល្បាតនៅបណ្តាស្រុកមួយចំនួន ក្នុងខេត្តកណ្តាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ លើសពីនេះ ក៏ជាការល្បាតតាមខ្សែបន្ទាត់ព្រំដែន ដើម្បីរក្សាបាននូវបូរណភាពដែនដី សុខសន្តិភាព និងទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដែលអាចកើតមានផងដែរ៕


.