អត្ថបទ៖ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) / 23-12-2020

អ្នកឃ្លាំមើល​បញ្ហា​សង្គម​កម្ពុជា បាន​លើក​ឡើង​ថា ការ​ជំរុញ​ឱ្យ​មាន​វិធានការ​ផ្សេងៗ ដើម្បី​ប្រឆាំង​ជន​ពុករលួយ និង​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ពី​សំណាក់​សមាជិក​រដ្ឋសភា​សហព័ន្ធ​អូស្រ្តាលី គឺ​ជា​រឿង​ល្អ និង​ចាំបាច់​បំផុត។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃនេះ​ថា ការ​លើក​ឡើង​របស់​សមាជិក​រដ្ឋសភា​សហព័ន្ធ​អូស្ត្រាលី លោក ជូលាន ហ៊ីល (Jullian Hill) ពាក់​ព័ន្ធ​បញ្ហា​ច្បាប់ Magnitsky គឺ​ជា​ការ​ដាក់​សម្ពាធ​បន្ថែម​ទៀត​ មក​លើ​មន្រ្តី​នៃ​រដ្ឋាភិបាល​ លោក ហ៊ុន សែន លោក​បន្ត​ថា សម្ពាធ​នោះ អាច​​ជួយ​ទប់​ស្កាត់​​នូវ​អំពើ​កង្វក់​នានា ពិសេស​ទប់​ស្កាត់​អំពើ​ពុករលួយ ការ​លាង​លុយ​កង្វក់ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ជាដើម។

ការលើក​ឡើង​របស់​លោក ម៉ែន ណាត បែប​នេះ ក្រោយ​ពេល​សមាជិក​រដ្ឋសភា​សហព័ន្ធ​អូស្ត្រាលី លោក ជូលាន ហ៊ីល កាល​ពី​ថ្ងៃ​ទី​ ២០ ខែ​ធ្នូ នេះ បាន​ជំរុញ​ទៅ​រដ្ឋាភិបាល​អូស្ត្រាលី គិត​គូរ​ពី​វិធានការ ឬ​ទណ្ឌកម្ម​ផ្សេងៗ ប្រឆាំង​ទៅ​នឹង​មន្ត្រី​នៃ​រដ្ឋាភិបាល ​លោក ហ៊ុន សែន ទាំង​ឡាយ​ណា ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ ការ​បំផ្លាញ​មូលដ្ឋាន​គ្រឹះ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ផង​ដែរ។

វិធានការ​ទាំង​នោះ លោក​ក៏​ចង់​ឱ្យ​មាន​ច្បាប់​ដាក់​ទណ្ឌកម្ម​ផ្សេងៗ ដូច​ជា​ច្បាប់ MagnatsKy Act ដែល​ត្រូវ​បាន​ស្នើ​ឡើង​ចេញ​​ជា​រូបរាង​ឆាប់ៗ ដូច​គ្នា​ទៅ​នឹង​សហរដ្ឋ​អាមេរិក ឬ​បណ្តា​ប្រទេស​ដែល​មាន​ច្បាប់​នេះ សម្រាប់​ប្រើ​ប្រាស់​ប្រឆាំង​ជន​ពុករលួយ ឬ​រំលោភ​សិទ្ធិ​មនុស្ស​មក​ពី​​កម្ពុជា។ 

ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ លោក ជូលាន ហ៊ីល បាន​លើក​ឡើង​ថា នៅ​ប្រទេស​កម្ពុជា​ សិទ្ធិមនុស្ស​ត្រូវ​បាន​លុប​បំបាត់។ លោក ហ៊ុន សែន ក្រុម​គ្រួសារ​របស់​គាត់ និង​ឥស្សរជន​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​ក្លាយ​ជា​អ្នក​មាន​ស្តុក​ស្តម ​ដោយ​អំពើ​ពុករលួយ ដែល​បាន​មក​ការ​កេង​ប្រវ័ញ្ច​ពលរដ្ឋ​ខ្មែរ។ លើសពីនេះ ករណី​រំលោភ​យក​ដីធ្លី​ពលរដ្ឋ ដែល​ជា​ឆ្នាំង​បាយ​របស់​ពលរដ្ឋ ព្រម​ទាំង​ការ​បង្ក្រាប​សំឡេង​ប្រឆាំង​ និង​បំផ្លាញ​លទ្ធិ​ប្រជា​ធិបតេយ្យ​ជា​ដើម។ លោក​ថា ជន​ដែល​ទទួល​បាន​ផល​ចំណេញ ពី​អំពើ​ពុក​រលួយ និង​​ការ​រំលោភ​សិទ្ធិ​មនុស្ស មិន​​គួរ​​ស្វែង​រក​ទី​ជម្រក និង​ការ​រស់នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ឡើយ។ លោក​បន្ត​ថា ប្រទេស​កម្ពុជា​ ផ្តល់​ឱ្យ​យើង​នូវ​ឧទាហរណ៍​មួយ នៃ​ការ​អនុវត្ត​ច្បាប់ Magnitsky ដែល​បាន​ស្នើ​ឡើង​ កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក ជូលាន ហ៊ីល បាន​រំលឹក​ថា កាល​ពី​ខែ​មុន អង្គការ​សិទ្ធិមនុស្ស ចំនួន ៥៧ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល កម្ពុជា បញ្ឈប់​ការ​ចាប់​ខ្លួន​ ការ​បំភិត​បំភ័យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ ទាក់ទង​នឹង​អ្នក​សារព័ត៌មាន។ លោក​ថា ប្រសិន​បើ​ អូស្រ្តាលី មិន​មាន​ច្បាប់ Magnitsky ឬ​មិន​មាន​វិធានការ​គ្រប់​គ្រាន់​ទេ អូស្រ្តាលី​​គឺ​ជា​កន្លែង​ល្អ​បំផុត សម្រាប់​គណបក្ស​កាន់​អំណាច និង​ជា​ឧទ្យាន​លាក់​ខ្លួន ឬ​លាក់​លុយ​របស់​ជន​រំលោភ​អំណាច និង​ជន​ពុករលួយ។

