លោក ហ៊ុន សែន {ប្រមុខរដ្ឋាភិបាល} បានចារយល់ព្រមតាមសំណើររបស់ ទីស្តីការគណៈរដ្ឋមន្រ្តី ជុំវិញការស្នើសុំកាត់ផ្ទៃ «បឹងតាមោក ឬបឹងកប់ស្រូវ» ទំហំ ៣៤ ហិកតាបន្ថែមទៀត ឱ្យទៅក្រុមហ៊ុនឯកជនមួយ។
លិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី ២៧ ខែមេសា ផ្ញើជូនទៅរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច រដ្ឋមន្រ្តីក្រសួងដែនដី រដ្ឋមន្រ្តីធនធានទឹក និង អភិបាលរាជធានីភ្នំពេញ បញ្ជាក់ថាសំណើរសុំកាត់ផ្ទៃបឹងតាមោក ៣៤ ហិកតានោះ ដោយ ៣០ ហិកតា ត្រូវផ្តល់ទៅឲ្យអ្នកស្រី គីម ហ៊ាង តំណាងក្រុមហ៊ុន គ្លូប៊ល ហៅស៍ ខេមបូឌា ប៉ុន្តែតំណាងក្រុមហ៊ុននេះ ត្រូវដោះស្រាយជាមុន ជាមួយអ្នកកាន់កាប់ផ្ទៃបឹងតាមោក ៣០ ហិកតានោះ ដោយក្នុង ១ ម៉ែត្រការ៉េ មានតម្លៃ ៥ ដុល្លារ។ ដោយឡែកផ្ទៃបឹងទំហំ ៤ ហិកតាទៀត រដ្ឋាភិបាល មិនបានបញ្ជាក់ថា ផ្តល់ឲ្យអ្នកណា ឬក្រុមហ៊ុនណានោះឡើយ។
លិខិតដដែល បានឲ្យដឹងថា ក្រៅពីផ្ទៃបឹងតាមោក ៣៤ ហិកតា នៅមានដី ៣ កន្លែងទៀត ដែលរដ្ឋាភិបាលបានដោះដូរ ប៉ុន្តែពុំបានបញ្ជាក់ថា ដោះដូរឲ្យទៅអ្នកណា និងដោះដូរក្នុងគោលបំណងអ្វីនោះឡើយ។
កាលពីថ្ងៃទី ៣ កុម្ភៈ ឆ្នាំ ២០១៦ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយ ដោយសម្រេចកំណត់ទំហំផ្ទៃដីបឹងតាមោក ឬ បឹងកប់ស្រូវ ជាង ៣ ពាន់ហិកតា (៣ ២៣៩,៧) ជាសម្បត្តិសាធារណៈរបស់រដ្ឋ។
កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៧ ក្នុងវេទិកាថ្នាក់ជាតិ លើកទីពីរ ស្តីពី “ការការពារ និងអភិរក្សធនធានធម្មជាតិ” តារាចម្រៀងស្រីដ៏ល្បីនៅកម្ពុជាមួយរូប អ្នកនាង មាស សុខសោភា ធ្លាប់ស្នើសុំទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យអន្តរាគមន៍ជួយរក្សាបឹងតាមោក ឬបឹងកប់ស្រូវ ដោយជួយមិនឱ្យមានការលុបបឹងនេះអី ព្រោះថាបឹងនេះជា «បឹងធម្មជាតិ» ធំចុងក្រោយ នៅរាជធានីភ្នំពេញ។ ជាការឆ្លើយតប នៅគ្រាលនោះលោក ហ៊ុន សែន ក៏បានឆ្លើយតបនឹងសំណើនាង មាស សុខសោភា ថា នឹងរក្សាទុកបឹងនេះ។
ផ្ទុយស្រឡះពីការសន្យា របស់លោក ហ៊ុន សែន គ្រានោះ ព្រោះមកដល់ពេលបច្ចុប្បន្ន បឹងធម្មជាតិមួយនេះរងការរំលោភយក ឬកាត់ចេញបន្តិចម្តងៗ ទៅឱ្យស្ថាប័នពាក់ព័ន្ធ តាមការស្នើសុំរបស់រដ្ឋ និងឯកជន ដោយមានការយល់ព្រមពី លោក ហ៊ុន សែន ផ្ទាល់។
ចាប់តាំងពីចុងឆ្នាំ ២០១៨ មក រដ្ឋាភិបាលបានយល់ព្រមកាត់ផ្ទៃដីបឹងតាមោក ទៅឱ្យស្ថាប័នរដ្ឋ និងឯកជន ក្រោមគម្រោងអភិវឌ្ឍន៍ មានទំហំប្រមាណ ១៣០ ហិកតារួចទៅហើយ។
កាលពីចុងខែធ្នូ ឆ្នាំ២០១៩ របាយការណ៍ពីសមាគមធាងត្នោត បានអះអាងថា បឹងចំនួន ២៦ នៅរាជធានីភ្នំពេញ ត្រូវបានចាក់ដីលុបទាំងអស់ ដោយក្នុងនោះ បឹង ១៦ ត្រូវបានលុបទាំងស្រុង និងបឹង ១០ ទៀត ត្រូវបានលុប នៅផ្នែកខ្លះ។
របាយការណ៍នោះ ឱ្យដឹងថា ការលុបបឹងទាំងនេះ ធ្វើឲ្យប៉ះពាល់ជីវចម្រុះ បរិស្ថាន បង្កឲ្យមានទឹកជំនន់ ហើយពលរដ្ឋរាប់ពាន់គ្រួសារ រងផលប៉ះពាល់ ដូចជាបាត់បង់លំនៅដ្ឋានជាដើម៕
(ពីគេហទំព័រសារព័ត៌មាន The Cambodia Daily /05-5-2020)
.