អត្ថបទ The Cambodia Daily
15-11-2022
ក្រុមអ្នកឃ្លាំមើលសង្គម រិះគន់ថា ការប្រើយុទ្ធសាស្ត្រអួតអាងរបស់មន្ត្រីរដ្ឋាភិបាល និងកូនៗរបស់លោក ហ៊ុន សែន ដែលសរសើរឪពុកខ្លួនឯងថា ដឹកនាំប្រជុំអាស៊ាន ទទួលបានជោគជ័យ ដោយសារមេដឹកនាំពិភពលោក ទៅចូលរួម គឺជារឿងភូតកុហកទាំងស្រុង ព្រោះមេដឹកនាំពិភពលោកទាំងនោះ មកក្រើនរំឭកកម្ពុជា ឲ្យបើកលំហប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៤ វិច្ឆិកា នេះថា កូនៗរបស់លោក ហ៊ុន សែន ដែលសរសើរឪពុកខ្លួនឯងថា ដឹកនាំប្រជុំអាស៊ាន ទទួលបានជោគជ័យ ដោយសារមេដឹកនាំពិភពលោក ទៅចូលរួមកាលពីពេលថ្មីៗនេះ ជារឿងភូតកុហកទាំងស្រុង ព្រោះថា ពិតមែនតែមេដឹកនាំពិភពលោកទាំងនោះទៅកម្ពុជា ប៉ុន្តែវត្តមានរបស់អ្នកទាំងនោះ វាជាកាតព្វកិច្ចរបស់ពួកគេ ដែលផ្សារភ្ជាប់ជាមួយអាស៊ានប៉ុណ្ណោះ។ លើសពីនេះ ពួកគេទៅ ក៏មានគោលបំណងដើម្បីក្រើនរំឭកកម្ពុជា ពីការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យផងដែរ ជាពិសេសគឺសហរដ្ឋអាមេរិកតែម្តង។
លោក ម៉ែន ណាត លើកឡើងថា បើចង់ដឹងថា កិច្ចប្រជុំអាស៊ាននេះ កម្ពុជាទទួលបានជោគជ័យ ឬអត់ គួរពិនិត្យទៅលើលទ្ធិប្រជាធិបតេយ្យ ពិនិត្យលើសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ ពិនិត្យលើអធិបតេយ្យភាពរបស់កម្ពុជានៅពេលនេះ ថា តើវាមានភាពល្អប្រសើរកម្រិតណាហើយ ស្របពេលដែលអាមេរិក បានដាស់តឿនកម្ពុជាបន្ថែមទៀត ជុំវិញអធិបតេយ្យភាពជាតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងមូលដ្ឋានទ័ពជើងទឹករាម ដែលកម្ពុជា នៅតែបង្កភាពមិនច្បាស់លាស់ ពីឯករាជ្យរបស់ខ្លួន ជាមួយចិន សព្វថ្ងៃនេះ។
អនុប្រធានវេទិកាពលរដ្ឋ រូបនេះ បញ្ជាក់ថា ការលើកសរសើរពីការដឹកនាំរបស់លោក ហ៊ុន សែន ពីកូនប្រុសរបស់គាត់ រួមទាំងមន្ត្រីរដ្ឋាភិបាលផងនោះ មិនមែនជារឿងថ្មី និងចម្លែកនោះទេ ព្រោះថា បើទោះបីជាលោក ហ៊ុន សែន ដឹកនាំនយោបាយដោយដាក់អធិបតេយ្យភាពជាតិ ក្រោមប្រទេសដទៃ ដូចជាវៀតណាម និង ចិន ឬរំលោភសិទ្ធិមនុស្ស ដោយការចាប់ឃុំខ្លួនអ្នកនយោបាយ និងសកម្មជននានាកន្លងមកក៏ដោយ ក៏ពួកគេនៅតែសរសើរថា លោក ហ៊ុន សែន ដឹកនាំបានល្អដែរ។
កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បេក្ខជនអនាគតនាយករដ្ឋមន្ត្រី របស់បក្សកាន់អំណាច លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់លោក ហ៊ុន សែន បានលើកឡើងថា ជាមោទកភាពរបស់កម្ពុជា នៅក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន បានដឹកនាំសម្របសម្រួលការងារ រហូតបានសម្រេចលទ្ធផលធំៗជាច្រើន ទោះបីជាត្រូវប្រឈមបញ្ហាស្មុគស្មាញជាច្រើននៅក្នុងតំបន់ និងនៅលើសកលលោកក៏ដោយ។