លោក ម៉ែន ណាត ថា​ករណី​នេះ រដ្ឋាភិបាល​កម្ពុជា​ គប្បី​ប្រញាប់​ប្រញាល់​រក​ផ្លូវ​ដោះ​ស្រាយ​បញ្ហា​នយោបាយ​នៅ​ក្នុង​កម្ពុជា ដោយ​ងាក​ទៅ​រក​កិច្ច​ចរចា​នយោបាយ​ពី​គ្រប់​ភាគី ស្វែង​រកឯកភាព​ជាតិ ដើម្បី​ដឹក​នាំ​នាវា​កម្ពុជា ឱ្យ​មាន​កិត្តិយស​នៅ​លើ​ឆាក​អន្តរជាតិ និង​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ពលរដ្ឋ និង​ប្រទេស​ជាតិ។ លោក​​បន្ត​ថា ការ​ជំរុញ​ឱ្យ​មាន​វិធានការ​ប្រឆាំង​មន្ត្រី​ខិល​ខូច និង​រំលោភ​សិទ្ធិ​មនុស្ស​កម្ពុជា ពី​សំណាក់​អូស្ត្រាលី​នោះ ក៏​ជា​ប្រយោជន៍ និង​ការពារ​សេចក្តី​ថ្លៃថ្នូ​របស់​កម្ពុជា។

លោក ក៏​ចង់​ឃើញ​ការ​ជំរុញ​ច្បាប់​ដាក់​ទណ្ឌកម្ម​របស់​អូស្ត្រាលី និង​បណ្តា​ប្រទេស​ផ្សេង​ទៀត ឲ្យ​ឆាប់​ចេញ​ជា​រូបរាង ​ដើម្បី​ជា​សម្ពាធ​មួយ​ ទៅ​លើ​រដ្ឋាភិបាល​ លោក ហ៊ុន សែន ក្នុង​ការ​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ​ឡើង​វិញ និង​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ពិត​ប្រាកដ នៅ​កម្ពុជា។

ចាប់តាំង​ពី​ចុង​ឆ្នាំ​២០១៨ មក មន្ត្រី​ជាន់ខ្ពស់ និង​ជា​មនុស្ស​ស្និទ្ធ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​ច្រើន​រូប ត្រូវ​​បាន​​សហរដ្ឋ​អាមេរិក​ តាម​រយៈ​ច្បាប់ Magnitsky ACT នេះ ដាក់​ទណ្ឌកម្ម​ បង្កក​ទ្រព្យ​សម្បត្តិ ហាម​មិន​ឱ្យ​ក្រុមហ៊ុន​អាមេរិក រក​ស៊ី​ជាមួយ និង​មិន​អាច​ជាន់​ដី​អាមេរិក​បាន។

មន្ត្រីស្និទ្ធ​នឹង​លោក ហ៊ុន សែន ទាំងនោះ រួមមាន​ប្រធាន​កង​អង្គរក្ស​លោក ហ៊ុន សែន គឺ​លោក ហ៊ីង ប៊ុនហៀង, ឈ្មួញ​រក​ស៊ី​ឈើ​ដ៏ល្បី​ល្បាញ​នៅ​កម្ពុជា អ្នកឧកញ៉ា ទ្រី ភាព និង​ក្រុមហ៊ុន​ជា​ច្រើន​របស់​លោក។ អតីត​នាយឧត្តម​សេនីយ៍​ផ្តាយ​មាស​បួន និង​ជា​នាយ​សេនា​ធិការ​ចម្រុះនៃ​កង​យុទ្ធពល​ខេមរភូមិន្ទ លោក គន់ គីម និង​សមាជិក​គ្រួសារ​របស់​លោក។ ក្រុមហ៊ុន​ញូ​ញៀន​គ្រុប ឬ UDG របស់​ចិន ដែល​កំពុង​វិនិយោគ​តំបន់​ទេសចរណ៍ នៅ​ខេត្ត​កោះកុង ជាដើម៕

.

.