អត្ថបទសារព័ត៌មាន The Cambodia Daily
09th-7-2021
មន្ត្រីការទូតជាន់ខ្ពស់របស់ប្រទេសអូស្ត្រាលី អះអាងថា អូស្ត្រាលីកំពុងផ្ដោតការយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយអូស្ត្រាលីក៏កំពុងទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ក្នុងតួនាទីជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំ២០២២ ខាងមុខនេះទៀតផង។
រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី អ្នកស្រី Marise Payne បានសរសេរលើគណនី Facebook របស់អ្នកស្រីកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ នេះថា ក្នុងនាមជាដៃគូយូរអង្វែង ប្រទេសអូស្ត្រាលីមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការអភិវឌ្ឍ និងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
អ្នកស្រីលើកឡើងថា អ្នកស្រីបានជជែកជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន អំពីការព្រួយបារម្ភរួមគ្នាករណីវិបត្តិនយោបាយ និងអំពើហិង្សាក្នុងប្រទេសភូមា និងបញ្ហាប្រឈមនៃជំងឺ COVID-19 ផងដែរ ហើយអូស្ត្រាលី ក៏កំពុងទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា នៅពេលដែលកម្ពុជាដើរតួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២២ ខាងមុខថែមទៀត។
ប្រធានក្រុមប្រឹក្សាភិបាលនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៨ ខែកក្កដា នេះថា រដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវតែពិចារណាក្នុងការដោះស្រាយវិបត្តិនៅកម្ពុជាជាបន្ទាន់ ព្រោះថាពេលនេះប្រទេសដែលជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ចាប់ផ្តើមផ្ដោតការយកចិត្តទុកដាក់លើវិបត្តិប្រជាធិបតេយ្យនៅកម្ពុជាជាបន្តបន្ទាប់ហើយ។
លោកអះអាងថា ប្រទេសលោកសេរីនឹងមិនបណ្តែតបណ្តោយឲ្យកម្ពុជាឃ្លាតពីគន្លងប្រជាធិបតេយ្យនោះទេ ព្រោះថាបើកម្ពុជាធ្លាក់ចូលទៅក្នុងគន្លងរបស់កុម្មុយនីស្ត នោះនឹងនាំឲ្យមានការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់យ៉ាងធ្ងន់ធ្ងរជាមិនខាន។
លោកថា ជាក់ស្តែងមហាអំណាចចិន កំពុងព្យាយាមលូកដៃយ៉ាងជ្រៅចូលក្នុងកិច្ចការនយោបាយរបស់អាស៊ានដែលជាប់ពាក់ព័ន្ធបញ្ហាសមុទ្រចិនខាងត្បូង និងវិបត្តិនៅភូមា ជាដើម ជាពិសេសគឺទំនាក់ទំនងស្អិតល្មួតរវាងកម្ពុជា-ចិន តែម្តង។
លោក ម៉ែន ណាត បញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហានេះ ប្រទេសលោកសេរីត្រូវតែជំរុញកម្ពុជាឲ្យវិលទៅរកការស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ព្រោះថាវាមានសារសំខាន់សម្រាប់កម្ពុជាក្នុងការដោះស្រាយវិបត្តិនយោបាយ និងសេដ្ឋកិច្ចជាតិរបស់ខ្លួន។ ដូច្នេះ រដ្ឋាភិបាលកម្ពុជាត្រូវតែបើកលំហសេរីឡើងវិញ ក្នុងនោះត្រូវដោះលែងប្រធានបក្សប្រឆាំង លោក កឹម សុខា និងអ្នកទោសមនសិការឲ្យមានសេរីភាពឡើងវិញទាំងអស់ ដូចជាលោក រ៉ុង ឈុន ជាដើម ដោយគ្មានលក្ខខណ្ឌ។
លោកបញ្ជាក់ថា នៅពេលដែលកម្ពុជាអាចស្ដារលទ្ធិប្រជាធិបតេយ្យឲ្យមានប្រក្រតីភាពឡើងវិញ កម្ពុជាត្រូវតែរកការផ្សះផ្សា និងឯកភាពជាតិឲ្យបានឆាប់ ត្បិតការឯកភាពជាតិនេះមានសារសំខាន់ក្នុងការការពារឯករាជភាព អធិបតេយ្យភាព និងបូរណភាពទឹកដី ដើម្បីបញ្ឈប់ការឈ្លានពាន និងលែងបន្តនយោបាយពឹងផ្អែកលើជំនួយបរទេសបន្តទៀត។
ក្រុមអ្នកឃ្លាំមើលសង្គម លើកឡើងថា មួយរយៈចុងក្រោយនេះ ប្រទេសដែលមានជំហរលទ្ធិប្រជាធិបតេយ្យ បានរំឭករដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់ ក្នុងនោះរួមមាន សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី ជាដើម ស្របពេលដែលរដ្ឋាភិបាលកម្ពុជាកំពុងព្យាយាមបង្ហាញសមានចិត្តគាំទ្រមហាអំណាចចិន យ៉ាងពេញទំហឹង។
កាលពីអំឡុងខែមិថុនា ឆ្នាំ២០២១ ទាំងឧបការីក្រសួងការបរទេសសហរដ្ឋអាមេរិក និងរដ្ឋមន្ត្រីការបរទេសអង់គ្លេស ក្នុងដំណើរទស្សនកិច្ចទៅកម្ពុជា សុទ្ធតែបានជំរុញឲ្យមេដឹកនាំកម្ពុជារក្សានូវគោលនយោបាយការបរទេសឯករាជ្យដែលមានតុល្យភាព ដើម្បីផលប្រយោជន៍ល្អសម្រាប់ប្រជាជនកម្ពុជា ជាពិសេសគឺត្រូវងាកទៅគោរពគោលការណ៍កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ របស់ខ្លួនឲ្យបានខ្ជាប់ខ្ជួនឡើងវិញ។
យ៉ាងណាក៏ដោយ អ្នកកាសែតដែលស្និទ្ធនឹងនាយករដ្ឋមន្ត្រីកម្ពុជា និងជានាយកមជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល លោក សយ សុភាព ធ្លាប់បានអះអាងថា អាមេរិក អង់គ្លេស កាណាដា អូស្ត្រាលី និងនូវែលហ្សេឡង់ ដែលគេហៅថាក្រុមលោកខាងលិច គឺជាក្រុមតែមួយ ឬក្រុមហ្វាយអាយ (5 eyes) ដែលចង់ដឹកនាំពិភពលោកតែគ្នាឯងតែប៉ុណ្ណោះ ប៉ុន្តែពួកនេះតែងនាំគ្នាប្រឆាំងមហាអំណាចចិន ជាប់ជានិច្ច ថែមទាំងព្យាយាមតាមបំផ្លាញក្រុមសម្ព័ន្ធមិត្តរបស់មហាអំណាចចិន ទៀតផង៕
.