ចំណែកកូនប្រុសពៅ របស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី ក៏បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃអាទិត្យ ទី១៣ វិច្ឆិកា នេះដែរថា ការអញ្ជើញចូលរួម ពីបណ្តាប្រមុខថ្នាក់ដឹកនាំកំពូលៗលើពិភពលោក ក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅពេលនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីតួនាទីដ៏សំខាន់របស់កម្ពុជា ការជឿទុកចិត្តលើកម្ពុជា និងការឲ្យតម្លៃដល់កម្ពុជា។
កូនប្រុសបុរសខ្លាំងកម្ពុជារូបនេះ បញ្ជាក់ថា ភាពជោគជ័យនៅថ្ងៃនេះ មិនមែនជារឿងចៃដន្យឡើយ ហើយក៏មិនមែនជាអ្វីដែលបរទេសណាម្នាក់ បានផ្តល់ឲ្យកម្ពុជាដែរ ប៉ុន្តែវាជាញើសជាឈាមរបស់កម្ពុជាសុទ្ធសាធ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់ឪពុកលោក ក្នុងមាគ៌ាដ៏ត្រឹមត្រូវនេះ។
ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៤ វិច្ឆិកា នេះថា លោកទទួលស្គាល់ថា ការរៀបចំអាស៊ាន នៅឆ្នាំនេះ មានភាពរលូនជាងមុន ប៉ុន្តែក៏មិនអាចចាត់ទុកថា ជាមុខមាត់របស់កម្ពុជាទាំងស្រុងនោះដែរ ព្រោះអ្វីដែលមេដឹកនាំពិភពលោក បានលើកឡើងទៅកាន់មេដឹកនាំកម្ពុជា លោក ហ៊ុន សែន គឺការស្ដារលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការបញ្ជាក់ពីមូលដ្ឋានទ័ពជើងទឹករាម ប៉ុណ្ណោះ មិនមែនរឿងរៀបចំប្រជុំអាស៊ានបានល្អ ឬមិនបានល្អនោះទេ។
លោក សេក សុជាតិ លើកឡើងថា បើកម្ពុជា នៅតែរឹតត្បិតសេរីភាពបញ្ចេញមតិ រាំងខ្ទប់ដំណើរការប្រជាធិបតេយ្យ បង្រួមសិទ្ធិមនុស្ស ជាពិសេសការមិនអាចធ្វើឲ្យមានភាពប្រសើរឡើងនូវការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខនេះ នោះកម្ពុជាក៏នៅតែរងនូវការរិះគន់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិដដែល។
កាលពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជាបានដឹកនាំកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត ដូចជាកិច្ចប្រជុំកំពូលអាស៊ាន-ចិន កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន និងកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ ជាដើម ដែលមានមេដឹកនាំធំៗ របស់ប្រទេសជាច្រើន ទៅចូលរួម។
ក្រោយបិទបញ្ចប់កិច្ចប្រជុំ មេដឹកនាំកម្ពុជា លោក ហ៊ុន សែន បានប្រគល់ញញួរអាស៊ាន ឱ្យទៅប្រធានាធិបតីឥណ្ឌូនេស៊ី គឺលោក ចូកូ វីដូដូ ដែលនឹងត្រូវដល់វេនដឹកនាំអាស៊ាន ១០ឆ្នាំម្តងក្នុងឆ្នាំ២០២៣ ខាងមុខនេះ៕
.